Thursday, 16 April 2020
ក្រុមអ្នកស្រឡាញ់បរិស្ថានថា ការនាំឈើខុសច្បាប់ឆ្លងដែនទៅក្រៅប្រទេសកើតមានច្រើនអំឡុងពេលផ្ទុះជំងឺកូវីដ-១៩
ដោយ ហេង រស្មី
2020-04-15
rfa
ដើមឈើទាល ឬដើមឈើផលិតជ័រទឹក ក្នុងព្រៃឡង់ខេត្តក្រចេះ ត្រូវគេកាប់រំលំ កាលពីដើមខែមីនា ឆ្នាំ២០២០។
រូបភាព៖ សកម្មជនបរិស្ថាន
ក្រុមអ្នកស្រឡាញ់បរិស្ថានអះអាងថា សកម្មភាពដឹកជញ្ជូនឈើចេញពីក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood) នៅតែកើតមានស្ទើរជារៀងរាល់ថ្ងៃ យកទៅលក់នៅប្រទេសវៀតណាម តាមផ្លូវទឹក និងផ្លូវគោក អំឡុងពេលផ្ទុះជំងឺកូវីដ-១៩។ ពួកគេបារម្ភថា បញ្ហានេះនឹងក្លាយជាវិនាសកម្មព្រៃឈើនៅកម្ពុជា ខណៈដែលរដ្ឋាភិបាលនៅតែគ្មានជំហរច្បាស់លាស់ ក្នុងការអនុវត្តច្បាប់ព្រៃឈើឱ្យគ្រប់ជ្រុងជ្រោយនៅឡើយ។
សកម្មជនបរិស្ថាន និងក្រុមយុវជន សង្កេតឃើញថា អំឡុងពេលដែលកម្ពុជាផ្ទុះជំងឺកូវីដ-១៩ ក្រុមឈ្មួញបានឆក់ឱកាសនេះ បន្តជួញដូរឈើ និងកាប់បំផ្លាញព្រៃឈើយ៉ាងរលូន ពុំមានការរារាំងពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ពួកគេរកឃើញថា រដ្ឋាភិបាលបានហាមមិនឱ្យប្រជាជនដើរហើរច្រើន និងបិទសាលារៀនជាដើម ក៏ប៉ុន្តែបែរជា មិនបិទរោងចក្រអារច្រៀកឈើ របស់ក្រុមហ៊ុនអង្គរប្លាយវូដ និងក្រុមហ៊ុនស៊ីងបាយអូថេក (THINK BIOTECH CAMBODIA) ដែលកំពុងប្រមូលឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់។
សកម្មជនបរិស្ថាន ដែលចូលរួមធ្វើយុទ្ធនាការ និងជាកូនប្រុសលោក ឈុត វុទ្ធី លោក ឆឺយ ឧត្តមរស្មី ឱ្យដឹងនៅថ្ងៃទី១៥ មេសា ថា រដ្ឋាភិបាលត្រូវតែផ្អាកសកម្មភាព របស់ ក្រុមហ៊ុន ស៊ីងបាយអូថេក ដែលកំពុងកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ រួចដឹកជញ្ជូនចូលដេប៉ូធំ នៅម្តុំព្រែកតាមាក់ ជាយក្រុងភ្នំពេញ ដើម្បីយកទៅលក់នៅក្រៅប្រទេស។ លោកសង្កេតឃើញថា នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមេសានេះ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ក៏មានសកម្មភាពដឹកជញ្ជូនឈើចេញពីដេប៉ូរបស់ក្រុមហ៊ុនអង្គរប្លាយវូដ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមដែរ។ លោកថា ការនាំឈើចេញទៅក្រៅប្រទេសតាមច្រកព្រំដែនអន្តរជាតិ ក្នុងស្រុកស្នូលខេត្តក្រចេះ និងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក៏នៅតែបន្តកើតមានច្រើន ដោយគ្មានអនុវត្តច្បាប់៖ «ដោយសារតែមានរោគជំងឺកូវីដ១៩ ហ្នឹងចូលមក ធ្វើឱ្យជនឆ្លៀតឱកាសមួយចំនួន នៅតែបន្តធ្វើការកាប់បំផ្លាញព្រៃឈើ ហើយដែលរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ ពីបញ្ហាហ្នឹង។ អ៊ីចឹងហើយ ធ្វើឱ្យការកាប់បំផ្លាញហ្នឹង កាន់តែងាយស្រួល កាន់តែរលូនទៅទៀត។ រោងចក្រអារឈើ នៅតែបើក ហើយការដឹកជញ្ជូនទៅវៀតណាម នៅតែមាន ទោះពីមានការបិទព្រំដែនម៉េចក៏ដោយ»។
ចំណែក សកម្មជនបរិស្ថានម្នាក់ទៀត លោក ហេង ស្រស់ ឱ្យដឹងថា ក្រុមហ៊ុនអង្គរប្លាយវូដ ទទួលសិទ្ធិនាំឈើយកទៅលក់ នៅក្រៅប្រទេស ហើយឈើដែលនាំទៅក្រៅប្រទេសភាគច្រើន មានប្រភពពីដែនជម្រកសត្វព្រៃឡង់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល និងព្រៃអភិរក្សផ្សេងទៀត ដែលគេបន្លំជាឈើស្របច្បាប់។ លោកយល់ថា ក្រុមហ៊ុនអង្គរប្លាយវូដ ក្រុមហ៊ុនធីង៉ា (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) និងក្រុមហ៊ុនស៊ីងបាយអូថេក ហាក់បីដូចជាមានម្ចាស់តែមួយ កំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ក្នុងព្រៃអភិរក្សទ្រង់ទ្រាយធំ៖ «រាជរដ្ឋាភិបាលហាក់បីដូចជា គ្មានឆន្ទៈបង្ក្រាបទាល់តែសោះ ទោះបីជាក្រុមសកម្មជន អ្នកដែលស្រឡាញ់បរិស្ថានគាត់ទាមទារយ៉ាងណាក៏ដោយ ប៉ុន្តែហាក់បីដូចពួកគាត់ធ្វើព្រងើយកន្តើយ ហាក់បីជា មិនហ៊ានធ្វើអីទៅអ្នកដែលកាប់បំផ្លាញព្រៃឈើហ្នឹង។ ជាពិសេសក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ហាក់បីជាមិនអើពើចំពោះក្រុមហ៊ុនទាំងនោះ ទោះបីជា មានព័ត៌មាន អន្តរជាតិ និងថ្នាក់ជាតិ គាត់ខំប្រឹងស្រែកយ៉ាងណាក៏ដោយ ហាក់បីដូចជា មិនអើពើចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើហ្នឹង»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា អ្នកទទួលខុសត្រូវក្នុងរឿងនេះ មានក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ហើយអ្នកដែលទប់ស្កាត់បទល្មើសព្រៃឈើ ឆ្លងដែនទៅក្រៅប្រទេស មានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលអនុវត្តបទបញ្ជារបស់រដ្ឋាភិបាល។ ចំពោះសំណួរថា សកម្មជនបរិស្ថាន បានចោទក្រសួងទាំងនេះ និងគណៈកម្មការជាតិថា ធ្វេសប្រហែស បណ្តែតបណ្តោយឱ្យមានបទល្មើសព្រៃឈើ តើរដ្ឋាភិបាលគួរតែពិនិត្យឡើងវិញ ពីប្រសិទ្ធភាពការងាររបស់ក្រសួងទាំងនេះឬទេ? លោក ផៃ ស៊ីផាន ថា លោកមិនឆ្លើយសំណួរនេះទេ ព្រោះលោកមិនបានឃើញស្ថានភាពនេះជាក់ស្ដែង។ លោកបន្ថែមថា កន្លងមក ស្ថាប័នជំនាញទាំងនេះបានទទួលខុសត្រូវខ្ពស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបង្ហាញរបាយការណ៍ជាវិជ្ជមានរួចហើយ៖ «អ្នកដែលមានចម្លើយមិនមែនខ្ញុំទេ គឺអ្នកទាំង ៣ហ្នឹង គេជាអ្នកអនុវត្តបទបញ្ជារបស់រដ្ឋាភិបាល។ រីឯបិទរោងចក្រអារឈើ អាហ្នឹងសិប្បកម្មផង ពាក់ព័ន្ធ ក្រសួងកសិកម្ម។ ដូច្នេះ សួរគេខាងហ្នឹង តើគាត់យល់ឃើញ យ៉ាងម៉េច? អ្នកទាំងអស់ហ្នឹងគាត់សំណូមពរឱ្យបិទរោងចក្រហ្នឹង?»។
អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី បានផ្ដាច់ទូរស័ព្ទ នៅពេលអាស៊ីសេរីសួររឿងនាំឈើទៅក្រៅប្រទេស។
រីឯអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី មិនដែលលើកទូរស័ព្ទ ឆ្លើយតបរឿងបទល្មើសព្រៃឈើជាមួយអាស៊ីសេរីនោះទេ មកដល់ពេលនេះ។
សកម្មជនបរិស្ថាន រកឃើញថា មកទល់ពេលនេះ មានក្រុមហ៊ុនធំៗចំនួន ៣ មានរោងចក្រអារឈើខ្នាតធំជាប់ព្រៃឡង់ គឺក្រុមហ៊ុនស៊ីងបាយអូថេក ក្រុមហ៊ុនអង្គរប្លាយវូដ និងក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំងនេះ កំពុងដំណើរការធ្វើអាជីវកម្មឈើយ៉ាងសស្រាក់សស្រាំ ដឹកចេញពីតំបន់ព្រៃឡង់ យកទៅលក់នៅក្រៅប្រទេស។
ក្រុមសកម្មជនអះអាងថា មន្ត្រីបរិស្ថាន និងសមត្ថកិច្ចដែលឈរជើង នៅតំបន់នោះ មិនហ៊ានអនុវត្តច្បាប់ លើក្រុមហ៊ុនទាំងនោះទេ ព្រោះមានអ្នកមានអំណាច កាងនៅពីក្រោយខ្នង។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុន ទាំងនេះនៅឡើយទេ នៅថ្ងៃដដែលនេះ ក៏ប៉ុន្តែក្រុមហ៊ុនស៊ីងបាយអូថេក ធ្លាប់បានបដិសេធថា ក្រុមហ៊ុនមិនពាក់ព័ន្ធនឹងការកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់ទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment