Tuesday 2 June 2020

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ដាក់​កម្លាំង​បិទ​ផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​តវ៉ា​នៅ​ច្រក​​ព្រំដែន​ប៉ោយប៉ែត


ដោយ វ៉ែន សុមេធ
2020-06-01
rfa
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
Photo courtesy of Mother Nature



អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះលែង​យុវជន​បរិស្ថាន​លោក ហ៊ុន វណ្ណៈ វិញ​ហើយ បន្ទាប់​ពី​ឃាត់ខ្លួន​សាកសួរ​អស់​ជាង​៤​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា។ លោក ហ៊ុន វណ្ណៈ ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ដែល​លោក​ចុះ​ឃ្លាំមើល​អាជ្ញាធរ​ដាក់​ពង្រាយ​កង​កម្លាំង​ជាច្រើន​នាក់​ទប់ស្កាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​តវ៉ា​នៅ​ច្រកទ្វារ​​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ដាក់​ពង្រាយ​ប៉ូលិស និង​ប៉េអិម​រាប់រយ​នាក់​បិទ​ផ្លូវ​គ្រប់​ច្រកល្ហក​នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត រារាំង​មិន​ឱ្យ​ពលរដ្ឋ​ធ្វើបាតុកម្ម​នៅ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​និង​ថៃ​។ ជាមួយ​គ្នា​នេះ​ក្រុម​ប្រជាពលរដ្ឋ​ក៏​កំពុង​រក​ឱកាស ដើម្បី​ចូល​ទៅ​តវ៉ា​នៅ​តំបន់​ព្រំដែន​តាម​ការ​គ្រោងទុក​ដដែល។




យុវជន​បរិស្ថាន​ដែល​ចុះ​ឃ្លាំមើល​រឿង​នេះ​ដល់​ទី​កន្លែង​លោក ហ៊ុន វណ្ណៈ ថ្លែង​ក្រោយពេល​អាជ្ញាធរ​ដោះលែង​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ រួមមាន​តំណាង​អយ្យកា និង​ស្នងការ​រង ព្រមទាំង​អភិបាលរង​ខេត្ត និង​មន្ត្រី​ប៉ូលិស​មួយ​​ចំនួន បាន​នាំ​លោក​ទៅ​សួរចម្លើយ​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយប៉ែត​ប្រមាណ​៤​ម៉ោង​។​លោក​បញ្ជាក់​ថា អាជ្ញាធរ​បាន​ចោទប្រកាន់​លោក​ថា​ជា​ក្រុម​អ្នកយកព័ត៌មាន​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​បង្ខំ​ឱ្យ​លុប​រូបភាព​ក្នុង​ទូរស័ព្ទ​ចោល ប៉ុន្តែ ត្រូវ​បាន​លោក​បដិសេធ៖ «គេ​ព្យាយាម​សួរ​ខ្ញុំ​ថា ដេក​នៅផ្ទះ​សំណាក់​ណា​ដើម្បី​ឆែក​មើល​ក្រែង​មាន​អីវ៉ាន់​អី​ដែល​អាច​ចោទប្រកាន់​បាន។ ម្យ៉ាងទៀត​គេ​ព្យាយាម​ឱ្យ​ខ្ញុំ​ផឹកទឹក ដើម្បី​គេ​ពិនិត្យ​ទឹកនោម​ហើយ​ក្នុង​ហ្នឹង​មាន​រូបភាព​ខ្ញុំ​ជឿជាក់​តែម្ដង​វា​ជា​ការ​ដាក់​ថ្នាំ​ពីក្រោយ​ខ្នង ខ្ញុំ​មិនដែល​មាន​ស្ថានភាព​បែប​ហ្នឹង​ទេ គឺ​ខ្ញុំ​ញ័រ​ខ្ញុំ​ភ័យ​ដូច​កូន​សត្វ​នៅ​ពេល​ហ្នឹង​តែ​ខ្ញុំ​តាំងស្មារតី​វិញ​បាន»។

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​លោក គឹង វណ្ណៈ ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា អាជ្ញាធរ​បាន​ដោះលែង​លោក ហ៊ុន វណ្ណៈ វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល។ ទោះជា​យ៉ាងណា​លោក​មិន​បាន​អត្ថាធិប្បាយ​ជុំវិញ​ការ​ចាប់ខ្លួន​និង​ការ​ដាក់​ពង្រាយ​កងកម្លាំង​ទប់ស្កាត់​ប្រជាពលរដ្ឋ​តវ៉ា​នោះ​ឡើយ៖ «ទាល់តែ​សួរ​ទៅ​ខាង​សមត្ថកិច្ច​ព្រោះ​សមត្ថកិច្ច​គេ​អ្នកធ្វើការ​ព្រោះ​អី​ពេល​ហ្នឹង​ខ្ញុំ​អត់​បាន​ចូល​ទៅ​សួរ​គាត់​ផង»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធ ឡោះ និង​ព្រះរាជអាជ្ញា​រង លោក តេង សាម៉ៃ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បន្ថែម​ទៀត​នៅ​រសៀល​ថ្ងៃ​ទី​១​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​លោក ឌិន ពុទ្ធី ថ្លែង​ថា ថ្វីត្បិតតែ​អាជ្ញាធរ​ឃាត់ខ្លួន​យុវជន​ម្នាក់​បែបនេះ​ក្ដី ក៏​ក្រុម​ប្រជាពលរដ្ឋ​នៅតែ​បន្ត​គម្រោង​ធ្វើបាតុកម្ម​ដដែល។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កំពុង​តាម​ដាន​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត និង​ត្រៀម​ជួបជុំគ្នា​នៅ​គោលដៅ​ដែល​បាន​កំណត់​ដដែល ប្រសិនបើ​អាជ្ញាធរ​បើក​ឱ្យ​ឡាន​ដឹកទំនិញ​របស់​ថៃ​ចូល​មក​កម្ពុជា​ដូច​មុន​នេះ៖ «អីចឹង​ការ​ប្រើ​កម្លាំង​ហ្នឹង​គឺ​ប្រើ​កម្លាំង​ហួសហេតុ​យើង​គិត​ថា កងកម្លាំង​ដែល​អាជ្ញាធរ​ដាក់​ព្រាយ​ហ្នឹង​សុទ្ធតែ​ស៊ីប្រាក់ខែ​ពី​រដ្ឋ​ដែល​ប្រជាពលរដ្ឋ​បង់ពន្ធ​ឱ្យ​រដ្ឋ​។​អីចឹង​ការ​ដាក់​កម្លាំង​មក​បង្ក្រាប​វា​មិន​សម និង​មិន​ត្រឹមត្រូវ​ទេ​ដោយសារតែ​ពួកគាត់​ស៊ីប្រាក់ខែ​ពី​រាស្ត្រ ហើយ​មក​គាបសង្កត់​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ហើយ​ផ្ទុយ​ទៅ​ហ្នឹង​ច្បាប់រដ្ឋធម្មនុញ្ញ»។

លោក​បន្ថែម​ថា ក្រុម​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ​ប្រទេស​ថៃ និង​អ្នក​ប៉ះពាល់​ពី​ការ​បិទ​ព្រំដែន​នេះ សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​អាជ្ញាធរ​ដាក់​កម្លាំង​ហាមប្រាម​ពួកគាត់​មិន​ឱ្យ​ជួបជុំគ្នា​តវ៉ា​បែបនេះ​។​

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ចុះ​តាមដាន​រឿង​នេះ​លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍ថា ការ​ចាប់ខ្លួន​យុវជន​ម្នាក់​ទៅ​សួរនាំ​នេះ ជា​ការ​បិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​។​លោក​បន្ត​ថា លោក ហ៊ុន វណ្ណៈ ពុំបាន​ប្រព្រឹត្ត​ខុសច្បាប់​នោះ​ឡើយ៖ «យើង​បាន​សួរ​ប្រជាពលរដ្ឋ​ខ្លះ​ដែរ​ហើយ​ពួកគាត់​និយាយ​ថា​ពួកគាត់​ហ្នឹង​បម្រុង​ធ្វើបាតុកម្ម​មែន​ប៉ុន្តែ​មិន​ដឹង​ថា ទៅ​ផ្ដុំ​គ្នា​កន្លែង​ណា​បានទេ​បើ​ប៉ូលិស​ពេញ​ដី​អីចឹង​។​យើង​គិត​ថា ជា​ការ​ទាក់ទង​សេរីភាព​បញ្ចេញមតិ​មួយ​ដល់​ពួកគាត់​ជាស​ញ្ញាណ​មួយ​ដែល​បង្ហាញថា​ជាការ​រារាំង​ដល់​ពួកគាត់​ជាស្រេច​ទៅ​ហើយ​សូម្បីតែ​ពួកគាត់​មិនទាន់​ធ្វើបាតុកម្ម​ក៏ដោយ​ក៏​មាន​ការ​កើត​ឡើង​ដែរ»។

ចាប់តាំង​ពី​អាជ្ញាធរ​ដាក់​កម្លាំង​ទប់ស្កាត់​អ្នក​តវ៉ា​មក គឺ​ពុំ​មាន​ឡាន​ដឹកទំនិញ​របស់​ថៃ​ណាមួយ​ចូល​មក​ដល់​ក្រុង​ប៉ោយប៉ែត​នោះ​ទេ នៅ​ថ្ងៃ​ទី១ មិថុនា ហើយ​អាជ្ញាធរ​ក៏​មិនទាន់​ដក​កម្លាំង​ចេញពី​ព្រំដែន​នៅឡើយ​។ ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ក៏​នៅតែ​បន្ត​ឃ្លាំមើល​ព្រំដែន​ចាំ​ទប់ស្កាត់​រថយន្ត​ដឹកទំនិញ​របស់​ថៃ​មិន​ឱ្យ​ចូល​មក​ទឹកដី​កម្ពុជា​ឡើយ។

កាលពី​ថ្ងៃ​ទី​២៥​ឧសភា​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​សាលាខេត្ត​បន្ទាយមានជ័យ​ធ្វើបាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​អន្តរាគមន៍​ទៅ​ខាង​ភាគ​ថៃ​សុំ​ឱ្យ​បើក​ច្រកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​ឡើងវិញ ដោយសារ​ការ​បិទ​ព្រំដែន​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ៕

No comments: