Friday, 24 April 2020
កម្ពុជាអាចបាត់ចំណូលពីការផ្ញើប្រាក់របស់ពលករប្រមាណ ៤០០លានដុល្លារឆ្នាំនេះ
ដោយ មាន ឫទ្ធិ
2020-04-23
rfa
ពលករខ្មែរ ដែលសមត្ថកិច្ចថៃចុះចាប់បាននៅផ្សារស៊ីមុមមឿង ខេត្តប៉ាក់ថុមថានី ជាប់ទីក្រុងបាងកក កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។
Provided photo
កម្ពុជាអាចបាត់បង់ចំណូលបានមកពីការផ្ញើប្រាក់របស់ពលករចំណាកស្រុកនៅក្រៅប្រទេស ប្រមាណជិត ៤០០ លានដុល្លារ ក្នុងឆ្នាំ២០២០នេះ។ នេះបើផ្អែកតាមការគណនាត្រួសៗ ទៅលើការព្យាករណ៍របស់ ធនាគារពិភពលោក World Bank ដែលថា ទំហំនៃការផ្ញើប្រាក់របស់ពលករចំណាកស្រុកនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់ចុះប្រមាណ ១៣% ធៀបនឹងឆ្នាំ២០១៩កន្លងទៅ។
កាលពីឆ្នាំ២០១៩ ក្រសួងការងារ នឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់អះអាងថា ពលករចំណាកស្រុកខ្មែរ នៅក្រៅប្រទេស ជាង១លាន២សែននាក់ បានផ្ញើប្រាក់មកក្នុងស្រុកវិញ សរុបប្រមាណ ២,៨ ប៊ីលានដុល្លារ។ នេះគេនៅមិនទាន់គិតពីករណីផ្ញើប្រាក់ក្រៅផ្លូវការ ឆ្លងព្រំដែន ឬតាមរយៈមធ្យោបាយផ្សេងៗទៀតនៅឡើយ។ ពលករចំណាកស្រុកខ្មែរ ដែលផ្ញើប្រាក់ច្រើនជាងគេ គឺមកពីប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូង។
សេចក្ដីថ្លែងការណ៍របស់ធនាគារពិភពលោក ផ្សាយនៅថ្ងៃទី២៣ មេសា ព្យាករណ៍ថា វិបត្តិកូវីដ១៩ និងការបិទសកម្មភាពសេដ្ឋកិច្ចស្ទើរតែគ្រប់ផ្នែកទាំងអស់ នឹងធ្វើឱ្យទំហំនៃការផ្ញើប្រាក់របស់ពលករចំណាកស្រុកនៅទូទាំងសាកលលោក ទៅកាន់ប្រទេសកំណើតរបស់ពួកគេរៀងៗខ្លួនវិញ ធ្លាក់ចុះខ្លាំង ក្នុងឆ្នាំ២០២០នេះ។ នៅទូទាំងសាកលលោក ការធ្លាក់ចុះនេះ ស្មើនឹងប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩ ដែលមានទំហំទឹកប្រាក់ជាង ៥៥០ ប៊ីលានដុល្លារអាមេរិក។
ធនាគារពិភពលោកថា ការសិក្សានានាបានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាកស្រុក បានជួយសម្រាលភាពក្រីក្រនៅតាមប្រទេសមានចំណូលទាប និងមធ្យម។ ការផ្ញើប្រាក់របស់ពលករចំណាកស្រុកនេះ ក៏បានចូលរួមចំណែក ធ្វើឱ្យអាហារូបត្ថម្ភមានភាពប្រសើរឡើង បង្កើនការចំណាយទៅលើវិស័យអប់រំ និងជួយកាត់បន្ថយពលកម្មកុមារនៅតាមគ្រួសារក្រីក្រ។ ផ្ទុយទៅវិញ ធនាគារពិភពលោកពន្យល់ថា ការធ្លាក់ចុះការផ្ញើប្រាក់នេះ នឹងជះផលមិនល្អទៅលើលទ្ធភាពចាយវាយរបស់ក្រុមគ្រួសារនានា ដោយសារតែគ្រួសារនីមួយៗ ត្រូវបង្វែរលុយ ទៅដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ និងសេចក្ដីត្រូវការបន្ទាន់ក្នុងជីវភាពរស់នៅជាមុនសិន។
នៅកម្ពុជា មួយភាគធំនៃចំណូលបានមកពីការផ្ញើប្រាក់របស់ពលករចំណាកស្រុកទាំងនេះ ត្រូវក្រុមគ្រួសារ យកទៅចាយវាយ សងបំណុលមីក្រូហិរញ្ញវត្ថុ៕
Subscribe to:
Post Comments (Atom)
1 comment:
Ah Kwack Hun Sen Min Kwol " Oth Ey Pon Neung Samay Ah Pol Pot Oth Mean Bay Si Phorng ".
Kom Nhous Nhoung Pror Yat Dek Kouk.
Post a Comment