Tuesday 12 May 2020

យុវតី​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​របួស​ក្បាល


ដោយ អាស៊ីសេរី
2020-05-11

rfa
យុវតី អៀង ម៉ារីណា ហៅ​ក្រៅ​ថា ស្រីមាស អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​របួស​ក្បាល នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២០។
យុវតី អៀង ម៉ារីណា ហៅ​ក្រៅ​ថា ស្រីមាស អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​របួស​ក្បាល នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Vibol Mao



យុវតី​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្មោះ អៀង ម៉ារីណា ហៅ​ក្រៅ​ថា ស្រីមាស ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​អោយ​របួស​ក្បាល​កាល​ពី​ល្ងាច​ថ្ងៃ ទី១១ ខែឧសភា​ម្សិលម៉ិញ នៅ​ខាងមុខ​ផ្ទះ​ជួល​នៅ​ក្នុង​ម្ដុំ​សំណង់​១២។

ស្រីមាស ប្រាប់​អាស៊ី​សេរី​ថា នាង​សង្ស័យ​ថា​នេះ អាច​ជា​ការ​ប៉ុនប៉ង​ធ្វើ​បាប​រូប​នាង ដែល​តែង​ហ៊ាន​ចេញ​វីដេអូ​រិះគន់ ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​គណនី​ហ្វេសប៊ុក របស់​នាង ដែល​មាន​ឈ្មោះ​ថា ណាណា (Na Na)។ នាង​ថា​ នៅ​ក្រោយ​ពេល​នាង​បង្ហោះ​វីដេអូ​ខ្លីៗ ទាំង​នោះ ​តែង​មាន​គណនី​ហ្វេសប៊ុក​មួយ​ចំនួន គឺ​មាន​ទាំង​ជន​ស៊ីវិល ប៉ូលិស និង​ប៉េអិម​ផង​គំរាម​ធ្វើ​បាប​នាង ឬ​ចាប់ខ្លួន​នាង។ នាង​ថា ​អ្នក​ដែល​លួច​វាយ​នាង​នោះ​ជា​មនុស្ស​ប្រុស ប៉ុន្តែ​មិន​អាច​មើល​មុខ​ឃើញ​ដោយសារ​បុរស​នោះ​ពាក់​មួក​ការពារ​សុវត្ថិភាព ហើយ​មាន​ពាក់​របាំង​មុខ ឬ​ម៉ាស់​ថែម​ទៀត។

«ដំបូង​វា​វាយ​ខ្ញុំ​ម៉ា​ដុំ​ថ្ម​ម៉ាប ខ្ញុំ​វិល​មុខ​រក​ដួល ហើយ​វាយ​ម៉ា​ដុំ​ថ្ម​ទៀត ហើយ​វា​ចង្អុល​មុខ​ខ្ញុំ​គំរាម​អោយ​ប្រយ័ត្ន​ខ្លួន។ ខ្ញុំ​អត់​ដឹង​ថា​ ពី​ណា​គេ​ឱ្យ​ប្រាកដ​ទេ។ ពេល​ហ្នុង​ខ្ញុំ​ទៅ​ផ្សារ​រក​ទិញ​ម្ហូប។ ម្ដុំ​ផ្ទះ​ខ្ញុំ​ហ្នឹង​ គឺ​ស្ងាត់​ខ្លាំង​មិន​ថា ថ្ងៃ​មិន​ថា​យប់»។

ស្រី​មាស​ថា​នាង​មិន​ហ៊ាន​ប្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​ឡើយ​ដោយ​ខ្លាច​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ដ្បិត​នាង​ធ្លាប់​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​សាកសួរ​ម្ដង​រួចហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ស្រីមាស ​បន្ត​ថា ​នាង​នឹង​ទៅ​រក​អង្គការ​សិទ្ធិមនុស្ស​អោយ​ជួយ​ឃ្លាំ​មើល​សុវត្ថិភាព​របស់​នាង។

បើ​ទោះ​ជា​រង​របួស​យុវតី​វ័យ​ ២២​ឆ្នាំ និង​ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ​រូប​នេះ​អះអាង​ថា នឹង​មិន​បញ្ឈប់​ការ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ ដ្បិត​នាង​ចង់​បាន​អ្នក​ដឹក​នាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ។

កន្លង​ទៅ​នេះ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៥នាក់​ផ្សេង​ទៀត ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​អោយ​របួស ហើយ​រហូត​មកដល់​ពេល​នេះ​គ្មាន​ជន​ប្រព្រឹត្ត​ណា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ ឬ​ក៏​ចាប់​ខ្លួន​អោយ​មក​ទទួល​ទោស​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: