Tuesday 26 May 2020

ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ដែល​រត់​ភៀសខ្លួន​នៅ​​ថៃ ជួប​បញ្ហា​ជីវភាព​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ-១៩


ដោយ សុជីវី
2020-05-25

មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ ក្នុង​ពេល​ជួបជុំ​គ្នា នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។
មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ ក្នុង​ពេល​ជួបជុំ​គ្នា នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ



ក្រុម​សកម្មជន​បក្សប្រឆាំង​ដែល​រត់​ចេញពី​ការយាយី​ពី​សំណាក់​របប​ក្រុងភ្នំពេញ កំពុង​ជួបប្រទះ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ខណៈដែល​រដ្ឋាភិបាល​ថៃ បន្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​មួយខែ​ទៀត ដោយសារតែ​មានការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ (Covid-19)​។ ទោះជា​យ៉ាងនេះ​ក្តី ពួកគេ​នៅតែ​ប្ដេជ្ញាចិត្ត​បន្តសកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​តទៅទៀត ដើម្បីឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា។

អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី គឹន ស្រីអូន ឱ្យ​ដឹង​ថា អ្នកស្រី បាន​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​ជាង ៣​ឆ្នាំ​ហើយ ជាមួយ​កូនប្រុស​អាយុ ១៦​ឆ្នាំ​ម្នាក់ ដែលមាន​ជំងឺ​ប្រចាំកាយ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ អ្នកស្រី​ថ្លែង​ថា អ្នកស្រី​ត្រូវ​បង្ខំចិត្ត​ចេញ​ធ្វើ​ការ​លួចលាក់​ពី​ប៉ូលិស​ថៃ ដោយ​លើក​អីវ៉ាន់​ឱ្យ​គេ​ក្នុង​ផ្សារ​មួយ​កន្លែង ជាយ​ទីក្រុង​បាងកក ជា​រៀងរាល់​ថ្ងៃ។

ស្ត្រី​មេម៉ាយ​វ័យ​៣៨​ឆ្នាំ​រូបនេះ ឱ្យ​ដឹង​ថា កាលពី​មិន​ទាន់​មាន​ជំងឺ​កូ​វីដ​-១៩ នេះ​កើត​ឡើង អ្នកស្រី​អាច​រកប្រាក់​ចំណូល​ចន្លោះ​ពី​២០០​បាត ទៅ​៣០០​បាត​ក្នុង​មួយថ្ងៃ ពី​ការងារ​លើក​ខោរ​អាវ​ក្បាល​គីប​ឱ្យ​ថៅកែ​ថៃ និង​ខ្មែរ។ ប៉ុន្តែ​ក្នុងកំឡុងពេល​មាន​ជំងឺឆ្លង​កូ​វីដ​-១៩​នេះ អ្នកស្រី​ថា ការងារ​ដែល​ធ្លាប់ធ្វើ​កន្លង​មក មិន​មាន​ដូច​ពីមុន​ទៀត​ទេ ធ្វើ​ឱ្យ​អ្នកស្រី សឹងតែ​មិនអាច​រកប្រាក់​ចំណូល យក​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ៖ «ឥលូវ​មាន​បញ្ហា​ប្រឈម​ច្រើន​មុខ​ដែរ​ហ្នឹង ពី​ជំងឺ​កូវីដ​ហ្នឹង។ យើង​អត់​អាច​ទៅ​កន្លែង​ធ្វើការ ភាគច្រើន​គេ​អត់​យក​យើង​ទេ ។ យើង​ជា​ខ្មែរ​អ៊ីចឹង គេ​មិនមែន​រើសអើង​ទេ គេ​ខ្លាច​ឆ្លង​ជំងឺ តែបើ​ជនជាតិ​គេ​ថៃ​អ៊ីចឹង គេ​ធ្លាប់​ធ្វើការ​នៅ​ហ្នឹង គេ​ឱ្យ​តែ​ជនជាតិ​ថៃ​គេ​ធ្វើការ។ ដល់​អ៊ីចឹង​ខ្ញុំ​ទៅធ្វើ​ការ​ឱ្យ​ខ្មែរ​ដូចគ្នា​ដែរ​ហ្នឹង។ យើង​មក​អ៊ីចឹង គាត់​ឱ្យ​ធ្វើ​យក​លុយ​លួចលាក់ៗ​អ៊ីចឹង​ទៅ។ ដល់​ពេល​តម្រួត​ចុះ​មក គាត់​ឱ្យ​យើង​រត់​គេច​ពួន​ផុត​សិន។ និយាយ​ទៅ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ច្រើន​ដែរ​ហ្នឹង។ បើ​យើង​អត់​ទៅធ្វើ​ការ អត់​ទៅរក​លុយ​ទេ យើង​អត់​មាន​លុយ​អី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​រាល់ថ្ងៃ»។

អ្នកស្រី រៀបរាប់ថា ក្នុង​១​ខែៗ អ្នកស្រី ត្រូវ​ជួយ​បង់ថ្លៃ​បន្ទប់​ជួល​ប្រមាណ​ជាង ១​ពាន់​បាត ឬ​ស្មើនឹង​៣០​ដុល្លារ​អាមេរិក ឱ្យ​ទៅ​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​ទៀត ដែល​រស់នៅ​ជាមួយគ្នា។ ក្រៅពីនេះ អ្នកស្រី ក៏មាន​បញ្ហា​ប្រឈម​នឹង​កង្វះ​អាហារ​បរិភោគ​ប្រចាំថ្ងៃ​ដែរ ដោយសារ​មិន​មាន​ប្រាក់ចំណូល​ពី​ការងារ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ អំពាវនាវ​ដល់​សប្បុរ​សជន​ខ្មែរ​នៅក្រៅ​ប្រទេស​ជួយឧបត្ថម្ភ​ដល់​អ្នកស្រី និង​សកម្មជន​ដទៃ​ទៀត ក្នុង​គ្រា​ដ៏​លំបាក​នេះ​ផង៖ «មិន​ទើបតែ​រត់ចេញ​មិញ​ហ្នឹង ទុក​ទូរស័ព្ទ​នៅ​ហ្នឹង រត់គេច​ចេញ​ពី​តម្រួត​ថៃ គេ​មក​ចាប់ យើង​ទៅ​លើក​អីវ៉ាន់​ឱ្យ​គេ។ អ្នករត់​រួច​អត់​អស់​លុយ​ទេ។ អ្នករត់​អត់​រួច អស់​ម្នាក់​១​ពាន់​បាត ។ ចាស​! នាង​ខ្ញុំ គឹន ស្រីអូន មានការ​លំបាក​ការ​រស់នៅ ថែទាំ​កូន​មាន​ជំងឺ​ទៀត ហើយ​ធ្វើការ​ដូច​មាន​ការ​ភិតភ័យ យើង​ធ្វើការ​លួចលាក់ មិន​ពេញ​ច្បាប់​អ៊ីចឹង ប្រឈម​នឹង​គ្រោះថ្នាក់ ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ដែល​នៅក្រៅ​ប្រទេស បើ​ចិត្ត​អាណិត​ដល់​រូបនាង​ខ្ញុំ សូមជួយ​ឧបត្ថម្ភ​តិច​ក៏ដោយ​ច្រើន​ក៏ដោយ នាង​ខ្ញុំ​លើក​ដៃ​អរគុណ ។ អារម្មណ៍​អួលអាក់ បើ​បងប្អូន​មានធម៌​មេត្តា​អាណិត​ខ្ញុំ តាមចិត្ត​គាត់​ដែល​មើលទៅ​លំបាក​អ៊ីចឹង​ណា៎»។

ចំណែក ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ក៏​កំពុង​រស់ក្នុង​ស្ថានភាព​ខ្វះខាត​ដូចគ្នានេះដែរ​។ លោក​ប្រាប់ថា សព្វថ្ងៃ​លោក​ត្រូវ​សម្ងំ​រស់នៅ​លាក់ខ្លួន ជា​ជនភៀសខ្លួន ដោយ​អាស្រ័យ​នឹង​ម្ហូបអាហារ​បាន​ពី​ព្រះសង្ឃ​នៅ​វត្ត​មួយកន្លែង ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

មន្ត្រី​បក្សប្រឆាំង​ដែល​រស់នៅ​ចាក​ឆ្ងាយ​ពី​ប្រពន្ធ និង​កូន ៥​នាក់ នៅ​ស្រុក​ខ្មែរ​រូបនេះ ត្រូវ​បង្ខំចិត្ត ចាយ​ប្រាក់​កាស​ត្បិតត្បៀត ដែល​បាន​ពី​ព្រះសង្ឃ​និង​ពលករ​ខ្មែរ​ជួយផ្ដល់​ឱ្យ​ខ្លះៗ ដើម្បី​បង់ថ្លៃ​បន្ទប់​ស្នាក់​នៅ ប្រមាណ​ជាង ២​ពាន់​បាត ក្នុង​មួយខែ៖ «បញ្ហា​ប្រឈម​គឺ​ជីវភាព​ការរស់នៅ ទាក់ទង​នឹង​ផ្ទះសម្បែង​ដែល​ត្រូវ​ជួល​បន្ទប់​ជួល​ហ្នឹង មានការ​លំបាក យើង​មិនដឹង​រក​អ្វី​បាន ហើយ​មិត្តភក្តិ​ក៏​គ្នា​លំបាក​ដែរ ។ វត្ត​ក៏​លំបាក​ដែរ ដោយសារ​លោក​មិន​ចេញទៅ​បិណ្ឌ​បាត្រ​ដូច​លើក​មុន​ទេ ។ ទៅបាន​បន្តិចបន្តួច ព្រោះ​គេ​ខ្លាច​ជំងឺ​កូ​វីដ​ហ្នឹង ។ អ៊ីចឹង​! បញ្ហា​ជីវភាព​ការរស់នៅ​សព្វថ្ងៃ មានការ​លំបាក​ខ្លាំង»។

លោក ម៉ៅ វិបុល បាន​រត់គេចខ្លួន​ទៅ​ប្រទេស​ថៃ ១​ខែ​មុន ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន រំលាយ​ចោល កាល​ពី​ពាក់​កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ លោក​គឺជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មន្ត្រី​បក្ស​ប្រឆាំង​សរុប ១១៨​នាក់ ដែល​តុលាការ​ហាម​ពួកគេ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ។លោក ម៉ៅ វិបុល អំពាវ​ដល់​សប្បុរសជន​ខ្មែរ​នៅក្រៅ​ប្រទេស ជួយ​ផ្គត់ផ្គង់​ក្រុម​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​រស់នៅ​ភៀសខ្លួន ឱ្យ​មាន​ជីវភាព​សមរម្យ ដើម្បី​បន្ត​សកម្មភាព​នយោបាយ​តទៅ​ទៀត៖ «សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ខ្មែរ​នៅ​ឯនាយសមុទ្រ និង​បងប្អូន​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ខាង​គណបក្ស​សង្គ្រោះ​ជាតិ សូមជួយ​ដល់​សកម្មជន​ដែល​ភៀសខ្លួន​ផ្នែក​នយោបាយ តស៊ូ​នយោបាយ​នៅឯ​ក្រៅប្រទេស ក៏ដូចជា​អ្នក​ប្រឹងប្រែង​ដើម្បី​ប្រទេស​ជាតិ​។ សូម​ឱ្យ​ជួយ​យកចិត្តទុកដាក់​ទៅ​ដល់​យើងខ្ញុំ ទាំង​សកម្មជន​នៅ​តាម​មូលដ្ឋាន ដែល​គាត់​ភៀសខ្លួន​មក​នេះ រងគ្រោះ​មានការ​លំបាក​ផ្នែក​ជីវភាព និង​ការរស់នៅ​ហ្នឹង​តែម្ដង។ យើង​ដឹង​ហើយ​នៅ​ស្រុក​គេ ទាល់តែ​មានច្បាប់​ទម្លាប់ ប៉ុន្តែ​យើង​មាន​អង្គការសហប្រជាជាតិ ជួយ​ការពារ​យើង​ខ្លះ ។ ចំពោះ​ជីវភាព​មាន​ការ​លំបាក​មែនទែន ក្នុង​ពេល​មាន​កូវីដ​នេះ។ សូម​កុំ​បោះ​ចោល អ្នក​ដែល​តស៊ូ​ប្រយុទ្ធ»។

លោក ម៉ៅ វិបុល និង​អ្នកស្រី គឹន ស្រីអូន រួម​នឹង​សកម្មជន​ប្រមាណ ១០០​នាក់​ទៀត នៅ​ប្រទេស​ថៃ នៅតែ​ប្រកាន់​គោលជំហរ​រួម​ថា ពួកគេ​នៅតែ​បន្តសកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រង់ចាំ​ដំណើរ​វិវត្តន៍​របស់លោក សម រង្ស៊ី វិល​ចូល​មាតុភូមិ​វិញ ដើម្បី​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន ឱ្យ​ខាងតែបាន។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​រស់នៅ​និរទេស​នៅ​សហរដ្ឋអាមេរិក លោក លោក អេង ឆៃអ៊ាង ប្រាប់​អាស៊ីសេរី​ថា ខាង​គណបក្ស​នៅតែ​ព្យាយាម​ជួយ​ដល់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ដែល​រត់គេច​ចេញពី​ការធ្វើ​បាប​របស់​របប​ក្រុងភ្នំពេញ ទៅ​តាម​លទ្ធភាព​ដែល​គណបក្ស​អាច​ជួយ​បាន៖ «បន្ទាប់ពី​របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ធ្វើទុក្ខបុកម្នេញ​មកលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​រស់នៅ​ក្នុងប្រទេស​បាន ត្រូវ​គេចខ្លួន​មក​រស់នៅ​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ គឺ​ពួកគាត់​ពិតជា​យ៉ាប់​ហើយ ។ យើង​ដឹង​ហើយ​ព្រោះ​មិនមែនជា​មាតុភូមិ ហើយ​ក្នុងនាម​ជា​ជនភៀសខ្លួន​ជួប​ការលំបាក ។ ហើយ​គណបក្ស​ក៏​ខិតខំ​រិះរក​វិធី​ជួយ​ពួកគាត់​ដែរ ។ កម្រិត​នៃ​ការជួយ​ហ្នឹង មិនអាច​ដូច​ម្នាក់ៗ​ចង់​បាន​ទេ ប៉ុន្តែ​យើង​ក៏​សូម​កើត​សរសើរ នូវ​សេចក្ដី​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​របស់​ពួកគាត់ ។ ទោះបីជា​គាត់ មក​រស់នៅ​ក្នុងនាម​ជា​ជនភៀសខ្លួន​ក៏ដោយ ប៉ុន្តែ​ឧត្ដមគតិ និង​ឆន្ទៈ​របស់​ពួកគាត់ នៅ​តែ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​កម្ពុជា ហើយ​គាត់​នៅតែ​រក្សា​គោលដៅ​របស់គាត់ គឺ​ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ​(LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា ការរត់​ភៀសខ្លួន​ផ្នែក​នយោបាយ ទៅ​ជ្រកកោន​នៅ​ប្រទេស​ថៃ​នេះ ក្រុម​សកម្មជន​បក្សប្រឆាំង អាច​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ពី​អាជ្ញាធរ​ថៃ ដោយសារ​ពួកគេ​មួយចំនួន​រស់នៅ​ហួស​ទិដ្ឋាការ និង​មួយចំនួនធំ​ទៀត ត្រូវ​បាន​រដ្ឋាភិបាល លុប​ចោល​លិខិតឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​ជាដើម​។ បន្ថែម​លើស​នេះ ពួកគេ ក៏ត្រូវ​រស់នៅ​បែក​ចេញ​ពី​ក្រុមគ្រួសារ​សាច់ញាតិ នៅក្នុង​ប្រទេស​ថែមទៀត។

ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​បញ្ហា​នេះ មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ ស្នើ​ដល់​មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង វិល​ទៅរក​ការចរចា​គ្នា​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ក្នុងសង្គម​ជាតិ ដើម្បី​បាន​ជា​ប្រយោជន៍ និង​សេចក្ដីសុខ​ដល់​អ្នកគាំទ្រ​បក្ស​ទាំងពីរ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស៕

No comments: