Thursday 14 May 2020

សាលា​ឧទ្ធរណ៍​ថា ការ​ដាក់​ភស្តុតាង​​របស់​តំណាង​អយ្យការ​ក្នុង​ពេល​ជម្រះ​ក្ដី​លោក កឹម សុខា ជា​រឿង​ត្រឹម​ត្រូវ


ដោយ ខែ សុណង
2020-05-13

rfa
ក្រុមមេធាវី​លោក កឹម សុខា (ឆ្វេង) លោក ផែង ហេង (កណ្ដាល) អ្នកស្រី ម៉េង សុធារី និង(ស្ដាំ) លោក ចាន់ ចេន ក្នុង​ពេល​ថ្លែង​ចំពោះ​អ្នកសែត​ ក្រោយ​សវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២០។
ក្រុមមេធាវី​លោក កឹម សុខា (ឆ្វេង) លោក ផែង ហេង (កណ្ដាល) អ្នកស្រី ម៉េង សុធារី និង(ស្ដាំ) លោក ចាន់ ចេន ក្នុង​ពេល​ថ្លែង​ចំពោះ​អ្នកសែត​ ក្រោយ​សវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ



សាលាឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃទី១៣ ឧសភា បាន​បើក​ការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​របស់​ក្រុម​មេធាវី​លោក កឹម សុខា ដែល​សុំ​ឱ្យ​សាលា​ឧទ្ធរណ៍​បដិសេធ ​ការ​ដាក់​ភស្តុតាង​របស់​តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ។ សាលាឧទ្ធរណ៍​បាន​សម្រេច​ថា ការ​ដាក់​ភស្តុតាង​នេះ​ជា​រឿង​ត្រឹម​ត្រូវ តែ​ក្រុម​មេធាវី​លោក កឹម សុខា នៅ​តែ​អះអាង​ថា នេះ​ជា​ការ​អនុវត្ត​ខុស​នីតិវិធី។

សហមេធាវី​ការពារក្តី​ឱ្យ​លោក កឹម សុខា អ្នកស្រី ម៉េង សុធារី ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​ចៅក្រម​សាលាឧទ្ធរណ៍​សម្រេច​បដិសេធ​បណ្ដឹង​របស់​ក្រុម​មេធាវី ដោយ​​យោង​លើមាត្រា៣២១ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដែល​ចែង​ថា ភស្តុតាង​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ អាច​ជូន​បាន​ដោយសេរី។

អ្នក​ស្រីបញ្ជាក់ថា ក្រុម​មេធាវី​ខក​ចិត្តជាខ្លាំង​​ចំពោះ​​សេចក្តី​សម្រេច​នេះ ព្រោះមេធាវី​នៅ​តែ​សម្អាងថា តាម​ផ្លូវ​ច្បាប់ គឺមាន​តែគូភាគីទេ ទើប​មាន​សិទ្ធិ​ដាក់​ភស្តុតាង​ក្នុង​ពេល​ជំនុំ​ជម្រះ។ ​អ្នកស្រីថា គូភាគី នោះគឺ​សំដៅ​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី និង​ជនជាប់​ចោទ មិន​មែន​ជា​តំណាងអយ្យការនោះទេ៖ «តំណាង​អយ្យការ​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​មួយ​ច្បាស់​លាស់​ណាស់ថា មាន​ភស្តុតាង​គ្រប់គ្រាន់​ដាក់​បន្ទុក​លើកូន​ក្តី​យើង​ខ្ញុំ កូន​ក្តី​យើង​ខ្ញុំ​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់ ហើយ​អាចបញ្ជូន​រឿង​ហ្នឹង​មក​ជំនុំ​ជម្រះបាន​ហើយ។ ​អ៊ីចឹង​ហើយ​បាន​ជា​រឿង​ហ្នឹង​យក​មក​ជំនុំ​ជម្រះ​ដល់​សព្វថ្ងៃនេះ។ រួច​ចុះ​ដាក់​ភស្តុតាងនៅពេល​នេះថា តើ​ការ​ស៊ើបអង្កេត​កន្លង​មក​ថា តើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​របស់​ព្រះរាជអាជ្ញាដែល​ថា មាន​​ភស្តុតាង​គ្រប់គ្រាន់​នោះ អ៊ីចឹង​មាន​ន័យថា អត់​មាន​ភស្តុតាង​គ្រប់គ្រាន់វិញ ឬយ៉ាងណា ទើប​បាន​ជាពេល​នេះ​ដាក់​បន្ថែម»។

អ្នក​ស្រី ម៉េង សុធារី ថ្លែងទៀតថា សេចក្តី​សម្រេចបែបនេះ នឹង​ប៉ះពាល់​ដល់​ដំណើរ​រឿង​ក្តី​ព្រហ្មទណ្ឌ​ដទៃ​ទៀត​នៅថ្ងៃខាងមុខ ពីព្រោះបើតំណាង​អយ្យការ​មាន​សិទ្ធិ​បញ្ចូល​ភស្តុតាង​ក្នុង​ពេល​ជំនុំ​ជម្រះ នោះការ​​ស៊ើបអង្កេត​រឿងក្តី​​មិន​ចាំបាច់​ធ្វើឡើង​ដោយ​ម៉ត់​ចត់ឡើយ។​​

តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​ចុង​ខែកុម្ភៈបាន​ដាក់ភស្តុតាង​ជាវីដេអូ​ចំនួន៧ ឃ្លីប ​បន្ថែម​ទៀត​ អំឡុង​សវនាការ​ក្តី​លោក កឹម សុខា។ វីដេអូ​ទាំងនោះ​ ភាគច្រើនគឺ​ស្តីអំពី​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ បាតុកម្ម​នៅផ្លូវវ៉េងស្រេង និង​សារ​នយោបាយ​របស់លោក កឹម សុខា។ ក្រៅពីវីដេអូឃ្លីបនេះ តំណាង​អយ្យការក៏​បាន​ដាក់​​សេចក្តីថ្លែងការណ៍រួម​របស់​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្សសមរង្ស៊ី ដែល​បាន​ចរចា​បង្កើត​ជា​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ចុង​ឆ្នាំ២០១២ នោះ ជា​ភស្តុតាង​បន្ថែម​ផងដែរ។ ទាំងតំណាង​អយ្យការ​ និងមេធាវីរដ្ឋាភិបាល​សុទ្ធតែ​អះអាងថា គ្រប់ភាគី​អាច​ដាក់​ភស្តុតាង​បាន​នៅពេល​ជំនុំ​ជម្រះ ហើយ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក កូយ សៅ ក៏​បាន​សម្រេច​ទទួល​យក​ភស្តុតាងថ្មីទាំងនេះ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្សសមាគម​អាដហុក (ADHOC) លោក នី សុខា ថ្លែងថា ភាពចម្រូង​ចម្រាស់​នៃ​ការ​ដាក់​ភស្តុតាង ឬសូម្បី​​តែ​ការ​ជម្រះក្តី​​លោក កឹម សុខា ក៏ដោយចុះ ក៏​ហាក់​មិន​មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះដែរ ពីព្រោះ​ទាំង​​សហគមន៍​ជាតិ និង​អន្តរជាតិសុទ្ធ​តែ​ដឹងច្បាស់​ហើយថា នេះ​ជាសំណុំ​រឿង​នយោបាយ៖ «វិវាទ​នេះ គេហៅ​ថា វិវាទ​បែប​នយោបាយ ដូច្នេះ​គួរ​តែ​អ្នក​នយោបាយ យក​ការ​ដោះស្រាយ​តាម​បែប​នយោបាយ ប្រសើរ​ជាជាង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​រឿង​វិវាទបែប​​នយោបាយ»។

សហមេធាវីការពារក្តីលោក កឹម សុខា អ្នក​ស្រី ម៉េង សុធារី បញ្ជាក់ថា ក្រុមមេធាវី​នឹង​ពិភាក្សា​គ្នា​បន្ថែម​ទៀតថា តើ​ត្រូវប្តឹង​សាទុក្ខ​ករណីនេះទៅតុលាការកំពូលដែរ ឬមួយ​ក៏យ៉ាងណា។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​បាន​ចូល​រួម​ក្នុង​​​សវនាការ​សាលាឧទ្ធរណ៍​នៅ​ពេល​រសៀល​នេះ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ជួប​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាប្លូ កង (Pablo Kang) នៅ​ពេល​ព្រឹក នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួល​គោក។ លោក​បង្ហោះ​លើ​ហ្វេសប៊ុក​ថា នៅ​ក្នុង​ជំនួប​នោះ ពួក​លោក​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​ការងារ​មួយ​ចំនួន ដូចជា ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​ ជាពិសេស​បញ្ហា​ជំងឺ​កូវីដ-១៩ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​ជំនួយ​ការ លោក​ កឹម សុខា គឺ​លោក មុត ចន្ថា ដែល​មាន​វត្តមាន​ក្នុង​ជំនួប​នោះ​ដែរ បាន​អះអាង​ថា លោក​ទាំង​ពីរ​ក៏​បាន​​ពិភាក្សា​គ្នា​អំពី​វិស័យ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។

ក្រុម​​ប្រទេស​ប្រជាធិបតេយ្យ​នៅ​តែ​ប្រកាន់​ជំហរ​ទាម​ទារ​ឱ្យ​​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ដល់​រូប​លោក​វិញ ពីព្រោះ​ពួក​គេ​ពិនិត្យ​ឃើញ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ក្បត់ជាតិ​ដូច​ការ​ចោទ​ប្រកាន់​របស់​របប​ក្រុង​ភ្នំពេញ​នោះ​ឡើយ៕

No comments: