Sunday 3 May 2020

មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់ ចេញ​មុខ​រក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ​ដែល​រថយន្ត​មន្ត្រី​យោធា​បុក​ស្លាប់


ដោយ វ៉ែន សុមេធ
2020-05-02

សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៅ​ក្រសួងមហាផ្ទៃ លោក ទី ចំរើនកុសល។
សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៅ​ក្រសួងមហាផ្ទៃ លោក ទី ចំរើនកុសល។
រូប​ពី​ហ្វេសប៊ុក លោក ទី ចំរើនកុសល



មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ចេញមុខ​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​រថយន្ត​ទំនើប​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ បុក​បណ្ដាល​ឱ្យ​ស្លាប់ ហើយ​បើក​រត់​គេច​កាល​ពី​សប្ដាហ៍​មុន។ ប្រពន្ធ​របស់​ជនរងគ្រោះ រំពឹង​ថា នឹង​ទទួល​បាន​យុត្តិធម៌​ឆាប់ៗ។

នគរបាល​ជាន់ខ្ពស់​មួយ​រូប​ប្តេជ្ញា​ចិត្ត​ថា នឹង​នាំ​ខ្លួន​មន្ត្រី​យោធា​ដែល​បើកឡាន​បុក​កម្មករ​រោងចក្រ​បណ្ដាល​ឱ្យ​ស្លាប់​នោះ យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ឱ្យ​ខាង​តែ​បាន។

សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៅ​ក្រសួងមហាផ្ទៃ លោក ទី ចំរើនកុសល ប្រាប់​អាស៊ីសេរី​ថា ទោះបី​លោក​មិនមែន​អ្នក​កាន់​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក្តី ប៉ុន្តែ​លោក​អះអាង ថា ក្នុង​នាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​មួយ​រូប លោក​មិន​អាច​បិទ​ភ្នែក​ចំពោះ​សំណុំរឿង​មួយ​នេះ​បាន​ទេ។ ឧត្ដមសេនីយ៍​ផ្កាយ​មួយ​រូប​នេះ ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​យោធា​រូប​នោះ​ថា មាន​ភាព​សាហាវ​ហួសហេតុ​ដោយ បើក​បុក​មនុស្ស​ឱ្យ​ដេក​ដួល​ហើយ ប៉ុន្តែ​មិន​ព្រម​ហៅ​រថយន្ត​ជួយសង្គ្រោះ​មក​ជួយ​ជីវិត​ជនរងគ្រោះ​នោះ​ទេ បែរជា​បើកឡាន​ចេញ​យ៉ាង​រំភើយ​ទៅវិញ៖ «ខ្ញុំ​យល់ថា ប្រសិនបើ​ជន​បង្ក​គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ទទួលខុសត្រូវ មាន​សញ្ជាត​ជា​មនុស្ស គឺ​ត្រូវតែ​ហៅ​រថយន្ត​សង្គ្រោះ​មក​ជួយ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ ប្រហែលជា​អាច​ស្រោចស្រង់​ជីវិត​ជនរងគ្រោះ​បាន តែ​ដល់ពេល​គាត់​បើក​ហួស​ទៅ​ទុក​ឱ្យ​គាត់​ដេក​ដួល​នៅ​លើ​ថ្នល់​ក្រោម​ដំណក់​ទឹកភ្លៀង អាច​ជនរងគ្រោះ​គាត់​សន្លប់​ផង ក៏​មិន​ដឹង ហើយ​ពេល​ភ្លៀង​ទៅ អាច​ទឹក​ហូរ​ចូល​ទៅ​ស្ទះ​ច្រមុះ​ស្ទះ​ដង្ហើម​គ្នា​ផង​ក៏​មិន​ដឹង»។

លោក ទី ចំរើនកុសល បន្ត​ថា ក្រោយ​កើតហេតុ​នោះ លោក​បាន​ព្យាយាម​ស្រាវជ្រាវ​រឿង​នេះ ដោយ​ខ្លួនឯង​រហូត​ឈាន​ដល់​កំណត់​អត្តសញ្ញាណ​ជន​បង្ក​នោះ​បាន​ពេញលេញ និង​បាន​រាយការណ៍​ជូន​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់​។ លោក​អះអាង​ថា ជន​បង្ក​រូប​នោះ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៥ ឈ្មោះ ឈុន សារ៉េត និង​មានមុខ​រប​រកស៊ី​ក្រៅ ខាង​ខួង​បុក​គ្រឹះ ប៉ុន្តែ​លោក​សុំ​លាក់​អង្គភាព​ធ្វើការ និង​ទីលំនៅ​បណ្ដោះអាសន្ន​របស់​ជន​បង្ក​នោះ។

នគរបាល​យុត្តិធម៌​ជាន់ខ្ពស់​រូប​នេះ អះអាង​ទៀត​ថា បច្ចុប្បន្ន​ជន​បង្ក​រូប​នេះ កំពុង​បន្ត​គេចខ្លួន ប៉ុន្តែ​បាន​ឱ្យ​កូនស្រី​របស់​ខ្លួន​ចូល​ទៅ​ជួប​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​សម្របសម្រួល​បញ្ចប់ រឿង​ក្រៅ ប្រព័ន្ធ​តុលាការ​ដោយ​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ចំនួន ៣​ពាន់​ដុល្លារ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច និង​គ្រួសារ​ជនរងគ្រោះ​បដិសេធ​។ លោក​ឧត្ដមសេនីយ៍ ទី ចំរើនកុសល ឱ្យ​ដឹង​ថា ពេលនេះ លោក​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ រក​ទីតាំង​លាក់ខ្លួន​របស់​មន្ត្រី​យោធា​រូប​នោះ ដើម្បី​នាំ​ខ្លួន​មក​អនុវត្ត​ទោស​តាមច្បាប់ ព្រោះ​ករណី​បុក​មនុស្ស​ស្លាប់​ហើយ​រត់​នេះ មិន​អាច​ដោះស្រាយ​ត្រឹម​សំណង​បន្តិចបន្តួច​ហើយ​បញ្ចប់​រឿង​បាន​ឡើយ៖ «ខ្ញុំ​ថា បើ​រឿង​នេះ ត្រឹម​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ គឺ​ខ្ញុំ​នឹង​ដើរ​តួនាទី​ធ្វើ​ជា​ដើម​បណ្ដឹង​អាជ្ញា​ព្រោះ​ខ្ញុំ​មាន​តួនាទី​មួយ​ជា​នគរបាល​យុត្តិធម៌​ជាន់ខ្ពស់​មួយ​រូប ដូច្នេះ ខ្ញុំ​អាច​ធ្វើ​ជាដើម​បណ្ដឹង​អាជ្ញា​បាន។ ប៉ុន្តែ​ពិតមែន​តែ​ខ្ញុំ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​អីចឹង​មែន តែ​ខ្ញុំ​មិន​ជឿ​ថា សមត្ថកិច្ច​បញ្ចប់​រឿង​នេះ ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ»។

កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា រថយន្ត​ម៉ាក់ហ្វត (Ford) មួយ​គ្រឿង​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ខណ្ឌ​ពោធិ៍​សែនជ័យ បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់។ វីដេអូ​ឃ្លិប​ដែល​ថត​បាន​នៅ​កន្លែង​កើតហេតុ និង​ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចែកចាយ​នោះ បង្ហាញ​ថា នៅ​ពេល​កើតហេតុ ម្ចាស់​រថយន្ត បាន​ចុះ​មក​ទាញ​ម៉ូតូ​ចេញពី​មុខ​ឡាន រួច​បើក​គេច​ចេញពី​កន្លែង​កើត​ហេតុ​ដោយ​សុវត្ថិភាព ដោយ​មិន​ខ្វល់​ពី​ជនរងគ្រោះ ឬ​ហៅ​ឡាន​ពេទ្យ​ទៅ​ជួយសង្គ្រោះ​នោះ​ទេ ទុក​ឱ្យ​ជនរងគ្រោះ​ដេក​ស្ដូកស្ដឹង​ក្រោម​ដំណក់​ទឹកភ្លៀង​រហូត​ដល់​ស្លាប់។

ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​បញ្ចេញមតិ​ហួសចិត្ត​ចំពោះ​ទង្វើ​ឃោរឃៅ​គ្មាន​គុណធម៌​របស់​មន្ត្រី​យោធា​រូប​នោះ និង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ព្រមទាំង​បញ្ចប់​វប្បធម៌​បុក​ហើយ​រត់​ផង​ដែរ។

ជនរងគ្រោះ ដែល​ស្លាប់​នោះ​មាន​ឈ្មោះ វង រដ្ឋា អាយុ ៣០​ឆ្នាំ ជា​កម្មករ​រោងចក្រ នៅ​សង្កាត់​ចោមចៅ​ក្រុង​ភ្នំពេញ ប៉ុន្តែ​មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍ម្រាល ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

ប្រពន្ធ​របស់​ជនរងគ្រោះ គឺ​លោកស្រី សិន ថា ប្រាប់​អាស៊ីសេរី​ថា ប្តី​លោកស្រី អាច​មាន​សង្ឃឹម​រស់ ប្រសិនបើ​ជន​បង្ក​នោះ មានចិត្ត​មេត្តា​ចុះ​ជួយ​សង្គ្រោះ ឬ​ហៅ​ឡានពេទ្យ​ទៅ​សង្គ្រោះ​ភ្លាមៗ ព្រោះ គ្រូពេទ្យ​បាន​ប្រាប់​លោកស្រី​ថា គាត់​នៅ​មាន​ដង្ហើម​នៅឡើយ ក្នុង​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​មួយ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ និង​យឺតយូរ​ក្នុង​ការ​បញ្ជូន​ទៅ​សង្គ្រោះ ទើប​ធ្វើ​គាត់​បាត់បង់​ជីវិត៖ «បើ​និយាយ​ទៅ ទោះបីជា​គាត់​ស្លាប់​ឬ​មិន​ស្លាប់ បើ​គាត់​មានចិត្ត​អាណិត​អាសូរ​ជួយ​លើក​ជួយ​លើក​ជួយ​ហៅ​គេ​យក​ប្តី​បង​មក​ទៅ ក៏​យើង​អាច​មាន​មនោសញ្ចេតនា​ដែរ តែ​នេះ​ដូច​ថា គាត់​ដូច​ជា​ឃោរឃៅ​ពេក»។

ភរិយា​ជនរងគ្រោះ​រូប​នេះ សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌​ឆាប់ៗ​ដោយ​ទទួល​បាន​សំណង​សមរម្យ ដើម្បី​ចិញ្ចឹម​កូន​តូចៗ​ចំនួន​ពីរ​នាក់ បន្ទាប់ពី​មាន​ការ​ជួយជ្រោមជ្រែង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​ជំនាញ​ដទៃ​ទៀត៖ «ចង់​ឱ្យ​តែ​ជួយ​រក​យុត្តិធម៌ និង​ចង់បាន​សំណង​សមរម្យ​យក​មក​ចិញ្ចឹម​កូនតូចៗ​ទាំងពីរ​នាក់​។​ពេល​អត់​ពី​ប្តី​បង​ទៅ តើ​បង​គិត​យ៉ាងម៉េច​? កូន​របស់​បង​នៅ​តូចៗ ណាស់ ដូច​ឃើញស្រាប់​ហើយ គឺ​កូន​បង​អាយុ​៥​ឆ្នាំ​ចំណែក​កូន​ប្អូន​អាយុ​៣​ឆ្នាំ។ ខ្ញុំ​មិន​ដឹង​ថា ធ្វើ​អី​យក​មក​ចិញ្ចឹម​កូន និង​ដោះ​បំណុល​គេ​នោះ​ទេ»។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​អំពី​ដំណើរ​ស្រាវជ្រាវ​រក​មន្ត្រី​យោធា​ដែល​បើក​បុក​ហើយ​រត់​គេច​ខ្លួន​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​អះអាង​ថា កំពុង​ជាប់រវល់​តាមដាន​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់​នេះ​កំពុង​ក្លាយជា​វប្បធម៌​អាក្រក់​មួ​យ​នៅ​កម្ពុជា ហើយ​លោក ជំរុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ចប់​ករណី​បែប​នេះ។ លោក អំ សំអាត បន្ត​ថា ការចូលរួម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដោយ​ឧត្តមសេនីយ៍ ទី ចំរើន​កុសល គឺ​ជា​គំរូ​ល្អ ហើយ​លោក​សង្ឃឹម​ថា នឹង​មាន​យុត្តិធម៌​សម្រាប់​គ្រួសារ​ជន​រងគ្រោះ​ឆាប់ៗ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ពន្យល់​ថា តាម​ផ្លូវ​ច្បាប់​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក ហើយ​រត់​នេះ គឺ​ជន​បង្ក​ត្រូវ​ទទួលខុសត្រូវ​ផ្ដល់​សំណង​ឱ្យ​បាន​សមរម្យ​ដល់​គ្រួសារ​ជនរងគ្រោះ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «បើសិនជា​អ្នកនោះ​ប្រព្រឹត្ត​បទល្មើស​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​គឺ​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ព្រះរាជអាជ្ញា​ត្រូវតែ​ចាត់វិធានការ​ដើម្បី​អនុវត្ត​ផ្លូវ​ច្បាប់ ហើយ​ទី​២ យើង​មិន​និយាយ​ទៅ​ដល់​រឿង​មិន​ទទួល​ខុសត្រូវ​នោះ​ផង ដូច​ដែល​យើង​បាន​មើល​រូបភាព​នោះ​ទៅ គឺ​បង្ហាញ​ថា ក្នុង​ចេតនា​មួយ​បុក​ហើយ​មិន​បាន​ជួយ​ទៅ​ដល់​ជនរងគ្រោះ​ទៀត ដោយ​គាត់​មានលទ្ធភាព​ក្នុង​ការ​ហៅ​រថយន្ត​សង្គ្រោះ​ជនរងគ្រោះ​នោះ​ទៀត តែ​ផ្ទុយទៅវិញ​យើង​ឃើញ​ថា គាត់​ទាញ​ម៉ូតូ​ចេញ​ហើយ​បើក​រថយន្ត​គេចខ្លួន ដែល​នេះ​គឺជា​បទល្មើស​មួយទៀត»។

មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ចែងថា ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែល​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ ត្រូវ​ផ្ដន្ទាទោស​ពី​១​ឆ្នាំទៅ ៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល​ទៅ ១០​លាន​រៀល​។ ករណី​ជន​បង្ក​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ​និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ច្រើន​នាក់ ឬ​បើក​រត់គេច​ពី​កន្លែង​កើត​ហេតុ​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ គឺ​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំទៅ ៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ២៥​លាន​រៀល ព្រមទាំង​ហាម​បើកបរ​រយៈពេល ៥​ឆ្នាំ៕

No comments: