Thursday 7 May 2020
អ្នកព្រៃព្រះរកាបារម្ភបាត់បង់ព្រៃព្រះរកាទាំងមូល ខណៈក្រសួងរឹតត្បិតពួកគេមិនឱ្យចុះល្បាត
ដោយ សុជីវី
2020-05-07
បណ្ដាញសហគមន៍ព្រៃព្រះរកា ធ្វើពិធីបំបួសព្រៃឈើ ក្នុងព្រៃព្រះរកា នៅចំណុចអូរថ្មជញ្ជាំង ស្រុកឆែបខេត្តព្រះវិហារ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ដែលមានអ្នកចូលរួមចំនួន ១៣២នាក់។
រូប៖ សហគមន៍
ក្រុមយុវជន សហគមន៍ការពារព្រៃព្រះរកា និងពលរដ្ឋរស់នៅជុំវិញតំបន់ព្រៃព្រះរកា ខេត្តព្រះវិហារ បង្ហាញក្តីកង្វល់ជាថ្មីទៀត ពីការបាត់បង់ទំហំព្រៃព្រះរកាទាំងមូល នៅពេលដ៏ខ្លីខាងមុខ ដោយសារក្រសួងបរិស្ថាន បានហាមមិនឱ្យពួកគេចុះល្បាតព្រៃ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។ ពួកគេចាត់ទុកបញ្ហានេះ រាំងខ្ទប់ការរួមចំណែកការពារព្រៃឈើរបស់ពលរដ្ឋ និងបើកដៃឱ្យជនល្មើសកាប់ឈើតាមទំនើងចិត្ត។
ក្រុមជនជាតិដើមភាគតិចកួយ រាប់ពាន់គ្រួសាររស់នៅជុំវិញតំបន់ព្រៃព្រះរកា និងបណ្ដាញសហគមន៍ការពារព្រៃព្រះរកា រស់នៅឃុំ មរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្អូញត្អែរថា ពួកគេខកខានចុះល្បាតព្រៃព្រះរកាជាង ១មួយខែមកហើយ ដោយសារមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថានរារាំង និងតម្រូវឱ្យសុំច្បាប់ អនុញ្ញាតពីមន្ទីរបរិស្ថាន និងក្រសួងបរិស្ថានជាមុនសិន។ ពួកគេចាត់ទុកបញ្ហានេះ ជាការរួមចំណែកបំផ្លាញព្រៃព្រះរកា ដែលនៅសល់ចុងក្រោយ ព្រោះបទល្មើសព្រៃឈើ នៅតែកើតមានច្រើន គ្មានការអនុវត្តច្បាប់។បណ្ដាញសហគមន៍ការពារព្រៃព្រះរកា និងជាជនជាតិដើមភាគតិចកួយ រស់នៅភូមិរបុញ ឃុំមរកត លោក កែវ ពេជ្រ ឱ្យដឹងនៅថ្ងៃទី៧ ឧសភាថា អ្នកភូមិកំពុងដេកភ័យ ខ្លាចព្រៃព្រះរកាវិនាសហិនហោច ព្រោះក្រសួងបរិស្ថានកំពុងរឹតត្បិតសិទ្ធិ ពលរដ្ឋមិនឱ្យចុះល្បាតព្រៃ ទប់ស្កាត់បទល្មើសព្រៃឈើ ដែលជាហេតុនាំឱ្យបទល្មើសកើតមានច្រើន។ លោកថា នៅគ្រាដែលក្រសួងហាមមិនឱ្យអ្នកភូមិចុះល្បាតព្រៃ សកម្មភាពអារឈើធំៗ និងដឹកជញ្ជូនឈើចេញពីព្រៃអភិរក្សមួយនេះ កំពុងកើតមានឥតឈប់ឈរ៖ «អត់ឱ្យយើងចូលដូចមុនទេ គេថាទាល់តែយើង សុំច្បាប់ពីក្រសួងពីលើមក។ ពិបាកដែរ ពីព្រោះអីយើងវា ឆ្ងាយ ណាមួយធ្វើដំណើរទៅសុំគេ មិនដឹងថា គេឱ្យអត់។ អ្នកប្រព្រឹត្តបទល្មើស សុទ្ធតែមន្ត្រីរាជការថ្នាក់ធំ ហើយសុទ្ធអ្នកមានលុយ ជាឧកញ៉ា នៅពីក្រោយខ្នង។ យើងធ្វើត្រូវតែគេកាឡៃថា យើងធ្វើខុស បារម្ភខ្លាចបាត់បង់ព្រៃទាំងមូលតែម្ដង»។
យុវជនម្នាក់ និងជាអ្នកសិក្សាច្បាប់ គឺលោក វ៉ន ចាន់ឡូត ឱ្យដឹងថា រូបលោកផ្ទាល់ត្រូវបាន ប្រធានដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន់ ប៊ុនសឿន ហាមមិនឱ្យចុះល្បាតព្រៃព្រះរការួមជាមួយប្រជាសហគមន៍ក្រឡាពាស កាលពីពេលថ្មីៗនេះ ដោយមន្ត្រីលើកហេតុផលថា គ្មានច្បាប់អនុញ្ញាត។ លោកថា មន្ត្រីបរិស្ថានរូបនេះ បានគំរាមអនុវត្តច្បាប់ ប្រសិនបើលោកនៅតែមានៈចូលល្បាតព្រៃ។ លោកចាត់ទុកបញ្ហានេះ បង្កើតជាឧបសគ្គស្មុគស្មាញ រាំងខ្ទប់ការចូលរួមការពារធនធានធម្មជាតិ របស់ពលរដ្ឋ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងរំលោភលើសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ៖ «គាត់តែងតែចោទថា យើងធ្វើខុសច្បាប់។ ខ្ញុំគិតថា ខុសច្បាប់បែបម៉េច បើយើងចូលរួមក្នុងការស្វែងរកការពិត និងបទល្មើស យើងយកមកបង្ហាញ ដើម្បីធ្វើម៉េចឱ្យក្រសួងមានសមត្ថកិច្ចហ្នឹង មានវិធានការច្បាស់លាស់ មានវិធានការច្បាស់លាស់ ទប់ស្កាត់ ឬក៏បញ្ឈប់បទល្មើស ពីព្រោះដែនជម្រកសត្វព្រៃព្រះរកាហ្នឹង បទល្មើសនៅតែមានជាដដែលៗ»។
អាស៊ីសេរីបានទាក់ទងនាយកដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន់ ប៊ុនសឿន ដើម្បីសុំការបកស្រាយរឿងនេះ ប៉ុន្តែលោកនិយាយថា ទូរស័ព្ទស្ដាប់មិនឮ និងឈប់ទទួលទូរស័ព្ទ។
រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បញ្ជាក់យ៉ាងខ្លីថា ការរារាំងនេះ ជាការអនុវត្តច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ។ លោកថា ក្រសួងបរិស្ថានបើកចំហ កិច្ច សហការជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម និងក្រុមផ្សេងៗដែល មានការចុះបញ្ជីត្រឹមត្រូវ និងមានកិច្ចព្រមព្រៀងការងារជាមួយក្រសួងបរិស្ថាន។
ផ្ទុយពីការអះអាងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ថា ការហាមមិនឱ្យពលរដ្ឋ និងយុវជនចុះល្បាតព្រៃ គឺជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ក្នុងការចូលរួមការពារព្រៃឈើ និងអាស្រ័យផលអនុផលព្រៃឈើជាដើម។ លោកថា ការរឹតត្បិតនេះ ក៏ជាការបើកដៃឱ្យជនល្មើស បំផ្លាញព្រៃឈើកាន់តែខ្លាំងឡើង៖ «លោកនាយករដ្ឋមន្ត្រីកន្លងទៅ ក៏លោកធ្លាប់បានអំពាវនាវដែរ អ្នកដែលចាប់អារម្មណ៍រឿងព្រៃឈើ ជាពិសេសពលរដ្ឋ ដែលនៅជុំវិញព្រៃឈើ ចូលរួមការពារព្រៃឈើទាំងអស់គ្នា ដើម្បីឱ្យព្រៃឈើ បរិស្ថានស្រុកយើង មាននិរន្តរភាព គង់វង្ស យូរអង្វែង។ ដូច្នេះ ប្រសិនបើក្រសួងមានវិធានការបែបនេះ វាផ្ទុយពីការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រី»។
បណ្ដាញសហគមន៍ការពារព្រៃព្រះរកា ឱ្យដឹងថា ព្រៃព្រះរកា នៅចំណុចជាំផ្អាវ ចំណុចជាំសែ ចំណុចភ្នំរំចេក ចំណុចឫស្សីធំ ចំណុចផ្លូវច្រកច្រប់អាហែន និងចំណុចផ្លូវអូរកាច់ក គឺជាតំបន់ដែលសំបូរដោយបទល្មើសព្រៃឈើរួមមាន ការប្រើម៉ាស៊ីនអារឈើច្រៀកក្នុងព្រៃ រួចដឹកចេញក្រៅតាមគោយន្តពេលយប់ និងថ្ងៃ។ ចំណែកមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន រងការរិះគន់ថា នៅតែទទួលប្រយោជន៍ ពីក្រុមអ្នកដឹកឈើ និងកាប់ឈើ ជាថ្នូរមិនអនុវត្តច្បាប់ បានក្លាយជាទម្លាប់ដដែលៗ គ្មានយន្តការលុបបំបាត់។
នៅលើក្រដាស ព្រៃព្រះរកាមានទំហំជាង ៩ម៉ឺនហិកតារ ស្ថិតនៅចន្លោះព្រំប្រទល់ស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកឆែប របស់ខេត្តព្រះវិហារ។ សហគមន៍មូលដ្ឋានអះអាងថា ទោះជាពួកគេផ្ដល់ព័ត៌មាន ពីសកម្មភាពដឹកជញ្ជូនឈើ និងសកម្មភាពអារឈើ ចេញពីព្រៃព្រះរកា ជាច្រើនករណីមកហើយក្ដី ក៏មិនទាន់មាន អាជ្ញាធរពាក់ព័ន្ធចុះស៊ើបអង្កេត និងចាប់ជនល្មើសណាម្នាក់ មកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ៕
Subscribe to:
Post Comments (Atom)
1 comment:
Hun Sen has declared that he would cut his penis head off if he cannot protect Khmer forest.
Khmer people need to ask Mi Kanhchrouk Bun Rany whether Hun Sen's penis head is still there.
Post a Comment