Saturday, 25 April 2020
យុវជនសង្គ្រោះជាតិថ្កោលទោសរបបក្រុងភ្នំពេញរឿងចាប់ចងមន្ត្រីបក្សប្រឆាំងថ្មីៗនេះ
ដោយ មួង ណារ៉េត
2020-04-25
កញ្ញា សៅ ឧសភា សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ និងជាសកម្មជនបរិស្ថាន មាតាធម្មជាតិ។
រូប៖ ហ្វេសប៊ុក
ក្រុមយុវជនគណបក្សសង្គ្រោះជាតិថ្កោលទោសរបបលោក ហ៊ុន សែន ជុំវិញការចាប់ខ្លួនសកម្មជនមូលដ្ឋានរបស់គណបក្សប្រឆាំង និងប្រជាពលរដ្ឋជាបន្តបន្ទាប់ នៅអំឡុងវិបត្តិជំងឺកូវីដ-១៩។ ពួកគេថា ទង្វើនេះធ្វើឱ្យលទ្ធិប្រជាធិបតេយ្យកាន់តែធ្លាក់ចុះដុនដាប និងបង្ហាញកាន់តែច្បាស់ពីការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន។
យុវជនគណបក្សសង្គ្រោះជាតិ និងជាជំទប់ទីពីរជាប់ឆ្នោតឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប លោក ឈុន វាន លើកឡើងថា ការចាប់ខ្លួនមន្ត្រីមូលដ្ឋានគណបក្សប្រឆាំងនៅពេលថ្មីៗនេះ គឺជាករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប្រព្រឹត្តដោយអាជ្ញាធររបបក្រុងភ្នំពេញ។ លោកបន្តថា មន្ត្រីមូលដ្ឋានទាំងនោះ មិនបានធ្វើសកម្មភាពខុសច្បាប់អ្វីឡើយ ហើយពួកគាត់ក៏មិនបានធ្វើសកម្មភាពនយោបាយដែរ។ លោកថា របបក្រុងភ្នំពេញបានបង្កើតលេសជាបន្តបន្ទាប់ ដើម្បីបង្ក្រាបសកម្មជនគណបក្សសង្គ្រោះជាតិ ដើម្បីធានាថា គ្មានសំឡេងប្រឆាំងនៅកម្ពុជា៖ «ការពិត គាត់អត់មានធ្វើសកម្មភាពអ្វីទាំងអស់។ អាហ្នឹង គឺជាលេសមួយដែលគាត់ (រដ្ឋាភិបាល)ចង់កម្ចាត់គណបក្សប្រឆាំងទេ រឿងថា ធ្វើសកម្មភាព ធ្វើអ្វីហ្នឹង។ ធ្វើបាបសកម្មជន(សង្គ្រោះជាតិ) ហ្នឹង គឺមិនមែនជារឿងមួយដែលថ្មីទេ។ តាំងតែពីដើមមក ដោយសារតែសកម្មជនគណបក្សប្រឆាំង ឬក៏សកម្មជនដែលនៅមូលដ្ឋានមួយចំនួនហ្នឹង គឺអត់បានចុះចូល ឬអត់បានលក់ឧត្ដមគតិរបស់ពួកគាត់ អ៊ីចឹងបានជាគាត់(រដ្ឋាភិបាល) យកលេស ដើម្បីចាប់ពួកគាត់ហ្នឹងដាក់ពន្ធនាគារ»។
យុទ្ធនាការចាប់ចងមន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិ បានកម្រើកឡើងវិញនៅស្របពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ គិតពីខែមករា មកដល់ថ្ងៃទី២២ មេសា អាជ្ញាធរបានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១២នាក់ហើយ ក្នុងនោះ ១១នាក់ កំពុងជាប់ពន្ធនាគារ ហើយម្នាក់ទៀតស្ថិតនៅក្រៅឃុំ ដោយសារសកម្មជនរូបនោះធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយប៉ូលិសចាប់ខ្លួនគាត់ទាំងកម្រោល។ ភាគច្រើននៃករណីចាប់ខ្លួននេះ សមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួនឡើយ ហើយករណីខ្លះទៀតសមត្ថកិច្ចបានប្រើល្បិចបញ្ឆោតឱ្យពួកគេទៅជួបអ្នកនេះ ឬអ្នកនោះ រួចក៏ចាប់ខ្លួនតែម្ដង។ ករណីមួយចំនួនទៀត ប៉ូលិសចាប់មនុស្សទៅបាត់ដោយគ្មានផ្តល់ដំណឹងដល់ក្រុមគ្រួសាររបស់គេនោះទេ ទាល់តែសកម្មជនទាំងនោះទូរស័ព្ទមកប្រាប់វិញ ទើបគ្រួសារដឹងថា ពួកគាត់កំពុងជាប់ឃុំនៅពន្ធនាគារ។
