Thursday 14 May 2020

សង្គម​ស៊ីវិល​ជិត​៧០​អំពាវនាវ​ឱ្យ​កែប្រែ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ដើម្បី​ការពារ​សិទ្ធិមនុស្ស


ដោយ ទីន ហ្សាការីយ៉ា
2020-05-14
rfa
លោក ជិន ម៉ាលីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២២ មេសា ២០២០។
លោក ជិន ម៉ាលីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២២ មេសា ២០២០។
រូប​ថត​ពី​ហ្វេសប៊ុក​អង្គភាព​​អ្នកនាំពាក្យ​រដ្ឋាភិបាល



អង្គការ​សង្គម​ស៊ីវិល​ជិត ៧០ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ការពារ​សិទ្ធិមនុស្ស​។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ច្រានចោល​ការ​អំពាវនាវ​នេះ ហើយ​ជំរុញ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ទៅ​អាន​ច្បាប់​នេះ​ឡើងវិញ។

អង្គការ​សង្គម​ស៊ីវិល​ជិត​៧០​ស្ថាប័ន​ចាត់​ទុក​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន ជា​ច្បាប់​ដែល​រដ្ឋាភិបាល​ធ្វើឡើង​យ៉ាង​ឆាប់រហ័ស ហើយ​ពុំបាន​ពិគ្រោះ​យោបល់​គ្រប់គ្រាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើងវិញ​ជា​បន្ទាន់។

អង្គការ សមាគម និង​សហគមន៍​ចំនួន​រួមគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើង​វិញ មាន​ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR អង្គការ​សិទ្ធិមនុស្ស​លីកាដូ Licadho មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM និង​សហគមន៍​មួយ​ចំនួន​ទៀត។

សេចក្ដីថ្លែងការណ៍​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន មាន​ដូចជា មាត្រា​៥ មាត្រា​៧ មាត្រា​៨ មាត្រា​៩ និង​មាត្រា​មួយ​ចំនួន​ទៀត​។ មាត្រា​៥ ដែល​ផ្ដល់​អំណាច​លើសលប់​ឱ្យ​ទៅ​រដ្ឋាភិបាល​នោះ អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ធ្វើ​វិសោធនកម្ម​វិញ ដើម្បី​ដាក់​បញ្ចូល​ដែន​កំណត់ និង​លក្ខខណ្ឌ ក្នុង​ការ​កំណត់ យ៉ាង​តឹងរ៉ឹង​ចំពោះ​អំណាច​ដែល​បាន​ផ្ដល់​ឱ្យ​រដ្ឋាភិបាល ដើម្បី​ធានា​ដល់​ការ​គោរព​សិទ្ធិមនុស្ស និង​ធានា​ថា ច្បាប់​នេះ មិន​ត្រូវ​បាន​ប្រើ​ដើម្បី​បំបិទ​សំឡេង ឬ​បំភិតបំភ័យ​សំឡេង​មិន​ស្រប​នឹង​រដ្ឋាភិបាល។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា បទល្មើស​មាត្រា ៧ មាត្រា ៨ និង មាត្រា​៩ សក្ដានុពល​នៃ​ការប្រើប្រាស់​ច្បាប់​នេះ ដើម្បី​តម្រង់​គោលដៅ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រជាពលរដ្ឋ​ទូទៅ​គឺ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ដោយសារតែ​ការ​ដាក់​នូវ​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ចំពោះ​ការ​មិន​គោរព​តម​វិធានការ​សម្រាប់​ទាំង​បុគ្គល និង​នីតិបុគ្គល​។ រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើងវិញ​នូវ​ពាក្យ​មិន​ច្បាស់លាស់​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​ទាំងនេះ ដើម្បី​ធានា​ថា រដ្ឋាភិបាល​ប្រកាន់​នូវ​គោល​ការណ៍​និត្យានុកូលភាព និង​សមាមាត្រ ព្រមទាំង​ធាន​ថា ច្បាប់​នឹង​មិន​ត្រូវ​យក​មក​ប្រើប្រាស់​បង្ក្រាប​ទៅលើ​សេរីភាព​ពលរដ្ឋ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សំឡេង​ជំទាស់។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM លោក ណុប វី មាន​ប្រសាសន៍ថា ខាង​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ពិនិត្យ​ខ្លឹមសារ​សេចក្ដីព្រាងច្បាប់​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​នេះ មុន​ពេល​ច្បាប់​នេះ ត្រូវ​បាន​សភា​អនុម័ត​ទៅទៀត​។ លោក​បញ្ជាក់​ថា ច្បាប់​នេះ រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សិទ្ធ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​៖ «ច្បាប់​នេះ​មានការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​តួនាទី​របស់​អ្នកសារព័ត៌មាន​ដែល​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ដែល​សភា​គួរតែ​ពិនិត្យ និង​វិសោធនកម្ម​ច្បាប់​នេះ​ឡើងវិញ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ព្រម​តាម​សំណើ​របស់​សង្គម​ស៊ីវិល​ឱ្យ​សភា​វិសោធនកម្ម​ច្បាប់​នេះ​វិញ​ឡើយ​។ ដោយ​លោក​ជំរុញ​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អាន​ច្បាប់​នេះ ឡើងវិញ​៖ «ការ​ស្នើ​របស់​សង្គម​ស៊ីវិល​គាត់​មិន​យល់​ខ្លឹមសារ​ច្បាប់​នេះ ឬ​មិន​ធ្វើ​មិន​យល់ ទី​២ ច្បាប់​នេះ​មិនមែន​ផ្ដល់​អំណាច​ឱ្យ​រដ្ឋាភិបាល​លើសលប់​នោះ​ទេ មាន​លក្ខខណ្ឌ​ច្បាស់លាស់ សូម​ឱ្យ​ពួកគាត់​ពិនិត្យមើល​ឡើងវិញ បើ​មិន​យល់​ទេ​សួរ​គេ បើ​មិន​សួរ​គេ​ទេ​អាន​ឡើងវិញ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ណុប វី បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ពិនិត្យមើល​ច្បាប់​នេះ​គ្រប់​ជ្រុងជ្រោយ ហើយ​ច្បាប់​នេះ ពិនិត្យ​ឃើញ​ថា ជា​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ខ្លាំង​តែម្ដង​៖ «ច្បាប់​នេះ​ជា​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​យក​តែ​ម្ដង»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទួល​ស្គាល់​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ដាក់​អាទិភាព​លើ​ការពារ​សិទ្ធិ ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ ប៉ុន្តែ​ក៏​ត្រូវ​តែ​មាន​តុល្យភាព​ជាមួយ​នឹង​ការ​គោរព​សិទ្ធិមនុស្ស​ជាទូទៅ​ផង​ដែរ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ពិគ្រោះ​យោបល់​ឱ្យ​បាន​ទូលំទូលាយ​ជាមួយ​ភាគី​ព័ន្ធ ដើម្បី​ធ្វើ​វិសោនកម្ម​ច្បាប់​នេះ​ឡើងវិញ ដោយ​ត្រូវ​រាប់​បញ្ចូល​ទាំង​ការ​ដាក់​ដែន​កំណត់​លើ​ការអនុវត្ត​អំណាច​របស់​រដ្ឋាភិបាល ដើម្បី​ធានា​ថា ច្បាប់​នេះ មិន​ងាយ​នឹង​ត្រូវ​បាន​បំពាន​ផ្ទុយ​ពី​គោលបំណង​នៃ​ច្បាប់ និង​អនុវត្ត​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​កម្ពុជា ពី​ព្រោះ​ថា រដ្ឋាភិបាល​ធ្វើ​ច្បាប់​នេះ​ឡើង​ស្រប​ពេល​មានការ​បង្ក្រាប និង​ការ​បំបិទ​សំឡេង​សង្គម​ស៊ីវិល ចាប់ខ្លួន​មនុស្ស​ប្រមាណ​៤០​នាក់ ដកហូត​អាជ្ញាប័ណ្ណTVFB និង​ប្រពន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កន្លង​មក​ជា​ដើម៕

No comments: