Thursday 4 June 2020

អាជ្ញាធរ​វៀតណាម​ពិន័យ​លុយ​យុវជន​ខ្មែរ​ក្រោម​ប្រមាណ ៣រយ​ដុល្លារ​ករណី​បង្ហោះ​វីដេអូ​រឿង​ចោទ​អាជ្ញាធរ​វៀតណាម​ចែក​អង្ករ​ក្លែងក្លាយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម


ដោយ យន់ សាមៀន
2020-06-02
rfa
យុវជន​ខ្មែរ​ក្រោម​ឈ្មោះ ថាច់ កឿង រស់​នៅ​ខេត្ត​ព្រះត្រពាំង ដូរ​ជា​ខេត្ត​ត្រាវិញ (Tra Vinh) ដែល​អាជ្ញាធរ​វៀតណាម​ហៅ​សាកសួរ រឿង​បង្ហោះ​វីដេអូ អំពី​អង្ករ​ក្លែងក្លាយ។
យុវជន​ខ្មែរ​ក្រោម​ឈ្មោះ ថាច់ កឿង រស់​នៅ​ខេត្ត​ព្រះត្រពាំង ដូរ​ជា​ខេត្ត​ត្រាវិញ (Tra Vinh) ដែល​អាជ្ញាធរ​វៀតណាម​ហៅ​សាកសួរ រឿង​បង្ហោះ​វីដេអូ អំពី​អង្ករ​ក្លែងក្លាយ។
រូប៖ ហ្វេសប៊ុក ថាច់ កឿង



អាជ្ញាធរ​​វៀតណាម​ពិន័យ​​លុយ ​យុវជន​ខ្មែរ​ក្រោម​ជាង ៧លាន​ដុង ឬ​ប្រមាណ ៣រយ​ដុល្លារ​ករណី​បង្ហោះ​វីដេអូ​​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ចោទ ​​អាជ្ញាធរ​វៀតណាម​ចែក​​អង្ករ​ក្លែងក្លាយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​។​ យុវជន​ខ្មែរ​ក្រោម​និង​សមាគម​​ខ្មែរ​ក្រោម​ហៅ​ការ​ពិន័យ​​​​ជា​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ និង​ស្នើ​អាជ្ញាធរ​វៀតណាម​ឱ្យ​ពិចារណា​ឡើង​វិញ ចំពោះ​ការ​ផាក​ពិន័យ​នេះ។

យុវជន​ខ្មែរ​ក្រោម លោក ថាច់ កឿង​ ប្រាប់​អាស៊ី​សេរី​ថា លោក​ព្រួយ​​បារម្ភ​ខ្លាច​រក​ប្រាក់​​បង់​​ឲ្យ​អាជ្ញាធរ​វៀតណាម​មិន​បាន​ដោយ​សារ​តែ​លោក​កំពុង​ជួប​វិបត្តិ ​រក​ប្រាក់​ចំណូល​​​​មិនបាន បណ្ដាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ ការ​ពិន័យ​នេះ ដោយសារតែ កាល​​ពី​ចុង​ខែ​​ ឧសភា​ លោក​ ថាច់ កឿង ​បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​បង្ហាញ​ការ​សង្ស័យ​ថា អង្ករ​ដែល​​អាជ្ញាធរ​វៀតណាម​ចែក​អំណោយ​ដល់​គ្រួសារ​លោក​ជា ​អង្ករ​ក្លែងក្លាយ ​ឬ​ជា​អង្ករ​ប្លាស្ទិក។​ លោក​អះអាង​ដូច្នោះ ដោយសារ​តែ​លោក​បាន​យក​អង្ករ​នោះ​ទៅ​លីង ហើយ​ជា​លទ្ធផល​គឺ​អង្ករ​នោះ មិន​ឈ្ងុយ​នោះ​ទេ​ ប៉ុន្តែ​ភាយ​ក្លិន​ឈ្ងៀម និង​ឡើង​ពណ៌​ខ្មៅ​​ ទើប​លោក​សន្និដ្ឋាន​ថា ​អង្ករ​នោះ​ជា​អង្ករ​ក្លែងក្លាយ​ឬ​ជា​អង្ករ​ប្លាស្ទិក។​


យុវជន​រូប​នេះ​ថា អាជ្ញាធរ​វៀតណាម​ផ្នែក​ព័ត៌មាន និង​ទូរគមនាគមន៍​នៅ​ខេត្ត​ព្រះត្រពាំង ​ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត ​ត្រាវិញ (Tra Vinh) កាល​ពី​ថ្ងៃ​ទី២ មិថុនា បាន​ព្រមាន​​​ថា​ បើ​លោក​មិន​ព្រម​​បង់​ប្រាក់​ពិន័យ និង​ទទួល​កំហុស​​​​ទេ លោក​នឹង​ត្រូវ​ចាប់​ខ្លួន ​​ដូច្នេះ​លោក​បង្ខំ​ចិត្ត​​ចុះ​ហត្ថលេខា​ទទួលស្គាល់​ថា ​​អង្ករ​ក្លែងក្លាយ​​​​ដែល​អាជ្ញាធរ​វៀតណាម​ចែក​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ជា​អង្ករ​ពិត៖ «សរុប​សេចក្ដី​មក​គេ​យើង​ខុស​ចូល​មាត្រា​ទី​ប៉ុន្មាន អ៊ីចឹង គេ​ពិន័យ​ជា​ប្រាក់ ហើយ​គេ​ឱ្យ​យើង​ចុះ​ហត្ថលេខា​ទទួល​ស្គាល់ ពិន័យ​ជា​ប្រាក់​អ៊ីចឹង​ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ ប៉ុន្តែ​ខ្ញុំ​ចុះ​ហត្ថលេខា​ដោយ​បង្ខំ​បើ​យើង​មិន​ចុះ​ហត្ថលេខា​ទេ យើង​ប្រឆាំង​នឹង​រដ្ឋ​របស់​គេ»។

លោក ថាច់ កឿង ថា អាជ្ញាធរ​វៀតណាម​​ទុក​ពេល​ឱ្យ​លោក ១០ថ្ងៃ ដើម្បី​រក​ប្រាក់​ហើយ​បើ​គេច​ខ្លួន​​មិន​ទៅ​បង់​ប្រាក់​ពិន័យ​នឹង​មាន​បញ្ហា។

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី លោក ថាច់ សេដ្ឋា​ ឱ្យ​ដឹង​ថា ​តាម​ដែល​លោក​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​គឺ មាន​ពលរដ្ឋ​​ជា​ច្រើន​ទទួល​បាន​អង្ករ​គ្មាន​គុណភាព​ពី​អាជ្ញាធរ​វៀតណាម​ដែល​ផ្ដល់​ជា​អំណោយ​ដល់​ពួក​គេ។ ប៉ុន្តែ​លោក​ថា​​ ពួកគេ​ទាំង​នោះ​មិន​ហ៊ាន​និយាយ​ជា​សាធារណៈ​ដូច​យុវជន ថាច់ កឿង នោះ​ទេ។ លោក​​ស្នើ​ទៅ​អាជ្ញាធរ​វៀតណាម​គួរ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ជា​ជាង​គំរាម​កំហែង​លើ​​ពលរដ្ឋ​​ខ្មែរ​ក្រោម៖ «ដូច្នេះ​ហើយ​ការ​គំរាម​កំហែង​ការ​ហៅ​ទៅ​សម្លុត​ទៅ​ពិន័យ​នេះ​ជា​អំពើ​មួយ​ខុស​ច្បាប់​ទាំង​ស្រុង ដូច្នេះ​ហើយ​ខ្ញុំ​សូម​ដល់​អង្គការ​ជាតិ​អន្តរជាតិ​សូម​មេត្តា​ទៅ​តាម​ដាន​បន្ថែម​អំពី​សកម្មភាព​នៃ​សិទ្ធិ​ការ​បញ្ចេញ​មតិ ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម»។

ចំណែក ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​វិញ ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម ពិចារណា​ឡើង​វិញ ចំពោះ​ការ​ផាក​ពិន័យ​នេះ៖ «តាម​ពិត​យុវជន​ហ្នឹង និយាយ​ការ​ពិត​ត្រឹម​ត្រូវ ពី​ព្រោះ​គាត់​យក​មិន​ធ្វើ​តេស្ត​វា​ត្រឹម​ត្រូវ​មែន។ អាជ្ញាធរ​យួន​ហៅ​ទៅ​ផាក​ពិន័យ ចង់​និយាយ​ថា វា​មិន​មែន​ជា​ច្បាប់​ផាក​ពិន័យ​ទេ ពី​ព្រោះ​យួន​វា​ឲ្យ​របស់​ក្លែង​ក្លាយ​មែន»។

ករណី​គំរាម យុវជន លោក ថាច់ កឿង មិន​មែន​ជា​ករណី​លើក​ទី​មួយ​នោះ​ទេ។ អាជ្ញាធរ​វៀតណាម ធ្លាប់​បង្ខំ​ឲ្យ​យុវជន​ខ្មែរ​ក្រោម​ចុះ​ហត្ថលេខា ឈប់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម រិះគន់​រដ្ឋាភិបាល កុម្មុយនិស្ត​វៀតណាម។

យុវជន ថាច់ កឿង បារម្ភ​ថា ក្នុង​រយៈ​ពេល ១០ថ្ងៃ​ទៀត  គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី២ ខែ​មិថុនា​ទៅ ប្រសិន​បើ​លោក​មិន​អាច​រក​ប្រាក់​គ្រប់​ចំនួន ទៅ​បង់​ឲ្យ​អាជ្ញាធរ​វៀតណាម​តាម​ការ​កំណត់​ទេ​នោះ គឺ​លោក​អាច​នឹង​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន៕

No comments: