Tuesday 26 May 2020

លោក ស៊ុត ឌីណា ត្រូវ​បាន​ដោះលែង ប៉ុន្តែ​ទឹកប្រាក់ ៧​លាន​ដុល្លារ​នៅ​តែ​អាថ៌កំបាំង


ដោយ ហេង រស្មី
2020-05-24

លោក ស៊ុត ឌីណា (រូប​កណ្ដាល)ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ពេល​នាំ​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Rann Samnang
លោក ស៊ុត ឌីណា (រូប​កណ្ដាល)ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ពេល​នាំ​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang



ថ្វី​ត្បិត​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ត្រូវបាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ ប៉ុន្តែ​សំណុំរឿង​ជាប់​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​ជាង ៧​លាន​ដុល្លារ​បាន​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ​។ មិត្ត​ភ័ក្ដិ​ដែល​ធ្លាប់​ស្គាល់ លោក ស៊ុត ឌីណា និយាយ​ថា សំណុំ​រឿងនេះ​បាន​ប៉ះពាល់​មន្ត្រី​រដ្ឋាភិបាល។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ជាង ៤​ឆ្នាំមុន បាន​ចាប់ខ្លួន​លោក ស៊ុត ឌីណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ដោយ​ចោទប្រកាន់​ថា លោក​មាន​លុយ​សុទ្ធ​ជាង ៧ លាន​ដុល្លារ​អាមេរិក មាន​មាស​សុទ្ធ ៣៣៩​តម្លឹង និង​រួម​ទាំង​គ្រឿង​អលង្ការ​មួយ​ចំនួន​ទៀត ដែល​ទុក​នៅ​ប្រទេស​កូរ៉េខាងត្បូង។អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រកឃើញ​ថា លោក ស៊ុត ឌីណា មាន​សាច់ប្រាក់ កើនឡើង ៣ លាន​ដុល្លារ ដោយ​ភាព​មិន​ប្រក្រតី ក្នុង​រយៈពេល​ត្រឹម ២៥​ខែ អំឡុងពេល​លោក​កាន់តំណែង​ជា​ឯកអគ្គរាជទូត​។​លោក ស៊ុត ឌី​ណា បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ធំៗ​គឺ «ទី​១ បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ យោងតាម​មាត្រា​៥៩៧ និង​មាត្រា​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ទី​២ បទ​រំលោភ​អំណាច យោងតាម​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ»។

តុលាការក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ បន្ទាប់ពី​តុលាការ​រក​ឃើញ​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​ពេល​ដែល​លោក​មាន​តួនាទី​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង។

លោក​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ឱ្យ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា​ក្រោយ​ពី​បាន​ជាប់​ក្នុង​មន្ទីរឃុំឃាំង​ព្រៃស អស់​រយៈពេល​ជាង ៤​ឆ្នាំ។ ការ​ដោះលែង​នេះ ធ្វើឡើង​មុនពេល​នៃ​ការ​ជាប់​ពន្ធនាការ ៥​ឆ្នាំ។

លោក ស៊ុត ឌីណា មានឈ្មោះ​មួយទៀត ម៉ៅ មឿងយ៉ាត ធ្លាប់​ធ្វើជា​មេដឹកនាំ​រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​បញ្ញវន្ត​ខ្មែរ ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០២។

លោក​កើត​នៅ​ថ្ងៃទី១៤ វិច្ឆិកា ១៩៧៦ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​។ ឪពុក​របស់លោក គឺ​លោក ស៊ុត ប៉េងគុណ ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច អាណត្តិ​ទី​១ ហើយ​ក្រោយ​មក​បាន​ចូលរួម​ជាមួយ​គណបក្ស​សម រង្ស៊ី នៅ​អាណត្តិ​ទី​២ (១៩៩៨-២០០៣)។ ម្តាយ​របស់លោក ឌីណា គឺ​ជា​មេផ្ទះ។

លោក ស៊ុត ឌីណា ធ្លាប់​បាន​សិក្សា​ផ្នែក​ការទូត​ជាន់ខ្ពស់​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​កាលពី​ឆ្នាំ​១៩៩៩។ លោក​ត្រូវ​បានតែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ ចលនា​ដំបូង​ឡើង​ធ្វើ​ការ​តស៊ូ​មតិ​ក្នុង​រឿង​ការពារ​បូរណភាព​ទឹកដី​ខ្មែរ និង​ដឹកនាំ​ធ្វើបាតុកម្ម​ដើម្បី​ការពារ​យុត្តិធម៌​ក្នុងសង្គម​។​

លោក ស៊ុត ឌីណា តាមរយៈ​សកម្មភាព​នេះ​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ​ជា​ញឹកញាប់​ដោយសារតែ​លោក​លេចធ្លោ ក្នុង​ការ​ដឹកនាំ​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ពេល​នោះ​ដឹកនាំ​ដោយ​លោក សារ៉ូ ស៊ីវត្ថា ក្រោយ​មក​បាន​ប្តូរ​ឈ្មោះ​ទៅជា សារ៉ូ សុវិជ័យ ជា​ប្រធាន​។ លោក អ៊ុំ សំអាន ជា​អគ្គលេខាធិការរង​ទី​១ លោកស្រី ស៊ុន សុគន្ធមាលា ភរិយា​លោក ស៊ុត ឌីណា ជា​អគ្គលេខាធិការរង​ទី​២ លោក ម៉ែន ណាត និង លោក ទូច វិបុល។

អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​មាន​ប្រសាសន៍​ថា ចាប់តាំង​ពី​ធ្វើជា​ចលនា​និស្សិត​កាល​ពី​ឆ្នាំ​១៩៩៩​មក លោក ស៊ុត ឌីណា មាន​គំនិត​ជាតិនិយម​ដែរ តែ​លោក​ជា​មនុស្ស​ឱកាស​និយម ដោយ​ឃើញថា​ខ្លួន​មាន​ប្រជាប្រិយភាព​បាន​ឆក់​ឱកាស​នោះ​ទៅ​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះថា «​គណបក្ស​រណសិរ្ស​ជនជាតិខ្មែរ» ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ​សម្រាប់​អាណត្តិ​ទី​៣ នៅ​ឆ្នាំ​២០០៣៖ «បង្កើត​គណបក្សនយោបាយ​ហ្នឹង​ប្រកួតប្រជែង អត់​បាន​សម្លេង អត់​បាន​កៅអី​ក្នុង​រដ្ឋសភា​។ ចូល​ជាមួយនឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាត់​ប្រជាប្រិយភាព​លែង​បាន​កៅអី​ទៀត។ អ៊ីចឹង​គាត់​អត់​ជម្រើស​មានតែ​ទៅជា​មួយ​គណបក្ស​ប្រជាជន ដើម្បី​យក​តំណែង​។ អាហ្នឹង​យើង​ឃើញ​ចុងក្រោយ​ហើយ»។

ក្រោយពី​គណបក្ស​រណសិរ្ស​ជនជាតិខ្មែរ​របស់លោក ស៊ុត ឌីណា មិន​ទទួលបាន​ជោគជ័យ​។ លោក ស៊ុត ឌី​ណា បាន​ផ្ទេរ​ការដឹក​នាំ​ទៅ​ឱ្យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយ​ក្រោយ​មក​គណបក្ស​របស់​លោក បាន​ប្ដូរ​ឈ្មោះ​ទៅជា​គណបក្ស​គណបក្ស​នរោត្តម រណឫទ្ធិ។

លោក ស៊ុត ឌីណា ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ គណបក្ស​នរោត្តម រណប្ញទ្ធិ សម្រាប់​ការបោះឆ្នោតជាតិ អាណត្តិ​ទី​៤ នៅ​ឆ្នាំ ២០០៨។ គណបក្ស​នេះ​ទទួល​បាន​សម្លេង​គាំទ្រ​តែ ២ អាសនៈ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ហ្វាំងឡង់ លោក គឹម សុខ បាន​ស្គាល់​លោក ស៊ុត ឌីណា នៅពេលដែល​លោក​ធ្លាប់ធ្វើ​យុវជន​ជាមួយ​គ្នា​នៅ​ក្នុង​គណបក្ស​ប្រកាន់​របប​រាជនិយមរ​បស់​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ។

លោក​មាន​ជំនឿ​ថា សំណុំ​រឿងនេះ​បាន​ប៉ះពាល់​ដល់​កូនប្រុស​ច្បង​លោក ហ៊ុន សែន និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ហោ ណាំហុង ដែល​ធ្លាប់​រកស៊ី​កេងប្រវ័ញ្ច ញើស​ឈាម​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

លោក​បញ្ជាក់ថា ការប្រើ​តួនាទី​ជា​ឯកអគ្គរាជទូត​របស់​លោក ស៊ុត ឌីណា ក៏​ធ្វើ​ឱ្យ​លោក ហ៊ុន សែន មិន​សប្បាយចិត្ត​ដែរ ពីព្រោះ​ជាការ​លេច​មុខ​មាត់​ខ្ពស់​ពេក​លើស​លោក ហ៊ុន ម៉ាណែត ជា​មនុស្ស​ដែល​លោក​ហ៊ុន សែន រៀបចំ​បន្តវេន​ជំនួស​លោក ហ៊ុន សែន នោះ បាន​នាំ​ឱ្យ​វាសនា​របស់លោក​ដូច​សព្វថ្ងៃនេះ៖ «ដូច្នេះ​ករណី​ឈាន​រហូតដល់​ការ​ចោទ និង​ចាប់​លោក ស៊ុត ឌីណា ដាក់​គុក។ មិនមែន​រឿង​លោក ស៊ុត ឌីណា រំលោភ​អំណាច​នឹង​ពុករលួយ​ទេ។ គឺ​ដោយសារ​លោក​ស៊ុត ឌី​ណា ក្នុងតួនាទី​ជា​ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ ហ៊ាន​ប្រើ​អំណាច​តួនាទី​តាម​ច្បាប់ នឹង​មិន​ឃុបឃិត​ពុករលួយ​ជាមួយ​កូនចៅ​របស់លោក ហ៊ុន ម៉ាណែត និង​ក្រុម​លោក ហោ ណាំហុង»។

ភរិយា​លោក ស៊ុត ឌីណា គឺ​អ្នកស្រី ស៊ុន សុគន្ធមាលា មិន​បាន​ឆ្លើយ​ចំពោះ​ការចោទប្រកាន់​នេះ​ទេ។ អ្នកស្រី​បាន​លើ​យក​ហេតុផល​សុខភាព​ស្វាមី​នៅ​មានកម្រិត​ទាប​នៅ​ឡើយ ដែល​ធ្វើ​ឱ្យ​លោក ឌីណា មិន​មាន​ពាក្យ​អ្វី​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​នោះ​បាន​ឡើយ៖ «ការ​ពិត​គាត់​ស្គម​ខ្លាំង គាត់​ឈឺ​បង។ គាត់​ឈឺ​រាង​ធ្ងន់ធ្ងរ​ដែរ​ហ្នឹង ដើរ​ពិបាក​មិន​ចង់​រួច​ផង​។​ឈឺ​ទាំង​ជើង ទាំង​សរសៃ​ឈឺ​ជាប់​ខ្លាំង​ហើយ​ឱ្យ​ពេទ្យ​ពិនិត្យមើល​វា​មាន​ជាតិ​ស្ករ​ឡើង​ខ្លាំង​អាច​ចូល​លក្ខណៈ​ទឹកនោមផ្អែម»។

លោក ស៊ុត ឌីណា និង​ភរិយា​របស់លោក​គឺ​អ្នកស្រី ស៊ុន សុគន្ធមាលា កាល​ពី​ខែ​មិថុនា ២០០៩ បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ធ្លាប់បាន​រិះគន់​ប្រឆាំង​កន្លង​មក។ លោក​ត្រូវបាន​រដ្ឋាភិបាល តែងតាំង​ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ការបរទេស និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ចំណែកឯ​ភរិយា​របស់​លោក ត្រូវបានតែងតាំង​ជា​សមាជិក​ក្រុម​ការងារ​សេដ្ឋកិច្ច និង​វប្បធម៌ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ស៊ុត ឌីណា ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី១១ វិច្ឆិកា ឆ្នាំ​២០១៣ ហើយ​ក្រោយពី​កាន់​តួនាទី បាន​ត្រឹម​ជាង​២៥​ខែ​ប៉ុណ្ណោះ។ លោក​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​ពាកព័ន្ធ​នឹង​ទឹកប្រាក់​ជាង ៧​លាន​ដុល្លារ។ តែ​ការចោទប្រកាន់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​បែប​នេះ​បាន​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។ក្រសួង​ការបរទេស​ក្រោយពី​លោក ស៊ុត ឌីណា ត្រូវ​បាន​ចាប់ខ្លួន បានសម្រេច​តែងតាំង​លោក ឡុង ឌីម៉ង់ អតីត​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ជា​ឯកអគ្គរាជទូត​ថ្មី ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ជំនួស​លោក ស៊ុត ឌីណា។ លោក ឡុង ឌីម៉ង់ គឺជា​កូនប្រុស​របស់ លោក ឡុង វិសាលោ អតីត​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ហើយ​បច្ចុប្បន្ន​ជា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី៕

1 comment:

Anonymous said...

Suth Dina = Porng Dyna = Dumbass