Saturday, 18 April 2020

អ្នក​ជំនាញ​អ.ស.ប​ព្រមាន​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​មាន​អាសន្ន​បង្ក​គ្រោះថ្នាក់​ដល់​សិទ្ធិមនុស្ស


ដោយ ហេង រស្មី
2020-04-18

(រូប​កណ្ដាល) ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា កាល​ពីថ្ងៃ​ទី៧ ឧសភា ២០១៩។
(រូប​កណ្ដាល) ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា កាល​ពីថ្ងៃ​ទី៧ ឧសភា ២០១៩។
Photo courtesy of Special Rapporteur Cambodia



ក្រុម​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​គ្រា​មាន​អាសន្ន​នឹង​អាច​ត្រូវ​អាជ្ញាធរ ប្រើប្រាស់​ដើម្បី​រំលោភ​សិទ្ធិ​ឯកជន រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដោយ​សេរី និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​។ ចំណែក​គណបក្សប្រឆាំង​វិញ​ថា សេចក្ដី​ព្រាង​នេះ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​រក្សា​អំណាច​ត្រកូល​ហ៊ុន។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា ច្បាប់​នេះ​គឺ​ដើម្បី​ការពារ​សេចក្ដី​សុខ​របស់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

អ្នករាយការណ៍​ពិសេស ស្ដីពី​ស្ថានភាព​សិទ្ធី​មនុស្ស​នៅ​កម្ពុជា​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថា វិធានការ​នានា​ដែល​ដាក់​ចេញ​ក្នុង​ស្ថានភាព​មាន​អាសន្ន​ត្រូវតែ​ជា​ការ​ចាំបាច់​នឹង​សមាមាត្រ​ទៅ​នឹង​វិបត្តិ​នានា​ដែល​ត្រូវ​ស្វែងរក​ដំណោះស្រាយ។

អ្នកស្រី​បារម្ភ​ថា ច្បាប់​នឹង​អាច​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​រំលោភ​សិទ្ធិ​មនុស្ស​ឯកជន រឹតត្បិត​ដោយ​មិន​ចាំបាច់​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​សេរីភាព​ខាង​សមាគម និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៧ មេសា នេះ បាន​ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​មាន​អាសន្ន​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ជាជាង​ការពារ​ផលប្រយោជន៍ និង​ភាព​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទាំងមូល។

គណបក្សប្រឆាំង​មួយ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ខ្លួន​ថា ការណ៍​ដែល​លោក ហ៊ុន សែន យក​លេស​ថា បង្កើត​សេចក្តី​ព្រាងច្បាប់​នេះ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ គ្រាន់តែ​ជា​លេស​បិទបាំង​បំណង​ទុច្ចរិត​របស់​ខ្លួន​ប៉ុណ្ណោះ ដែល​ចេតនា​ពិតប្រាកដ​ច្បាប់​នេះ​គឺ​ដើម្បី​បង្ក្រាប​ការ​តវ៉ា​នានា​ក្នុងពេលដែល​លោក ហ៊ុន សែន ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា នៅ​ក្នុង​ពេល​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧​ដើម្បី​បណ្ដេញ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​ចេញពី​មុខ​ដំណែង​លោក ហ៊ុន សែន មិនដែល​ធ្វើ​ច្បាប់​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្ន​ទេ។ ប៉ុន្តែ​ពេលនេះ ច្បាប់​នេះ​គឺ​ដើម្បី​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត៖ «គាត់​ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​កំពុង​រីករាល​ដាល​នៃ​ជំងឺ​នេះ គឺ​គាត់​ត្រូវតែ​ជំរុញ​ឱ្យ​ធ្វើ​ច្បាប់​នេះ​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ដែល​អ្នកណា​ហ៊ាន​ប្រឆាំង​នឹង​គាត់​ពេល​ដែល​គាត់​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​គាត់​តែ​ប៉ុណ្ណោះ»។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ការពារ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ប្រទេសជាតិ​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្ន​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ដល់​សាធារណៈ និង​សមស្រប​ទៅតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។​លោក ជិន ម៉ាលីន ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​បក្ស​ប្រឆាំង​ថា គឺជា​ការរិះគន់​យ៉ាង​ងងឹត​ងងុល ហើយ​ខុស​ពី​ខ្លឹមសារ​នៃ​គោលបំណង​ដើម​នៃ​ច្បាប់​ដែល​កម្ពុជា​កំពុងតែ​ធ្វើ​នេះ៖ «ជា​គោលការណ៍​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​គេ​អនុញ្ញាត​ឱ្យ​មានការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្ន​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ ហើយ​ការ​រៀបចំ​ច្បាប់​របស់​កម្ពុជា​គឺ​បំពេញ​ទៅតាម​លក្ខខណ្ឌ​និង​គោលការណ៍​មាន​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​ទាំងអស់​នោះ»។

មេបញ្ជាការ​កងទ័ពជើងគោក​លោក ហ៊ុន ម៉ាណែត និង​ជា​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រង​ការ​ចោទប្រកាន់​ថា អាច​នឹង​ក្លាយ​ជា​អ្នកទទួល​អំណាច​ពី​លោក ហ៊ុន សែន នា​ពេល​ខាងមុខ​បាន​បដិសេធ​មិន​ឆ្លើយ​សំនួរ​ជាមួយ​អាស៊ីសេរី​តាម​ទូរស័ព្ទ៖ «ហើយ​បើ​សួរ​អី​ទៀត​មិន​បាច់​សួរ​ទេ សួរ​ម៉ាត់​ហ្នឹង​ចុះ អរគុណ»។

សមាជិក​ព្រឹទ្ធសភា​នៃ​របប​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ មេសា បាន​អនុម័ត​យល់ព្រម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។ ព្រឹទ្ធសភា​នឹង​បញ្ជូន​ច្បាប់​នេះ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ពិនិត្យ​ធម្មនុញ្ញភាព មុននឹង​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះ​ហត្ថលេខា ជា​ជា​ច្បាប់។ ទោះ​បី​យ៉ាងណា​ព្រះមហាក្សត្រ​ដែល​កំពុង​ពិនិត្យ​សុខភាព​នៅ​ចិន នឹង​មិន​ចុះ​ព្រះ​ហត្ថលេខា​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទេ គី​ទុក​ឱ្យ​ប្រមុខរដ្ឋ ជា​ប្រធាន​ព្រឹទ្ធសភា និង​អនុប្រធាន​គណបក្ស​ប្រជាជាតិ​កម្ពុជា ជា​អ្នកធ្វើ​ជំនួស។ គណបក្ស​សង្គ្រោះជាតិ បាន​ថ្វាយ​ព្រះមហាក្សត្រ​រួច​ហើយ កុំ​ឱ្យ​ចុះ​ព្រះ​ហត្ថលេខា​លើ​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ៕

1 comment:

Anonymous said...

Cambodia is presently controlled by a former Khmer Rouge named Ah devil Hun Sen.
This monster Hun Sen has envisioned an impending social unrest that will emerge when the massive unemployment stemmed from the cut of EBA and GSP takes effects - 1 to 2 years from now.
The dissolution of the CNRP has helped Hun Sen to keep his power in a short term. But in the long term, Hun Sen will face Khmer people who were filled with indignation from such unconstitutional dissolution.

For this reason, Hun Sen has seized the CPVID 19 opportunity to create an emergency law to curb the imminent social unrest.

But is this world, everything has limit. Khmer people's patience might have been running out. Hun Sen might have a similar fate like Gadhafi.

Only time will tell...