Monday 4 May 2020

អ្នកសារព័ត៌មាន​ស្នើ​រដ្ឋាភិបាល បើកទូលាយ​សេរីភាព​សារព័ត៌មាន​ឡើង​វិញ


ដោយ សេក បណ្ឌិត
2020-05-03
rfa
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
រូប៖ ក្រសួងព័ត៌មាន




អង្គការ​ផ្នែក​សារព័ត៌មាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទប្រកាន់​និង​ដោះលែង​អ្នកសារព័ត៌មាន ព្រមទាំង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស ក្នុង​ភាព​អាសន្ន​ឡើង​វិញ ដើម្បី​ធានា​ថា អ្នកសារព័ត៌មាន អាច​បន្ត​បំពេញ​ការងារ​របស់​ពួកគេ​បាន​ដោយ​សេរី។ រីឯ​មន្ត្រី​រដ្ឋាភិបាល ឆ្លើយតប​ថា មិន​អាច​អនុវត្ត​បាន​តាម​ការ​ស្នើ​សុំ​នេះ​ទេ។

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ខេមបូចា (CamboJa) និង​ក្លឹប​អ្នកសារព័ត៌មាន​បរទេស នៅ​កម្ពុជា​(OPCC) នៅតែ​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញ​ការ​បន្ត​រឹត​បន្តឹង​សេរីភាព បញ្ចេញមតិ និង សេរីភាព​សារព័ត៌មាន ជាពិសេស​ក្នុង​រយៈពេល​៤​ខែ​ចុង​ក្រោយនេះ។

ការ​ព្រួយ​បារម្ភ​របស់​ស្ថាប័ន​ទាំងពីរ​នេះ ដោយសារ​ពួកគេ​កត់សម្គាល់​ឃើញ​ថា រដ្ឋាភិបាល បន្ត​ចាប់ខ្លួន ប្រជាពលរដ្ឋ​ដែល​បញ្ចេញមតិ​រឿង​ជំងឺ​កូវីដ​-១៩ ការ​ចាប់ខ្លួន​អ្នកកាសែត​អនឡាញ លោក សុវណ្ណ រិទ្ធី ការ​បន្ត​ចោទប្រកាន់​លើ​អតីត​អ្នកសារព័ត៌មាន​អាស៊ីសេរី​ពីរ​រូប និង​អតីត​អ្នកសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ពីរ​រូប​ទៀត​។ ជាពិសេស​កាន់តែ​មាន​ព្រួយបារម្ភ​បន្ថែម​ទៀត ចំពោះ ការ​បង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

អង្គការ​ផ្នែក​សារព័ត៌មាន​ទាំងពីរ លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣ ខែ​ឧសភា​ថា ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២០​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ​''​សេរីភាព​សារព័ត៌មាន គ្មាន​ភាព​ភ័យខ្លាច​ឬ​ភាព​លម្អៀង​''​។ ប៉ុន្តែ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ដែល​អ្នកសារព័ត៌មាន​នៅ​កម្ពុជា នៅតែ​ភ័យខ្លាច​។ ពួកគេ បារម្ភ​ថា ការ​រាយការណ៍​ព័ត៌មាន​រសើប នឹង​នាំ​ឱ្យ​មានទុក្ខ​ដល់​ពួកគេ​ដូចជា ការ​ចោទប្រកាន់​ពី​តុលាការ និង​ការ​ជាប់​ពន្ធនាគារ​ជាដើម។ ភាព​ភ័យខ្លាច​នេះ បាន​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន ត្រូវ​រឹតត្បិត​ខ្លួនឯង​ក្នុង​ការ​សរសេរ​ព័ត៌មាន​មាន​ស៊ីជម្រៅ ដែល​មិន​អាច​ជួយ​ឱ្យ​ប្រជាពលរដ្ឋ ក្នុង​សង្គម​ទទួល​បាន​ព័ត៌មាន​ដែល​ជា​ប្រយោជន៍​ក្នុង​ការ​សម្រេចចិត្ត។

ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​នេះ ស្ថាប័ន​តំណាង​ឱ្យ​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ប្រមាណ​១០០​នាក់​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​អ្នកសារព័ត៌មាន ដែល​ត្រូវ​បាន​កាត់ទោស​ដោយសារ​ការ​បំពេញ​ការងារ​របស់​ពួកគេ និង​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន ដំណើរការ​ដោយ​ចំហ និង​សេរី ដោយ​គ្មាន​ការ​គំរាម កំហែង​និង​ការ​គាប់​សង្កត់។ លើស​ពី​នេះ ពួកគេ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ឡើងវិញ ដើម្បី​ធានា​ថា អ្នក​សារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន អាច​រាយការណ៍​ព័ត៌មាន​ដោយ​សេរី ដើម្បី​ផ្តល់​ព័ត៌មាន​ពិត​ដល់​សាធារណជន ទោះ​បី​ក្នុង​ពេល​ប្រទេសជាតិ​ដាក់​ក្នុង​ភាព​អាសន្ន​ក្តី។ អ្នកសារព័ត៌មាន ក៏​ស្នើសុំ​ឱ្យ​បញ្ឈប់ ការប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​ក្នុង​ការ​កាត់​ទោស​អ្នកសារព័ត៌មាន ដោយសារតែ​ការ​បំពេញ​ការងារ​របស់​ពួកគេ ហើយ​ត្រូវ​ប្រើប្រាស់​ច្បាប់​ស្ដីពី របប​សារព័ត៌មាន​ជំនួស​វិញ។ ក្នុង​ករណី មាន​ព័ត៌មាន​ណាមួយ ដែល​ចាត់ទុកថា ផ្សាយ​ខុស​ពី​ការពិត គួរតែ​ស្នើសុំ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​នោះ ផ្សាយ​កែតម្រូវ ឬ​បកស្រាយ ស្របតាម​មាត្រា​១០​នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន។

ចំណែក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែរ នៅ​ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​នេះ ដោយ​បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​រង​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ តាំងពី​ឆ្នាំ​២០១៧​មក ហើយ​យុទ្ធនាការ​បង្ក្រាប​នេះ​មិន​បាន​បញ្ចប់​នៅ​ឡើយ។ មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើក​យក​ករណី​អតីត​អ្នកសារព័ត៌មាន​អាស៊ីសេរី គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ថា ពួកគេ បាន​ក្លាយ​ជា​គោលដៅ​នៃ​ការវាយប្រហារ ដោយសារតែ​ការប្រើប្រាស់​សេរីភាព​របស់​ពួកគេ ដែល​នាំ​ឱ្យ​មានការ​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ អ្នកសារព័ត៌មាន និង​ការ​សម្ដែង​មតិ​ដោយ​សេរី។

នាយិកា​ប្រតិបត្តិ​នៃ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា វិជ្ជាជីវៈ​សារព័ត៌មាន​មិនមែន​ជា​បទល្មើស​ទេ ហើយក៏​មិន​គួរ​ចាត់ទុកថា មានទោស​ដែរ។ សេរីភាព​សារព័ត៌មាន ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ហើយ​គួរ​ត្រូវ​បាន​លើក​ទឹក ចិត្ត​ដោយ​គ្មាន​ការរារាំង​។ ការ​គោរព​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការធានា​នូវ​លំហ​មួយ​ដែល​អ្នក​សារព័ត៌មាន អាច​ធ្វើ​ការងារ​របស់​ពួកគេ​បាន​ដោយ​សេរី និង​សុវត្ថិភាព ដោយ​គ្មាន​ការភ័យខ្លាច គឺ​ជា ជំ​ហ៊ាន​សំខាន់​ឆ្ពោះ​ទៅ​រក​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដ៏​រឹងមាំ​។ អ្នកស្រី ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ចាត់វិធានការ​រឹងមាំ ដើម្បី​លើកស្ទួយ​សេរីភាព​សារព័ត៌មាន និង​លើកទឹកចិត្ត​ប្រព័ន្ធ ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​បញ្ឈប់​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ និង​ទម្រង់​គំរាមកំហែង​ដទៃ​ទៀត លើ​អ្នកសារព័ត៌មាន។ មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​ស្នើសុំ​ឱ្យ​ធ្វើ​វិសោធនកម្ម ឬ​លុបចោល​ច្បាប់ ឬ​គោលនយោបាយ​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតប​ថា ការ​ទាមទារ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ នេះ មិន​អាច​អនុវត្ត​បាន​ទេ ដោយ​លោក​អះអាង​ថា វិធានការ​កន្លង​មក គឺជា​ការអនុវត្ត​ច្បាប់​ចំពោះ អ្នក​សារព័ត៌មាន​ណា​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់៖ «ពីព្រោះ​ថា អ្នកសារព័ត៌មាន​ត្រូវតែ​គោរព​ច្បាប់ បើ​បំពាន​ច្បាប់​ត្រូវតែ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ដូច​សាធារណជន​ដទៃ​ទៀត​ដែរ ។ ចំពោះ​ការ​អំពាវនាវ​ឱ្យ​មាន ការ​កែ​សម្រួល​បញ្ញត្តិ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន ជាពិសេស​ពាក់ព័ន្ធ​ដល់​សម្ដែង​មតិ និង​សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន​នោះ គឺ​យើង​នឹង​ពិចារណា ប្រសិនបើ​ការ​អំពាវនាវ​ទាំងអស់​នោះ វា​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ ក៏ដូចជា​ការអនុវត្ត​ជា​អន្តរជាតិ ក៏ប៉ុន្តែ​ការ​លើក​ឡើង​កន្លង​មក​យើង​ឃើញ​ថា វា​ខុស​ទាំងស្រុង​ទាំង​ខ្លឹមសារ និង​ចេតនា​ពិតប្រាកដ​នៃ​ច្បាប់​នេះ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ និង​លោក ផុស សុវណ្ណ បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។ ប៉ុន្តែ​ក្រសួង​ព័ត៌មាន តែងតែ​អះអាង​ជារឿយៗ ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មិន​មាន​ការ​ធ្លាក់​ចុះ​ទេ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អ្នកសារព័ត៌មាន ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ មិនបាន​យល់​ឃើញ​ដូច​បែប​នោះ​ទេ​។ ពួកគេ​ចាត់​ទុក​វិធានការ​លើ​អ្នកសារព័ត៌មាន​កន្លង​មក ថា ជា​ការ​ជាន់​ឈ្លី​ប្រព័ន្ធ​យុត្តិធម៌ និង​យុទ្ធនាការ​បង្ក្រាប​លើ​សំឡេង​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ហ៊ាន​រាយការណ៍​នូវ​ព័ត៌មាន​ពិត​នៅ​កម្ពុជា។

សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ស៊ុន ណារិន ថ្លែង​ថា នៅ​ពេល​ដែល​មាន​ស្ថាប័ន​ព័ត៌មាន​ចំណុះ​ឱ្យ​រដ្ឋាភិបាល​ច្រើន ប៉ុន្តែ​ស្ថាប័ន​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​កាន់តែ​នៅសល់​តិច​តូច កំពុង​បន្ត​ការងារ ក្នុង​លំហ​សេរីភាព​ដ៏​តូច​ចង្អៀត​បែបនេះ គឺ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា​មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ​។ លោក​អះអាង​ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើ​អ្នក​សារព័ត៌មាន​កន្លង​មក គឺ​អាជ្ញាធរ​គ្មាន​មូលដ្ឋាន​ក្នុង​ការ​ចោទ​ប្រកាន់ ឬ​ចាប់​ខ្លួន​នោះ​ទេ ព្រោះ​ពួកគេ គ្រាន់តែ​បំពេញការងារ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ៖ «កាលណា​នៅ​មាន​អ្នក​សារព័ត៌មាន​ឯករាជ្យ​តិចតួច ហើយ​គាត់​រង​ការ​រឹតត្បិត គឺ​វា​បង្ហាញ​នូវ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​នោះ​ដែ​រ ព្រោះ​យើង​គិត​ថា ក្នុង​សង្គម ប្រជាធិបតេយ្យ វា​មាន​ស្ថាប័ន​កាសែត​ចម្រុះ​ហើយ ធ្វើ​ម៉េច​កុំ​ទៅ​ធ្វើទុក្ខបុកម្នេញ​អ្នកធ្វើ​ការដែល​បំពេញ​តាម​វិជ្ជាជីវៈ​និង​ឯករាជ្យ​របស់​គាត់»។

ការ​បង្ក្រាប​លើ​អ្នកសារព័ត៌មាន​នេះ មិន​ត្រឹមតែ​បណ្ដាល​ឱ្យ​មានការ​រិះគន់​ពី​ក្រុម​អ្នកសារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ករណី​នេះ ក៏​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូល ហេតុ​ចម្បង ដទៃ​ទៀត​ដែល​សហភាព​អឺរ៉ុប សម្រេច​ក្នុង​ការ​ដកហូត​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ» ឬ «Everything But Arms (EBA)​​»​ពី​កម្ពុជា ដែរ៕

1 comment:

Anonymous said...

This sex maniac Khiev Kanharith has led Khmer society to hell.
Wishing Sok Ann will accept him as new roommate and new lover soon.