Wednesday 6 May 2020
គ្រួសារ និងមេធាវី សង្ឃឹមថា សាលាឧទ្ធរណ៍ នឹងឲ្យសកម្មជនបក្សប្រឆាំង ៩នាក់នៅក្រៅឃុំតាមការស្នើសុំ
ដោយ វ៉ែន សុមេធ
2020-05-05
មេធាវីការពារក្តីឲ្យមន្ត្រីអាដហុក (ADHOC) ទាំងបួនរូប លោក ឡោ ជុនធី ផ្ដល់បទសម្ភាសន៍នៅមុខសាលាឧទ្ធរណ៍ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
RFA
គ្រួសារ និងមេធាវី សង្ឃឹមថា សាលាឧទ្ធរណ៍នឹងអនុញ្ញាតឱ្យសកម្មជនបក្សប្រឆាំងចំនួន ៩នាក់ រស់នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា សកម្មជន បក្សប្រឆាំងទាំងនេះ គួរតែទទួលបានសេរីភាពឡើងវិញតាំងពីយូរណាស់មកហើយ ពីព្រោះគេសង្កេតឃើញថា ការចាប់ឃុំខ្លួននិងការចោទប្រកាន់កន្លងមក គឺអាជ្ញាធរគ្មានភស្តុតាងនិងគ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់នោះទេ។
មេធាវីការពារក្ដីឲ្យសកម្មជនបក្សសង្គ្រោះជាតិទាំង ៩នាក់ គឺលោក ឡោ ជុនធី មានប្រសាសន៍ថា លោក និងសហមេធាវីម្នាក់ទៀត គឺលោក សំ សុគង់ បានដាក់បណ្ដឹងទៅសាលាឧទ្ធរណ៍ ជិត២ សប្ដាហ៍ហើយ ដើម្បីឲ្យតុលាការជាន់ខ្ពស់មួយនេះ ពិចារណាដោះលែងកូនក្ដីទាំង ៩នាក់នៅក្រៅឃុំ បណ្ដោះអាសន្ន។ ប៉ុន្តែមកដល់ពេលនេះ លោក មេធាវី មិនទាន់ដឹងថា សាលាដំបូង រាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងនេះដល់សាលាឧទ្ធរណ៍ហើយ ឬនៅនោះទេ។ លោក ស្នើសុំឲ្យសាលាឧទ្ធរណ៍ពន្លឿនការកំណត់ថ្ងៃសវនាការឲ្យបានឆាប់ ប្រសិនបើទទួលបានសំណុំរឿង នោះរួចហើយ។
លើសពីនេះ លោកមេធាវី ឡោ ជុនធី រំពឹងថា សាលាឧទ្ធរណ៍ នឹងអនុញ្ញាតឲ្យសកម្មជនបក្សប្រឆាំង ទាំង ៩នាក់នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ ព្រោះពួកគេមានលក្ខខណ្ឌសមរម្យ និងគ្រប់គ្រាន់ ដូចជា មានជំងឺប្រចាំកាយ មានទីលំនៅ និងមុខរបរច្បាស់លាស់ជាដើម៖ «សូមឲ្យតុលាការពិនិត្យទៅលើហេតុផលទាំងអស់នេះ ឲ្យគាត់នៅក្រៅឃុំទៅ ដើម្បីឲ្យគាត់មានឱកាសរកស៊ីចិញ្ចឹមគ្រួសារ ហើយរឿងក្ដីនៅបន្តទៅ ដើម្បីរកយុត្តិធម៌ជូនគាត់។ និយាយចំ ការដែលឲ្យនៅក្រៅឃុំមិនផ្អែកទៅលើបទចោទទេ ផ្អែកទៅលើតែអ្វីដែលថា គាត់មានស្អីដែលសំអាងថា បើគេឲ្យនៅក្រៅឃុំទៅ គាត់នៅតែបង្ហាញខ្លួននៅតុលាការ»។
សហមេធាវីការពារក្ដីឲ្យសកម្មជនទាំង ៩នាក់ បានដាក់បណ្ដឹងទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២២ ខែមេសា ដើម្បីជំទាស់នឹងសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ ដែលបដិសេធមិនឲ្យកូនក្ដីរបស់ពួកគេបាននៅក្រៅឃុំកាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ។
សកម្មជនគណបក្សប្រឆាំងទាំង ៩នាក់នេះ រួមមាន លោក ឃុត ច្រឹប លោក ងិន ឃាង លោក ឡុង ផារី លោក កែវ ថៃ លោក ថៃ គន្ធា លោក យឹម សារ៉េត និងលោក ឃឹម ភាណា លោក ជុំ ចាន់ និង លោក ញ៉ែម វាន ។ អ្នកទាំង៩នាក់ ត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីជំងឺកូវីដ-១៩ កំពុងរាតត្បាតជុំវិញពិភពលោក។ តុលាការបានចោទប្រកាន់ពួកគេដូចៗ គ្នា គឺពីបទរួម គំនិតក្បត់ ញុះញង់ឱ្យយោធាមិនស្ដាប់បញ្ជា និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស (ម១)។ ការចាប់ខ្លួន និងចោទប្រកាន់ជាថ្មីទៀតនេះ គឺផ្ទុយពីអ្វីដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាឱ្យតុលាការ និងអាជ្ញាធរ ទម្លាក់ចោលការចោទប្រកាន់ និងដោះលែង ព្រមទាំងបញ្ឈប់ការចាប់ចង ឬធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងនៅទូទាំងប្រទេស។
ភរិយារបស់ចៅសង្កាត់ផ្សារដេប៉ូទី៣ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក ឈឹម ភាណា គឺលោកស្រី សុខ បូលីម៉ា រៀបរាប់ថា ប្រសិនបើសាលាឧទ្ធរណ៍ អនុវត្តតាមច្បាប់ និងវិជ្ជាជីវៈត្រឹមត្រូវ គឺត្រូវដោះលែងប្ដីរបស់លោកស្រី និងអ្នកទោសនយោបាយដទៃទៀតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ឬក៏ទម្លាក់សំណុំរឿងនេះចោលដោយឥតចាត់ការតែម្តង។ លោកស្រីអះអាងថា ពួកគាត់ មិនបានព្រឹត្តកំហុស ឬមិនមានធ្វើសកម្មភាពនយោបាយ ដូចការចោទប្រកាន់នោះទេ៖ «បើមិនឲ្យគាត់នៅក្រៅឃុំទេ បានន័យថា សាលាឧទ្ធរណ៍ មិនយុត្តិធម៌សម្រាប់ពួកគាត់ទាំងអស់នេះទេ ហើយខ្ញុំជាប្រពន្ធក៏មិនអាចទទួលយកបានដែរ ព្រោះគាត់អត់មានធ្វើខុសសោះហ្មង។ បើគាត់បានធ្វើអីខុសមួយក្នុងសង្គម ក៏ខ្ញុំអស់ចិត្តតែនេះអស់ហ្មង។ សូមឲ្យសម្ដេចតេជោ ដោះលែងពួកគាត់ទាំងអស់គ្នាទៅ»។
ទាក់ទងនឹងករណីនេះ អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ថ្លែងថា សំណុំរឿងរបស់សកម្មជនបក្សប្រឆាំងនេះ ខាងសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បញ្ជូនមកដល់សាលាឧទ្ធរណ៍នៅឡើយទេ គិតត្រឹមថ្ងៃទី៤ ខែឧសភា។ លោក មិនដឹងអំពីមូលហេតុនៃការយឺតយ៉ាវនេះទេ។ ដូច្នេះ លោកមិនអាចធ្វើអត្ថាធិប្បាយអ្វីបានឡើយ៖ «ចាំមើលសំណុំរឿងមកដល់សិន តាមគោលការណ៍ច្បាប់ខាងក្រុមប្រឹក្សា និងចៅក្រមនឹងពិនិត្យមើលតាមគោលការណ៍ច្បាប់ជូន»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
ទោះជាយ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា មិនសូវមានសង្ឃឹមថា អ្នកទាំង ៩នាក់នេះ នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ឡើយ ពីព្រោះលោកពិនិត្យឃើញថា វិធានការលើសំណុំរឿងនេះកន្លងទៅ មានចរិតនយោបាយច្រើនជាងការអនុវត្តច្បាប់៖ «ជាធាតុពិតនៅក្នុងរឿងនយោបាយនេះ ខ្ញុំយល់ថា បើសិនជាតុលាការអនុវត្តច្បាប់ត្រឹមត្រូវដោយឈរលើជំហរអព្យាក្រឹត្យ និងឯករាជ្យ មិនល្អៀងទៅលើនិន្នាការនយោបាយ ជាការពិតទៅពួកគាត់អាចមានសេរីភាពជាយូរមកហើយ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថ្កោលទោសរដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្រាស់ការរាតត្បាតជំងឺកូវីដ-១៩ ដោយមិនត្រឹមត្រូវ ដើម្បីបំបិទមាត់សកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញទុក្ខកង្វល់អំពីមេរោគថ្មីនេះ និងអ្នករិះគន់វិធានការរបស់រដ្ឋាភិបាល។ អង្គការអន្តរជាតិមួយនេះ បន្តថា រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ទង្វើរំលោភ បំពានលើសិទ្ធិនិយាយស្ដីដោយសេរីរបស់ពលរដ្ឋតទៅទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment