Sunday, 19 April 2020
តំណាងរាស្ត្រអាមេរិកជំរុញឱ្យមនុស្សជាតិចងចាំរបបវាលពិឃាដ និងជួយឱ្យមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា
ដោយ យន់ សាមៀន
2020-04-18
អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែងនៅក្នុងសិក្ខាសាលាអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នាទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័នីញ៉ា (California) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
RFA/Chun Chanboth
លោក អាឡាន់ ឡូវែនថល (Alan Lowenthal) សមាជិកសភាអាមេរិកមួយរូបដែលសកម្មក្នុងការធ្វើច្បាប់ដាក់ទណ្ឌកម្មក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ជំរុញឱ្យមនុស្សជាតិ ចងចាំអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងជួយធ្វើឱ្យលទ្ធិប្រជាធិបតេយ្យពិតប្រាកដកើតមាននៅកម្ពុជា។ លោកលើកឡើងបែបនេះ នៅអំឡុងខួបលើកទី៤៥ ឆ្នាំ នៃការឡើងកាន់អំណាចរបសពួកខ្មែរក្រហម ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរជាង ២លាននាក់បាត់បង់ជីវិត។
លោក អាឡាន់ ឡូវែនថល (Alan Lowenthal) មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧ មេសាថា មុខរបួសនៃសោកនាដកម្មរបស់ពលរដ្ឋខ្មែរ នៅតែជ្រៅនៅឡើយ បើទោះជាអំពើប្រល័យពូជសាសន៍បានកន្លងផុតជាង៤០ ឆ្នាំហើយក៏ដោយ។ លោកថា មនុស្សជាតិទូទាំងពិភពលោក មិនថាតែពលរដ្ឋកម្ពុជានោះទេ គឺត្រូវតែទប់ស្កាត់កុំឱ្យអំពើបែបនេះកើតឡើងសាជាថ្មី ទោះជានៅកន្លែងណាក៏ដោយ។
លោក អាឡាន់ ឡូវែនថល សង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃទី១៧ មេសា គ្រប់គ្នាតែងប្តេជ្ញាចិត្តថាមិនត្រូវបំភ្លេចអំពើប្រល័យពូជសាសន៍នៅកម្ពុជាឡើយ ហើយជាមួយគ្នានេះ យើងត្រូវតែខិតខំធ្វើយ៉ាងណាឱ្យលទ្ធិប្រជាធិបតេយ្យពេញលេញ ជាមួយនឹងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ កើតមានពិតប្រាកដនៅកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ជាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល តែងតែឈឺឆ្អាលអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ លោក និងសមាជិកសភាអាមេរិកមួយចំនួនទៀត បាននាំគ្នារៀបចំច្បាប់ដាក់ទណ្ឌកម្មក្បាលម៉ាស៊ីនដឹកនាំរបបក្រុងភ្នំពេញ ដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ច្បាប់ H.R ៥២៦ ដែលពួកលោកបានស្នើឡើងនោះ ត្រូវបានរដ្ឋសភាអាមេរិកអនុម័តយល់ព្រមទាំងស្រុង ហើយពេលនេះច្បាប់នោះកំពុងស្ថិតក្នុងដៃព្រឹទ្ធសភាអាមេរិក។ ក្រុមមេដឹកនាំរបបក្រុងភ្នំពេញដែលជាប់ឈ្មោះក្នុងបញ្ជីស្នើដាក់ទណ្ឌកម្មពីសមាជិកសភាអាមេរិកនោះ រួមមាន លោក ហ៊ុន សែន និងកូនៗ និង រដ្ឋមន្ត្រីមួយចំនួន ព្រមទាំងក្រុមមេទ័ព និងមេប៉ូលិសជាច្រើនរូបដែលស្និទ្ធនឹងលោក ហ៊ុន សែន។ ក្រុមមន្ត្រីទាំងនេះជាប់ឈ្មោះថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
ថ្វីដ្បិតតែច្បាប់នេះមិនទាន់ចូលជាធរមានក៏ដោយ ក៏សហរដ្ឋអាមេរិកបានប្រើច្បាប់ពិសេសមួយទៀត គឺច្បាប់គ្លូបល មែគនីតស្គី អ៊ែក (Global Magnitsky Act) ដើម្បីដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ និងមនុស្សជំនិតមួយចំនួនរបស់លោក ហ៊ុន សែន រួចទៅហើយ។ អ្នកដែលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រោមច្បាប់នេះ រួមមាន មេកងអង្គរក្សលោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម និងក្រុមគ្រួសារ ព្រមទាំងមេឈ្មួញឈើដ៏ល្បីឈ្មោះនៅស្រុកខ្មែរ គឺលោក ទ្រី ភាព។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ស្វាគមន៍មតិរបស់លោក អាឡាន់ ឡូវែនថល អំពីរបបប្រល័យពូជសាសន៍នៅកម្ពុជា ប៉ុន្តែលោកច្រានចោលចំណុចទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ។ លោកថ្លែងថា រដ្ឋាភិបាលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ ស្របពេលលទ្ធិប្រជាធិបតេយ្យកំពុងដំណើរការទៅមុខ។ លោកចោទថា លោក អាឡាន់ ឡូវែនថល មានភាពលម្អៀងខាងនយោបាយទៅគណបក្សសង្គ្រោះជាតិ ទើបបានជាសមាជិកសភាអាមេរិករូបនេះចាត់ទុករដ្ឋាភិបាលបច្ចុប្បន្នថា កើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ៖ «គាត់មានលម្អៀងខាងនយោបាយ គាត់កាន់ជើងបក្សប្រឆាំង។ បច្ចុប្បន្ននេះ គឺកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ទោះបីថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់បានល្អឥតខ្ចោះយ៉ាងណាក៏ដោយ ខ្ញុំយល់ថា ប្រជាពលរដ្ឋកម្ពុជាអាចទទួលយកបានការដឹកនាំដ៏ត្រឹមត្រូវនូវការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា»។
លោក សុខ ឥសាន បន្ថែមថា ការធ្វើច្បាប់ដាក់ទណ្ឌកម្មថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា គឺជាសិទ្ធិរបស់សភាអាមេរិក ប៉ុន្តែច្បាប់នេះមិនប្រាកដថា ចេញរួចនោះទេ ពីព្រោះលោកថា សមាជិកព្រឹទ្ធសភាអាមេរិកទាំងអស់មិនមែនសុទ្ធតែប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី យល់ថា សេចក្ដីថ្លែងការណ៍របស់សមាជិកសភាអាមេរិក ចង់រំឭកប្រជាជាតិខ្មែរឱ្យប្រុងប្រយ័ត្ន បើពុំដូច្នេះទេ កម្ពុជាអាចនឹងដើរជាន់ដានប្រវត្តិសាស្ត្រម្តងទៀត។ លោកបន្តថា តំណាងរាស្ត្រអាមេរិក ចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យពេញលេញ៖ «ពេលណាដែលយើងនិយាយអំពីប្រជាធិបតេយ្យ ហើយនិងការគោរពសិទ្ធិមនុស្ស កុំឱ្យចេះតែចោទប្រកាន់គ្នាថា សុទ្ធតែជាជនអគតិ សុទ្ធតែជាអ្នកប្រឆាំង វាមិនមែនទេ ព្រោះខ្មែរយើងមាននៅក្នុងរដ្ឋធម្មនុញ្ញ បានយើងចេះតែនាំគ្នាយកមកនិយាយ។ ខ្ញុំនៅតែមានជំនឿថា ការវាស់វែងលើការគោរពសិទ្ធិមនុស្ស ឬមិនគោរព មានប្រជាធិបតេយ្យ ឬមិនមាន មិនមែនរដ្ឋាភិបាលជាអ្នកឱ្យតម្លៃទេ គឺពលរដ្ឋជាអ្នកឱ្យតម្លៃ។ រដ្ឋាភិបាលគេតែងសម្អាងថា អ្វីដែលគេធ្វើសុទ្ធតែត្រូវទាំងអស់ ប៉ុន្តែសំខាន់ តើពលរដ្ឋនៅក្នុងស្រុក ក្នុងភូមិ ក្នុងប្រទេសហ្នឹងសប្បាយចិត្តដែរ ឬអត់ ពេញចិត្តដែរ ឬអត់?»។
មេដឹកនាំបក្សប្រឆាំង បានបង្ហោះសារតាមបណ្ដាញសង្គម រំលឹកថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ថា របប ប៉ុល ពត ធ្វើឱ្យរាស្ត្រខ្មែរ វេទនាខ្លាំង ហើយបណ្ដាលឱ្យពលរដ្ឋ បាត់បង់ជីវិត ប្រមាណ២ លាននាក់។ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បន្ទោសថា របបខ្មែរក្រហម បានប្រព្រឹត្តអំពើឧក្រិដ្ឋលើពលរដ្ឋខ្មែរ ដោយសារទទួលបានការគាំទ្រ ពីចិនកុម្មុយនិស្ត។
លោក សម រង្ស៊ី បន្តថា ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ជាអតីតកម្មាភិបាល និងជាមេទ័ពខ្មែរក្រហម ក្នុងនោះមាន លោក ហេង សំរិន ប្រធានរដ្ឋសភា និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបន្តគ្រប់គ្រងកម្ពុជា។ លោកថា អតីតកម្មាភិបាល និងមេទ័ពខ្មែរក្រហមទាំងនេះ បានរក្សាផ្នត់គំនិតខ្មែរក្រហម ដោយគ្មានអ្វីប្រែប្រួលឡើយ គឺភាពផ្ដាច់ការ និងសាហាវ៕
Subscribe to:
Post Comments (Atom)
2 comments:
Cambodia is presently controlled by a former Khmer Rouge named Ah devil Hun Sen.
This monster Hun Sen has envisioned an impending social unrest that will emerge when the massive unemployment stemmed from the cut of EBA and GSP takes effects - 1 to 2 years from now.
The dissolution of the CNRP has helped Hun Sen to keep his power in a short term. But in the long term, Hun Sen will face Khmer people who were filled with indignation from such unconstitutional dissolution.
For this reason, Hun Sen has seized the CPVID 19 opportunity to create an emergency law to curb the imminent social unrest.
But is this world, everything has limit. Khmer people's patience might have been running out. Hun Sen might have a similar fate like Gadhafi.
Only time will tell...
Thank You Mr. Lowenthal for your devotion to help Khmer people and Cambodia.
Post a Comment