Wednesday, 15 April 2020

គ្រួសារ​បាត់​កូន​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ វ៉េង ស្រេង ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌


ដោយ ជីវិតា
2020-04-13

យុវជន ខឹម សុផាត (ឆ្វេង) ដែល​បាត់​ខ្លួន​ក្នុង​ករណី​ហិង្សា​នៅ​ផ្លូវ​ វេង ស្រេង កាល​ពី​ឆ្នាំ២០១៤ និង​ឪពុក​ម្ដាយ និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌ រឿង​បាត់​ខ្លួន​កូន​របស់​ពួក​គាត់។
យុវជន ខឹម សុផាត (ឆ្វេង) ដែល​បាត់​ខ្លួន​ក្នុង​ករណី​ហិង្សា​នៅ​ផ្លូវ​ វេង ស្រេង កាល​ពី​ឆ្នាំ២០១៤ និង​ឪពុក​ម្ដាយ និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌ រឿង​បាត់​ខ្លួន​កូន​របស់​ពួក​គាត់។
រូប៖ ពលរដ្ឋ



ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ គ្រួសារ​ជន​រងគ្រោះ​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ក្នុង​បាតុកម្ម​សុំ​ដំ​ឡើង​​ប្រាក់​​ខែ​គោល ១៦០ដុល្លារ នៅ​ផ្លូវ វ៉េង ស្រេង ក្រុង​ភ្នំពេញ កាលពី​ឆ្នាំ២០១៤ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌​ខណៈ​ពួក​គាត់​ពុំ​ទាន់​បាន​ទទួល​ដំណឹង​ពី​ការ​បាត់ខ្លួន​កូនប្រុស​អាយុ ១៦ឆ្នាំ។

ខណៈ​ប្រតិទិន​ខ្មែរ​បាន​កំណត់​យក​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៦ ខែ​មេសា ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ​លោក ខឹម សឿន ឪពុក​របស់​យុវជន​រងគ្រោះ​ ខឹម សុផាត ដែល​បាត់​ខ្លួន​កាល​ពី ឆ្នាំ២០១៤ ក្នុង​បាតុកម្ម​សុំ​ដំ​ឡើង​​ប្រាក់​ខែ​គោល​ នៅ​​ផ្លូវ វ៉េង ស្រេង ក្រុង​ភ្នំពេញ​វិញ ក៏​តែងតែ​រៀបចំ​ពិធី​សែន​តូច​មួយ​សម្រាប់​ដួង​វិញ្ញាណក្ខន្ធ​កូន​របស់​លោក​ដែរ ហើយ​ឆ្នាំ​នេះ​លោក​ក៏​ទទូច​សា​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌​ដល់​កូន​ប្រុស​របស់​លោក។

ជាង ៥ឆ្នាំ​កន្លងមក​នេះ លោក ខឹម សឿន តែងតែ​កាន់​រូប​ថត​កូន​ប្រុស​ដាក់​ភ្ជាប់​​លេខទូរស័ព្ទ​ទាក់​ទង ធ្វើ​ជា​សេចក្ដី​ប្រកាស​ស្វែង​រក​កូន ដែល​បាត់​ខ្លួន ខណៈ​លោក​ធ្វើ​ដំណើរ​ពី​ខេត្ត​ស្វាយរៀង​មក​រៀប​ចំ​ពិធី​សែន​សម្រាប់​ដួង​វិញ្ញាណក្ខន្ធ​កូន​របស់​លោក​នៅ​ក្នុង​បន្ទប់​ជួល​នៅ​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​ឆ្នាំ​នេះ​លោក​ពុំ​បាន​ធ្វើ​ពិធី​ដូច​សព្វ​ដង​នោះ​ទេ ដោយសារ​រដ្ឋាភិបាល​បាន​ចេញ​បម្រាម​គោចរ​ ហាម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ដូច្នេះ​លោក​បាន​ត្រឹម​ធ្វើ​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ដល់​ព្រះសង្ឃ។

ការ​ធ្វើ​បុណ្យ​របស់​លោក ខឹម សឿន គឺ​ខុស​ពី​ការ​ធ្វើ​បុណ្យ​របស់​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត។ ចាប់​តាំង​ពី​លោក​ទទួល​បាន​ដំណឹង​ពី​ការ​បាត់​ខ្លួន​កូនប្រុស​​របស់​លោក​ គឺ​លោក​​ធ្វើ​បុណ្យ​ជាមួយ​ រូប​ថត​មួយ​សន្លឹក​ប៉ុណ្ណោះ​ ព្រោះ​លោក​ពុំ​អាច​រក​សាក​សព​កូន​របស់​លោក ដើម្បី​យក​មក​ធ្វើ​បុណ្យ​បានទេ​​។ ចំពោះ​ការ​​ធ្វើ​បុណ្យ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ​ទាំង​រូបលោក​​​និង​ប្រពន្ធ​នៅតែ​មាន​មន្ទិលសង្ស័យ​​ថា​កូន​របស់​គាត់​នៅ​មាន​ជីវិត​នៅ​ឡើយ​ ប៉ុន្តែ​ទើប​តែ​ឆ្នាំ​នេះ​លោក​គិត​ថា​កូន​របស់​លោក​ប្រហែល​ជា​ស្លាប់​បាត់​ទៅ​ហើយ ពី​ព្រោះ​ជាង​ ៥ឆ្នាំ​កន្លងទៅ​ហើយ​បាត់​ដំណឹង​សូន្យ​ឈឹង៖ «អឺ ប្រុង​ធ្វើ​បុណ្យ​ឲ្យ​ដែរ ដល់​ឥឡូវ​នេះ គេ​ពិបាក​ធ្វើ​បុណ្យ​លោក​គ្រូ​ ទាល់​​ទៅ​បង្សុកូល​នៅ​វត្ត»។

នៅ​មួយ​ឆ្នាំ​ដំបូង លោក ខឹម សឿន និង​ប្រពន្ធ មិនដែល​បាន​គិត​ថា កូន​ខ្លួន​ស្លាប់​ទេ ជា​ពិសេស ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​និង​បុណ្យ​ភ្ជុំ​បិណ្ឌ ពេល​ដែល​ឃើញ​កូន​គេ​ទាំង​ហ្វូងៗ មក​លេង​ស្រុក លោក​តែង​តែ​សញ្ជឹង​គិត​ថា បន្តិច​ទៀត​កូនប្រុស​របស់​លោក​នឹង​​មក​ដល់​ដែរ​ហើយ៖ «ម៉ែ​វា​គ្រាន់​តែ​ឃើញ​គេ​ជុំៗ អ៊ីចឹង​យំ​រហូត​ដែរ ទឹក​ភ្នែក​រហូត​ដែរ។ ស្រណោះ​កូន នឹក​ឃើញ​កូន​គេ​មក​ជុំ​ខែ​បុណ្យ​អ៊ីចឹង​លោក​គ្រូ កូន​ឯង​បាត់​អីចឹង»។

បន្ទាប់​ពី​បន្លប់​ចិត្ត​ខ្លួន​ឯង​រហូត​​ឈាន​ដល់​ឆ្នាំ​ទី​៣ និង​ទី៤ ទើប​លោក សឿន និង​ប្រពន្ធ​រៀន​ទទួល​ស្គាល់​បន្តិច​ម្តងៗ ថា កូន​របស់​លោក​បាន​​ស្លាប់​ទៅ​ហើយ​ ព្រោះ​មាន​មិត្តភ័ក្ដិ​របស់​កូនប្រុស​លោក បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា ឃឹម សុផាត ត្រូវ​គ្រាប់​កាំភ្លើង​ ហើយ​ត្រូវ​បាន​គេ​អូស​សាកសព​ដាក់​លើ​ឡាន​ ចេញ​បាត់​មិន​ដឹង​ថា យ​ក​ទៅ​ទី​ណា៖ «ខ្ញុំ​សន្និដ្ឋាន​ថា មិន​រស់​ទេ​លោក​គ្រូ ស្លាប់​ហើយ ព្រោះ​មិត្តភ័ក្ដិ​គេ គេ​ឃើញ គេ​បាញ់​ត្រូវ​ដើម​ទ្រូង​ដួល​នៅ​នឹង​ថ្នល់​ហើយ»។

បើ​ទោះ​បី​ជា​ពេល​វេលា​បាន​កន្លង​ទៅ​ជាង ៥ឆ្នាំ​ក៏​ដោយ លោក សឿន ពុំ​ដែល​គិត​ថា​ បោះ​បង់​ការ​ស្វែង​រក​យុត្តិធម៌​ដល់​កូន​ប្រុស​របស់​គាត់​ម្ដង​ណា​នោះ​​ទេ៖ «ឲ្យ​តែ​នេះ​ខ្ញុំ​ចេះ​តែ​ដាក់ ​ពាក្យ​ប្ដឹង​រហូត​ដែរ លោក​គ្រូ តាម​អង្គការ​ជួយ​រក​យុត្តិធម៌»។

ក្រោយ​ពី​ការ​បាត់​ខ្លួន​​កូន​ប្រុស លោក សឿន បាន​ធ្វើ​ដំណើរ​គ្រប់​ច្រកល្ហក ពោល​ទី​ណា​ដែល​មាន​តម្រុយ​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​កូន​ប្រុស​របស់​លោក ​ដូច​ជា​ទៅ​ខេត្ត​កំពង់ស្ពឺ នៅ​ភ្នំ​មួយ​ដែល​មាន​ព្រៃ​ច្រើន​ បន្ទាប់​ពី​ពលរដ្ឋ​បាន​រាយការណ៍​ថា​ មាន​សាក​សព​ត្រូវ​បាន​គេ​យក​មក​ដុត​ចោល​បន្ទាប់​ពី​បាតុកម្ម​នៅ​ភ្នំពេញ ប៉ុន្តែ​លោក​នៅ​តែ​ពុំ​អាច​រក​កូន​របស់​គាត់​ឃើញ។

យុវជន ខឹម សុផាត បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ២០១៤ ក្នុង​បាតុកម្ម​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០ដុល្លារ នៅ​ផ្លូវ វ៉េង ស្រេង ក្រុង​ភ្នំពេញ។ យុវជន ខឹម សុផាត មាន​អាយុ ១៦ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​បឹង​ក្រៀល ឃុំ​អង្គតាសូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។

កាល​ពី​​​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំលឹក​ដល់​គណៈកម្មការ ៣ រួម​មាន គណៈកម្មការ​ដែល​បាន​បង្កើត​ឡើង​ក្នុង​គោល​ដៅ​ស្រាវ​ជ្រាវ​ការ​ខូច​ខាត គណៈកម្មការ​សិក្សា​ស្រាវ​ជ្រាវ​ឧបទ្ទវ​ហេតុ​ដែល​កើត​មាន​នៅ​ផ្លូវ វ៉េង ស្រេង និង​គណៈកម្មការ​សិក្សា​ស្រាវ​ជ្រាវ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់​ដេរ​សំលៀក​បំពាក់​និង​ផលិត​​​ស្បែក​ជើង។

យោង​តាម​របកគំហើញ​របស់​គណៈកម្មការ​វាយ​តម្លៃ​ការ​ខូច​ខាត ដោយសារ​បាតុកម្ម​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិនា ឆ្នាំ២០១៥ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន ៤នាក់​បាន​ស្លាប់​ប្រជា​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ចំនួន ៦៤នាក់​បាន​រង​របួស និង​មនុស្ស ២៣នាក់​បាន​ឃាត់ខ្លួន ព្រម​ទាំង​ខូចខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​ឯកជន​ជិត ១០០​លាន​ដុល្លារ ចាប់​តាំង​ថ្ងៃ​ធ្វើ​បាតុកម្ម​​ក្រោយ​ការ​បោះ​ឆ្នោត ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ២០១៣ រហូត​ដល់​​ដើម​ខែ​មករា ឆ្នាំ២០១៤ ដែល​អាជ្ញាធរ​បាន​ហៅ​ថា ជា​បាតុកម្ម​ខុស​ច្បាប់ ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) ដែល​ចុះ​ឃ្លាំ​មើល​រឿង​នេះ គឺ​លោក លោក សឹង សែន​ករុណា យល់​ថា រឿង​នោះ​បាន​កើត​ឡើង​នៅ​ក្នុង​យុទ្ធនាការ​ដោយ​សន្តិវិធី​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ហើយ ​អំពើ​ហិង្សា​ក៏​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ប្រើ​កម្លាំង​បង្ក្រាប បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ អ្នក​រង​របួស​ និង​អ្នក​ត្រូវ បាន​ចាប់​ខ្លួន​ជា​ច្រើន​នាក់ ព្រមទាំង​អ្នក​បាត់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ៖ «ក្នុង​រឿង​ហ្នឹង​តាំង​ពី​ដើម​ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​យើង​ទាមទារ​ឲ្យ ​មាន​ការ​បង្កើត​នូវ​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ ស្វែង​រក​យុត្តិធម៌​ទៅ​ឲ្យ​អ្នក​ទាំង​អស់​ហ្នឹង ប៉ុន្តែ​រហូត​មក​ដល់​ពេល​យើង​ឃើញ​ថា មិន​ទាន់​យុត្តិធម៌​សម្រាប់​ពួក​គាត់​នៅ​ឡើយ​បាទ»។

មន្តី្រ​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ត​ថា​ សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​រក​យុត្តិធម៌​ទៅ​ដល់​ក្រុម​គ្រួសារ​រងគ្រោះ​។​លោក​ថា រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​រដ្ឋាភិបាល​ពុំ​បាន​បង្ហាញ​ឆន្ទៈ​ធ្វើ​ការ​លើ​រឿង​នេះ​ទេ ក្រៅ​តែ​ពី​បង្កើត​គណៈកម្មការ​រួច​ទុក​ចោល៖ «មក​ទល់​ទៅ​ពេល​នេះ​ យើង​ដឹង​ហើយ​ថា​ អាជ្ញាធរ​ហាក់​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ទៅ​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ​ទាំង​អស់​នោះ​ទាល់​តែ​សោះ​ ហើយ​ផ្ទុយ​ទៅវិញ​យើង​ដឹង​ហើយ​ ជា​ធម្មតា​អាជ្ញាធរ​របស់​ខាង​រដ្ឋាភិបាល​ជា​អ្នក​បង្ក្រាប​ទៅ​លើ​អ្នក​ទាំង​អស់​ហ្នឹង​ថា តើ​ពួក​គាត់​នឹង​ស្វះស្វែង​រក​យុត្តិធម៌​ទៅ​ដល់​អ្នក​ទាំង​អស់​នេះ​ដោយ​របៀប​ម៉េច»។

ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​គ្រួសារ​ជន​រង​គ្រោះ និង​សង្គម​ស៊ីវិល រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដែល​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ផង​នោះ មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចោទ​ថា បាតុកម្ម​របស់​កម្មករ​រោងចក្រ​នៅ​ផ្លូវ វេង ស្រេង ក្នុង​ពេល​នោះ ជា​អំពើ​ល្មើស​ច្បាប់ ដែល​រដ្ឋាភិបាល​គ្មាន​ចំណែក​ទទួល​ខុស​ត្រូវ​ឡើយ៖ «វា​មិន​មែន​ជា​ករណី​បាត់​ខ្លួន ដែល​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​នោះ​ទេ គឺ​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ គឺ​ជា​ក្រុម​នាំ​កូន​របស់​គាត់​មក​ធ្វើ​ការ​បះបោរ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ខុស​ច្បាប់ ហើយ​ត្រូវ​រដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង ដើម្បី​បង្ក្រាប និង​ទប់​ស្កាត់។

ទោះ​ជា​ក៏​ដោយ​ចុះ ឪពុក និង​ម្ដាយ​របស់​យុវជន ខឹម សុផាត នៅ​តែ​បន្ត​ទាមទារ​រក​យុត្តិធម៌។ ដូច​គ្នា​នឹង​ទឹក​ចិត្ត​របស់​ឪពុក​ដទៃ​ទៀត​ដែរ លោក ខឹម សឿន មាន​ចម្ងល់​ជា​ច្រើន​អំពី​កូន​ប្រុស​របស់​លោក​ដែល​បាត់​ខ្លួន។ តើ​កូន​ប្រុស​ពិត​ជា​ស្លាប់​មែន​ឬ​ទេ ស្លាប់​ដោយ​របៀប​ណា ហើយ​បើ​ពិត​ជា​ត្រូវ​គ្រាប់​ស្លាប់​មែន តើ​ឯ​ណា​ទៅ​សាកសព? ហើយ​បើ​ពិត​ដូច​គេ​ប្រាប់​មែន តើ​អាជ្ញាធរ​ដឹក​យក​សាកសព​កូន​ប្រុស​របស់​លោក​ទៅ​ទីណា? ចម្លើយ​សម​ស្រប​ផ្លូវការ​ទៅ​សំណួរ​ទាំង​អស់​នេះ​គ្មាន​ទេ​ពី​អាជ្ញាធរ​កម្ពុជា​ក្នុង​រយៈ​ពេល​ជាង ៥ឆ្នាំ​កន្លង​ទៅ​នេះ៕

No comments: