Wednesday, 22 April 2020
សង្គមស៊ីវិល និងពលរដ្ឋ ស្នើអាជ្ញាធរខេត្តស្ទឹងត្រែងឱ្យបង្ក្រាបសិប្បកម្មខុសច្បាប់ ដែលកាប់ឈើចេញពីព្រៃឡង់
ដោយ អាស៊ីសេរី
2020-04-21
rfa
រោងសិប្បកម្មកែច្នៃឈើមួយកន្លែង ឋិតនៅភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមន្ត្រីអាដហុក អាជ្ញាធរឃុំ ពលរដ្ឋ និងក្រុមអ្នកកាសែតក្នុងស្រុក ចុះដល់កន្លែង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។
រូប៖ អាដហុក
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋនៅខេត្តស្ទឹងត្រែងរិះគន់អាជ្ញាធរពាក់ព័ន្ធខេត្តនេះថា បានបណ្ដែតបណ្ដោយឱ្យមានរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែង នៅជាប់តំបន់ព្រៃឡង់ ដែលពួកគេចាត់ទុកថា ជាប្រភពនៃវិនាសកម្មព្រៃឈើ។ ចំណែកអាជ្ញាធរទទួលស្គាល់ថា មានសិប្បកម្មកែច្នៃឈើខុសច្បាប់ តែធ្វើឡើងដោយការលួចលាក់។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ឱ្យដឹងនៅថ្ងៃទី ២១ មេសាថា អាជ្ញាធរពាក់ព័ន្ធ ខេត្តស្ទឹងត្រែង មានចេតនាលាក់បាំងបទល្មើសព្រៃឈើ ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទេ។ ពួកគេអះអាងថា អ្នកភូមិបានផ្តល់ដំណឹងឱ្យអាជ្ញាធរបង្ក្រាបសិប្បកម្មកែច្នៃឈើមួយកន្លែង នៅជិតប៉ុស្តិ៍នគរបាលឃុំកាំងចាម ក៏ប៉ុន្តែអាជ្ញាធរជំនាញ មិនអើពើបង្ក្រាបនោះទេ។
ពលរដ្ឋរស់នៅឃុំកាំងចាម លោក ខេង ថូរ ឱ្យដឹងថា នៅឃុំកាំងចាមមានសិប្បកម្មកែច្នៃឈើយ៉ាងហោចណាស់ ៣កន្លែង បានទទួលទិញឈើពីក្រុមជនល្មើស កាប់ចេញពីតំបន់ព្រៃឡង់ ខណៈភូមិសាស្ត្រតំបន់នោះនៅជាប់ព្រៃឡង់។ លោកសង្កេតឃើញថា បច្ចុប្បន្នពលរដ្ឋមួយចំនួននៅមូលដ្ឋាន បានចាប់យករបរកាប់ឈើលក់ និងដឹកជញ្ជូនឱ្យម្ចាស់សិប្បកម្មនៅតំបន់នោះ៖ «កាលណាតែកើតសិប្បកម្មហើយព្រៃឈើវាមានតែវិនាសកម្មហ្នឹងឯង។ វាមានតែបាត់បង់ព្រៃឈើហ្នឹងឯង។ ដឹកតាមមុខផ្ទះរាល់ថ្ងៃ។ មុខ ៣០ ៤០ មុខ ៨០ មុខ ៩០ (សង្ទីម៉ែត្រ)។ គ្រាន់តែព្រឹកមិញជិត ១០ម៉ូតូហើយ។ ផ្លូវសម្រាប់ដឹកឈើ ផ្លូវខ្វាត់ខ្វែងហ្មង មិនមែនផ្លូវអភិវឌ្ឍន៍របស់ឃុំសង្កាត់ទេ»។
បុរសដដែលបន្តថា រោងសិប្បកម្មទាំងនោះ បើមើលពីខាងក្រៅ មានលក្ខណៈទ្រង់ទ្រាយតូច ក៏ប៉ុន្តែបើនៅតែបណ្ដែតបណ្ដោយឱ្យដំណើរការយូរៗ ទៅ នឹងកាន់តែបង្កការគំរាមកំហែងធំធេង ដល់ព្រៃអភិរក្ស។ លោកសង្កត់ធ្ងន់ថា មន្ត្រីបរិស្ថាន បានហាមសហគមន៍ព្រៃឡង់មិនឱ្យល្បាតព្រៃ ក៏ប៉ុន្តែក្រុមអ្នកអារឈើ នៅតែអាចចូលព្រៃកាប់ឈើ និងដឹកឈើដោយងាយ៖ «អស់សង្គមក្នុង ការការពារព្រៃឈើថ្នាក់លើគេមិនឱ្យយើងចូលរញ៉េរញ៉ៃទេ។ អ៊ីចឹងខ្ញុំគិតថា បើមិនឱ្យពួកខ្ញុំចូលការពារធនធានធម្មជាតិ ហេតុអីបានបើកដៃឱ្យបទល្មើសចូលអារឈើធ្វើអី។ ពួកខ្ញុំឃើញ ច្បាស់លាស់អ៊ីចឹងមែន»។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង លោក អេង ភីរ៉ុង ដើម្បីសុំការបំភ្លឺរឿងនេះ តែលោកថា ទូរស័ព្ទស្ដាប់មិនឮ និងឈប់ទទួលទូរស័ព្ទ នៅថ្ងៃទី២១ មេសា។
ចំណែកសមាជិកក្រុមប្រឹក្សាឃុំកាំងចាម លោក ដន លួន ទទួលស្គាល់ថា នៅឃុំកាំងចាម មានរោងសិប្បកម្មកែច្នៃឈើខ្នាតតូច ៥កន្លែង តែអាជីវកម្មទាំងនោះ ធ្វើឡើងដោយការលួចលាក់។ លោកថានៅពេលថ្មីៗ នេះ លោកបានចុះទៅពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែងដែរ ហើយបានប្រទះឃើញចម្រៀកឈើមុខកាត់ធំៗ មួយចំនួន ម៉ាស៊ីនអារឈើ ១គ្រឿង និងកម្លាំងកម្មករមួយក្រុម ហើយលោកបានផ្ដល់ដំណឹងនេះទៅមន្ត្រីជំនាញរួចហើយ ក៏ប៉ុន្តែការអនុវត្តច្បាប់ ជាភារកិច្ចរបស់មន្ត្រីជំនាញ៖ «កាលខ្ញុំទៅថ្ងៃ១៩ មានម៉ាស៊ីនមានអីនៅច្រូងច្រាង មានឈើមួយចំនួនមានកម្មករមានអីគេ។ មកដល់ឥឡូវនេះ ថ្ងៃទី១៩ មក ដល់ថ្ងៃទី ២០ជាង មិនដឹងថា គេដំណើរការទៀត ខ្ញុំអត់ដឹងដែរ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី កត់សម្គាល់ថាថ្មីៗ នេះ លោកបានសហការជាមួយពលរដ្ឋ អាជ្ញាធរឃុំ និងក្រុមអ្នកកាសែត ចុះទៅដល់ទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែង ក្នុងឃុំកាំងចាម ប្រទះឃើញ ឈើមានមុខកាត់ធំៗ ជាង ១០ដុំ ហើយបានផ្ដល់ព័ត៌មាននេះ ទៅមន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថាន និងនគរបាល ឱ្យអនុវត្តច្បាប់ ក៏ប៉ុន្តែមន្ត្រីទាំងនោះ មិនចុះបង្ក្រាបនោះទេ។ លោកសង្ស័យថា មូលហេតុដែលអាជ្ញាធរមិនបង្ក្រាបដោយសារ អាជ្ញាធរពាក់ព័ន្ធខ្លះ បានទទួលសំណូក ពីម្ចាស់សិប្បកម្ម៖ «ពេលពលរដ្ឋបានប្ដឹងរាយការណ៍ទៅហើយហេតុអីបានជាអាជ្ញាធរមិនព្រមអនុវត្តច្បាប់។ អាជ្ញាធរមក មកយកលុយពីម្ចាស់សិប្បកម្មហ្នឹងមូលហេតុអី យើងមិនយល់។ កាលណាយើងមិនអនុវត្តច្បាប់ បង្ហាញថា យើងពាក់ព័ន្ធបទល្មើសព្រៃឈើ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា អាជ្ញាធរមូលដ្ឋាន ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ត រួមទាំងសមត្ថកិច្ចពាក់ព័ន្ធគ្មានឆន្ទៈការពារព្រៃឈើពិតប្រាកដនោះទេ។ លោកថា ពលរដ្ឋមួយចំនួន បានផ្ដល់ព័ត៌មានឱ្យអាជ្ញាធរបង្ក្រាបបទល្មើសព្រៃឈើ តែអាជ្ញាធរពាក់ព័ន្ធមិនត្រឹមតែមិនអើពើនោះទេ ហើយថែមទាំងគំរាមកំហែងលើអ្នករាយការណ៍ទៀតផង៕
ដុំឈើក្នុងរោងសិប្បកម្មកែច្នៃឈើមួយកន្លែង ឋិតនៅភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមន្ត្រីអាដហុក អាជ្ញាធរឃុំ ពលរដ្ឋ និងក្រុមអ្នកកាសែតក្នុងស្រុក ចុះដល់កន្លែង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ រូប៖ អាដហុក (ADHOC)
សិប្បកម្មឈើនៅស្ទឹងត្រែង 041920
ម៉ាស៊ីនកាត់ច្រៀកឈើក្នុងរោងសិប្បកម្មកែច្នៃឈើមួយកន្លែង ឋិតនៅភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមន្ត្រីអាដហុក អាជ្ញាធរឃុំ ពលរដ្ឋ និងក្រុមអ្នកកាសែតក្នុងស្រុក ចុះដល់កន្លែង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ រូប៖ អាដហុក (ADHOC)
Subscribe to:
Post Comments (Atom)
1 comment:
Ah Prett Hun Sen has solemnly declared that if he cannot stop the deforestation he will cut his penis. So far Ah Hun Sen's penis is still in his pant, except that it is dead.
Post a Comment