Thursday 4 June 2020

ព្រះសង្ឃ​ខ្មែរ​ក្រោម និពន្ធ​សៀវភៅ​កំណាព្យ​ស្ដីពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​វៀតណាម លើ​ពលរដ្ឋ​ខ្មែរ​ក្រោម


ដោយ យន់ សាមៀន
2020-06-03
rfa
ព្រះភិក្ខុ ថាច់ ប្រីជា គឿន
ព្រះភិក្ខុ ថាច់ ប្រីជា គឿន



និពន្ធនាយក​សារ​ព័ត៌មាន​ព្រៃ​នគរ និង​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម បាន​តែង​កំណាព្យ និង​បោះ​ពុម្ធ​សៀវភៅ​កំណាព្យ បង្ហាញ ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដើម្បី​ចែកចាយ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​យក​ទៅ​សិក្សា និង​ទុក​ជា​ឯកសារ​ប្រវត្តិសាស្ត្រ។  ​ព្រះអង្គ ធ្លាប់​រង​ការ​ដេញ​ចាប់​ដាក់​ពន្ធនាគារ ពី​សំណាក់​អាជ្ញាធរ​នៅ​វៀតណាម និង​កម្ពុជា ដោយ​សារ​តែ​ព្រះអង្គ សរសេរ​ព័ត៌មាន​បង្ហាញ​ពី​ការ​ពិត ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម។

សៀវភៅ​កំណាព្យ​នេះ មាន​ចំណង ជើង​ថា “ខ្លួនទីពឹងខ្លួន” រួម​មាន ៣៦កំណាព្យ ជា​ស្នាដៃ​របស់​ព្រះអង្គ ថាច់ ប្រីជា គឿន ដែល​សព្វថ្ងៃ​គង់​នៅ​វត្ត ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California)។ កំណាព្យ​ទាំង​នោះ​រួម​មាន កំណាព្យ ទង់​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ជីវិត​ខ្មែរ​ក្រោម ក្រោម​របប​ផ្តាច់ការ​យួន ពន្លឺ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួន​ឯង​ជា​ដើម​។


ព្រះភិក្ខុ ថាច់ ប្រីជា គឿន និពន្ធនាយក​សារ​ព័ត៌មាន​ព្រៃ​នគរ និង​ជា​អនុប្រធាន នាយកដ្ឋាន​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ថេរ​ដីកា​ថា ​ព្រះអង្គ​និពន្ធ​កំណាព្យ និង​បោះពុម្ព​សៀវភៅ​កំណាព្យ​នេះ​ឡើង ដើម្បី​ផ្សព្ធផ្សាយ ការ​ពិត​ផ្សេងៗ ស្តីពី ការ​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម។ ព្រះអង្គ ចាប់​ផ្ដើម​តែង​កំណាព្យ​​ទាំងនេះ តាំង​ពី​ឆ្នាំ ២០០៤ មក។ ជំហាន​ដំបូង ព្រះអង្គ​បាន​បោះ​ពុម្ព​សៀវភៅ​កំណាព្យ​នេះ ចំនួន ១០០ក្បាល ហើយ​គ្រោង​នឹង​បោះ​បន្ថែម​នៅ​កម្ពុជា​ទៀត​នៅ​ពេល​ក្រោយ ដើម្បី​ចែកចាយ​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម។​

ព្រះភិក្ខុ ថាច់ ប្រីជា គឿន បន្ត​ថា កន្លងមក ព្រះអង្គ​បាន​សរសេរ​កំណាព្យ​ទាំង​នេះ ហើយ​យក​ទៅ​ផ្សព្វផ្សាយ តាម​នៅ​សារព័ត៌មាន ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជាក្រោម (VOKK)។ ព្រះអង្គ​បន្ត​ថា
ដោយសារ​តែ កំណាព្យ​ទាំង​អស់​នោះ នៅ​រាត់រាយ ទើប​ព្រះអង្គ​សម្រេច​ប្រមូល​កង​ចក្រ​ជា​សៀវភៅ​បោះ​ពុម្ព​ជា​សៀវភៅ ដើម្បី​ងាយស្រួល អ្នក​ចូល​អាន និង​ទុក​ជា​ឯកសារ។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា កំណាព្យ​ទាំង​នោះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ និង​គំនិត​របស់​ព្រះអង្គ​ចំពោះ​ជីវភាព​របស់​ប្រជាជន​ខ្មែរ​ក្រោម ជា​ម្ចាស់​នៃ​ស្រុកកំណើត ដែល​កំពុង​រស់​នៅ​ក្នុង គុក​ងងឹត​ឥត​ជញ្ជាំង ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម៖ «ស្នាដៃ​ហ្នឹង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ដឹង​ពី ការ​ពិត​ផ្សេងៗ ដែល​រដ្ឋាភិបាល​វៀតណាម​ហ្នឹង បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ។ ម៉្យាង​ទៀត នៅ​ដែន​ដី​កម្ពុជា​ក្រោម ខ្មែរ​ក្រោម​គ្មាន​សិទ្ធិ​បោះ​ពុម្ពជា​សៀវភៅ»។

ព្រះភិក្ខុ ថាច់ ប្រីជា គឿន ជា​កូន​កសិករ​ខ្មែរ​ក្រោម ប្រសូត​នៅ​ឆ្នាំ ១៩៨១ នៅ​ស្រុក​កំពង់​ស្ពាន  ខេត្ត ព្រះត្រពាំង ដែន​ដី​កម្ពុជា​ក្រោម។ ព្រះអង្គ​ចាប់​ផ្ដើម​បួស​ជា​សង្ឃ កាល​ពី​ឆ្នាំ១៩៩៨ រហូត​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​បាលី នៅ​សាលា​ពុទ្ធិកសិក្សា ក្នុង​វត្ត​ចម្ប៉ា​បុរី នៅ​ឆ្នាំ២០០៤។ ព្រះអង្គ បាន​ភៀស​ព្រះ​កាយ​ពី​ស្រុក​កំណើត ដោយសារតែ​អាជ្ញាធរ​វៀតណាម​តាម​ចាប់​ព្រះអង្គ ដោយ​ចោទ​ប្រកាន់​ពី​បទ​ឃោសនា​ប្រឆាំង​រដ្ឋ​កុំមុយនិស​វៀតណាម។ ព្រះអង្គ​បន្ត​ថា កាល​នៅ​កម្ពុជា​ក្រោម ព្រះអង្គ បាន​នាំ​ព្រះសង្ឃ​ខ្មែរ​ក្រោម អាន​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនធឹណិត​របស់​សហព័ន្ធ​ខ្មែរ​ក្រោម  និង​ផ្ញើ​ព័ត៌មាន និង​រូបភាព​ពី​កម្ពុជា​ក្រោម ទៅ​សហព័ន្ធ​ខ្មែរ​ក្រោម​នៅ​អាមេរិក។ ព្រះអង្គ​បន្ត​ថា អាជ្ញាធរ​វៀតណាម​បាន​ចាប់​ផ្តើម​ស្វែង​រក​ចាប់​ខ្លួន​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​ចែកចាយ​សៀវភៅ​មាន​ចំណង​ជើង​ថា ទុក្ខ​របស់​ខ្មែរ​ក្រោម ឲ្យ​ខ្មែរ​ក្រោម​អាន។ ដោយសារ​តែ បញ្ហា​នេះ​ហើយ​ទើប​បាន​ព្រះអង្គ​និមន្ត​មក​កម្ពុជា។ ពេល​មក​ដល់​កម្ពុជា កាល​ពី​ឆ្នាំ ២០០៥ ព្រះ​ក៏​បាន​ចូល​រួម​បង្កើត សារព័ត៌មាន ព្រៃនគរ ។ ប៉ុន្តែ​អាជ្ញាធរ វៀតណាម​មិន​បាន​ទុក​ឲ្យ​ព្រះអង្គ​បាន​សុខ​ឡើយ។ វៀតណាម​បាន​សហការ​នឹង​ក្រសួង​មហាផ្ទៃ​ខ្មែរ ធ្វើ​ទុក្ខ​បុក​ម្នេញ​ព្រះអង្គ​បន្ត​ទៀត ក្រោយ​ពេល​ព្រះអង្គ​បាន​ផ្សាយ​អត្ថបទ​រិះគន់​វៀតណាម​ករណី​រំលោភ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម។ ក្រោយ​ទ្រាំ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់ អាជ្ញាធរ​ខ្មែរ​ មិន​បាន ព្រះអង្គ​ក៏​សម្រេច​ព្រះទ័យ​ចាក​ចេញ​មក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ថៃ អស់​រយៈ​ពេល បី​ឆ្នាំ ទើប​បាន​ផ្លាស់​ប្ដូរ​ទី​កន្លែង​រស់​នៅ​មក​សហរដ្ឋ​អាមេរិក។​

មក​ដល់​អាមេរិក ព្រះអង្គ​នៅ​តែ​បន្ត​ធ្វើ​ការ​បំរើ​វិស័យ​ព័ត៌មាន​ដល់ ពលរដ្ឋ​ខ្មែរ​ក្រោម តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន នៅ​តាម​សារ​ព័ត៌មាន​ព្រៃ​នគរ និង​កម្មវិធី​សំឡេង​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន នៅ​ទីក្រុង សានហូហ្សេ (San Jose)។  ព្រះអង្គ ថាច់ ប្រីជា គឿន មិន​សូវ​បញ្ចេញ​ព្រះភ័ក្ត្រ នៅ​តាម​បណ្ដាញ​សារ​ព័ត៌មាន​នោះ​ទេ ព្រោះ​ធ្វើ​ការងារ​នៅ​ពី​ក្រៅ​ឆាក និង​ចេះ​កាត់​ត​វីដេអូ កិច្ច​សម្ភាសន៍​សម្រាប់ កម្មវិធី​ព័ត៌មាន​សំឡេង​ខ្មែរ​ក្រោម បាន​យ៉ាង​ស្ទាត់​ជំនាញ។

ព្រះភិក្ខុ ថាច់ ប្រីជា គឿន មាន​ថេរ​ដីកា​ទៀត​ថា ការ​តស៊ូ​សរសេរ​សៀវភៅ និង​ព័ត៌មាន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ ព្រះអង្គ​មាន​មាន​ទិសដៅ​តែ​មួយ​គត់​គឺ ឲ្យ​ខ្មែរ​ក្រោម​ទទួល​បាន​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត​នៅ​កម្ពុជា៖ «រាល់​ថ្ងៃ​ធ្វើ​ព័ត៌មាន សរសេរ​អត្ថបទ​គ្រប់​បែប​យ៉ាង​បោះ​ពុម្ព។ យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​គ្រប់​រូប បាន​យល់​សិទ្ធិ​របស់​ខ្លួន»។

ព្រះភិក្ខុ ថាច់ ប្រី​ជា គឿន មិន​ទាន់​បញ្ចប់​ការ​សរសេរ​របស់​ព្រះអង្គ​នៅ​ឡើយ​ទេ។ ព្រះអង្គ​កំពុង​​សរសេរ​សៀវភៅ​មួយ​ចំនួន​ទៀត ដូច​ជា សៀវភៅ​មាន​ចំណង​ជើង​ថា សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង សៀវភៅ តម្រា​ជីវិត និង​ប្រវត្តិ​ផ្ទាល់​ខ្លួន​ជា​ដើម៕

No comments: