Monday 4 May 2020
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវឱ្យពលរដ្ឋចូលរួមការពាររឿងព្រំដែនកម្ពុជា និងវៀតណាម
ដោយ ទីន ហ្សាការីយ៉ា
2020-05-03
rfa
នគរបាលខេត្តកណ្ដាល ពេលចុះទៅប្រាប់ទាហានវៀតណាមឱ្យរុះតង់ស្នាក់នៅចំនួន ៩កន្លែង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដែលបោះនៅចំណុចដំបូកចែវ ជាតំបន់មិនទាន់បានឯកភាពគ្នាវាស់ចែកខណ្ឌសីមា និងបោះបង្គោលនៅឡើយ។ រូប៖ នគរបាលជាតិ
រូប៖ នគរបាលជាតិ
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ ចូលរួមការពារបូរណភាពទឹកដីកម្ពុជាតាមបណ្ដោយព្រំដែន តាមរយៈសកម្មភាពចុះពិនិត្យស្ថានភាពព្រំដែន និងការសរសេរញត្តិជាដើម ដើម្បីឱ្យរដ្ឋាភិបាលធានាថា ទឹកដីខ្មែរតាមបណ្ដោយព្រំដែន គ្មានការបាត់បង់ទៅប្រទេសជិតខាង។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ព្រោះរដ្ឋាភិបាលកំពុងដោះស្រាយរឿងនេះ តាមគោលការណ៍ច្បាប់ និងកិច្ចសហប្រតិបត្តិការ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលើកឡើងថា ពលរដ្ឋ និងក្រុមយុវជន មានតួនាទីសំខាន់ ចូលរួមការពារបូរណភាពទឹកដីខ្មែរតាមបណ្ដោយព្រំដែនគ្រប់តំបន់ទាំងអស់ និងត្រូវតាមដានពីប្រសិទ្ធភាពកិច្ចការពារ របស់រដ្ឋាភិបាល ក្នុងការកំណត់ខណ្ឌសីមាព្រំដែន ជាមួយប្រទេសវៀតណាម។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ឱ្យដឹងនៅថ្ងៃទី៣ មេសា ថា ពលរដ្ឋមានកាតព្វកិច្ចចំបាច់ការពារព្រំដែន ដែលធានាដោយរដ្ឋធម្មនុញ្ញដើម្បីទាមទារ ឱ្យរដ្ឋាភិបាល មានជំហរច្បាស់លាស់ ដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាងឱ្យបានត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ លោកបារម្ភថា បើពលរដ្ឋនៅតែខ្លាច មិនហ៊ានចូលរួមការពារព្រំដែនទេ កម្ពុជានឹងប្រឈមហានិភ័យខ្ពស់ របូតទឹកដីខ្មែរតាមបណ្ដោយព្រំដែនជាបន្តទៀត៖ «រឿងបញ្ហាសិទ្ធិបើសិនជាយើង មិនមាត់ គេមិនដែលដាក់ជើងពានសិទ្ធិឱ្យយើងនោះទេ។ យើងឃើញពលរដ្ឋ មានការចូលរួមកម្រិតទាបនៅឡើយ។ យើងចង់ឃើញយុវជន និងបញ្ញវន្តចូលរួមឈឺឆ្អាលរឿងសង្គមហ្នឹង ឱ្យបានច្រើន ជំរុញឱ្យរដ្ឋាភិបាល អនុវត្តបានហើយ។ យើងដឹងថា ថ្នាក់ដឹកនាំរដ្ឋ គឺជាអ្នកបម្រើពលរដ្ឋ»។
លោក រ៉ុង ឈុន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានពេលយកបណ្តឹងទៅដាក់នៅសាលាដំបូងរាជធានីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ រូបថតពីបណ្តាញសង្គម
លោក រ៉ុង ឈុន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានពេលយកបណ្តឹងទៅដាក់នៅសាលាដំបូងរាជធានីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ រូបថតពីបណ្តាញសង្គម
ទោះយ៉ាងណា ក្រុមយុវជន និងពលរដ្ឋ សង្កេតឃើញថា ការចូលរួមឃ្លាំមើល និងការការពារព្រំដែន គឺជាចំណុចរសើបមួយ បង្កឱ្យពួកគេជួបការលំបាកខ្លាំង ដោយសាររដ្ឋាភិបាល រឹតត្បិតសិទ្ធិសេរីភាព និងគំរាមកំហែងពលរដ្ឋ ជាពិសេសសិទ្ធិបញ្ចេញមតិរឿងព្រំដែនតែម្ដង។
យុវជនម្នាក់រស់នៅរាជធានីភ្នំពេញ ធ្លាប់ចុះពិនិត្យស្ថានភាពព្រំដែន លោក ម៉ា ចិត្រា យល់ថា បើទោះជារដ្ឋធម្មនុញ្ញ បានធានាសិទ្ធិសេរីភាព ពលរដ្ឋ និងក្រុមយុវជន ឱ្យចូលរួមការពារព្រំដែនក្តី ក៏ប៉ុន្តែជាក់ស្ដែង ពួកគេនៅតែប្រឈម ការលំបាកក្នុងការតាមដានរឿងនេះ ព្រោះកន្លងទៅពួកគេធ្លាប់ ត្រូវបានអាជ្ញាធរខ្មែរហាមឃាត់ ពេលចុះទៅពិនិត្យព្រំដែន នៅខេត្តស្វាយរៀង៖ «សម្ដែងមតិ ឬប្រើប្រាស់សិទ្ធិរបស់យើងហ្នឹង ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គាត់ថាយើងខុសច្បាប់ទៅវិញ មែនទែនទៅ ស្រេចតែគាត់បកស្រាយ យើងក្នុងនាមជាពលរដ្ឋ យើងចាំតែទទួលកំហុស។ កិច្ចការពារ និងឃ្លាំមើលបញ្ហាព្រំដែន យើងពិបាកចូលរួមណាស់ ព្រោះសិទ្ធិសេរីភាពយើងឥឡូវ ត្រូវបានរឹតត្បិតខ្លាំងជាងមុន»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ស្នើសូមឱ្យពលរដ្ឋ ត្រូវរក្សាភាពស្ងប់ស្ងៀមចំពោះបញ្ហានេះ ព្រោះរដ្ឋាភិបាលកំពុងដោះស្រាយតាមគោលការណ៍ ដែលភាគីប្រទេស ទាំងពីរ បានចុះហត្ថលេខារួច ក្នុងការអនុវត្ត ខ្សែព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកបញ្ជាក់ថា ភាគីប្រទេសទាំងពីរ កំពុងដោះស្រាយបញ្ហាព្រំដែនប្រយ័ត្នប្រយែង យ៉ាងប្រយ័ត្នប្រយែង ចៀសវាងបង្កើតបានជាអំពើហិង្សា៖ «ការងារហ្នឹង មិនមែនជាការងាររបស់ ប្រជាពលរដ្ឋ និងយុវជនទេ ជាការងារបស់គណៈកម្មការ ព្រោះយើងរឿងហ្នឹង យើងដោះស្រាយតាមគោលការណ៍ ដែលយើងបានចុះហត្ថលេខារវាងកម្ពុជា និងវៀតណាម តាមរយៈគណៈកម្មការចម្រុះព្រំដែន។ យើងអត់មានដោះស្រាយ តាមអារម្មណ៍ ឬដោះស្រាយតាមនយោបាយណាមួយទេ គឺជាបច្ចេកទេសសុទ្ធសាធ។ អង្វរពលរដ្ឋសូមរក្សាភាពស្ងប់ស្ងៀម»។
ប្រជាពលរដ្ឋពិនិត្យឃើញថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ រដ្ឋាភិបាលកម្ពុជា ហាក់ដូចជា មានជំហរដោះស្រាយទន់ខ្សោយ ខុសពីជម្លោះព្រំដែនជាមួយប្រទេសឡាវ និងប្រទេសថៃកន្លងមក ដែលរដ្ឋាភិបាលកម្ពុជា ធ្លាប់ប្រកាសតវ៉ាខ្លាំងៗ និងរហូតបញ្ជូនកងទ័ព ទៅការពារតំបន់ជម្លោះទាំងនោះទៀតផង។ ជាក់ស្ដែងករណីទាហានវៀតណាម ចូលមកបោះតង់ ចំនួន៩កន្លែង ក្នុងទឹកដីកម្ពុជា នៅតាមបណ្ដោយព្រំដែនស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល គឺកងទ័ពវៀតណាម មិនទាន់រើចេញទៅវិញនៅឡើយទេ រហូតមកដល់ពេលនេះ ហើយកម្ពុជា ក៏មិនទាន់ បង្ហាញជំហរច្បាស់លាស់បែបណានៅឡើយដែរ។
របាយការណ៍របស់ក្រុមការងារ ១០០រាត្រី ខេត្តមួយចំនួននៅជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដូចជា ខេត្តកំពត ស្វាយរៀង ព្រៃវែង តាកែវ ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី ជាដើម នៅមានបញ្ហាប្រឈមជាច្រើនរួមមាន បោះបង្គោលព្រំដែនគ្មានតម្លាភាព គ្មានយន្តការការពារព្រំដែនឱ្យច្បាស់លាស់ និងពលរដ្ឋខ្មែរមួយចំនួន មិនសូវខ្វល់ខ្វាយរឿងបូរណភាពទឹកដីរបស់ខ្លួន។
លើសពីនេះ ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន ត្អូញត្អែរពីការបាត់បង់ទឹកដីស្រែចម្ការរបស់ពួកគេទៅវៀតណាមគ្រប់គ្រងជាច្រើនហិកតារ ហើយដីខ្មែរដែលវៀតណាម បានបំពានយកនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរវៀតណាមបានក្ដាប់យ៉ាងណែន និងបញ្ជូនពលរដ្ឋគេឱ្យរស់នៅ ថែមទាំងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនស្អេកស្កះទៀតផង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment