Friday, 24 April 2020

ពលរដ្ឋ​អះអាង​ថា​ ជនជាតិ​ចិន​ជា​ច្រើន​នាក់​បន្ត​ហូរ​ចូល​មក​ក្រុង​ប៉ោយប៉ែត


ដោយ អាស៊ីសេរី
2020-04-23

ក្រុម​ជន​ជាតិ​ចិនកំពុង​ធ្វើ​ដំណើរ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២០។
ក្រុម​ជន​ជាតិ​ចិនកំពុង​ធ្វើ​ដំណើរ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ពី​ប្រជាពលរដ្ឋ



ប្រជាពលរដ្ឋ​​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​​រិះ​គន់​អាជ្ញាធរ​ខេត្ត​នេះ​ថា​បណ្ដោយ​ឱ្យ​ជនជាតិ​ចិន​​ជា​ច្រើន​នាក់​​​បន្ត​ហូរ​ចូល​មក​ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ជា​បន្តបន្ទាប់​។ ​ពួកគេ​​អះអាង​ថា ជន​បរទេស​ទាំង​នោះ​​ចូល​មក​កម្ពុជា​​ប្រកប​របរ​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ លោក ជា​ សុផាន្នី ថ្លែង​នៅ​ថ្ងៃ​ទី​២៣​ មេសា​ថា ​​​ប្រមាណ​ ១ខែ​​ចុង​ក្រោយ​នេះ ​មាន​ជនជាតិ​ចិន​រាប់​រយ​​នាក់​សម្រុក​មក​ស្នាក់​នៅ​តំបន់​ព្រំដែន​​ក្រុង​ប៉ោយប៉ែត។​លោក​ថា ​អ្នក​ភូមិ​នៅ​​តំបន់​ព្រំដែន​ខេត្ត​​មួយ​នេះ​​ ព្រួយបារម្ភ​ខ្លាច​ជនជាតិ​ចិន​ទាំង​នោះ​នាំ​​ជំងឺ​កូវីដ​១៩​ មក​ចម្លង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពីព្រោះ​​បរទេស​ទាំង​នោះ​ ដើរ​តាម​ផ្លូវ​ទាំង​ហ្វូង​ៗ ដោយ​ពុំ​សូវ​មាន​​ពាក់​ម៉ាស់​ការពារ ដូច​ពលរដ្ឋ​ខ្មែរ​ឡើយ៖ «ចាប់​ជាង​គេ​ជនជាតិ​ចិន​បើ​គាត់​ចូល​រហូត​អ៊ីចឹង ហើយ​បើ​គេ​នាំ​ជំងឺ​មក​ចម្លង​ឱ្យ​យើង​ ហើយ​ក្រសួង​សុខាភិបាល​ចេះ​តែ​ផ្សាយ​តួលេខ​អត់​មាន​ឆ្លង​អ៊ីចឹង​ ចេះ​តែ​ផ្សាយ​​យក​ល្អ​អ៊ីចឹង​ ហើយ​ពួក​ចិន​វា​ចេះ​តែ​មក​អីចឹង​ដឹង​ខាង​ណា​ត្រួត​ពិនិត្យ។ បើ​នៅ​តែ​អីចឹង​ងាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង។ វា​មក​ពេល​ល្ងាច​ព្រលប់ៗ វា​មក​តាម​រថយន្ត​ ប្រហែល​គេ​ចុះ​យន្តហោះ​នៅ​ខេត្ត​សៀមរាប​ ពេល​ដល់​ម៉ោង​គេ​ចេញ​វា​ដើរ​ប្រមាណ ១០នាក់​ទាំង​ខ្សែៗ អ៊ីចឹង​ទៅ​ដល់​ពេល​វា​ចេញ​ពី​ធ្វើ​ការ»។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត​ ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា ​​ជនជាតិ​ចិន​ទាំង​នេះ ​​ទំនង​គេច​មក​ពី​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា និង​ហ៊្វីលីពីន ​មក​​រស់​នៅ​​កម្ពុជា ដោយ​សារ​ប្រទេស​ទាំង​នោះ​មាន​វិធានការ​ទប់​ស្កាត់​ជនបរទេស​តឹងរ៉ឹង​ ដើម្បី​បង្ការ​ជំងឺ​​កូវីដ​១៩​។ ​លោក​បន្ត​ថា ​ជនបរទេស​ទាំង​នោះ​​​​​ភាគ​ច្រើន​ស្នាក់​នៅ​តាម​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ ហើយ​លួច​បើក​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ក្នុង​កាស៊ីណូ​នោះ​តែ​ម្ដង៖ «ក្នុង​កាស៊ីណូ​ដែល​យើង​មើល​ឃើញ​កាស៊ីណូ​ក្រុមហ៊ុន ក្រោនរីសត (Ground Resort) មាន​ចិន​ប្រហែល ៧០ភាគ​រយ​ ហើយ​កាស៊ីណូ ​ហ្គ្រែនដាយមែន (Grand Daiment) ក៏​មាន ចិន​រហូត​ដល់​ទុក​បុគ្គលិក​ខ្មែរ​ ថៃ និង​ឥណ្ឌូណេស៊ី​អត់​ឱ្យ​ចេញ​ទៅ​ណា ហើយ​ផ្សេងៗ ក៏​មាន​ដែរ​គឺ​គ្រប់​តែ​កាស៊ីណូ​ហ្នឹង​បើក​ល្បែង​អនឡាញ ដោយសារ​តែ​គេ​យល់​ឃើញ​ថា ​ល្បែង​អនឡាញ ​​គេ​លែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឹណែត»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ លោក ហេង លីហួរ ប្រាប់​អាស៊ី​សេរី​ថា ក្នុង​ខែ​មេសា​នេះ​ពុំ​មាន​ជន​ជាតិ​ចិន​ចំណូល​ថ្មី​មក​ស្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​ប្រជាពលរដ្ឋ​ឃើញ​ដើរ​​ជា​ក្រុម​នៅ​ក្រុម​ប៉ោយប៉ែត​នោះ​ ពួកគេ​បាន​មក​កម្ពុជា​តាំង​តែ​មុន​រាតត្បាត​ជំងឺ​កូវីដ១៩។ បន្ថែម​ពី​នេះ​​ទៀត​ លោក​​ថា ​ពុំ​មាន​ជនជាតិ​ចិន​ណា​ម្នាក់​បើក​ល្បែង​ភ្នាល់​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​ដែរ៖ «គឺ​មិន​មាន​តែ​ម្ដង​ បើ​កាស៊ីណូ​បិទ​១០០​ភាគរយ​ ហើយ​មិន​ទាន់​មាន​ព័ត៌មាន​ដល់​កម្លាំង​សមត្ថកិច្ច​របស់​ខ្ញុំ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​កម្លាំង​យើង​នឹង​ព្យាយាម​អស់​លទ្ធភាព​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​។តែ​រាល់​ថ្ងៃ​នេះ​យើង​ធ្វើ​ការ​រាល់​ថ្ងៃ​ ដោយសារ​យើង​​ព្យាយាម​ធ្វើ​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​ ពាក់ព័ន្ធ​នឹង​ជំងឺ​កូវិដ​ យើង​ព្យាយាម​ប្រយ័ត្នប្រយែង​ការ​ដើរហើរ​ និង​ប្រយ័ត្នប្រយែង​នៅ​លើ​ទីផ្សារ»។

ទោះ​ជា​យ៉ាង​ណា​លោក ហេង លីហួរ មិន​​ទាន់​មាន​តួលេខ​ចំនួន​​ជន​ជាតិ​ចិន ដែល​ស្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​ចំនួន​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ ដោយ​លោក​ប្រាប់​ថា អាជ្ញាធរ​គ្រោង​ចុះ​ស្រង់​ស្ថិតិ​ជនបរទេស​នៅ​ចុង​ខែ​មេសា​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​សហព័ន្ធ សហជីព កម្មករ​និយោជិត​ វិស័យ​ទេសចរ​សេវាកម្ម កម្ពុជា លោក​ ម៉ម រិទ្ធី ​យល់​​ថា ជន​ជាតិ​ចិន​ហូរ​ចូល​មក​កម្ពុជា​អំឡុង​ពេល​នេះ​​ប្រឈម​នឹង​ជំងឺ​កូវីដ១៩ មក​ចម្លង​ដល់​ពលរដ្ឋ​​កម្ពុជា ពីព្រោះ​ប្រភព​ដើម​នៃ​ការ​រាតត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​មក​ពី​ប្រទេស​ចិន។លោក​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​​គួរតែ​ចាត់​វិធានការ​លើ​ជន​ជាតិ​ចិន​ទាំង​នោះ​ជា​បន្ទាន់ ដើម្បី​សេចក្ដី​សុខ​របស់​ពលរដ្ឋ​ក្នុង​ស្រុក។ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​ប្រទេស​​ចំនួន រួម​មាន​ អាមេរិក បារាំង អ៊ីតាលី អេស្ប៉ាញ និង អ៊ីរ៉ង់ ចូល​មក​កម្ពុជា ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ ក៏ប៉ុន្តែ​រដ្ឋាភិបាល​​បាន​បើក​ទូលាយ​ឱ្យ​ជនជាតិ​ចិន​បន្ត​ចូល​មក​កម្ពុជា​បាន​ដោយសេរី បើ​ទោះ​បី​ជា​ប្រទេស​នេះ​ជា​ប្រភព​​ដើម​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្ដី។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន្ត លោក កែវ វណ្ណថន និង​​លោក អាត់ បូនី ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​បញ្ហា​ជន​ជាតិ​ចិន​បន្ត​ចូល​មក​កម្ពុជា​នៅ​តំបន់​ផ្សេង បាន​ទេ នៅថ្ងៃទី២៣ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

របាយការណ៍​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ២០១៩​​ មាន​ជនជាតិ​ចិន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយ:​ពេល​​វែង​ចំ​នួន​​ ២៥ម៉ឺន​នាក់​ (២៥០.០០០)​ ក្នុង​នោះ​ប្រមាណ​ ១០ ​ម៉ឺន​នាក់​ (១០០.០០០) ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ និង​ជា​ង ១១ម៉ឺន​នាក់​ (១១០.០០០) នៅ​ខេត្ត​ព្រះសីហនុ។​ ក្រៅ​ពី​នេះ​នៅ​ខេត្ត​ស្វាយ​រៀង​មាន​ជន​ជាតិ​ចិន​ចំនួន​ជាង ២ម៉ឺន​នាក់ (២០.០០០) នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ជិត​២​ម៉ឺន​នាក់ (២០.០០០) និង​នៅ​ខេត្ត​កណ្ដាល​មាន​ជាង ១ម៉ឺន​នាក់ (១០.០០០)៕

1 comment:

Anonymous said...

The worst Khmer traitor Hun Sen needs to please both master Yuon and Chinese in order to hold on to his power.

Hun Sen does not care about Khmer people " Ah Na Ngorp Eh Na Kor Ngorp Touv Anh Min Doeung Teh Veuy ".