Thursday 7 May 2020
មតិពលរដ្ឋតាមបណ្ដាញសង្គមរិះគន់ការអនុវត្តច្បាប់ចរាចរណ៍ថ្មីរបស់ប៉ូលិសតាមដងផ្លូវ
ដោយ សេក បណ្ឌិត
2020-05-07
កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ចុះអប់រំ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមផ្លូវឯករាជ្យ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥។
RFA
រឿងរ៉ាវនៅស្រុកខ្មែរ ធ្វើឱ្យពលរដ្ឋ ឈឺចាប់ កើតទុក្ខ ដេកភ័យព្រួយនោះ បានកើតមានមិនចេះចប់ មិនចេះហើយនោះទេ ពោលគឺចប់ពីមួយរឿង ចូលដល់មួយរឿងទៀត។
ពួកគាត់ថា សព្វថ្ងៃនេះម្នាក់ៗកំពុងតែភ័យរឿងជំងឺCovid-19 មិនទាន់បាត់ផង ឥឡូវចូលមករឿងភ័យនឹងការរឹតបណ្តឹងច្បាប់ចរាចរណ៍ថ្មី ដែលប៉ូលិសចាប់អ្នកបើកបរប្រើប្រាស់យានយន្តមិនត្រឹមត្រូវតាមច្បាប់ផាកពិន័យថ្លៃខ្ពស់កប់ពពក ហួសពីសមត្ថភាពដែលពួកគាត់អាចទទួលខុសត្រូវបាន។
តើនៅលើបណ្ដាញសង្គម មានទិដ្ឋភាពយ៉ាងដូចម្តេចខ្លះក្នុងអំឡុងពេលមន្ត្រីប៉ូលិសចុះអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ។
ប្រជាពលរដ្ឋមួយចំនួនដែលតឹងទ្រូងនិយាយមិនចេញ ដោយមិនដឹងថ្លែងប្រាប់អ្នកណាអំពីរឿងរ៉ាវហ្មងសៅនៅក្នុងសង្គមដូចសព្វថ្ងៃនេះ ក៏បាននាំគ្នាប្រើប្រាស់បណ្ដាញសង្គម មានហ្វេសប៊ុកជាដើម ដើម្បីបញ្ចេញនូវរាល់ទុក្ខកង្វល់របស់ខ្លួន។
ពួកគាត់ថា៖ ភ័យទាំងនោះមានដូចជា ការចោទប្រកាន់ពលរដ្ឋ រហូតចាប់ដាក់គុកច្រវាក់ពាក់ព័ន្ធនឹងរឿងនយោបាយ បន្តបន្ទាប់គ្នាចូលដល់រឿងកើតជំងឺឆ្លងកាចសាហាវកូវីដ១៩។ រឿងនេះ ទាំងស្ដេច ទាំងមន្ត្រី និងរាស្ត្រសាមញ្ញ កំពុងនាំគ្នាពាក់ម៉ាស់ ឃ្លុំមុខមាត់ដូចពួកអារ៉ាប់ មិនទាន់ហ៊ានបង្ហើបចេញមុខមកវិញបានស្រួលបួលផង ក៏ចូលដល់រឿងដេញប្រផាប់ចាប់ប្រភីងដោយសាររឿងច្បាប់ចរាចរណ៍ថ្មីលេចចេញមកទៀត គឺថា ឥតល្ហែតែម្ដង។
ទាំងនេះមិនខុសគ្នាប៉ុន្មានពីអ្នកច្រៀងអាយ៉ៃ ដែលតែងតែច្រៀងជារើយៗមកថា៖ «អស់មួយគូរអុញនៅ មួយគូរ ដូចទឹកត្នោតជូរ មិនដាច់ពពុះអ៊ីចឹងដែរ»។
ទាក់ទងករណីនេះ ម្ចាស់គណនីហ្វេសប៊ុក មួយ ឈ្មោះ ខេក ខេមរ៉ាត់ (Khek Khemrath) សរសេរថា៖ «ភ័យរឿងកូវីដមិនទាន់ផុត មកភ័យរឿងប៉ូលិសផាកអីទៀត! ឱ២ពាន់ម៉ាភ័យ អូនអើយ! �� មានតែជិះកង់សិនហើយ��»។
ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ សុជាតា ចាប (Sochenda Chap) «បានផុសផ្ទាំងរូបភាពមួយដែលសរសេរអក្សរជាភាសាខ្មែរ លាយជាមួយភាសាអង់គ្លេសផងថា៖ កាលពីមុន Stay Home ព្រោះខ្លាច Corvid -ឥឡូវនៅផ្ទះ ឬក៏ Stay Home ព្រោះខ្លាចប៉ូលិស។ ម្ចាស់គណនីហ្វេសប៊ុកដដែលក៏សរសេរបន្ថែមនៅលើផ្ទាំងរូបនេះដែរថា៖ «ឃើញបងប៉ូលិស ដូចឃើញកូវីដអ៊ីចឹង!! ខ្ញុំ!! គឺសែនខ្លាច»
ហ្វេសប៊ុកដដែលនេះ ក៏បានផុសរូបស្រីស្អាតស្រស់ប្រិមប្រិយ អង្គុយលើកង់ប្រើអាគុយបញ្ឈរច្រងាងកណ្ដាលផ្លូវ ដោយមានសំណេរពីលើរូបថតនោះផងថា៖ «កង់អាកុយ is Calling... មានតែលក់ម៉ូតូ ដូរកង់ គេចប៉ូលិសចាប់»។
ម្ចាស់គណនីហ្វេសប៊ុកមួយសរសេរខមមិន(Comment) តបថា៖ «ពីមុនខ្លាច Covid-19 ប៉ុន្តែឥឡូវត្រូវនៅផ្ទះដដែល ព្រោះខ្លាចpoliceចាប់ជំរិត»។
បទល្មើសចរាចរណ៍ ដែលត្រូវផាកពិន័យក្នុងអនុក្រឹត្យថ្មី លេខ៣៩ បង្ហាញថា៖ ការល្មើសសម្រាប់ម៉ូតូ ត្រូវផាកពិន័យចាប់ពី ១៥ដុល្លារអាមេរិក ដល់៣០ដុល្លារ ក្នុងមួយបទល្មើសចរាចរណ៍។
ចំណែករថយន្តវិញ ផាកពិន័យពី ៣០ដុល្លារ ១៥០)ដុល្លារ។ បទល្មើស ដែលរងការផាកពិន័យធ្ងន់ធ្ងរជាងគេ គឺបើកបរក្នុងស្ថានភាពស្រវឹង ត្រូវពិន័យពី ៥២ដុល្លារ ទៅ ២៥០ដុល្លារ តាមស្ថានភាពនៃកម្រិតស្រវឹង។
ក្នុងរឿងរ៉ាវផាកពិន័យនេះដែរ ម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ សុវណ្ណរិទ្ធ ឱក (Sovannarith Ork) គាត់បានផុសរូបថតពីរសន្លឹក។ មួយជារូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងមួយសន្លឹកទៀត លោក ហ៊ុន សែន ជិះម៉ូតូដឹកពលរដ្ឋពីក្រោយដោយអត់ពាក់មួកសុវត្ថិភាពទាំងពីរនាក់។
ម្ចាស់គណនីហ្វេសប៊ុកនេះសរសេរថា៖ ពួកអស់លោកប៉ូលិស មើលមិនឃើញទេឬ…? អ្នកធំជិះម៉ូតូអត់មានពាក់មួកសុវត្ថិភាពទេ ត្រូវតែផាកពិន័យវាឱ្យចាស់ដៃបន្តិច។
ចំណែកហ្វេសប៊ុកឈ្មោះ មករា ស៊ីង (Makara Singh) ក៏បានផុសបង្ហាញនូវរូបភាពគ្រួសារអ្នកលក់កន្ទេលដែលមានគ្នាបីនាក់ជិះលើម៉ូតូចាស់មួយ ម៉ាក អាសង់កូរ៉េ ពណ៌ក្រហម ដឹកកន្ទេលជាច្រើន។
បីនាក់នោះ មានប្តីប្រពន្ធ និងកូនប្រុសតូចម្នាក់ផង ដោយប្តីជាអ្នកបើកម៉ូតូ ប្រពន្ធជិះលើកន្ទេលដែលដឹកពីក្រោយ។ បីនាក់នេះមានមួយសុវត្ថិភាពតែមួយទេ ហើយបានពាក់ឱ្យកូនប្រុសតូចដែលជិះពីមុខជាប់ដៃចង្កូត។
ម្ចាស់គណនីហ្វេសប៊ុក មករា ស៊ីង សរសេរបែបស៊ីអារម្មណ៍បន្តិច អមមកជាមួយនឹងរូបថតមួយសន្លឹកនោះថា៖ នៅលើដងផ្លូវចូលក្រុង ព្រឹកថ្ងៃសៅរ៍ ខ្ញុំចេញពីក្រុងទៅស្រុកស្រែ។ ឯគ្រួសារមួយនេះ កំពុងដឹកអីវ៉ាន់ពីស្រែ ចូលមកលក់ក្នុងក្រុង គ្រាន់តែគាត់បើកជ្រួសហួសខ្ញុំបន្តិច ស្រាប់តែខ្ញុំអួលដើម ក រួចគិតក្នុងចិត្តថា៖ តើពួកគាត់ ហូបបាយហើយនៅ? ព្រោះខាងមុខមានពូប៉ូលិស។
ម្ចាស់គណីមួយទៀត ឈ្មោះ នុត ផាន់ណា ខមមិន(Comment)តបថា ៖ ខ្ញុំពិតជាពិបាកសម្រេចចិត្តណាស់បង ថាតើគួរសើច ឬយំ?
ហ្វេសប៊ុក ឈ្មោះ Tho Vuthy ខមមិនតបដែរថា៖ ឈឺក្បាលណាស់មេអឺយ! ខ្លាចការផាកពិន័យជាងខ្លាចកូរ៉ូណាទៀតពេលនេះ។
ដោយឡែកហ្វេសប៊ុកផ្សេងៗទៀត ក៏បានផុសនូវសំណេរ និងរូបភាពជាវីដេអូ (Video) ចែកចាយ ឬ Shareបន្តគ្នាផង អំពីសកម្មភាពសមត្ថកិច្ចប៉ូលិសគ្រប់ច្រកល្ហកចាំស្ទាក់ចាប់យានយន្តគ្រប់ប្រភេទត្រួតពិនិត្យលក្ខណសម្បត្តិយានជំនិះទៅតាមច្បាប់កំណត់។
សកម្មភាពនេះ បង្កជាភាពរញ៉េរញ៉ៃឃ្លោះប្រកែកគ្នាពេញដងផ្លូវរវាងប៉ូលិស និងពលរដ្ឋអ្នកបើកបរ។
សមត្ថកិច្ចប៉ូលិសស្ទើរគ្រប់ជាន់ថ្នាក់ បានបកស្រាយស្រដៀងគ្នាថា៖ នេះជាការអនុវត្តច្បាប់ និងបទបញ្ជារបស់រដ្ឋាភិបាល ព្រមទាំងការណែនាំដោយផ្ទាល់របស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចេញឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព ចំពោះច្បាប់ចរាចរណ៍ថ្មីនេះ។ សមត្ថកិច្ចក៏ទាមទារពលរដ្ឋទាំងអស់យោគយល់ និងចូលរួមអនុវត្តច្បាប់នេះទាំងអស់គ្នា។
រីឯហ្វេសប៊ុក Makara Singh៖ ក៏បានសរសេរ បែបឌឺដងផងថា៖ ប៉ុន្មានថ្ងៃនេះ គេនាំគ្នានិយាយរឿងចរាចរណ៍ បែបភ្លេចរឿងកូរ៉ូណាហើយមើលទៅ? អ៊ីចឹងតើ បានពូច្រូច ភ្លេចលាងដៃ ហើយភ្លេចពាក់ម៉ាស់ទៀត ពេលនិយាយម្តងៗ គាត់ខ្ចាយទឹកមាត់ ដូចនាគព្រួសភ្លើងអ៊ីចឹង។
ដោយឡែក ហ្វេសប៊ុកមួយទៀត ឈ្មោះ យ៉ងសាំង កុមារ (Yang Saing Koma) សរសេរចាប់អារម្មណ៍លើបញ្ហានេះដែរថា៖ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ជារឿងល្អ តែគួរទុកពេល ២ ទៅ៣ខែ ឱ្យអ្នកបើកបរត្រៀមខ្លួនឱ្យបានល្អដោយផ្សាភ្ជាប់ជាមួយយុទ្ធនាការផ្សព្វផ្សាយអប់រំ និងរំលឹកប្រជាពលរដ្ឋឱ្យបានទូលំទូលាយគ្រប់ភូមិឃុំជាមុនសិន។ ណាមួយពេលនេះប្រជាពលរដ្ឋកំពុងជួបការលំបាកជីវភាព ដូចនេះការពិន័យដោយទឹកលុយច្រើនគួរតែលើកពេលសិនក៏មិនទាន់យឺតពេលដែរ។
ហ្វេសប៊ុក ឈ្មោះ Chet Phirum៖ សរសេរដែរថា៖ ខ្ញុំគិតហើយគិតទៀតនៅមិនយល់? ប្រហែលខ្ញុំរៀនបានតិចពេកយល់មិនបានឆ្ងាយ? ពេលសេដ្ឋកិច្ចយើងកំពុងល្អ ហេតុអ្វីមិនអនុវត្តច្បាប់ចរាចរណ៍ដូចពេលនេះ។
សព្វថ្ងៃរាស្ត្រកំពង់ច្របូកច្របល់ដើម្បីឆ្នាំងបាយ និងសងបំណុលផ្សេងៗ ម្នាក់ៗគ្នាខំចេញពីផ្ទះដើម្បីក្រពះដោយមិនខ្លាច Covid-19 ទេ ហេតុអីបានជាយើងមិនមើលឱកាសផ្សេងៗទៀតដើម្បីជួយរាស្ត្រឱ្យរស់បានស្រួល?
ហ្វេសប៊ុកមួយ ឈ្មោះ វិទូ ប៊ីស អាយឌល (Vitou Biz Idol) ដែលបានសរសេរឌឺដងថា៖ បើមានកូនស្រីលើកឱ្យពូប៉ូលិសចរាចរណ៍ទៅរកលុយបានច្រើនណាស់!! ជាមួយគ្នានេះ មានអ្នកខមមិនតបដោយដាក់រូបសើចស្ទើររយះមាត់ និងរូបសញ្ញាបែបភ្ញាក់ផ្អើលផង!
កាលពីសម័យរដ្ឋកម្ពុជាដែលជារបបមួយឡើងគ្រប់គ្រងប្រទេស ក្រោយរបបខ្មែរក្រហមដួលរលំនោះ គេតែងដំណាលឱ្យដឹងដែរថា៖ អ្នកមានកូនស្រីស្អាតៗ គេត្រៀមលើកឱ្យប៉ូលិសចរាចរណ៍ និងឌុកទ័រ ព្រោះជាក្រុមអ្នករកលុយបានច្រើនជាងគេក្នុងសម័យនោះ។ ប្រពន្ធប៉ូលិសចរាចរណ៍ មិនខ្វល់ទៅឆែកហោប៉ៅ និងកាបូបលុយរបស់ប្តីពេលមកពីធ្វើការនោះទេ គឺគេឆែកតែកញ្ចែទេ បើមានទឹកម៉ាត់សើមខ្លាំង គឺប្រាកដជាលុយខាប់ដូចទឹកគ្រឿងផ្ទះអ្នកមានអ៊ីចឹង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment