Saturday 30 May 2020
អ្នកឃ្លាំមើលព្រំដែនរកឃើញថា វៀតណាមមិនបានរើតង់ចេញពីតំបន់មិនទាន់ឯកភាពគ្នាទេ
ដោយ ខែ សុណង
2020-05-29
ក្រុមយុវជនខ្មែរចុះទៅមើលបង្គោលនៅតំបន់ស ២៤១ នៅភូមិក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
រូប៖ យុវជន
ក្រុមយុវជនឃ្លាំមើលព្រំដែន រកឃើញថា តង់យោធាវៀតណាម ដែលបោះនៅក្នុងតំបន់មិនទាន់ឯកភាពគ្នា នៅព្រំដែនខេត្តកណ្ដាល មិនទាន់បានរើចេញទេ គឺស្ថិតនៅក្នុងតំបន់នោះដដែល។ ការរកឃើញនេះ ផ្ទុយពីការអះអាងរបស់អាជ្ញាធរខេត្តកណ្តាល ដែលអះអាងថា វៀតណាមបាន រុះរើតង់ចេញពីដីខ្មែរអស់ហើយ។ មន្ត្រីគណបក្សប្រឆាំង ព្រួយបារម្ភថា ការណ៍ដែល វៀតណាមមិនព្រមរើតង់ចេញនេះ អាចជាយុទ្ធសាស្ត្ររបស់វៀតណាមចង់រំកិលចូលដីខ្មែរមុនសិន រួចចាំចរចាកំណត់ព្រំដែនជាក្រោយ។
ក្រុមការងារយុវជន ១០០រាត្រី បាននាំក្រុមយុវជន ចុះទៅមើលតង់យោធាវៀតណាម នៅតំបន់ព្រំដែនស្រុកលើកដែក នៅថ្ងៃទី២៩ ឧសភា ឲ្យដឹងថា តង់យោធាវៀតណាម នៅតែស្ថិតនៅកៀកព្រំដែន ក្នុងតំបន់មិនទាន់ឯកភាពដដែល គឺអត់ទាន់បានរើថយក្រោយទេ។
អនុប្រធានក្រុមការងារយុវជន ១០០រាត្រី លោក មាន ព្រហ្មមុនី ប្រាប់អាស៊ីសេរីថា អ្នកភូមិក្អមសំណ នៃស្រុកលើកដែក បាននាំក្រុមយុវជនដើរកាត់តាមវាលស្រែ ទៅមើលព្រំដែនពីចម្ងាយ ដោយសារមិនចង់ប្រឈមជាមួយអាជ្ញាធរខ្មែរ និងអាជ្ញាធរវៀតណាម។ ក្រុមយុវជន រកឃើញនៅតាមបណ្ដោយព្រំដែននៃភូមិក្អមសំណ មានតង់យោធាវៀតណាម ចំនួន ៤តង់៖ «ចំពោះតង់ គឺនៅដដែល។ តង់ដែលបោះនៅ គ្រាន់តែវាឆ្ងាយពីព្រែកជីកមក ៨០០ម៉ែត្រ កន្លះគីឡូ ហើយមានបង្គោលបោះមក សូម្បីតែបោះហ្នឹង វាឆ្ងាយពីព្រែកជីក ៨០០ម៉ែត្រ។ តង់ហ្នឹង គឺអត់ទាន់រើមែន ហើយយើងឃើញតង់មួយជួរហ្នឹង ដែលដោតទង់ជាតិ (វៀតណាម) ហ្នឹង ដែលយើងមើលឃើញហ្នឹង គឺប្រហែលជាប្រាំ ប្រាំមួយតង់ តែយើងមិនអាចថតបាន ព្រោះបាំងដើមពោត ហើយមានការកប់ផ្នូររបស់ជនជាតិយួន នៅតំបន់ហ្នឹង ជាប់ស្រែប្រាំងរបស់ប្រជាពលរដ្ឋ»។
ការរកឃើញនេះ ផ្ទុយពីការអះអាងរបស់អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែងកាលពីថ្ងៃទី២៨ ឧសភា អះអាងថា តង់យោធាវៀតណាម មានតែ ៩ ប៉ុណ្ណោះ បោះកៀកផ្លូវដើរកម្ពុជា ហើយបានរើថយក្រោយ ប្រហែល ៤០ ទៅ ៥០ម៉ែត្រ អស់ហើយ តាំងពីមានការស្នើសុំពីអាជ្ញាធរខេត្ត។ ឯតង់យោធា ២២ ទៀត បោះនៅក្នុងទីតាំងដីវៀតណាម ឆ្ងាយពីព្រំដែនខ្មែរ។
ប៉ុន្តែក្រសួងការបរទេសអះអាងថា តង់យោធាវៀតណាម ដែលបោះក្នុងតំបន់មិនទាន់ឯកភាពព្រំដែន នៅខេត្តកណ្ដាលមានទាំងអស់ ៣១តង់ ហើយទើបរើចេញបាន ៣តង់ប៉ុណ្ណោះ។ បន្ថែមពីនេះ កម្ពុជាបានផ្ញើកំណត់ទូតតវ៉ា ទៅរដ្ឋាភិបាលវៀតណាម ជាងកន្លះខែមកហើយ តែវៀតណាម នៅមិនទាន់ឆ្លើយតបនឹងសំណើកម្ពុជាទេ។
តំណាងរាស្ត្រជាប់ឆ្នោត លោក អ៊ំ សំអាន សង្កេតឃើញថា អាជ្ញាធរ និងរដ្ឋាភិបាលមានចេតនាលាក់បាំង រឿងតង់យោធាវៀតណាមនៅតាមព្រំដែន ព្រោះមិនហ៊ានជាមួយវៀតណាម។ លោក អះអាងថា វៀតណាម នៅតែរក្សាមហិច្ឆតារុលចូលដីខ្មែរតាមយុទ្ធសាស្ត្ររំលោភដីខ្មែរយកមកកាន់កាប់ ហើយចរចាកំណត់ព្រំដែនតាមក្រោយ ដោយយកដីខ្មែរបានប៉ុន្មាន កំណត់ព្រំដែនត្រឹមនោះ។
លោកជំរុញឲ្យអាជ្ញាធរមូលដ្ឋានតាមព្រំដែន ការពារពលរដ្ឋ ទៅមើលព្រំដែន និងតង់យោធាវៀតណាម ហើយរដ្ឋាភិបាលត្រូវរំលឹកកំណត់ទូត ទៅវៀតណាមទៀត និងត្រូវលើកទ័ពទប់ទល់។ ក្នុងករណីវៀតណាម មិនព្រមដកថយ រើតង់ចេញពីព្រំដែនមិនទាន់ឯកភាពទៀត រដ្ឋាភិបាលត្រូវប្ដឹងទៅតុលាការយុត្តិធម៌ក្រុងឡាអេ (The Hague ឬ La Haye) ប្រទេសហុល្លង់ និងប្ដឹងទៅម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «សូមឲ្យរដ្ឋាភិបាល លុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងឆ្នាំ២០១៩ ហ្នឹង លុបចោលទៅ ហើយកុំយកមរតក អ្វីបានមកពីយួន ឆ្នាំ១៩៨៥ សម័យយួនគ្រប់គ្រងហ្នឹង។ គឺយកតាមអ្វីដែលជាមរតករបស់បារាំង បានអាចកំណត់ព្រំដែនតំបន់នោះ តាមពាក់កណ្ដាលព្រែកស្បូវ។ បើមិនអ៊ីចឹងទេ គឺព្រំដែនត្រូវដើរខាងជើងព្រែកស្បូវ ពី ៣០០ម៉ែត្រ ទៅ ៥០០ម៉ែត្រហ្នឹងហើយ។ សូមឲ្យរដ្ឋាភិបាល គាត់ធ្វើចំណុចហ្នឹង ផងដែរ»។
ទោះជាយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងកាលពីថ្ងៃទី២៨ ឧសភា នៅទីស្ដីការគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលមានជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព ខណៈក្រសួងការបរទេស មិនទាន់មានបំណងធ្វើកំណត់ទូតតវ៉ា លើកទី២ ទៅវៀតណាមនៅឡើយទេ។
ចំពោះករណីឈ្លានពានដីខ្មែរនេះ តំណាងរាស្ត្រជាប់ឆ្នោត លោក អ៊ំ សំអាន ស្ដីបន្ទោសរដ្ឋាភិបាលថា ដោយសារតែរដ្ឋាភិបាល លោក ហ៊ុន សែន ជំពាក់គុណវៀតណាម ដែលបានលើកបន្តុបឡើងកាន់អំណាច ទើបរដ្ឋាភិបាលខ្មែរបណ្ដោយឲ្យវៀតណាម រំលោភបំពានជាហូរហែ ខុសពីករណីជម្លោះព្រំដែនជាមួយប្រទេសថៃ និងឡាវ ដែលរដ្ឋាភិបាលហ៊ានលើកទ័ពប្រឈមមុខភ្លាមៗ ក្នុងករណីប្រហាក់ប្រហែលគ្នាបែបនេះ៕
Subscribe to:
Post Comments (Atom)
1 comment:
This evil Vietnam kept trying to steal Cambodia's land all the time because they will not lose anything if Cambodia fiercely protest of its illegal claim or advance.
Khmer people should start bringing the case of Koh Trol and Kampuchea Krom to ICJ about the evil Vietnam stole Khmer land. This way, we put Vietnam in a defensive position.
Post a Comment