Tuesday 12 May 2020

បក្ស​ប្រឆាំង​ថ្កោល​ទោស ការ​វាយ​ប្រហារ​កញ្ញា ស្រីមាស ដែល​អ្នក​គាំទ្រ​គណបក្ស​នេះ


ដោយ សុជីវី
2020-05-12
rfa
លោក ម៉ន ផល្លា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ
លោក ម៉ន ផល្លា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ
រូប៖ ហ្វេសប៊ុកលោក ម៉ន ផល្លា


សកម្មជន​​ និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​រាជធានី​ភ្នំពេញ​ចំនួន ១៦នាក់​ហើយ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​អោយ​រង​របួស ភាគ​ច្រើន​ គឺ​បែក​ក្បាល និង​បាក់​ដៃ។ ប៉ុន្តែ អាជ្ញាធរ​ មិន​ដែល​រក​ឃើញ ​​ជន​ដៃ​ដល់​ណា​ម្នាក់​ទេ៕


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ថ្កោល​ទោស​ការ​លប​វាយ​ប្រហារ​ អ្នក​គាំទ្រ​ម្នាក់ កញ្ញា អៀង ម៉ារីណា ហៅ​ ស្រី​មាស របួស​ក្បាល កាល​ពី​ថ្ងៃ​ទី១១ ឧសភា។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ជន​ដៃដល់ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន បើ​ពុំ​នោះ​ទេ ករណី​ហិង្សា​ជា​បន្ត​បន្ទាប់​បែប​នេះ នឹង​រង​ការ​រិះគន់​ថា មាន​ការ​រៀបចំ​ឡើង​ជា​ប្រព័ន្ធ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ សកម្មជន​បក្ស​ប្រឆាំង។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ចាត់​​​​ទុក​ការ​បន្ត​​ធ្វើ​បាប វាយ​ប្រហារ​លើ​​សមាជិក និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង ​នៅ​ភ្នំពេញ​ជា​បន្ត​បន្ទាប់ ជា​​ទង្វើ​បំបាក់​ស្មារតី​​បក្ស​ប្រឆាំង។ លោក ចោទ​ថា របប​​ក្រុង​ភ្នំពេញ ជា​អ្នក​ បើក​ដៃ​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង កញ្ញា​ស្រី​មាស និង​សកម្មជន​​បក្ស​ប្រឆាំង​ផ្សេង​ទៀត​​ ទើប​មិន​អាច​ស្វែង​រក​ជន​ដៃ​ដល់​ឃើញ៖ «អត់​មាន​អ្វី​ចម្លែក​ទេ ខ្ញុំ​យល់​ឃើញ​ថា នេះ​គឺជា​ការ​រៀប​ចំ​មួយ​ ដែល​អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ តែងតែ​ធ្វើ​អំពើ​ហិង្សា​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ​ ដើម្បី​បំបាក់​ស្មារតី ដែល​ពួកគាត់​ហ៊ាន​និយាយ ហ៊ាន​សម្ដែង​ការពិត បញ្ហា​កើត​ឡើង​នៅ​ក្នុង​សង្គម»។

​ជន​មិន​ស្គាល់​មុខ​ បាន​លប​លួច​វាយ​​​​ យុវតី ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ឈ្មោះ អៀង ម៉ារី​ណា ហៅ​ក្រៅ​ថា ស្រី​មាស នៅ​​ល្ងាច​ថ្ងៃ ទី១១ ខែឧសភា​ ឲ្យ​រង​​របួស​ក្បាល នៅ​ម្ដុំ​ផ្ទះ​ជួល​របស់​នាង​ម្ដុំ​ផ្សារ​សំណង់​១២ ខណ្ឌ​ទួលគោក​។

កញ្ញា​ ប្រាប់​អាស៊ី​សេរី​​ថា នាង​សង្ស័យ​ការ​ប៉ុនប៉ង​ធ្វើ​បាប​រូប​នាង​​ ដោយ​សារ​ កញ្ញា​ហ៊ាន​ចេញ​វីដេអូ​រិះគន់ ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​គណនី​ហ្វេសប៊ុក (facebook) របស់​នាង ដែល​មាន​ឈ្មោះ​ថា ណាណា (Na Na)។ នាង​ ប្រាប់​ថា នៅ​ក្រោយ​ពេល​នាង​បង្ហោះ​វីដេអូ​ខ្លីៗ ទាំង​នោះ ​តែង​មាន​គណនី​ហ្វេសប៊ុក​មួយ​ចំនួន គឺ​មាន​ទាំង​ជន​ស៊ីវិល ប៉ូលិស និង​ប៉េអិម​ផង​គំរាម​ធ្វើ​បាប​នាង ឬ​ចាប់​​ខ្លួន​នាង។ កញ្ញា​ ឲ្យ​ដឹង​ថា ​អ្នក​ដែល​លួច​វាយ​នាង​នោះ ​ជា​មនុស្ស​ប្រុស ប៉ុន្តែ​មិន​អាច​មើល​មុខ​ឃើញ​​ទេ ដោយ​សារ​បុរស​នោះ ​ពាក់​មួក​ការពារ​សុវត្ថិភាព ហើយ​មាន​ពាក់​​ម៉ាស់​ថែម​ទៀត៖ «ដំបូង​វា​វាយ​ខ្ញុំ​ម៉ា​ដុំ​ថ្ម​ម៉ាប ខ្ញុំ​វិល​មុខ​រក​ដួល ហើយ​វាយ​ម៉ា​ដុំ​ថ្ម​ទៀត ហើយ​វា​ចង្អុល​មុខ​ខ្ញុំ​គំរាម​អោយ​ប្រយ័ត្ន​ខ្លួន។ ខ្ញុំ​អត់​ដឹង​ថា​ ពី​ណា​គេ​ឱ្យ​ប្រាកដ​ទេ។ ពេល​ហ្នុង​ខ្ញុំ​ទៅ​ផ្សារ​រក​ទិញ​ម្ហូប។ ម្ដុំ​ផ្ទះ​ខ្ញុំ​ហ្នឹង​ គឺ​ស្ងាត់​ខ្លាំង​មិន​ថា ថ្ងៃ​មិន​ថា​យប់»។

បើ​ទោះ​រង​របួស​​​ក្បាល​​ ប៉ុន្តែ​ស្រី​មាស​ ប្រាប់​ថា​ មិន​ហ៊ាន​ប្ដឹង​​ទៅ​អាជ្ញាធរ​​ទេ ព្រោះ​នាង​​ខ្លាច​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ដ្បិត​នាង​ធ្លាប់​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​សាកសួរ​ម្ដង​រួចហើយ ​កាល​ពី​ពេល​ថ្មីៗ​នេះ។ តែ​យ៉ាង​ណា កញ្ញា​នឹង​​មិន​បញ្ឈប់​ការ​បញ្ចេញ​មតិ​ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​​​ទេ ដ្បិត​នាង​ចង់​បាន​អ្នក​ដឹក​នាំ​ប្រទេស​ តាម​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក​ ឆាយ គឹមខឿន និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន​ បាន​ទេ នៅ​ថ្ងៃ​ទី​១២ ឧសភា។ តែ​​ លោក ឆាយ គឹមខឿន​ ធ្លាប់​លើកឡើង​ថា សំណុំ​រឿង​​​វាយ​អតីត​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក កំពុង​ស្ថិត​ក្នុង​នីតិវិធី​​ស្រាវ​ជ្រាវ​របស់​សមត្ថកិច្ច និង​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ចាត់​វិធានការ​តាម​ច្បាប់ តាម​ចាប់​ជន​ដៃ​ដល់​ឲ្យ​បាន ដើម្បី​ឲ្យ​ពលរដ្ឋ​ទំនុក​ចិត្ត​លើ​ការ​អនុវត្តន៍​ច្បាប់ កុំ​ឲ្យ​រង​ការ​រិះគន់​ជា​បន្ត​ថា មាន​ការ​រើស​អើង​និន្នាការ​នយោបាយ និង​ការ​អនុវត្តន៍​ច្បាប់​មាន​ស្តង់ដារ២ ជា​ដើម។

​សកម្មជន​​ និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​រាជធានី​ភ្នំពេញ​ចំនួន ១៦នាក់​ហើយ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​អោយ​រង​របួស ភាគ​ច្រើន​ គឺ​បែក​ក្បាល និង​បាក់​ដៃ។ ប៉ុន្តែ អាជ្ញាធរ​ មិន​ដែល​រក​ឃើញ ​​ជន​ដៃ​ដល់​ណា​ម្នាក់​ទេ៕

យុវតី អៀង ម៉ារីណា ហៅ​ក្រៅ​ថា ស្រីមាស អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​របួស​ក្បាល នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២០។
យុវតី អៀង ម៉ារីណា ហៅ​ក្រៅ​ថា ស្រីមាស អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​របួស​ក្បាល នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក Vibol Mao

No comments: