Friday 15 May 2020
អ្នកវិភាគថា បក្សកាន់អំណាចនឹងខាតបង់ បើនៅតែមិនព្រមងាកមកសម្រុះសម្រួលនយោបាយ
ដោយ មាន ឫទ្ធិ
2020-05-15
ជំនួបរវាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពម្ដាយក្មេកលោក ហ៊ុន សែន នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Chantha Muth
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយលើកឡើងថា ការប្រកាន់ជំហរតឹងរ៉ឹង របស់បក្សកាន់អំណាច មិនព្រមងាកមកសម្រុះសម្រួលគ្នាផ្នែកនយោបាយ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមកាន់តែខ្លាំង នឹងធ្វើឱ្យគណបក្សនេះខាតបង់ប្រយោជន៍ទៅវិញទេ។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី មើលឃើញថា ការណ៍ដែលគណបក្សកាន់អំណាច មិនព្រមងាកមកសម្រុះសម្រួលនយោបាយជាមួយគណបក្សប្រឆាំង ក្នុងស្ថានភាពបច្ចុប្បន្ននេះ មិនអំណោយផលដល់បក្សកាន់អំណាចនោះទេ។ លោកថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងជួបវិបត្តិសេដ្ឋកិច្ច សង្គមនិងនយោបាយបែបនេះ ការមិនព្រមបង្រួបបង្រួមជាតិ នឹងផ្ដល់ជោគជ័យឱ្យគណបក្សប្រឆាំងកាន់តែមានកម្លាំងចិត្ត ព្រោះពលរដ្ឋកាន់តែច្រើនឡើងមិនសប្បាយចិត្តនឹងរដ្ឋាភិបាលដែលមិនអាចដោះស្រាយ បញ្ហាជីវភាពរបស់ពួកគេបាន៖ «ដើម្បីការពារកុំឱ្យមានបញ្ហាសង្គមអីធំធេងរហូតដល់មានការ បះបោរអីផ្សេងៗ ឱ្យបានល្អ គឺមានតែការបង្រួបបង្រួមជាតិឡើងវិញទៅ ហើយរួបរួមគ្នា ដោះស្រាយទៅ នោះពលរដ្ឋនឹងមានការយល់ព្រមក្នុងការដើរជាមួយរដ្ឋាភិបាល។ ប៉ុន្តែបើសិនជាមិនមានទេ នៅពេលដែលស្ថានភាពសង្គមកាន់តែយ៉ាប់យ៉ឺនទៅ គឺគណបក្សប្រឆាំង នឹងអាចទទួលបានជោគជ័យដោយមិនបាច់ខំទេ។ ដោយសារអី? ដោយសារតែ [ពលរដ្ឋ] មិនសប្បាយចិត្តនឹងរដ្ឋាភិបាល។ រដ្ឋាភិបាលដោះស្រាយ បញ្ហាសេដ្ឋកិច្ចមិនរួចអ៊ីចឹងទៅ»។
ការលើកឡើងរបស់បណ្ឌិត មាស នី ដូច្នេះ កើតមានឡើងស្របពេលដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បង្ហាញការសាទរ និងក្តីសង្ឃឹម ចង់ឃើញអ្នកនយោបាយខ្មែរដោះស្រាយបញ្ហា ខ្វែងគំនិតគ្នាផ្នែកនយោបាយ ក្រោយពីមានជំនួបជិត១ម៉ោងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា។ ក៏ប៉ុន្តែ ក្តីសង្ឃឹមទាំងនេះត្រូវសាបរលាបទៅវិញ ក្រោយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ជំហរថា គ្មានឡើយការចរចានយោបាយជាមួយគណបក្សប្រឆាំង ដែលលោកថា បានស្លាប់បាត់ទៅហើយនោះ មិនអាចធ្វើឱ្យរស់វិញបានទេ៖ «ខ្ញុំមើលមិនឃើញមានដំណោះស្រាយអី គ្រាន់តែការសំណេះសំណាលរវាងគ្នា និងគ្នាក្នុងមនោសញ្ចេតនាសុជីវធម៌សីលធម៌ និងទំនៀមទម្លាប់ប្រពៃណី ជាតិខ្មែរ។ រឿងទំនៀមទម្លាប់ ប្រពៃណី សុជីវធម៌ សីលធម៌នៅក្នុងទំនៀមទម្លាប់ខ្មែរនេះ វាជារឿងដោយឡែកពីការអនុវត្តច្បាប់»។
បើទោះជាគណបក្សកាន់អំណាចនៅតែប្រកាន់ជំហរតឹងរ៉ឹងដូច្នេះក៏ដោយ ក៏ប៉ុន្តែសម្រាប់អ្នក ឃ្លាំមើលបញ្ហាសង្គម និងនយោបាយមួយរូបទៀតគឺបណ្ឌិត សេង សារី នៅតែរំពឹងថា អ្នកនយោបាយខ្មែរអាចនឹងភាពបត់បែនផ្នែកនយោបាយដ៏ឆាប់រហ័ស៖ «ខ្ញុំឃើញស្ថានភាពនយោបាយនៅកម្ពុជាយើង បើនិយាយពីភាព បត់បែន ឬភាសាអ្នកស្រុកថា ភាពក្រឡេចក្រឡុចផ្នែកនយោបាយហ្នឹង គឺកើតឡើងមិនជាយូរ ថ្ងៃទេ ជួនកាលប្រកាសជំហរអ៊ីចឹង។ អ៊ីចឹងហើយ ស្ថានភាពនយោបាយនៅស្រុកយើង អាចប្រែប្រួលគ្រប់កាលៈទេសៈ ទោះបីមួយថ្ងៃ ឬពីរថ្ងៃក្រោយអាចមានការប្រែប្រួល ឬក៏ ជិតដល់ពេលវេលាបោះឆ្នោតឆ្នាំ២០២៣នេះ ក៏អាចមានការប្រែប្រួលដែរ»។
ក្តីរំពឹងថានឹងអាចមានដំណោះស្រាយនយោបាយក្រោយពីមានជំនួបរវាងលោក ហ៊ុន សែន និងលោក កឹម សុខា នេះ រឹតតែស្តែងឡើងថែមទៀត នៅពេលដែលឯកអគ្គរដ្ឋទូតនៃក្រុមប្រទេសនិយមប្រជាធិបតេយ្យមួយចំនួន បានបណ្ដាក់គ្នាចូលជួបលោក កឹម សុខា ជាហូរហែ បើទោះជាក្នុងបរិបទវិបត្តិកូវីដ១៩ក៏ដោយ។ ឯកអគ្គរដ្ឋទូតទាំងនោះរួមមាន អាល្លឺម៉ង់ បារាំង សហភាពអឺរ៉ុប និងចុងក្រោយគឺ ឯកអគ្គរដ្ឋទូតអូស្ត្រាលី។ មន្ត្រីទូតមួយចំនួនថែមទាំងបានប្រកាសជាចំហសាទរជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ថាជាជំហានវិជ្ជមាន និងបន្តលើកទឹកចិត្តឱ្យមានការសន្ទនាបែបស្ថាបនានេះតទៅទៀត។
ជំនួបដ៏កម្ររវាងគូបដិបក្ខីនយោបាយខ្មែរបែបនេះ កើតមានឡើងស្របពេលដែលសង្គម និងសេដ្ឋកិច្ចកម្ពុជា កំពុងជួបវិបត្តិផ្ទួនៗ។ ក្រៅពីជំងឺកូវីដ១៩ ដែលធ្វើសេដ្ឋកិច្ចកម្ពុជាទាំងមូលស្ទើរតែលែងដំណើរការ ហើយកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវធ្លាក់ក្រោមសូន្យ កម្ពុជាក៏ត្រូវជាប់ឈ្មោះក្នុងបញ្ជីខ្មៅនៃក្រុមប្រទេស លាងលុយកខ្វក់របស់អឺរ៉ុប។ ទន្ទឹមគ្នានេះ នៅមិនដល់បីខែទៀតទេ គឺនៅពាក់កណ្ដាល ខែសីហាខាងមុខ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%ពីកម្ពុជា នឹងត្រូវចូលជាធរមាន ដែលធ្វើឱ្យកម្ពុជាខាតបង់ប្រាក់ប្រមាណ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ទាំងបណ្ឌិត មាស នី និងបណ្ឌិត សេង សារី ថា ដំណោះស្រាយនយោបាយក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងជួបនូវវិបត្តិបែបនេះ នឹងមិនត្រឹមតែអាចជួយរក្សាប្រយោជន៍ផ្នែកសេដ្ឋកិច្ច រក្សាស្ថិរភាពសង្គម និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិប៉ុណ្ណោះទេ តែក៏គឺជាគំរូមួយដែលមេដឹកនាំខ្មែរ កសាងវេទិកាប្រជាធិបតេយ្យសម្រាប់មនុស្សខ្មែរជំនាន់ក្រោយដែរ៕
Subscribe to:
Post Comments (Atom)
2 comments:
This autocratic regime of Ah Prett Hun Sen will crumble within the next 2 years.
And Kem Sokha will replace Hun Sen as the prime minister.
Post a Comment