Thursday, 16 April 2020

លោក ហ៊ុន សែន ជំរុញ​អាស៊ាន​ឱ្យ​រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩


ដោយ វ៉ែន សុមេធ
2020-04-14
rfa

លោកនាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិសេស​តាម​ប្រព័ន្ធ​វីដេអូ​ខន់ហ្វើរែន (Video Conference) ស្ដី​អំពី​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០២០។
លោកនាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិសេស​តាម​ប្រព័ន្ធ​វីដេអូ​ខន់ហ្វើរែន (Video Conference) ស្ដី​អំពី​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន





លោកនាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​​ដទៃ​ទៀត​ បាន​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​តាម​ប្រព័ន្ធ​វីដេអូ​ខន់ហ្វើរែន (Video Conference) ស្ដី​អំពី​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៤ មេសា​នេះ។ កិច្ច​ប្រជុំ​កំពូល​ពិសេស​នេះ ធ្វើ​ឡើង​ស្រប​ពេល​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ កំពុង​បង្ក​ផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​អាស៊ាន​ជា​រួម មាន​ជាអាទិ៍​ប្រព័ន្ធ​សុខាភិបាល វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម និង​​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​អាស៊ាន។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​ធ្វើការ​រួម​គ្នា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ដែល​កំពុង​រាតត្បាត​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក។ លោក​បាន​ផ្ដល់​នូវ​ទស្សនៈ​មួយ​ចំនួន​ដល់​ប្រមុខ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ ក្នុង​​នោះ​រួម​មាន ការ​ចែក​រំលែក​ព័ត៌មាន ចំណេះដឹង បទពិសោធន៍ និង​បច្ចេកទេស​វេជ្ជសាស្ត្រ​ដល់​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​បង្ការ និង​ព្យាបាល​ជំងឺ​ថ្មី​នេះ។ លោក​ស្នើ​ឱ្យ​សមាជិក​អាស៊ាន​លើក​កម្ពស់​ការ​សម្រប​សម្រួល​​និង​កិច្ច​សន្ទនា​ជិត​ស្និទ្ធ នៅ​ពេល​ដាក់​ចេញ​នូវ​វិធាន​ការ​ផ្សេងៗ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​សង្គម​នៅ​ក្នុង​តំបន់។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ស្នើ​កុំ​ឱ្យ​មាន​ការ​រើសអើង​ពូជសាសន៍ និង​ការ​ប្រកាន់​ជំហរ​ស្ដី​បន្ទោស ដែល​លោក​ហៅ​ថា ជា​ល្បែង​ទម្លាក់​កំហុស​ដ៏​អាក្រក់​នាំ​ទៅ​ដល់​ការ​បែកបាក់​សាមគ្គីភាព​នៅ​ក្នុង​តំបន់។ លោក​ក៏​ស្នើ​ដល់​មេ​ដឹក​នាំ​អាស៊ាន​ទាំង​អស់​ឱ្យ​ពង្រឹង​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេស​ករណី​ប្រជាជន​អាស៊ាន​ដែល​ជាប់​គាំង​ដំណើរ ឬ​រង​គ្រោះ​ដោយ​ជំងឺ​កូវីដ-១៩។ ក្រៅ​ពី​នេះ លោក​ស្នើ​ឱ្យ​អាស៊ាន​ត្រូវ​គិត​គូរ​ជា​យុទ្ធសាស្ត្រ​អំពី​ការ​ស្ដារ និង​ជំរុញ​ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​ ក្រោយ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​បញ្ចប់៖ «នា​ពេល​កន្លងមក វិធានការ​នានា ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ សម្រាប់​ប្រទេស​ទាំង​អស់​ភាគ​ច្រើន គឺ​ផ្ដោត​ទៅលើ​ការ​អនុវត្ត​នៅ​ផ្ទៃក្នុង​ប្រទេស។ ក្នុង​បរិការណ៍​សកលភាវូបនីយកម្ម និង​សមាហរណកម្ម​តំបន់ ខ្ញុំ​យល់ថា ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ នេះ គឺ​មិន​អាច​ដោះស្រាយ​ត្រឹម​កម្រិត​ប្រទេស​នីមួយៗ​បាន​ឡើយ ព្រោះ​ភាព​ជោគជ័យ​នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ ទាម​ទារ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ និង​ទូលំទូលាយ។ និយាយ​ជា​រួម​ អាស៊ាន​ត្រូវ​តែ​រួម​ដៃ​គ្នា និង​ប្រែក្លាយ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ទៅ​ជា​សមរភូមិ​រួម»។

លោក ហ៊ុន សែន បាន​ប្រើ​ពេល ១១នាទី ដើម្បី​ឈ្ងោក​អាន​សុន្ទរកថា​កម្រាស់ ៣ទំព័រ ដោយ​មិន​បាន​ងើប​មុខ​មើល​កាមេរ៉ា​ និង​មេ​ដឹក​នាំ​អាស៊ាន​ដទៃ​ទៀត​ឡើយ។

ក្រៅ​ពី​បញ្ចេញ​ទស្សនៈ​អំពី​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​ ហើយ លោក​ក៏​បាន​ឆ្លៀត​សរសើរ​ថា រដ្ឋាភិបាល​របស់​លោក​គោរព​ស្មារតី​មនុស្ស​ធម៌ និង​សាមគ្គីភាព​អន្តរជាតិ​ ដោយ​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ខ្នាត​ធំ​វេស្ទើដាម (Westerdam) ចូល​ចត ​ព្រម​ទាំង​ជួយ​ព្យាបាល​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​នៅ​កម្ពុជា ​ដែល​កើត​ជំងឺ​កូវីដ-១៩ ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ។

ទោះជា​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផ្ដល់​ទស្សនៈ​ច្រើន​ដល់​មេ​ដឹក​នាំ​អាស៊ាន​បែប​នេះ​ក្តី ក៏​ចំណុច​មួយ​ចំនួន លោក​ខ្លួន​ឯង ​ធ្វើ​មិន​ទាន់​បាន​នៅ​ឡើយ​ទេ ហើយ​លោក​រង​ការ​រិះគន់​ខ្លាំង​ពី​សាធារណជន​ថែម​ទៀត។ ករណី​ទាំងនោះ មាន​ជាអាទិ៍ ការ​បរិហារ​​អាជ្ញាធរ​ម៉ាឡេស៊ី​ជា​សាធារណៈ​នៅ​ពេល​ប្រទេស​នេះ​រក​ឃើញ​ស្ត្រី​អាមេរិកកាំង​មួយ​រូប​ដែល​ជា​អ្នក​ដំណើរ​លើ​នាវា​វេស្ទើដាម (Westerdam) មាន​ផ្ទុក​​ជំងឺ​កូវីដ-១៩។ ពេល​នោះ លោក ហ៊ុន សែន បាន​បញ្ចេញ​​ឥរិយាបថ​ខឹង​សម្បារ​ចំពោះ​​មន្ត្រី​ជាន់ខ្ពស់​ម៉ាឡេស៊ី រហូត​ដល់​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​ការបរទេស លោក ប្រាក់ សុខុន កោះហៅ​មន្ត្រី​ទូត​ម៉ាឡេស៊ី​​ប្រចាំ​នៅ​កម្ពុជា​មក​ឆ្លើយ​បំភ្លឺ​ករណី​នេះ​ទៀត​ផង។ ក្រៅ​ពី​នេះ មជ្ឈដ្ឋាន​​មួយ​​ចំនួន​​បាន​រិះគន់ រដ្ឋាភិបាល​លោក ហ៊ុន សែន ​ថា ហាក់​ព្យាយាម​បិទ​បាំង​ព័ត៌មាន​អំពី​ករណី​អ្នក​កើត​​ជំងឺ​កូវីដ-១៩។ ចំណែក​​យន្តការ​តាម​ដាន​សុខភាព​នៅ​ច្រក​ចេញ​ចូល​វិញ មាន​លក្ខណៈ​អន់​ខ្សោយ ដោយ​រក​មិន​ឃើញ​អ្នក​សង្ស័យ​កើត​ជំងឺ​កូវីដ-១៩​ ស្រប​ពេល​ប្រទេស​ដទៃ​រក​ឃើញ​អ្នក​ដំណើរ​ខ្លះ​ កើត​ជំងឺ​នេះ​ពេល​ទៅ​ដល់​ប្រទេស​គេ។ ម្យ៉ាងវិញ​ទៀត រដ្ឋាភិបាល​​លោក ហ៊ុន សែន មិន​បាន​ហាម​ឃាត់​អ្នក​ដំណើរ​ពី​ប្រទេស​ចិន​ដែល​ជា​ប្រភព​ផ្ទុះ​ជំងឺ​នេះ​នោះ​ទេ ជាហេតុ​ធ្វើ​ឱ្យ​ប្រទេស​មួយ​​ចំនួន​ក្នុង​តំបន់​ រឹត​បន្តឹង​លើ​ការ​ធ្វើ​​ដំណើរ​ពី​កម្ពុជា។ សំខាន់​​ជាង​នេះ​ទៅ​ទៀត គឺ​លោក ហ៊ុន សែន ខ្លួន​លោក​ផ្ទាល់ មិន​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ចំនួន ១៥០នាក់ ដែល​កំពុង​ជាប់​ផុង​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ ទោះ​ជា​ពួក​គាត់​បាន​ដង្ហោយ​សុំ​ជំនួយ និង​អង្វរករ​លោក​យ៉ាង​ណា​ក៏ដោយ។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សង្កេត​ឃើញ​ថា អំឡុង​ខែ​កុម្ភៈ និង​ខែ​មីនា ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ-១៩ កំពុង​​តែ​ចាប់​ផ្តើម លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រវល់​តែ​ពី​រឿង​ធ្វើ​នយោបាយ​ជាមួយ​ប្រទេស​ចិន។ មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ​បន្ថែម​ថា​ ទាល់តែ​កម្ពុជា​ប្រឈមមុខ​នឹង​ការ​ឆ្លង​រាល​ដាល​ខ្លាំង​ដូច​ពេល​នេះ ទើប​លោក ហ៊ុន សែន ខំប្រឹង​ដុត​ដៃ​ដុត​ជើង​ដោះស្រាយ​រឿង​នេះ ហើយ​ជាមួយ​គ្នា​នេះ គាត់​បែរ​ទៅ​ជា​គិត​ឃើញ​រឿង​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់​ការ​គ្មាន​ដែន​កំណត់​របស់​គាត់​ទៅវិញ។

ចំណែក អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ពិនិត្យ​ឃើញ​ថា មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​បាន​ឆ្លៀត​យក​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ ជា​លេស​ពង្រឹង​អំណាច​របស់​ខ្លួន។ អ្នក​ទាំង​នោះ រួម​មាន ប្រធានាធិបតី​ហ្វីលីពីន លោក ឌូទែតេ (Duterte) នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់​អូឆា (Prayut Chan-o-cha) និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ​អង្គការ​ដដែល​នេះ​រក​ឃើញ​ថា ជំនួស​ឱ្យ​​ការ​គិត​​គូរ​ជួយ​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​មន្ត្រី​សុខាភិបាល ​មេដឹកនាំ​ទាំងនេះ​បាន​ពង្រីក​ និង​រំលោភ​អំណាច​កាន់​តែ​ខ្លាំង​ តាម​រយៈ​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន អ្នក​នយោបាយ​បក្ស​ប្រឆាំង អ្នក​រិះគន់ និង​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ជា​ដើម៕

1 comment:

Anonymous said...

Ah Prett Hun Sen should push himself to protect Khmer welfare first before he opens his stinky mouth to push others to do something good for their respective country.