Wednesday 20 May 2020

សហព័ន្ធ​ខ្មែរ​ក្រោម​សុំ​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក ដើម្បី​ជំរុញ​វៀតណាម​ឱ្យ​​ផ្ដល់​ដី​ទៅ​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ


Khmer Circle:


The Vietnamese authorities have been driving indigenous peoples off their land for centuries and the hill tribes in central and northern parts of the country as well as the Khmers living in Southern Vietnam, predominantly, in the Mekong Delta or 'Lower Cambodia'/ 'Kampuchea Krom', have been the worst tortured victims of this state-led policy of day-light robbery; a Vietnamizing campaign that gradually displaces indigenous land owners and villagers of an area with ethnic Vietnamese settlers. Throughout this history of Vietnamese territorial expansion via demographic manipulation - always under the pretext of "state land"! - the usual scheme involves settling retired soldiers and their families to ensure the settlement campaign would be in line with or backed up with state direction and enforcement should this campaign or demographic infiltration encounter indigenous resistance - as can be seen in this specific and latest episode. 

Given their shared cultural roots and affinity, the Vietnamese under their one-party’s leadership can be seen to be acting in parallel with the Chinese under their Communist Party in China whose flagrant manipulation and Sinicization are nothing short of ethnic cleansing by means of ethnic persecution and forced assimilation, with the only difference being that unlike the same situation in China that of Vietnam is receiving little to no international coverage and attention.

🔺🔺🔺


ដោយ យន់ សាមៀន
2020-05-19
rfa
ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍
ស្ដាប់ ឬទាញ​យក​សំឡេង




ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ជន​រងគ្រោះ​នៃ​ការ​បង្ខំ​បណ្ដេញ​ចេញ​ពី​ដី​ស្រែ​ចម្ការ ប្រមាណ បី​ពាន់​ហិកតារ ពី​សំណាក់​អាជ្ញាធរ​វៀតណាម កាល​ពី​ដើម​ខែ​ឧសភា​នេះ បាន​ដាក់​លិខិត​តវ៉ា ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម ស្នើសុំ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ​ជា​បន្ទាន់ ដើម្បី​ពួក​គេ​អាច​ធ្វើ​ស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹម​ជីវិត។ សំណើ​នេះ ធ្វើ​ឡើង​ស្រប​ពេល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក៏​បាន​ស្នើសុំ​ក្រសួង​ការ​បរទេស​អាមេរិក ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដីធ្លី ដែល​វៀតណាម​បាន​រឹប​អូស ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ជន​ជាតិ​ដើម​កំណើត​វិញ។

តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ដាក់​ញាតិ​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ឲ្យ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី ដើម្បី​ផ្ដល់​ដី​ស្រែ ចម្ការ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ ឲ្យ​បាន​ឆាប់​រហ័ស​ទី​បំផុត ពី​ព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រោម អាច​រស់រាន​មាន​ជីវិត គឺ​អាស្រ័យ​ដី​ស្រែ។ តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម លោក ទៀន ស៊ីម បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១០ ឧសភា​ថា លោក​តំណាង​ឲ្យ​ពលរដ្ឋ​មក​ពី ១៤៥គ្រួសារ មាន​ពលរដ្ឋ​ប្រមាណ ៨០០នាក់ ជា​ជន​រង​គ្រោះ​នៃ​ការ​បង្ខំ​បណ្ដេញ​ដោយ​ប្រើប្រាស់​អំពើ​ហិង្សា ពី​សំណាក់​អាជ្ញាធរ​វៀតណាម កាល​ពី​ដើម​ខែ​ឧសភា​នេះ។

លោក ទៀន ស៊ីម បាន​សរសេរ​ក្នុង​ញាតិ​នោះ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ចូល​ទៅ​កាប់​ឆ្ការ​ដី ដែល​វៀតណាម​រឹបអូស​នោះ តាំង​ពី​ឆ្នាំ១៩៨២ ជា​ដី​ដូន​តា​របស់​ខ្មែរ​ក្រោម ធ្លាប់​ធ្វើ​ស្រែ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន ផ្អាក​ធ្វើ​ស្រែ​ដោយសារ​តែ​ដី​នោះ ត្រូវ​ទឹក​លិច រយៈ​ពេល​បី​ឆ្នាំ​ជាប់ៗ គ្នា។ លោក​បន្ត​ថា ពេល​ទឹក​ស្រក ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ប្រើប្រាស់​ដី​នោះ រហូត​ដល់​កាល​ពី​ដើម​ខែ​ឧសភា​នេះ ទើប​វៀតណាម​ប្រើប្រាស់ កម្លាំង​ប្រដាប់​អាវុធ ទៅ​រឹប​អូស​យក​ដី​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​តែ​ម្តង។ កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា​ អាជ្ញាធរ​វៀតណាម​​រួមមាន៖ ​ប៉ូលិស​ ទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ​​ជាច្រើន​នាក់​បាន​ចុះ​ទៅ​ហាម​ឃាត់ និង​រឹប​អូស​យក​ដី​ពលរដ្ឋ ដែល​ស្ថិត​ក្នុង​ភូមិ​ប៉ប្រក់ ​​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត ​កៀង ញ៉ាង (Kien Giang)។ ប៉ុន្តែ​ពលរដ្ឋ​បាន​ជំទាស់​ រហូត​អាជ្ញាធរ វៀតណាម​បង្ក​អំពើ​ហិង្សា​ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០នាក់ រង​បួស​ធ្ងន់​និង​ស្រាល។

តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​អាស៊ី​សេរី ឲ្យ​ដឹង​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ក្រោម បាត់បង់​ដី​ស្រែ​ចម្ការ ពួក​គេ​នឹង​បង្ខំ​ចិត្ត​ដើរ​ស៊ី​ឈ្នួល​ឲ្យ​ការងារ​ឲ្យ​គេ​ដើម្បី​ចិញ្ចឹម៖ «ក្នុង​គ្រួសារ​ខ្ញុំ​មាន​កូន​ដល់ ៦នាក់ ហើយ​មាន​ដី​តែ​មួយ​ហិកតារ។ យើង​រស់​ម្ដេច​កើត យើង​ជា​ជន​ជាតិ​ខ្មែរ យើង​រក​ស៊ី​តែ​ប៉ុណ្ណឹង​ហើយ អត់​មាន​ជួញដូរ​អី​ទេ»។

លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​បន្ត​ស្វែងរក កិច្ច​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​ផ្សេងៗ ដើម្បី​ទទួល​បាន​ដី​មក​វិញ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ក្រោម នឹង​នាំ​គ្នា​ទៅ​ធ្វើ​ស្រែ លើ​ដី​ដែល​វៀតណាម អាច​រឹបអូស​ជា​ថ្មី​ទៀត ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​វៀតណាម៖ «យើង​ចង់​ទាមទារ​ឲ្យ​បាន ប៉ុន្តែ​យើង​មិន​ដឹង​ថា យើង​បាន​ក៏​អត់? ខ្លួន​ខ្ញុំ ខ្ញុំ​ប្ដូរ​ផ្ដាច់ ខ្ញុំ​បូជា​ជីវិត»។

ស្រប​ពេល​ដែល​ខ្មែរ​ក្រោម​នៅ​វៀតណាម កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះស្រាយ​​បញ្ហា​ដីធ្លី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក៏បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការ​បរទេស​អាមេរិក ឲ្យ​ជំរុញ​វៀតណាម​ឱ្យ​ផ្ដល់​ដី​ទៅ​ខ្មែរ​ក្រោម​វិញ។ ក្នុង​លិខិត​ទៅ​មន្ត្រី​ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិច អ្នកស្រី សេនត្រា ឌូផុយ (Sandra Dupuy) កាល​ពី​ថ្ងៃ​ទី១១ ឧសភា បញ្ជាក់​ថា សហព័ន្ធ​ស្នើសុំ​ជំនួយ ពី​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស លើ​ពលរដ្ឋ​ខ្មែរ​ក្រោម។ លិខិត​ស្នើ​ឲ្យ​អាមេរិក និង​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេង​ទៀត ត្រូវ​ជួយ​គាប​សង្កត់​អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម ដើម្បី​ផ្ដល់​ដី​ខ្មែរ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ។

មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី​ថា សហព័ន្ធ​ខ្មែរ​ក្រោម ក៏​គ្រោង​នឹង​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ឲ្យ​អន្តរាគមន៍​ករណី​រំលោភ​យក​ដី​ធ្លី​ពលរដ្ឋ​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នេះ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ខ្មែរ​ក្រោម​រស់រាន​មាន​ជីវិត អាស្រ័យ​ទៅ​លើ​ដី​ស្រែ​ចម្ការ ដូច្នោះ​ការណ៍ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ដី​ស្រែ​ពី​ពួក​គេ គឺ​ស្មើ​នឹង​សម្លាប់​ពួក​គេ​ដូច្នោះ៖ «ពលរដ្ឋ​ខ្មែរ​ក្រោម ភាគ​ច្រើន​រស់​អាស្រ័យ​លើ​ដី​ស្រែ​ចម្ការ។ ប្រសិន​បើ​អាជ្ញាធរ​យួន​មិន​សង​ដី​ធ្លី​ទេ ពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​ជួប​ទុក្ខ​លំបាក»។

ព្រះភិក្ខុ សឺង យ៉ឹងរតនា បារម្ភ​ថា ការរំលោភ​យក​ដី​ខ្មែរ​ក្រោម​នេះ ជា​យុទ្ធសាស្ត្រ របស់​វៀតណាម ដើម្បី​បន្ត​ឈ្លានពាន យក​ដី​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម ពី​ព្រោះ​វៀតណាម កាល​ពី​ឆ្នាំ១៩៧៥ ធ្លាប់​យក​ដី​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ខេត្ត​ម៉ាត់​ជ្រូក។ កាល​ពី​នោះ វៀតណាម បោក​ប្រាស​ឲ្យ​ខ្មែរ​ក្រោម​បោះ​បង់​ដីធ្លី ទៅ​រស់​នៅ​កន្លែង​ផ្សេង ដោយ​អាជ្ញាធរ​វៀតណាម​កុហក​ថា ទាហាន​ខ្មែរក្រហម អាច​ចូល​ដល់​តំបន់​ដែល​ខ្មែរ​ក្រោម រស់នៅ ប៉ុន្តែ​ក្រោយ​ពេល​ចប់​សង្គ្រាម វៀតណាម​បាន​យក​ដីខ្មែរក្រោម​ ទៅ​ចែក​ឲ្យ​ពលរដ្ឋ​វៀតណាម​ទាំង​អស់។

ព្រះភិក្ខុ សឺង យ៉ឹងរតនា ចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California)មាន​ថេរ​ដីកា​បន្ត​ទៀត​ថា ទោះ​បី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ ប៉ុន្តែ​ក្តី​សង្ឃឹម​ថា វៀតណាម​នឹង​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម គឺ​មាន​តិចតួច​បំផុត៖ «សហព័ន្ធ​ខ្មែរ​ក្រោម អត់​សង្ឃឹម​ថា អាជ្ញាធរ​យួន​នឹង​ដោះ​ស្រាយ​ដោយ​យុត្តិធម៌ ឬ​សង​សំណង​ដល់​ខ្មែរ​ក្រោម​សមរម្យ​ទេ»។

ព្រះអង្គ​បន្ត​ថា កន្លង​មក​យ៉ាង​ហោច​ណាស់​ក៏​មាន ពលរដ្ឋ​ខ្មែរ​ក្រោម ត្រូវ​វៀតណាម​ជាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​ហ៊ាន​តវ៉ា​រឿង​ជម្លោះ​ដីធ្លី។ ទាក់ទង​ទៅ​នឹង​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ដោយសារ​តែ​រដ្ឋាភិបាល​កុម្មុយនិស្ត វៀតណាម​ជា​អ្នក​គ្រប់គ្រង​ដី​ទាំង​ស្រុង នៅ​ក្នុង​ប្រទេស​នេះ​ហើយ ទើបបាន​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ដីធ្លី កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ប្រទេស។ អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កត់​សំគាល់​ថា រដ្ឋាភិបាល​វៀតណាម តែង​តែ​ប្រើប្រាស់ អំណាច​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នេះ ដើម្បី​ដាក់​ការ​ត្រួតត្រា​ទៅ​លើ​ដីធ្លី​របស់​សហគមន៍។

មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រស់​នៅ​ទឹក​ដី​កម្ពុជាក្រោម ​ចំនួន ២១ខេត្ត​ មាន​ជាង ៨លាន​នាក់។ ពលរដ្ឋ​ខ្មែរ​ក្រោម ភាគ​ច្រើន​ជា​កសិករ ដែល​ពឹង​ផ្អែក​លើ​ដីស្រែ​ចម្ការ ដើម្បី​ចិញ្ចឹម​ជីវិត៕

No comments: