Sunday 3 May 2020

សមត្ថកិច្ច​ខេត្ត​កណ្ដាល ហាម​មិន​ឱ្យ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ពិនិត្យ​ព្រំដែន​នៅ​តំបន់​ព្រែក​ស្បូវ


Khmer Circle:


Only illegal loggers are allowed to enter the forests; likewise, only land encroachers are permitted near encroached areas?



^^^

ដោយ ហេង រស្មី
2020-05-02
rfa
អាជ្ញាធរ​បាន​រារាំង​លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា មិន​ឱ្យ​ពិនិត្យ​តំបន់​ព្រំដែន​ ដែល​យោធា​វៀតណាម​បោះតង់​ចំនួន៩ លើ​តំបន់​ស នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០២០។
អាជ្ញាធរ​បាន​រារាំង​លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា មិន​ឱ្យ​ពិនិត្យ​តំបន់​ព្រំដែន​ ដែល​យោធា​វៀតណាម​បោះតង់​ចំនួន៩ លើ​តំបន់​ស នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក



តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​នៅ​ថ្ងៃ​ទី២ មេសា​នេះ ​បាន​ចុះ​ពិនិត្យ​តំបន់​ព្រំដែន​ ដែល​យោធា​វៀតណាម​បោះតង់​ចំនួន៩ លើ​ដី​ខ្មែរ​ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​រារាំង​មិន​ឱ្យ​ពួក​គេ​ចូល​ទៅ​ទី​នោះ​ឡើយ​ ដោយ​លើក​ហេតុផល​ថា ដើម្បី​ការពារ​សុវត្ថិភាព។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​អាស៊ី​សេរី​ថា នគរបាល​ប៉ុស្តិ៍​ដំបូក​ចែវ ក្នុង​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅពូន​ បាន​ហាម​មិន​ឱ្យ​ពួក​លោក ៤នាក់​ចូល​ពិនិត្យ​តង់​ចំនួន៩ ដែល​វៀតណាម បោះ​រំលោភ​ចូល​ដី​ខ្មែរ ​ជិត​វត្ត​ព្រែក​ស្បូវ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា មន្ត្រី​នគរបាល​ទាំង​នោះ​អះអាង​ថា ពួក​គេ​មិន​អនុញ្ញាត​ឱ្យ​ចូល ព្រោះ​ខ្លាច​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ពួក​លោក​ ហើយ​ការ​ចូល​តំបន់​នោះ ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​សិន។

ទោះ​ជា​បែបនេះ​ក្តី លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក នឹង​រក​វិធី​ចុះ​ទៅ​តំបន់​នោះ​ម្ដង​ទៀត ដើម្បី​ប្រមូល​ព័ត៌មាន​ពិស្ដារ​អំពី​រឿង​នេះ ​រួច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ តាម​រយៈ​មធ្យោបាយ​ការទូត​ជាមួយ​វៀតណាម។ ជាពិសេស​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ជា​គោល ដើម្បី​ស្នើ​ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី ឱ្យ​ដឹង​ឮ និង​ជួយ​ដោះស្រាយ​រឿង​នេះ៖ «ពួកគាត់​អះអាង​ថា គាត់​មិន​អនុញ្ញាត​ឱ្យ​ចូល​ខ្លាច​អាជ្ញាធរ​យួន​ចាប់ ​ពួក​យើង​ដែល​ចុះ​ទៅ​មើល​ហ្នឹង។ យើង​ចុះ​ទៅ​មើល ហើយ​យើង​នឹង​លើក​បញ្ហា​ហ្នឹង ដើម្បី​ឱ្យ​រដ្ឋាភិបាល​ត្រូវតែ​គិត​ពិចារណា ជុំវិញ​អ្វី​ដែល​អាជ្ញាធរ​យួន​ បោះតង់​មក​លើក​ទឹកដី​កម្ពុជា​យើង​ហ្នឹង​។ រដ្ឋាភិបាល​មាន​វិធានការ មាន​ជំហរ​ច្បាស់លាស់។ ពលរដ្ឋ​យើង​ត្រូវ​ការពារ​បូរណភាព ​យើង​ត្រូវ​ចូលរួម»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្រ​ និង​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភណ្ឌ ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល ​នៅ​ថ្ងៃ​ទី២ ឧសភា។

ចំណែក​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ លោក ​កុយ គួង​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ ​ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ថ្មីៗ នេះ ​យោធា​វៀតណាម បាន​បោះ​តង់ និង​ចង​អង្រឹង​ចំនួន ៩កន្លែង​ឆ្លង​ចូល​ទឹក​ដី​កម្ពុជា ក្រោម​ហេតុផល​ថា ទប់​ស្កាត់​ជំងឺ​កូវីដ-១៩។ តង់​នីមួយៗ​ មាន​យោធា​វៀតណាម​ពី​ ៥ ទៅ ៦នាក់ ​ដាក់​ទង់​ជាតិ​វៀតណាម ​មាន​ឧបករណ៍​វាស់​កម្ដៅ​រក​ជំងឺ​កូវីដ-១៩ មាន​គ្រែ​ មាន​កៅអី​ និង ​អង្រឹង។ ​អាជ្ញាធរ​ខ្មែរ​អះអាង​ថា ​យោធា​វៀតណាម ​ប្រើប្រាស់​កាំភ្លើងខ្លី ​ហើយ​តំបន់​នោះ ​មាន​ប្រជាជន​ខ្មែរ​រស់​នៅ​ដាច់ៗ ពី​គ្នា​ពី​ភូមិ​មួយ ​ទៅ​ភូមិ​ទៀត  សំបូរ​ព្រៃ​ល្បោះ ​និង​មាន​ចម្ការ​ចេក​ រួម​ទាំង​ដំណាំ​ផ្សេងៗ ​។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាក់​ស្ទាក់ស្ទើរ ​ដោះស្រាយ​វិវាទ​ព្រំដែន ​ជាមួយ​វៀតណាម ខុស​ពី​ពេល​កន្លងទៅ​ដែល​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​យោធា ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ឡាវ ​នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ឆ្នាំ២០១៧ និង​ជាមួយ​​យោធា​ថៃ នៅ​ខេត្ត​ព្រះវិហារ កាល​ពី​ជិត ១០ឆ្នាំ​មុន។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ) ​ក្នុង​ការ​កំណត់ ​បន្ទាត់​ព្រំដែន ​ដើរ​តាម​ព្រែក​ស្បូវ ​ឬ​ដៃ​ទន្លេ​បាសាក់ ​ក្នុង​ស្រុក​កោះធំ​ ខេត្ត​កណ្តាល ​ ជាប់​ខេត្ត​ អាន ​យ៉ាង (An Giang) ប្រទេស​វៀតណាម​ អតីត​ខេត្ត​មាត់​ជ្រូក ទឹក​ដី​កម្ពុជា​ក្រោម៖ «ហ៊ាន​លើក​ទ័ព​ទៅ​តទល់​ជាមួយ​យួន ​ដូច​លើក​ទ័ព​តទល់​ជាមួយ​ឡាវ​កន្លងមក ​តទល់​ជាមួយ​ថៃ ​កាល​រឿង​ប្រាសាទ​ព្រះវិហារ​ កាល​ពី​ឆ្នាំ២០០៨ កន្លងមក​។ យើង​ចង់​ឱ្យ​រដ្ឋាភិបាល ​គាត់​បង្ហាញ​ជំហរ​អ៊ីចឹង​ បើ​សិន​ជា​យួន​ គាត់​មិន​ព្រម​រុះរើ ​តង់​ហ្នឹង​ចេញ​នោះ​ទេ។​ យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ហ្នឹង ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ICJ​ ប្រសិន​បើ​យួន​នៅតែ​រំលោភ​ទឹក​ដី​ខ្មែរ​ យើង​នៅ​តំបន់​ហ្នឹង ​ព្រោះ​រំលោភ​ច្រើនដង​ហើយ»។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ចង់​ឃើញ ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​ព្រំដែន​នៅ​តំបន់​នោះ ​ផ្អែក​តាម ​អនុសាសន៍ ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ២០១២។

លោក ហ៊ុន សែន ​បាន​ថ្លែង​ក្នុង​រដ្ឋ​សភា​កាល​ពី​ឆ្នាំ២០១២ ថា ភាគី​ប្រទេស​ទាំង​ពីរ ​បាន​ឯកភាព​ចុះ​ហត្ថលេខា​ប្រើប្រាស់​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥​ គឺ​សំដៅ​ប្រើប្រាស់​ខ្សែ​បន្ទាត់​ព្រំដែន​ដើរ​តាម​ទន្លេ ​ព្រែក ​បឹង ​និង​ស្ទឹង​ជា​ដើម ​ស្រប​តាម​គោលការណ៍ ​ច្បាប់​អន្តរជាតិ៖ «សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ ​គឺ​សំដៅ ​កែ​សម្រួល​ទិស​ដើរ​នៃ​ខ្សែ​ព្រំដែន​គោក ​ដើរ​តាម​ទន្លេ ​ដើម្បី​កំណត់​ខ្សែ​ព្រំដែន ​ដើរ​តាម​ទន្លេ​ ឬ​ផ្លូវ​ទឹក​ ស្រប​តាម​គោលការណ៍ ​និង​ការអនុវត្ត​អន្តរជាតិ ​ពោល​គឺ ​យើង​ត្រូវ​ពុះ​ទ្រូង​ព្រែក​ហ្នឹង​តែ​ម្ដង​ ចំពាក់​កណ្ដាល​ហ្នឹង​តែ​ម្ដង។ ពលរដ្ឋ​កម្ពុជា ​ដែល​រស់​នៅ​បណ្ដោយ​ខ្សែ​ព្រំដែន​ទឹក ​ក៏​មាន​សិទ្ធិ​ប្រើប្រាស់​ទឹក​ទន្លេ​ ព្រែក ​ស្ទឹង​ទាំងនោះ»។

ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន ​លោក ​វ៉ា គឹមហុង ​មាន​ប្រសាសន៍​ថា​ ជំហរ​របស់ ​រដ្ឋាភិបាល គឺ​ទាមទារ​ខ្សែ​បន្ទាត់​ព្រំដែន ​ដើរ​តាម​ព្រែក ​ឬ​ពុះ​ចំ​កណ្ដាល​ព្រែក​ស្បូវ ​អនុលោម​តាម​ច្បាប់​អន្តរជាតិ ​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥។ លោក​អះអាង​ថា​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ គឺ​ជា​គុណសម្បត្តិ ​ដែល​ភាគី​ប្រទេស​ទាំង​ពីរ​ឯកភាព​គ្នា​ យក​ខ្សែ​បន្ទាត់​ព្រំដែន ​ដើរ​តាម​ផ្លូវ​ខ្សែ​ទឹក​មាន​ជាង ១៩២​គីឡូ​ម៉ែត្រ។

ទោះ​ជា​យ៉ាងណា ​ក្រុម​យុវជន ​ពលរដ្ឋ ​អាជ្ញាធរ ​និង​គណបក្សប្រឆាំង ​សង្កេត​ឃើញ​ថា​ ​ព្រែក​ស្បូវ ​ឬ​ដៃ​ទន្លេ​បាសាក់​ ដែល​កំពុង​​ចម្រូងចម្រាស​នោះ ​វៀតណាម​បាន​គ្រប់គ្រង​ព្រែក​នោះ​ទាំង​ស្រុង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

No comments: