ដោយ ទីន ហ្សាការីយ៉ា
2020-05-29

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
រូប៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សមាជិកក្រុមប្រឹក្សាឃ្លាំមើលព្រំដែនកម្ពុជា និងក្រុមយុវជនបញ្ចេញប្រតិកម្មចំពោះ លោក បណ្ឌិត សុខ ទូច ប្រធានគណៈកម្មការស្រាវស្រាវជ្រាវព្រំដែនកម្ពុជា វៀតណាម ដែលលើកឡើងថា បើសិនជាអាជ្ញាធរខ្មែរអនុញ្ញាតឱ្យពួកគេទៅមើលខ្សែបន្ទាត់ព្រំដែន ខ្លាចវៀតណាមចាប់នោះ គឺជាការអះអាងមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញពួកគេអះអាងថា រដ្ឋាភិបាលរឹតត្បិត ឬមិនអនុញ្ញាតពលរដ្ឋរបស់ខ្លួនទៅមើលខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមនេះ ព្រោះមានរឿងអាថ៌កំបាំងទាក់ទងនឹងការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន អះអាងថា អាជ្ញាធរខ្មែរហាមឃាត់ ពលរដ្ឋមិនឱ្យទៅមើលតំបន់ព្រំដែន កម្ពុជា វៀតណាមកន្លងមកនោះ គ្រាន់តែជាលេស ដែលរដ្ឋាភិបាលមិនចង់ឱ្យប្រជាពលរដ្ឋបានឃើញទីតាំងព្រំដែនជាក់ស្ដែងចំពោះការបោះបង្គោលព្រំដែនប្រទេសទាំងពីរតែប៉ុណ្ណោះ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា អាជ្ញាធរវៀតណាមបណ្ដុះឆន្ទៈយុវជនឱ្យឈឺឆ្អាលរឿងប្រទេសជាតិ រឿងព្រំដែន ដូចជាកាលពីពេលថ្មីៗនេះ អាជ្ញាធរវៀតណាមនាំសិស្សានុសិស្សទៅមើលព្រំដែនតែអាជ្ញាធរកម្ពុជាវិញ ពលរដ្ឋមានឆន្ទៈដោយខ្លួនឯងចង់ទៅមើលព្រំដែនបែរជាអាជ្ញាធរហាមឃាត់ទៅវិញ។ លោកបញ្ជាក់ថា ការហាមឃាត់នេះ ប្រហែលជាមានភាពមិនប្រក្រតីចំពោះការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម៖ «រារាំងមិនឱ្យពលរដ្ឋទៅមើលព្រំដែន មានន័យថា ការបោះបង្គោលព្រំដែននេះមានភាពមិនប្រក្រតីច្រើន បានជាមិនឱ្យពលរដ្ឋទៅមើលម្ដងហើយម្ដងទៀត»។
ការលើកឡើងរបស់លោក រ៉ុង ឈុន នេះ នៅបន្ទាប់ពីលោក បណ្ឌិត សុខ ទូច បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី២៧ ឧសភា ថា អាជ្ញាធរកម្ពុជាបានហាមឃាត់ពលរដ្ឋ និងក្រុមយុវជនមិនឱ្យទៅមើលតំបន់ព្រំដែនកម្ពុជាវៀតណាម ដោយសារតែគិតពីសុវត្ថិភាពប្រជាពលរដ្ឋ៖ «យុវជនពេលណាចង់ទៅមើលព្រំដែន ពេលទៅមើលគាត់កាន់ផែនទី ឬកាន់អី? ទៅមើលនឹងថ្ងាសឬអី? ព្រោះថាឥលូវយួនបិទព្រំដែនគេបិទដោយឯកតោភាគី»។
កាលពីពេលថ្មីៗនេះ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមការងារ១០០រាត្រីដែលចុះស្រាវជ្រាវរឿងព្រំដែនបន្តពីលោកបណ្ឌិត កែម ឡី រួមទាំងប្រធានគណបក្សឆន្ទៈខ្មែរ និងជាមន្ត្រីប្រឹក្សាពិគ្រោះយោបល់ ដែលមានលិខិតបេសកកម្មរដ្ឋបាលត្រឹមត្រូវផង បានចុះទៅមើលតំបន់ព្រំដែននៅតំបន់ភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ជាទីតាំងដែលអាជ្ញាធរវៀតណាមបានបោះតង់ចូលលើទឹកដីខ្មែរ ប៉ុន្តែអាជ្ញាធរហាមឃាត់។
លោក រ៉ុង ឈុន លើកឡើងថា បើសិនជាអាជ្ញាធរខ្លាច ពួកលោក ឬពលរដ្ឋដើរឆ្លងចូលទឹកដីវៀតណាមនោះ អាជ្ញាធរព្រំដែនគួរតែនាំពលរដ្ឋទៅមើលតំបន់ដែលវៀតណាមបោះបង់ ឬបង្គោលព្រំដែន ដូចដែលវៀតណាមធ្លាប់បានធ្វើលើពលរដ្ឋគេដែរ ដើម្បីបង្ហាញពីតម្លាភាព៖ «យើងនៅតែមានមន្ទិលសង្ស័យ ហើយអាជ្ញាធរត្រូវសហការជាមួយក្រុមប្រឹក្សាកម្ពុជា ដើម្បីទៅមើលព្រំដែន និងបង្ហាញពីតម្លាភាព ហើយរដ្ឋាភិបាលគួរតែសប្បាយចិត្តនៅពេលពលរដ្ឋឈឺឆ្អាលរឿងព្រំដែន»។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ឱ្យដឹងកាលពីថ្ងៃទី២៥ ឧសភាថា យោធាវៀតណាមបានរុះរើតង់ ថយពីតំបន់កៀកព្រំដែន នៅស្រុកកោះធំ និងស្រុកលើកដែក អស់ហើយ។ លោកអះអាងថា កងទ័ពវៀតណាម បានរុះរើនៅចំណុចកៀកព្រំដែនកម្ពុជា តាមការស្នើសុំរបស់អាជ្ញាធរខេត្តកណ្ដាល៖ «វរៈ ៦០១ ហ្នឹង គឺគាត់ថតតាំងពីវៀតណាម គាត់រើ គាត់អ្វីៗហ្នឹង តង់គាត់ហ្នឹង ថតយកមកឱ្យយើងឃើញ ជាក់ស្ដែង។ អ៊ីចឹង មកដល់ម៉ោងនេះ ចំណុចដែលកៀកៗ ហ្នឹង គឺគាត់បានរើហើយ ហើយវានៅដែលឆ្ងាយពីកន្លែងយើងទៅ នៅក្នុងតំបន់របស់គាត់នោះទេ»។
ទោះជាមានការអះអាងរបស់អភិបាលខែត្រកណ្ដាលបែបនេះក្ដី ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសប្រាប់ថា វៀតណាមមិនទាន់រើតង់ចំនួន២៨កន្លែង ចេញពីតំបន់ព្រំដែន នៅស្រុកកោះធំ និងស្រុកលើកដែក ក្នុងខេត្តកណ្ដាល តាមកំណត់ទូតរបស់ភាគីកម្ពុជានៅឡើយទេ។ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២២ ឧសភា ថា កម្ពុជា មិនទាន់មានវិធានការផ្សេងនៅឡើយទេ ដោយនៅរង់ចាំការឆ្លើយតប កំណត់ទូតរបស់វៀតណាមសិន។ លោកបញ្ជាក់ថា ក្រសួងបានផ្ញើកំណត់ទូត ទៅវៀតណាម កាលពីថ្ងៃទី១៣ ឧសភា គឺតំណាលគ្នានឹងខេត្តអានយ៉ាង (An Giang) របស់វៀតណាម បានផ្ញើលិខិតមកអាជ្ញាធរខេត្តកណ្ដាល ពន្យល់ថា ការបោះតង់ ដើម្បីទប់ស្កាត់កូវីដ១៩ (Covid-19) ខ្លាចពលរដ្ឋទាំង២ប្រទេសឆ្លងកាត់ច្រករបៀង ខណៈច្រកអន្តរជាតិបិទជាផ្លូវការ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា ដោយសារតែការអះអាងរបស់អាជ្ញាធរខែត្រកណ្ដាល និង ក្រសួងការបរទេសបញ្ច្រាសគ្នានេះហើយ ទើបក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមយុវជនចង់ទោមើលតំបន់ទាំងនោះជាក់ស្ដែង។
ក្រៅពីករណីវៀតណាមបោះតង់ចូលទឹកដីខ្មែរនេះ ពលរដ្ឋខ្មែរក៏សំដែងការព្រួយបារម្ភខ្លាចបាត់បង់ទឹកដី ដោយសារតែរដ្ឋាភិបាលបានជួលដីឱ្យក្រុមហ៊ុនវៀតណាមនៅតំបន់ព្រំដែនក្នុងរយៈពេល៩០ឆ្នាំដែរ។ លោក សុខ ទូច អះអាងថា សព្វថ្ងៃនេះ ឈប់មានករណីជួលដីនៅតំបន់ព្រំដែនទៀតហើយ។
ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅតែមានករណីជួលដីនៅតំបន់ព្រំដែនឱ្យវៀតណាមដដែល ក៏ប៉ុន្តែការជួលនេះ គេផ្លាស់ប្ដូរទម្រង់ ដោយប្ដូរឈ្មោះពីការជួល មកការបង្វាស់ដីឱ្យជនជាតិវៀតណាមវិញ៖ «ខ្មែរយើងអត់សូវធ្វើចម្ការទេ អត់ចំណេញ ដោយសារគ្មានទឹកហើយតាមព្រំដែនមានព្រែកហ្នឹងគេអាចប្រើប្រាស់បាន ជីថ្លៃ ទី២ ស្រូវគេលក់បានថ្លៃ ហើយជីថោក ខ្មែរយើងស្រូវលក់ថោក ទឹកទិញពីវៀតណាម ជីទិញពីវៀតណាមក្នុងតម្លៃថ្លៃ»។
របាយការណ៍របស់អង្គការលីកាដូចេញផ្សាយកាលពីខែមីនា ឱ្យដឹងថា រដ្ឋាភិបាលបានជួលដីឬផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនវៀតណាមសរុបផ្ទៃដីទាំងអស់មានចំនួនជាង ៣សែន ៦ម៉ឺនហិកតារ ដែលមាននៅក្នុងខែត្រមួយចំនួនដូចជា ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខែត្ររតនគិរីជាដើម៕
1 comment:
This evil Vietnam kept trying to steal Cambodia's land all the time because they will not lose anything if Cambodia fiercely protest of its illegal claim or advance.
Khmer people should start bringing the case of Koh Trol and Kampuchea Krom to ICJ about the evil Vietnam stole Khmer land. This way, we put the evil Vietnam in a defensive position.
Post a Comment