Thursday 14 May 2020

ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី បន្ត​ទទូច​សុំ​រដ្ឋាភិបាល​ឱ្យ​ឆាប់​បញ្ជូន​ពួក​គេ​មក​កម្ពុជា



Khmer Circle: Cambodia must be the first country on the planet to have rescued foreign nationals due to fear of the spread of the coronavirus and the last country to look out for her own citizens?


🔺🔺🔺
ដោយ មួង ណារ៉េត
2020-05-13

លោកស្រី ម៉ាត់ តោសរី ពលការិនីកម្ពុជា​នៅ​ប្រទេស​កម្ពុជា។
លោកស្រី ម៉ាត់ តោសរី ពលការិនីកម្ពុជា​នៅ​ប្រទេស​កម្ពុជា។
RFA



ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​តែ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល ជួយ​ពន្លឿន​បញ្ជូន​ពួក​គេ​ត្រឡប់​មក​កម្ពុជា​វិញ ព្រោះ​ពួក​គេ​កំពុង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ផ្នែក​ជីវភាព ដោយ​សារ គ្មាន​ការងារ​ធ្វើ​រយៈ​ពេល​ពីរ​ខែ​ទៅ​ហើយ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល គួរ​តែ​ដុត​ដៃ​ដុត​ជើង​ជួយ​បញ្ជូន​ពលករ​ខ្មែរ​ទាំង​នោះ​មក​កម្ពុជា​ឲ្យ​បាន​ឆាប់។

ប្រជាពលរដ្ឋ​ខ្មែរ ១៥០នាក់ ដែល​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​អំពាវនាវ​សារ​ជា​ថ្មី​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​យក​ពួក​គេ​ត្រឡប់​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់ ព្រោះ​កំពុង​រង​ទុក្ខ​លំបាក។ ពួក​គេ​ត្អូញត្អែរ​ថា កំពុង​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ដូច​ជា អ្នក​ខ្លះ​គ្មាន​កន្លែង​ស្នាក់នៅ គ្មាន​ថវិកា​ទិញ​អាហារ​ហូប​ចុក រហូត​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​សុំ​ទាន ខ្លះ​ទៀត​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ជា​ដើម។

ស្ត្រី​មាន​ផ្ទៃ​ពោះ ៨ខែ​ម្នាក់ គឺ​លោក​ស្រី ម៉ាត់ តោសរី រៀបរាប់​ថា លោកស្រី មក​រស់​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ជាង​ពីរ​ខែ​ហើយ។ លោក​ស្រី​ថា មក​តាម​ប្តី​ដែល​ធ្វើ​ការ​សំណង់ ប៉ុន្តែ​ក្រោយ បាន​មក​រស់​នៅ​ជា​មួយ​ប្តី​បាន​ត្រឹម ៦ថ្ងៃ ប្ដី​របស់​លោកស្រី​ក៏​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់ បន្ទាប់​ពី​ធ្លាក់​ពី​លើ​សំណង់​អាគារ​ក្នុង​ពេល​កំពុង​ផ្សារ​ដែក។ ក្រោយ​ពេល​ប្ដី​ស្លាប់​លោក ស្រី បាន​ទិញ​សំបុត្រ​យន្តហោះ ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ហាមឃាត់។ បន្ទាប់​មក​លោកស្រី បាន​ខំ​តស៊ូ​រស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទាំង​លំបាក​បំផុត​ដោយសារ​លោកស្រី​មាន​ផ្ទៃពោះ​មិន​អាច​ធ្វើ​ការ​រក​ចំណូល​បាន​ទេ។ លោកស្រី និយាយ​ទាំង​ក្ដុកក្ដួល​ថា សព្វថ្ងៃ​នេះ លោកស្រី បាន​ផ្ញើ​ខ្លួន​រស់​នៅ​ក្នុង​បន្ទប់​ជួល​របស់​ពលការិនី​ខ្មែរ​ម្នាក់​បណ្ដោះអាសន្ន ហើយ​ទទួល​បាន​អាហារ​ហូប​ចុក​ខ្លះ​ពី​កម្មករ ជន​ជាតិ​ភូមា ដោយសារ​ពួក​គេ​អាណិត​អាសូរ​ដល់​លោកស្រី៖ «ខ្ញុំ​ពិបាក​មែន​នៅ​នេះ​អត់​មាន​ពី​ណា​ទីពឹង​ទេ បង​អើយ។ពោះ​ខ្ញុំ​ជិត​គ្រប់​ខែ​ហើយ តែ​អត់​មាន​ពី​ណា​ឲ្យ​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ។សូម​ធ្វើ​ម៉េច​ឲ្យ​ខ្ញុំ​បាន​ទៅ​ស្រុក​ខ្មែរ​វិញ ព្រោះ ខ្ញុំ​ខ្លាច​សម្រាល​កូន​ទៅ​ទីនេះ​អត់​មាន​ពី​ណា​ជួយ​ទេ ពិបាក​ណាស់ ហើយ​អត់​មាន​លុយ​មួយ​កាក់​សោះ។ ណា​មួយ​ប្ដី​ខ្ញុំ​ទើប​តែ​ស្លាប់​ទៀត»។

លោកស្រី​អះអាង​ថា បាន​ស្នើសុំ​ឲ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ម៉ាឡេស៊ី ជួយ​ផ្ដល់​ជំនួយ និង​ជួយ​ពន្លឿន​ការ​សម្រប​សម្រួល​ឲ្យ​លោកស្រី​បាន​ទៅ​ស្រុក​ខ្មែរ​វិញ​ដែរ ប៉ុន្តែ​មិន​ឃើញ​មន្ត្រី​ស្ថានទូត​ឆ្លើយ​តប បែប​ណា​នោះ​ទេ។

ស្ត្រី​ពោះ​ធំ​វ័យ ៣៣ឆ្នាំ​រូប​នេះ បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល នៅ​តែ​ពន្យារ​ពេល​ក្នុង​ការ​បញ្ជូន​ទៅ​ស្រុក​ខ្មែរ​វិញ គឺ​លោកស្រី កាន់​តែ​ជួប​ការ​លំបាក​ខ្លាំង​ថែម​ទៀត ឬ​អាច​ឈាន​ដល់​ដាច់​ពោះ​ស្លាប់ ទាំង​លោក​ស្រី និ​កូន​តូចៗ កំពុង​រស់​នៅ​រង់ចាំ​លោកស្រី​នៅ​ស្រុក​កំណត់​ក្នុង​ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម៖ «កូន​ខ្ញុំ​នៅ​ស្រុក​ខ្មែរ ៤នាក់​ទៀត​នៅ​តូចៗ គ្មាន​អ្នក​ណា​ជួយ​ខ្ញុំ អ៊ីចឹង​ហើយ​បាន​ថា ឲ្យ​ខ្ញុំ​ទៅ​វិញ​ទៅ គ្រាន់​បាន​ធ្វើ​នំ​លក់​ចិញ្ចឹម​កូន។ នៅ​ទីនេះ​មាន​ពី​ណា​ជួយ មើល​ទៅ​នៅ​តែ​ក្នុង​ផ្ទះ​មួយ​ខែ​ជាង​ហើយ​អត់​មាន​អី​ធ្វើ​ទេ។ កូន​ខ្ញុំ​នៅ​ស្រុក ចេះ​តែ​យំ​ឲ្យ​ខ្ញុំ​ផ្ញើ​លុយ​ទៅ ហើយ​ខ្ញុំ​មាន​លុយ​ពី​ណា​មក។ ធ្វើ​ការ​សង់​តែ​ធនាគារ ពេល​សង់​រួច​ប្តី​ក៏​ស្លាប់​បាត់​ទៀត។ ម្ដាយ​ខ្ញុំ​គាត់​ឈឺ​ទៀត ទឹកនោមផ្អែម។ខ្ញុំ​ពិបាក​ណាស់​ពិបាក​មែនទែន យំ​រហូត​ហើយ។ បើ​ខ្ញុំ​គិត​ខ្លី ខ្ញុំ​ស្លាប់​តែ​ម្ដង​ហើយ​នេះ តែ​ខ្ញុំ​គិត​ដល់​កូន​ខ្លាច​អត់​មាន​អ្នក​ចិញ្ចឹម»។

ចំណែក​ពលករ​ម្នាក់​ទៀត គឺ​លោក ពួ ក្រី រៀបរាប់​ថា រយៈ​ពេល​ជាង​កន្លះ​ខែ ហើយ​ក្រោយ​ពី​រដ្ឋាភិបាល​ផ្លាស់​ប្ដូរ​ចិត្ត ហើយ​ប្រកាស​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​អាច​ត្រឡប់​ទៅ​កម្ពុជា​វិញ​បាន ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ខាង​ស្ថានទូត​កម្ពុជា​ថា ពួក​លោក ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ថ្ងៃ​ណា និង ត្រូវ​ជិះ​យន្តហោះ​ទៅ​កម្ពុជា​ថ្ងៃ​ណា​នោះ​ទេ។ លោក​បន្ត​ថា ពួក​លោក​មិន​អាច​អត់​ទ្រាំ​រស់​នៅ​ប្រ​ទេស​ម៉ាឡេស៊ី​យូរ​ត​ទៅ​ទៀត​បាន​ទេ ព្រោះ​គ្មាន​ការងារ​ធ្វើ ដើម្បី​បាន​ប្រាក់​សម្រាប់​ចិញ្ចឹម​ជីវិត​ឡើយ។ លោក ត្អូញត្អែរ​ថា ពេល​ខ្លះ​លោក ហូបបាយ​ជាមួយ​ទឹក​ត្រី ហើយ​អ្នក ខ្លះ​ទៀត គ្មាន​អាហារ​ហូប​ចុក​រហូត​ធ្លាក់​ខ្លួន​សុំ​ទាន​គេ​ទៀត​ផង ហើយ​អ្នក​ខ្លះ​គ្មាន​ទាំង​កន្លែង​ស្នាក់​នៅ​ទៀត​ផង៖ «រឿង​ប៉ះ​ពាល់​ជីវិត គឺ​ប៉ះពាល់​ហើយ ទោះ​បី​យំ​ក៏​មិន​ចេញ​ដែរ។ ដូច​ដឹង​ស្រាប់​ហើយ កាល​ពី​លើក​មុន ម្នាក់​ចំណាយ​លុយ​ទិញ​សំបុត​យន្តហោះ​អស់​ជិត ៣រយ​ដុល្លារ​រួច​ហើយ នៅ​សល់​លុយ​តែ ៥០ដុល្លារ​អី​ទេ។ ដូច្នេះ​សួរ​ថា នៅ​ប្រទេស​គេ​ចាយ​គ្រាន់​អត់ មិន​មែន​ដូច​នៅ​ប្រទេស​យើង​ណា»។

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ កម្មករ​សំណង់ លោក ទូលស៊ សាអ៊ីត មានប្រសាសន៍ថា លោក​ពិត​ជា​ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ ព្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រឈម​នឹង​ដាច់​បាយ ដោយសារ​រដ្ឋាភិបាល ម៉ាឡេស៊ី បាន​បិទ​កន្លែង​ការងារ​ស្ទើរ​ទាំង​អស់​រយៈ​ពេល​ជាង​ពីរ​ខែ​ហើយ ដើម្បី​ទប់​ស្កាត់ ជំងឺ​កូវីដ១៩។ លោក ឲ្យ​ដឹង​ថា មាន​កម្មករ​ខ្លះ បាន​ឲ្យ​អ្នក​នៅ​ស្រុក​ខ្មែរ ជួយ​ផ្ញើ​លុយ​ឲ្យ​ពួក​គេ សម្រាប់​ចំណាយ​លើ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​មាន​ប៉ះ​ពាល់​ខ្លាំង​ដែរ ព្រោះ​អី​អត់​បាន​ធ្វើ​ការ​ពីរ​ហើយ។ ខ្ញុំ​បាន​ប្អូន​ឲ្យ​បាន​ហូប និង​បាន​ឲ្យ​លុយ​ចាយ​ខ្លះ»។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ចំណែក​លេខ​ទូរស័ព្ទ​សម្រាប់​កិច្ចការ​ពលករ និង​កិច្ច ការ​កុងស៊ុល​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក៏​មិន​មាន​អ្នក​ទទួល​ដែរ នៅ​ថ្ងៃ​ទី១២ ខែឧសភា។

ទោះ​ជា​យ៉ាង​ណា លោក កុយ គួង បាន​ថ្លែង​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី១២ ឧសភា​ថា ស្ថានទូត​កម្ពុជា កំពុង ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី ជួយ​ពិនិត្យ​សុខភាព​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ហើយ​លោក​រំពឹង​ថា ពលរដ្ឋ​ទាំង​នោះ​នឹង​អាច​បាន​វិល​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ។

រីឯ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​អំពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី​ទេ ដោយ​លោក​បញ្ជាក់​ថា អ្នក​ទទួល​ខុសត្រូវ​លើ​រឿង​នេះ គឺ​ក្រសួង​ការ​បរទេស និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី៖ «រឿង​អី​ក៏​អត់​ដឹង​ដែរ ពីព្រោះ​ខ្ញុំ​អត់​មែន​អ្នក​ទទួល​ខុស​ត្រូវ​ការ​បរទេស​ផង ព្រោះ​ក្រសួង​ការ​បរទេស មាន​ទូត​របស់​គេ​នៅ​ទីនោះ។ យល់​ល្អ​ទាក់ទង​ទូត​នៅ​ទីនោះ  តើ​គេ​បាន​ជួយ​អី​ខ្លះ ប៉ុន្តែ​តាម​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​គេ​បាន​ទាក់ទង​សម្រួល​អស់​ហើយ​ទេ ប៉ុន្តែ​ដល់​ឮ​អ្នក​ស្រុក​និយាយ​អ៊ីចឹង ខ្ញុំ​ភ្ញាក់​ដែរ»។

ចំណែក​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិម​នុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ទទួល​ស្គាល់​ថា ការ​ត្រួត​ពិនិត្យ​សុខភាព​របស់ ពលរដ្ឋ​ទាំង​នោះ​មុន​បញ្ជូន​មក​កម្ពុជា គឺ​ជា​រឿង​មួយ​សំខាន់​ដែរ ប៉ុន្តែ​រដ្ឋាភិបាល គួរ​តែ​ជួយ​សម្រប​សម្រួល​ពិនិត្យ​សុខភាព​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់​បំផុត។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល គួរ​ត្រូវ​ផ្ដល់​កិច្ច​គាំពារ​នូវ​សេចក្ដី​ត្រូវ​ការ​ជា​មូលដ្ឋាន​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ដូច​ជា ថវិកា អាហារ​ហូបចុក និង​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​ជា​ដើម។ លោក​ពិនិត្យ​ឃើញ​ថា ការ​ពន្យារ​ពេល​ត​ទៅ​ទៀត មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ពួក​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​អាច​ប្រឈម​មុខ ចំពោះ​ផ្លូវ​ច្បាប់​របស់​ប្រទេស​ម៉ាឡេស៊ី​ទៀត​ផង ដោយសារ វីសារ (Visa)ការងារ និង​ការ​ស្នាក់នៅ​របស់​ពួក​គាត់​នឹង​ផុត​សុពលភាព៖ «ខ្ញុំ​គិត​ថា មិន​មាន​នីតិវិធី​ស្មុគស្មាញ​អី​ទេ ចំពោះ​បញ្ហា​នេះ  ប្រសិន​បើ​មាន​កិច្ច​សហប្រតិបត្តិការ​រដ្ឋ និង​រដ្ឋ ជា​ពិសេស ស្ថានទូត ឬ​ក្រសួង​ការ​បរទេស និង ក្រសួងការបរទេស។ យើង​មើល​កន្លង​មក រដ្ឋាភិបាល ក៏​មាន​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​អាស៊ី​ដែរ ដូច​ជា ជាមួយ​ម៉ាឡេស៊ី ជា​មួយ​ហ្វីលីពីន​ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​ពលរដ្ឋ​គេ បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​វិញ  ដូច្នេះ​ខ្ញុំ​គិត​ថា អត់​មាន​ជា​ការ​ស្មុគស្មាញ​អី​ទេ សំខាន់​លើ​ឆន្ទៈ​ក្នុង​ការ​ជួយ​សម្រប​សម្រួល​ឲ្យ​បាន​ទាន់​ពេល​វេលា»។

តួលេខ​ផ្លូវ​ការ​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ជាង ៣ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០១៩ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​របស់​អង្គការ សង់ត្រាល់ (CENTRAL)មាន​មិន​ក្រោម ១០ម៉ឺន​នាក់​នោះ​ទេ ដោយ​រាប់​ទាំង​ពលករ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់។ ពួក​គេ​ភាគ​ច្រើន​ធ្វើ​ការងារ​តាម​រោងចក្រ ធ្វើការ​សំណង់ ធ្វើ​ការងារ​តាម​ផ្ទះ និង​ខ្លះ​ទៀត ធ្វើការ​នៅ​លើ​ទូក​នេសាទ។

មាត្រា៣៣ នៃ​រដ្ឋធម្មនុញ្ញ ចែងថា ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ។ ចំណែក​មាត្រា៣៥ ចែងថា សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​ដោយ​ហ្មត់ចត់​ដោយ​អង្គការ​រដ្ឋ៕

No comments: