Thursday 7 May 2020

មេ​បក្ស​ខ្មែរ​ក្រោក គ្មាន​ប្រតិកម្ម​ចំពោះ​ការ​ដក​មុខ​តំណែង​ពី​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ទេ


ដោយ ខែ សុណង
2020-05-05
rfa

លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហៅ (William Guang) ប្រធាន​គណបក្ស​ខ្មែរ​ក្រោក។ រូប៖ ហ្វេសប៊ុក William Guang ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០
លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហៅ (William Guang) ប្រធាន​គណបក្ស​ខ្មែរ​ក្រោក។ រូប៖ ហ្វេសប៊ុក William Guang ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០
រូប៖ ហ្វេសប៊ុក William Guang ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០





ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហាក់​មិន​ហ៊ាន​បង្ហាញ​​ប្រតិកម្ម​​​ទេ ជុំវិញ​ការ​​បញ្ចប់​តួនាទី​​​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​របស់​គាត់ ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី​នោះ​។ លោក ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ ឧសភា​ថា លោក​​សុំ​មិន​​​មាន​មតិ​អ្វី​ទាំង​អស់៖ «លោក ខ្ញុំ​សុំ​អត់​មាន​មតិ​អ្វី​ទាំង​អស់​ណា។ សូម​អរគុណ»។

ប្រមុខរដ្ឋ​ស្ដីទី លោក សាយ ឈុំ បាន​ចេញ​ព្រះ​រាជក្រឹត្យ​បញ្ចប់​មុខ​តំណែង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ (William Guang) ពី​សមាជិក​​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ ចាប់​ពី​ថ្ងៃ​ទី៤ ឧសភា ​តាម​សំណើ របស់​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ព្រះ​រាជ​ក្រឹត្យ​បញ្ចប់​មុខ​តំណែង​ គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ប្រតិកម្ម​នឹង​​​សកម្មភាព​​​​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​ដឹក​នាំ​មន្ត្រី​គណបក្ស​ចុះ​ទៅ​ពិនិត្យ​មើល​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម នៅ​ស្រុក​ព្រៃ​នប់ ក្រោម​ហេតុផល​ថា មាន​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​ក្នុង​ឧទ្យាន​ជាតិ។ លោក សាយ សំអាល់ អះអាង​ថា ព័ត៌មាន គឺ​មិន​ពិត។

កាល​ពី​ថ្ងៃ​ទី២ ឧសភា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បាន​នាំ​សមាជិក​បក្ស​របស់​លោក​ ចុះ​បំពេញ​បេសកកម្ម​នៅ​ក្នុង​តំបន់​ឧទ្យានជាតិ​ព្រះសីហនុ​រាម និង​ថត​វីដេអូ​​ផ្សាយ​ផ្ទាល់ (Live) ថា លោក​ចង់​​ចូល​ក្នុង​តំបន់​​ឧទ្យានជាតិ​ដោយ​អះអាង​ថា ដើម្បី​ស៊ើប​រក​ការ​ពិត​ពី​ករណី​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ដោយ​ប្រើ​អំពើ​ហិង្សា និង​បង្អត់​អាហារ តែ​មន្ត្រី​អនុរក្ស​បរិស្ថាន និង​សន្តិសុខ​ឯកជន​ ហាម​ឃាត់​មិន​ឲ្យ​ក្រុម​លោក​ចូល​ទៅ​តំបន់​នោះ។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត​ព្រះសីហនុ​ លោកស្រី ជាប សុធារី ថា តាម​ការ​សាកសួរ​ពលរដ្ឋ ដែល​ធ្លាប់​មាន​ជម្លោះ​ដីធ្លី នៅ​ម្ដុំ​ឧទ្យាន​ជាតិ ពុំ​មាន​នរណា​​​ត្រូវ​គេ​បង្ខាំង ឬ​ស្នាក់​នៅ​ក្នុង​ឧទ្យាន​ជាតិ​ទៀត​ទេ ចាប់​តាំង​ពី​អាជ្ញាធរ​ចុះ​រុះរើ​ប្រើ​ហិង្សា កាល​ពី​ដើម​ឆ្នាំ២០២០ មក។ លោកស្រី​ថា មាន​តែ​ពលរដ្ឋ​កំពុង​តវ៉ា​ពី​ខាង​ក្រៅ​ឧទ្យាន។

កាល​ពី​ខែ​មេសា ឆ្នាំ២០១៩ លោក ហ៊ុន សែន ធ្លាប់​បាន​ស្នើសុំ​ដក​​​ប្រធាន​គណបក្ស​សាធារណ​រដ្ឋ ប្រជាធិបតេយ្យ លោក​ស្រី សុខ រ័ត្ន​​សុវណ្ណ​បញ្ចៈ​សីលា ពី​សមាជិក​​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​​​ម្នាក់​រួច​ហើយ​ ក្រោយ​ពី​​តុលាការ​ចាប់​ឃុំ​ខ្លួន​មេ​បក្ស​រូប​នោះ​ ដោយ​ចោទ​ពី​បទ​​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​គូលែន​ភ្នំ​​ទេព​នៅ​ខេត្ត​ព្រះវិហារ៕

2 comments:

Anonymous said...

William needed to learn a lesson the hard way.

Anonymous said...

how this prick has absolutely no shame and how could prick calls his party an opposition. he intentionally and purposely lives his life off the sweat and blood of Khmer people through the traitor of Hun Zen.