Friday 15 May 2020

អ្នកវិភាគ​ថា បក្ស​កាន់​អំណាច​នឹង​ខាត​បង់ បើ​នៅតែ​មិន​ព្រម​ងាក​មក​សម្រុះសម្រួល​នយោបាយ


ដោយ មាន ឫទ្ធិ
2020-05-15

ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Chantha Muth





អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​លើកឡើង​ថា ការ​ប្រកាន់​ជំហរ​តឹងរ៉ឹង របស់​បក្ស​កាន់អំណាច មិន​ព្រម​ងាក​មក​សម្រុះសម្រួល​គ្នា​ផ្នែក​នយោបាយ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​កាន់តែ​ខ្លាំង នឹង​ធ្វើ​ឱ្យ​គណបក្ស​នេះ​ខាតបង់​ប្រយោជន៍​ទៅវិញ​ទេ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី មើលឃើញ​ថា ការណ៍​ដែល​គណបក្ស​កាន់អំណាច មិន​ព្រម​ងាក​មក​សម្រុះសម្រួល​នយោបាយ​ជាមួយ​គណបក្សប្រឆាំង ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ មិន​អំណោយផល​ដល់​បក្ស​កាន់អំណាច​នោះ​ទេ​។ លោក​ថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច សង្គម​និង​នយោបាយ​បែបនេះ ការ​មិន​ព្រម​បង្រួបបង្រួម​ជាតិ នឹង​ផ្ដល់​ជោគជ័យ​ឱ្យ​គណបក្ស​ប្រឆាំង​កាន់​តែ​មាន​កម្លាំងចិត្ត ព្រោះ​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​មិន​សប្បាយ​ចិត្តនឹង​រដ្ឋាភិបាល​ដែល​មិន​អាច​ដោះស្រាយ បញ្ហា​ជីវភាព​របស់​ពួកគេ​បាន៖ «ដើម្បី​ការពារ​កុំ​ឱ្យ​មាន​បញ្ហា​សង្គម​អី​ធំធេង​រហូតដល់​មានការ បះបោរ​អី​ផ្សេងៗ ឱ្យ​បាន​ល្អ គឺ​មានតែ​ការ​បង្រួបបង្រួម​ជាតិ​ឡើងវិញ​ទៅ ហើយ​រួបរួម​គ្នា ដោះស្រាយ​ទៅ នោះ​ពលរដ្ឋ​នឹង​មាន​ការ​យល់ព្រម​ក្នុង​ការ​ដើរ​ជាមួយ​រដ្ឋាភិបាល​។ ប៉ុន្តែ​បើសិនជា​មិន​មាន​ទេ នៅ​ពេល​ដែល​ស្ថានភាព​សង្គម​កាន់តែ​យ៉ាប់យ៉ឺន​ទៅ គឺ​គណបក្សប្រឆាំង នឹង​អាច​ទទួល​បាន​ជោគជ័យ​ដោយ​មិន​បាច់​ខំ​ទេ​។ ដោយសារ​អី​? ដោយសារតែ [​ពលរដ្ឋ​] មិន​សប្បាយ​ចិត្ត​នឹង​រដ្ឋាភិបាល។ រដ្ឋាភិបាល​ដោះស្រាយ បញ្ហា​សេដ្ឋកិច្ច​មិន​រួច​អ៊ីចឹង​ទៅ»។

ការ​លើកឡើង​របស់​បណ្ឌិត មាស នី ដូច្នេះ កើតមានឡើង​ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ បង្ហាញ​ការ​សាទរ និង​ក្តី​សង្ឃឹម ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​ដោះស្រាយ​បញ្ហា ខ្វែងគំនិត​គ្នា​ផ្នែក​នយោបាយ ក្រោយពី​មាន​ជំនួប​ជិត​១​ម៉ោង​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា​។ ក៏ប៉ុន្តែ ក្តី​សង្ឃឹម​ទាំងនេះ​ត្រូវ​សាបរលាប​ទៅវិញ ក្រោយ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ជំហរ​ថា គ្មាន​ឡើយ​ការ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង ដែល​លោក​ថា បាន​ស្លាប់​បាត់​ទៅ​ហើយ​នោះ មិន​អាច​ធ្វើ​ឱ្យ​រស់​វិញ​បាន​ទេ៖ «ខ្ញុំ​មើល​មិន​ឃើញ​មាន​ដំណោះស្រាយ​អី គ្រាន់តែ​ការ​សំណេះសំណាល​រវាង​គ្នា និង​គ្នា​ក្នុង​មនោសញ្ចេតនា​សុជីវធម៌​សីលធម៌ និង​ទំនៀម​ទម្លាប់​ប្រពៃណី ជាតិខ្មែរ​។ រឿង​ទំនៀម​ទម្លាប់ ប្រពៃណី សុជីវធម៌ សីលធម៌​នៅ​ក្នុង​ទំនៀម​ទម្លាប់​ខ្មែរ​នេះ វា​ជា​រឿង​ដោយឡែក​ពី​ការ​អនុវត្ត​ច្បាប់»។

បើ​ទោះ​ជា​គណបក្ស​កាន់អំណាច​នៅតែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ដូច្នេះ​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​អ្នក ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​មួយ​រូប​ទៀត​គឺ​បណ្ឌិត សេង សារី នៅតែ​រំពឹង​ថា អ្នកនយោបាយ​ខ្មែរ​អាច​នឹង​ភាព​បត់បែន​ផ្នែក​នយោបាយ​ដ៏​ឆាប់រហ័ស៖ «ខ្ញុំ​ឃើញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​យើង បើ​និយាយ​ពី​ភាព បត់បែន ឬ​ភាសា​អ្នកស្រុក​ថា ភាព​ក្រឡេចក្រឡុច​ផ្នែក​នយោបាយ​ហ្នឹង គឺ​កើតឡើង​មិន​ជា​យូរ ថ្ងៃ​ទេ ជួនកាល​ប្រកាស​ជំហរ​អ៊ីចឹង​។ អ៊ីចឹង​ហើយ ស្ថានភាព​នយោបាយ​នៅ​ស្រុក​យើង អាច​ប្រែប្រួល​គ្រប់​កាលៈទេសៈ ទោះបី​មួយថ្ងៃ ឬ​ពីរ​ថ្ងៃក្រោយ​អាច​មាន​ការប្រែប្រួល ឬក៏ ជិត​ដល់​ពេលវេលា​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ ក៏​អាច​មាន​ការប្រែប្រួល​ដែរ»។

ក្តី​រំពឹង​ថា​នឹង​អាច​មាន​ដំណោះស្រាយ​នយោបាយ​ក្រោយពី​មាន​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា នេះ រឹតតែ​ស្តែង​ឡើង​ថែមទៀត នៅ​ពេល​ដែល​ឯកអគ្គរដ្ឋទូត​នៃ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​មួយ​ចំនួន បាន​បណ្ដាក់​គ្នា​ចូល​ជួប​លោក កឹម សុខា ជា​ហូរហែ បើ​ទោះ​ជា​ក្នុង​បរិបទ​វិបត្តិ​កូវីដ១៩​ក៏ដោយ​។ ឯកអគ្គរដ្ឋទូត​ទាំងនោះ​រួមមាន អាល្លឺម៉ង់ បារាំង សហភាព​អឺរ៉ុប និង​ចុងក្រោយ​គឺ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​។ មន្ត្រី​ទូត​មួយ​ចំនួន​ថែមទាំង​បាន​ប្រកាស​ជា​ចំហ​សាទរ​ជំនួប​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន ថា​ជា​ជំហាន​វិជ្ជមាន និង​បន្ត​លើកទឹកចិត្ត​ឱ្យ​មានការ​សន្ទនា​បែប​ស្ថាបនា​នេះ​តទៅ​ទៀត។

ជំនួប​ដ៏​កម្រ​រវាង​គូ​បដិបក្ខី​នយោបាយ​ខ្មែរ​បែបនេះ កើត​មានឡើង​ស្រប​ពេល​ដែល​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា កំពុង​ជួប​វិបត្តិ​ផ្ទួនៗ​។ ក្រៅពី​ជំងឺ​កូវីដ១៩ ដែល​ធ្វើ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ស្ទើរ​តែ​លែង​ដំណើរការ ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ធ្លាក់​ក្រោម​សូន្យ កម្ពុជា​ក៏​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស លាង​លុយ​កខ្វក់​របស់​អឺរ៉ុប​។ ទន្ទឹម​គ្នា​នេះ នៅ​មិន​ដល់​បី​ខែ​ទៀត​ទេ គឺ​នៅ​ពាក់​កណ្ដាល ខែ​សីហា​ខាងមុខ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​ពី​កម្ពុជា នឹង​ត្រូវ​ចូល​ជា​ធរមាន ដែល​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។

ទាំង​បណ្ឌិត មាស នី និង​បណ្ឌិត សេង សារី ថា ដំណោះស្រាយ​នយោបាយ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ កំពុង​ជួប​នូវ​វិបត្តិ​បែបនេះ នឹង​មិន​ត្រឹមតែ​អាច​ជួយ​រក្សា​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច រក្សា​ស្ថិរភាព​សង្គម និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ តែ​ក៏​គឺជា​គំរូ​មួយ​ដែល​មេដឹកនាំ​ខ្មែរ កសាង​វេទិកា​ប្រជាធិបតេយ្យ​សម្រាប់​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​ដែរ៕

2 comments:

Anonymous said...

This autocratic regime of Ah Prett Hun Sen will crumble within the next 2 years.

Anonymous said...

And Kem Sokha will replace Hun Sen as the prime minister.