តុលាការបានចោទប្រកាន់ក្រុមមន្ត្រីបក្សសង្គ្រោះជាតិទាំងនេះ ប្រហាក់ប្រហែលគ្នា ពីបទរួមគំនិតក្បត់ជាតិ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួនមន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិថ្មីៗនេះ គឺដោយសារពួកគេធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបានបង្ហាញភស្តុតាង ឬបកស្រាយឱ្យច្បាស់ថា តើក្រុមសកម្មជនទាំងនោះបានធ្វើអ្វីខ្លះនោះឡើយ៖ «អតីតបក្សប្រឆាំង ត្រូវបានរំលាយ ដោយតុលាការកំពូលហើយ។ អ៊ីចឹងទៅ ជាខ្មោចដែលខុសច្បាប់ ហើយអ្នកដែលគាំទ្រអ្នកខុសច្បាប់ អ្នកហ្នឹងក៏ខុសច្បាប់ដែរ។ បើបងប្អូននៅក្នុងស្រុកក្តី និងនៅក្រៅក្តី ឈប់ធ្វើសកម្មភាព គ្មានអ្នករុកកួនអីគាត់ វាអត់ទេ។ វាខូចតែគាត់ធ្វើសកម្មភាព»។
ផ្ទុយពីការអះអាងរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចនេះ ក្រុមគ្រួសាររបស់មន្ត្រីបក្សប្រឆាំងដែលត្រូវអាជ្ញាធរចាប់ខ្លួន អះអាងថា ពួកគាត់ទាំងនោះមិនបានធ្វើប្រព្រឹត្តអ្វីខុសច្បាប់ឡើយ ហើយក៏មិនបានធ្វើសកម្មភាពនយោបាយនោះដែរ តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយរួចមក។
យុវជនគណបក្សសង្គ្រោះជាតិមួយរូបទៀត លោក សេង ម៉េងប៊ុនរ៉ុង ប្រតិកម្មថា របបក្រុងភ្នំពេញកំពុងធ្វើបាបពលរដ្ឋខ្លួនឯងទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោកថា អ្នកដែលត្រូវបានចាប់ខ្លួននោះ ពួកគាត់មិនបានធ្វើសកម្មភាពនយោបាយអ្វីឡើយ ដោយអ្នកខ្លះសំងំតែក្នុងផ្ទះខ្លាចជំងឺកូវីដ-១៩ និងខ្លះទៀតខំប្រឹងរកចំណូលផ្គត់ផ្គង់គ្រួសារ។ លោកចាត់ទុកថា ទង្វើចាប់ចងរបស់អាជ្ញាធរនេះ ថា ជាការបំបែកបំបាក់គ្រួសារ និងសង្គមជាតិខ្មែរ៖ «កូវីដ គ្រួសារណាក៏ត្រូវប៉ះពាល់ផ្នែកសេដ្ឋកិច្ចហ្នឹងដែរ ហើយចុះបើក្រុមគ្រួសារគាត់កំពុងជាប់ពន្ធនាគារទៀត រឹតតែប៉ះពាល់ផ្នែកសេដ្ឋកិច្ច។ អ៊ីចឹងធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសគឺសកម្មជនដែលរងគ្រោះដោយសារការចាប់ចងហ្នឹង កាន់តែធ្លាក់ដុនដាបទៅ ហើយអត់មានវេទនាអ្នកណា ក្រៅតែពីវេទនាប្រជាជនឯងទេ។ អ៊ីចឹងខ្ញុំសូមផ្ដាំផ្ញើឱ្យរបបលោក ហ៊ុន សែន បោះបង់នយោបាយចាប់ចងនេះចោលទៅ»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ នៅក្រោយពេលទប់ស្កាត់ដំណើរមាតុភូមិនិវត្តន៍របស់ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានដោយជោគជ័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដង្ហោយហៅសកម្មជនបក្សប្រឆាំងទាំងឡាយដែលកំពុងរត់ភៀសខ្លួននៅក្រៅប្រទេស ឱ្យវិលត្រឡប់មកកម្ពុជាវិញ ដើម្បីជួបជុំក្រុមគ្រួសារ។ លោកអះអាងថា លោកនឹងមិនយកទោសពៃរ៍អ្វីលើពួកគេឡើយ ដោយលោកចាត់ទុកថា សកម្មជនទាំងនោះបានចាញ់បោកក្រុមលោក សម រង្ស៊ី៖ «ក្នុងនាម ខ្ញុំព្រះករណាខ្ញុំជាប្រធាននីតិប្រតិបត្តិ ខ្ញុំព្រះករុណាខ្ញុំអំពាវនាវឱ្យមនុស្សទាំងអស់ដែលកំពុងរត់គេចខ្លួន ត្រឡប់មកភូមិកំណើតវិញ។ កុំលាក់ខ្លួននៅកន្លែងនេះ លាក់ខ្លួននៅកន្លែងនោះតទៅទៀត ហើយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ជាពិសេសនគរបាល និងអាវុធហត្ថ ក៏ដូចជាមន្ត្រីនៅមូលដ្ឋានទាំងអស់ កុំធ្វើអ្វីឱ្យសោះ។ ឱ្យគេមកផ្ទះយ៉ាងស្រួល ហើយរាប់អានគេទៅ ធ្វើការជាមួយគ្នាទៅ»។
សមាជិកប្រតិបត្តិស្រុកព្រៃនប់ ខេត្តព្រះសីហនុនៃគណបក្សសង្គ្រោះជាតិ កញ្ញា សៅ ឧសភា ចាត់ទុកថា ករណីបង្កូកឱ្យសកម្មជនសង្គ្រោះជាតិចូលស្រុកដោយមិនយកទោសពៃរ៍នេះថា គ្រាន់តែជាល្បិចកលរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។ កញ្ញាថា ស្ថានភាពជាក់ស្ដែង អាជ្ញាធររបបក្រុងភ្នំពេញនៅតែបន្តចាប់ខ្លួនសកម្មជនសង្គ្រោះជាតិដដែល បើទោះបីជាពួកគាត់មិនបានធ្វើអ្វីខុសច្បាប់ ឬមិនបានធ្វើសកម្មភាពនយោបាយយ៉ាងណាក្តី៖ «ពេលដែលគាត់ស្រែកហ្នឹង ស្អែកឡើងយើងទៅ គាត់អត់ចាប់ទេ ប៉ុន្តែនៅក្នុងអំឡុងពេលក្រោយមកទៀត រយៈពេលមួយខែ ពីរខែអ្វីហ្នឹង គឺយើងមិនបាច់ធ្វើអ្វី ក៏គាត់ចាប់យើងដែរ។ អ៊ីចឹងរឿងពាក្យសម្តីដែល ហ៊ុន សែន និយាយចេញមក គ្រប់ម៉ាត់ គ្រប់ពាក្យ គឺវាមិនមែនជាការពិតនោះទេ។ វាគ្រាន់តែជាការបោកបញ្ឆោតរបស់គាត់ ដើម្បីឱ្យយើងហ្នឹងចូលទៅក្នុងប្រទេសទៅ ដើម្បីចាប់យើងដាក់គុកទាំងអស់ ដើម្បីបន្សាបសំឡេងលទ្ធិប្រជាធិបតេយ្យទេ»។
កញ្ញា សៅ ឧសភា អំពាវនាវដល់ពលរដ្ឋ និងសកម្មជនសង្គ្រោះជាតិដទៃទៀត ឱ្យពង្រឹងជំហរឡើងវិញ និងកុំបោះបង់ចោលការតស៊ូដើម្បីស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានេះ កញ្ញាស្នើឱ្យអាជ្ញាធររបក្រុងភ្នំពេញបញ្ឈប់ទង្វើយាយី និងការចាប់ចងមន្ត្រីបក្សប្រឆាំង និងពលរដ្ឋស្លូតត្រង់ជាបន្ទាន់។ សកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេសរូបនេះ បន្ថែមថា ប្រសិនបើលោក ហ៊ុន សែន មិនចង់ជាប់ឈ្មោះជាមេដឹកនាំផ្ដាច់ការទេ លោកត្រូវតែស្ដារស្ថានការណ៍នយោបាយស្រុកទេស ហើយងាកមកដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យវិញ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប្រើប្រាស់ការរាតត្បាតជំងឺកូវីដ-១៩ ដោយមិនត្រឹមត្រូវ ដើម្បីបំបិទមាត់សកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញទុក្ខកង្វល់អំពីជំងឺថ្មីនេះ ព្រមទាំងអ្នកហ៊ានរិះគន់វិធានការរបស់រដ្ឋាភិបាល។ អង្គការសិទ្ធិមនុស្សដដែលបន្តទៀតថា ការយាយីរបស់រដ្ឋាភិបាលលើអ្នកគាំទ្រ និងសមាជិកបក្សប្រឆាំងក្នុងបរិបទនៃជំងឺកូវីដ-១៩ គឺជាផ្នែកមួយនៃយុទ្ធនាការទ្រង់ទ្រាយធំប្រឆាំងនឹងសកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មានឯករាជ្យ និងប្រជាពលរដ្ឋសាមញ្ញ ដែលបញ្ចេញទស្សនៈលើប្រព័ន្ធអ៊ីនធឺណិត និងនៅក្នុងសង្គម៕
Subscribe to:
Post Comments (Atom)
1 comment:
Cambodia's law is also known as " Chbab Kdor Ah Hun Sen". It is natural that this law is rude to Khmer people, but nice to his masters Yuon and Chen.
Post a Comment