Monday 1 June 2020

ពលកម្ម​កុមារ​លាក់​មុខ​នៅ​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ​និង​កាត់ដេរ​សំលៀកបំពាក់


ដោយ សេក បណ្ឌិត
2020-06-01

កម្មករ​ចេញ​ពី​រោងចក្រ​មួយ​នៅ​តាម​បណ្ដោយ​ទំនប់​កប់​ស្រូវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០។
កម្មករ​ចេញ​ពី​រោងចក្រ​មួយ​នៅ​តាម​បណ្ដោយ​ទំនប់​កប់​ស្រូវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ កម្មករ




ដោយសារតែ​កត្តា​ជីវភាព កម្មករ​-​កម្មការិនី​ជាច្រើន​ដែល​មាន​អាយុ​ក្រោម​ច្បាប់​កំណត់ បាន​ខ្ចី​សៀវភៅ​គ្រួសារ​របស់​មិត្តភ័ក្ដិ រឺ​ក៏​បងប្អូន ដើម្បី​មាន​លទ្ធភាព​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​នានា។ សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ប៉ះពាល់​សុខភាព និង​ការរៀនសូត្រ​របស់​កុមារ​ដែល​បង្ខំចិត្ត​ចូល​ធ្វើការ​ដោយ​ខុសច្បាប់ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ។

ថ្ងៃ​ទី​១ មិថុនា គឺជា​ខួប​លើ​ទី​៧១ នៃ​ទិវា​កុមារ​អន្តរជាតិ និង​ថ្ងៃ​ទី​១២ មិថុនា គឺជា​ខួប​លើក​ទី​១៩ នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ។ ប៉ុន្តែ​សម្រាប់​កម្មការិនី ភួង រចនា ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ពុំ​ដឹង​ទេ​ថា អ្វី​ទៅជា​ពលកម្ម​កុមារ​នោះ​ទេ ដែល​កាល​ពី​២​ឆ្នាំមុន កញ្ញា​បាន​ប្រើ​សៀវភៅ​គ្រួសារ​អ្នកដទៃ ដើម្បី​ទទួល​បាន​ការងារ​ធ្វើជា​កម្មការិនី​រោងចក្រ​នោះ​ទេ។

អង្គុយ​នៅ​ក្នុង​អង្រឹង​ក្រោយ​ផ្ទះ​ក្រោម​ម្លប់​ដើម​ឬស្សី ក្នុង​ស្រុក​កណ្ដាលស្ទឹង កញ្ញា រចនា ដែល​បច្ចុប្បន្ន មាន​អាយុ ១៦​ឆ្នាំ​ហើយ​នោះ បាន​ឱ្យ​ដឹង​ថា កញ្ញា​បាន​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាល​ពី​នាង​មាន​អាយុ ១៤​ឆ្នាំ ហើយ​ដោយសារតែ​អាយុ​មិន​គ្រប់​មិន​អាច​ធ្វើ​ការងារ​បាន គ្រួសារ​របស់​កញ្ញា​បាន​យក​សៀវភៅ​គ្រួសារ​ពី​បងប្អូន​ជីដូនមួយ​ទៅ​ប្រើ​។ អ្វី​ដែល​កញ្ញា​ត្រូវ​ធ្វើ​នៅ​ពេល​នោះ​គឺ​ត្រូវ​ទន្ទិញ​ឈ្មោះ ថ្ងៃខែ ឆ្នាំ​កំណើត​ឱ្យ​ចាំ​ស្ទាត់​មាត់៖ «មួយ​គំនរ គេ​ដំឡើង​ទាំងអស់​ហ្នឹង គ្រាន់តែ​ទៅដល់​គ្រាន់​រដ្ឋបាល​គេ​សួរ អឺ យើង​ឈ្មោះ​អី បងប្អូន​ប៉ុន្មាន​នាក់​អី​ប៉ុណ្ណឹង​ហ្នឹង»។


កញ្ញា រចនា ពុំ​បាន​ដឹង​ថា ការងារ​របស់​នាង​នៅ​ពេល​នោះ​ខុសច្បាប់​នោះ​ទេ ហើយ​មិនមែន​មានតែ​ខ្លួន​កញ្ញា​ម្នាក់ឯង​នោះ​ទេ មិន​គ្រប់​អាយុ​នៅ​ពេល​នោះ ដែល​ធ្វើការ​ក្នុង​រោងចក្រ​ដែល​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ។

កញ្ញា រចនា បាន​សម្រេច​ចិត្ត​បោះបង់ចោល​ការ​សិក្សារ​នៅ​ថ្នាក់​ទី​៨ ដោយសារតែ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅ​រៀន ហើយ​ម្យ៉ាងទៀត​ឃើញ​មិត្តភ័ក្ដិ​អាយុ​ដូចគ្នា​បាន​ចូល​ធ្វើ​ការងារ​រោងចក្រ បាន​លុយ​បាន​កាក់​យក​មក​ឱ្យ​គ្រួសារ កញ្ញា​ក៏​សម្រេចចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​រក​ចក្រ​ដែរ ប៉ុន្តែ​មាន​ការ​លំបាក​ខ្លាំង​ទម្រាំ​រក​ឯកសារ​ដើម្បី​បង្ហាញ​ខាង​រោងចក្រ​ថា មាន​អាយុ​គ្រប់ ១៨​ឆ្នាំ៖ «តែ​ឥឡូវ​អត់​ដូច​មុន​ទេ ឥឡូវ​ស្រួល​សឹង​អី​ពូ ឱ្យ​តែ​យើង​មាន​ខ្សែ បើ​យើង​មាន​ខ្សែ​គេ​អត់​សួរនាំ​ច្រើន​ទេ»។

កម្មការិនី ម្នាក់​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​និង​សំឡេង​ថា កញ្ញា​គឺជា​កូន​អ្នក​ស្រុកស្រែ ឪពុកម្ដាយ​មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើ​សំបុត្រកំណើត ហើយ​នៅ​ពេល​ដែល​កញ្ញា​មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ គ្មាន​សំបុត្រកំណើត ប៉ុន្តែ​មាន​សៀវភៅ​គ្រួសារ។

នាង​ថា ទៅ​ខ្ចី​សៀវភៅ​គ្រួសារ​មិត្តភ័ក្ដិ​ដើម្បី​ធ្វើ​តេស្ត​ចូល​ធ្វើ​ការ ព្រោះ​កាលពី ៥​ឆ្នាំមុន ខ្ញុំ​ទើបតែ ១៥​ឆ្នាំ។ ឥឡូវ​អាយុ ២០​ឆ្នាំ​ហើយ នាង​កំពុង​បារម្ភ ចំពោះ​ការ​ទទួល​អត្ថប្រយោជន៍​ពី​ប័ណ្ណ​ប.ស.ស ព្រោះ​ឈ្មោះ​គេ។

កម្មការិនី​រូប​នេះ​បាន​លើកឡើង​ថា ភាគច្រើន​អ្នក​ដែល​ធ្វើការ​រោងចក្រ​គឺ គ្មាន​ឱកាស​ក្នុង​ការ​សិក្សា ទី​ពីរ​ស្ថានភាព​គ្រួសារ​ក្រីក្រ អ្នក​ខ្លះ​ទៀត​ខ្ជិល​រៀន​តែម្ដង និង​ជ្រួលជ្រើម​តាម​គ្នា។

ចំណែក​ឪពុក​របស់​យុវជន​រងគ្រោះ ឃឹម សុផាត គឺ​លោក ឃឹម សឿន ដែល​កូន​បាត់​ខ្លួន​កាលពី ឆ្នាំ​២០១៤ ក្នុង​កូដកម្ម​សុំ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ នៅ​ផ្លូវ​វេងស្រេង ក្រុងភ្នំពេញ បាន​ឱ្យ​ដឹង​​ថា ពេល​កូន​របស់​លោក​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ ពុំ​ទាន់​គ្រប់​អាយុ​ធ្វើការ​ទេ ប៉ុន្តែ​កូន​របស់​គាត់ បាន​យក​ឯកសារ​ស្របច្បាប់​របស់​អ្នកភូមិ​ជិតខាង ដើម្បី​យក​ទៅ​ធ្វើតេស្ត​ចូល​ធ្វើការ​។ លោក​ឱ្យ​ដឹង​ទៀត​ថា លោក​បណ្ដោយ​ឱ្យ​កូន​ទៅ​ធ្វើ​ការ​ទាំង​នៅ​ក្មេង​ដើម្បី​បាន​ប្រាក់​ខ្លះ ទ្រទ្រង់​ជីវភាព​គ្រួសារ ព្រោះ​កាលនោះ​គ្រួសារ​របស់​លោក​ស្ថិត​ក្នុង​ស្ថានភាព​លំបាក៖ «កូន​ខ្ញុំ​ទៅ​ធ្វើការ​រោងចក្រ​លោកគ្រូ អាយុ ១៦ ឆ្នាំ។ វា​មិន​ទាន់​គ្រប់​អាយុ ខ្ចី​ឈ្មោះ​គេ​ចូល លោកគ្រូ! យក​ទាំង​សៀវភៅ​គ្រួសារ ទាំង​សំបុត្រកំណើត​គេ​ទៅ លោកគ្រូ!។ កាលហ្នឹង​ខ្ចី​គ្នា​ចុះ​ឡងៗ​ដែរ​កាល​មុន»។

លោក​បញ្ជាក់​ទៀត​ថា កាល​សម័យ​នោះ នៅ​ពេល​ទៅ​រក​ការងារ​ធ្វើ​រោងចក្រ ពួកគេ​មិន​ខ្វល់​ថា គ្រប់​អាយុ ឬ​អត់​នោះ​ទេ ព្រោះ​ពួកគេ​អាង​ខ្ចី​សៀវភៅ​គ្រួសារ របស់​មិត្តភ័ក្ដិ​យក​ទៅ​បង្ហាញ​ពួក​រោងចក្រ ដោយ​ពុំ​ចាំបាច់​ធ្វើ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​នោះ​ទេ​។ ម្យ៉ាងទៀត​ខាង​រោងចក្រ​ក៏​មិន​តឹងរ៉ឹង នៅ​ពេល​គេ​ពិនិត្យ​ឯកសារ៖ «រោងចក្រ​កាលនោះ​វា មាន​ទេ ឱ្យ​តែ​បាន​គ្រប់​អាយុ គេ​ឱ្យ​ចូល​តែម្ដង​កាល​ហ្នឹង»។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានចេញ​សារលិខិត​អបអរ​សារ​ទរ​ខួប​លើ​ទី​៧១ ទិវា​កុមារ​អន្ដរជាតិ​១​មិថុនា ខួប​លើក​ទី​១៩ និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា ឆ្នាំ​២០២០ ដោយ​ជំរុញ​ក្រសួង​ស្ថាប័ន​ត្រូវ​បន្ត​អនុវត្ត​សញ្ញា​ស្នូល​នៃ អង្គការ​អន្ដរជាតិ​ខាង​ការងារ ដើម្បី​លុបបំបាត់​គ្រប់​ទម្រង់​នៃ​ពលកម្ម​កុមារ លើកកម្ពស់​ការ​យល់ដឹង បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​អំពី​ការប្រើប្រាស់​ពលកម្ម​កុមារ​គ្រប់​សកម្មភាព​សេដ្ឋកិច្ច និង​ពង្រឹង​វិធានការ​អធិការកិច្ច​ពលកម្ម​កុមារ ព្រមទាំង​កៀរគរ​ធនធាន និង​ចលនា​សាធារជន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​សមស្រប ដើម្បី​ជួយ​សង្គ្រោះ​ពលកម្ម​កុមារ។

ចំណែក អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ថ្លែង​ថា បើ​យោងទៅតាម​ច្បាប់​ស្ដីពី​ការងារ កម្ពុជា និង​យោង​ទៅ​លើ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ គឺ​កុមារ​ដែល​មាន​អាយុ​ពី ១២ ដល់ ១៥​ឆ្នាំ អនុញ្ញាត​ឱ្យ​ធ្វើ​ការងារ​ដែល​ស្រាលៗ ហើយ​មាន​រយៈពេល​មិន​លើស ១២​ម៉ោង​ក្នុង​១​សប្ដាហ៍ រឺ​មិន​លើស ៤​ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​ការងារ​មិន​ត្រូវ​ប៉ះពាល់​ទៅ​ដល់​ម៉ោង​រៀន​សូត្រ និង​មិនមែន​ជា​កិច្ច​ការងារ​ដែល​ប្រើប្រាស់​កម្លាំង​ដ៏​ធ្ងន់ធ្ងរ។

លោក​ថា ដោយឡែក​កុមារ​ដែល​លើស​ពី ១៥​ឆ្នាំ ទៅ​១៨ គឺ​អនុញ្ញាត​ឱ្យ​ធ្វើ​ការងារ​ធម្មតា ប៉ុន្តែ ត្រូវ​មានការ​អនុញ្ញាត​ពី អធិការ​ការងារ​ជាមុន និង​ត្រូវ​មាន​ការ​យល់​ព្រម​ពី​អាណាព្យាបាល ហើយ​មិន​ត្រូវ​ធ្វើការ​ចន្លោះ​ម៉ោង ១០​យប់​ដល់​ម៉ោង​៥​ភ្លឺ និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើការ​ថែម​ម៉ោង​នៅ​ថ្ងៃអាទិត្យ រឺ​នៅ​ថ្ងៃ​ឈប់សម្រាក​នោះ​ឡើយ៖ «សហគ្រាស​ដែល​រំលោភ​ទៅលើ​បញ្ញត្ត​ពាក់ព័ន្ធ​នៅ​នឹង​ការប្រើប្រាស់​ពលកម្ម កុមារ​នេះ​គឺ​ត្រូវ​ពិន័យ​តាមច្បាប់​ស្ដីពី​ការងារ​ផង​ហើយ​បើសិនជា​ការរំលោភ​នេះ បន្ត​ដោយ​កើត​ឡើងជា​ដដែលៗ​គឺ​ម្ចាស់​សហគ្រាស គឺ​អាច​ប្រឈម​ទៅ​នឹង​ទោស​ទណ្ឌ​ដទៃ​ផ្សេងទៀត​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ព្រហ្មទណ្ឌ ហើយ​និង​រដ្ឋប្បវេណី​ផង​ដែរ ជាពិសេស​បើ​សិន​ជា​មាន​គ្រោះថ្នាក់​ការងារ​ណាមួយ​កើតឡើង​ដែល​បណ្តាល​មក​ពី​ការ​ធ្វេស​ប្រហែស​របស់​ម្ចាស់​សហគ្រាស អឺ រឺ​មួយ​រោងចក្រ​ទាំងអស់​នោះ»។

អាយុ​ស្របច្បាប់​ធ្វើការ​បាន​នៅ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​គ ១៥​ឆ្នាំ ប៉ុន្តែ​ច្បាប់​នេះ​ចែងថា “​យុវជន​” ក្មេង​ជំទង់​អាយុ​ចន្លោះ​១៥ ឆ្នាំ​ដល់​១៧​ឆ្នាំ មិន​អាច​ធ្វើការ​លើស​ម៉ោង ឬក៏​ធ្វើការ​ធ្ងន់​បានទេ ហើយ​ត្រូវ​មាន​ពេល​ឈប់សម្រាក​យ៉ាងហោចណាស់ ១៣​ម៉ោង​ក្នុង​វេន​នីមួយៗ។

អាស៊ីសេរី មិន​អាច​ទាក់ទង លោក ខេន លូ អគ្គលេខាធិការ នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បានទេ។

នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ឱ្យ​ដឹង​ថា ដោយសារ​ភាព​ក្រីក្រ​មាន​ជាទូទៅ​ក្នុង​ប្រទេស​នេះ ចៀស​មិន​ផុត​ទេ ដែល​គ្រួសារ​មួយ​ចំនួន​នឹង​ជ្រើសរើស​បញ្ជូន​កូនស្រី​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​តាម​រោងចក្រ ទាំង​ពួកគេ​នៅ​ក្មេង​នៅឡើយ​។ លោក​បាន​បន្ថែម​ថា ម្យ៉ាងទៀត​គឺ​ភាព​ងាយស្រួល​ក្នុង​ការ​ខ្ចី​ឯកសារ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​សហគមន៍ បើ​ទោះ​បី​ជា​គាត់​មិនទាន់​គ្រប់​អាយុ​គាត់​អាច​ធ្វើការ​នៅ​ក្នុង​រោច​ក្រ​។ មួយវិញទៀត​គឺ​ខាង​រោងចក្រ​ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​រឿង​ដែល​កម្មករ​ធ្វើ​ការ​មិន​គ្រប់​អាយុ ខណៈ​ដែល​រោងចក្រ​ទាំងនោះ​រំលោភច្បាប់ ដោយ​មិន​ផ្ដល់​កិច្ចការពារ​ត្រឹមត្រូវ​ដល់​កម្មករ​ក្មេងៗ​ទាំងនោះ៖ «យើង​ត្រូវ​អនុវត្តន៍​ច្បាប់​ឱ្យ​បាន​ពេញលេញ​នៅ​ក្នុង​វិស័យ​ការងារ​ហ្នឹង ដូចជា​បើសិនជា អឺ​ក្រុមហ៊ុន​ណា​ដែល​ជួល ពលករ រឺ​ក៏​កម្មករ នៅ​ក្រោម​អាយុ​១៨​ឆ្នាំ​ហ្នឹង ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​ដែល​ច្បាប់​បាន​ចែង​ហ្នឹង មាន​ន័យថា ត្រូវ​ឱ្យ​គាត់​ធ្វើការ​នៅ​ចំនួន​ម៉ោង​ណាមួយ​ហើយ អឺ​រៀបចំ​កញ្ចប់​ណាមួយ​ឱ្យ​គាត់​អាច​មាន​ពេល​ទៅ​រៀន​សូត្រ ទៅ​អឺ​ចូល​ការសិក្សា ណាស់ បន្ត​ការ​សិក្សា បើសិនជា​យើង​អនុវត្តន៍​បែប​ហ្នឹង​គឺ​វា វា​អាច​ដោះ​បាន»។

កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​ចេញ​លិខិត​ព្រមាន​ប្រាប់​ទៅ​ម្ចាស់​នាយក​សហគ្រាស គ្រឹះស្ថាន ថា ក្រសួង​សង្កេត​ឃើញ​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន អំពី​អត្តសញ្ញាណ​របស់​កម្មករ​និយោជិក ដូចជា​ការខ្ចី​ឈ្មោះ​អ្នក​ដទៃ​ប្រើ ការ​ខុស​ឈ្មោះ ការ​ខុស​ភេទ ការ​ខុស​ថ្ងៃខែ​ឆ្នាំ​កំណើត ការ​ខុស​ទីកន្លែង​កំណើត​ជាដើម ដែល​អាច​បង្ក​ឱ្យ​លេចចេញ​នូវ​បាតុភាព​មិន​ប្រក្រតី​នានា ធ្វើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​មានការ​ព្រួយបារម្ភ​ចំពោះ​ផល​ប៉ះពាល់​តាមច្បាប់ ទាក់ទង​នឹង​ការ​ក្លែង​ឯកសារ ការបាត់បង់​អតីតភាព​ការងារ ការ​បណ្ដេញ​ចេញពី​ការងារ ការចោទប្រកាន់​ចំពោះ​ការប្រើប្រាស់​ពលកម្ម​កុមារ និង​ចំណុច​ផ្សេងៗ​ទៀត​។​

កន្លងទៅ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​រក​ឃើញ​ថា មាន​កុមារ​ចំនួន​ជាង ៧៥​ម៉ឺន​នាក់​(៧៥៥.២៤៥) កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​នេះ​មាន​ចំនួន​ជិត ៤៣​ម៉ឺន​នាក់​(៤២៩.៣៨០) ឬ​ស្មើ​(៥៦.៩%) ត្រូវ​បាន​ចាត់ទុកថា​ជា​កម្មករ​កុមារ ហើយ​មាន​ចំនួន​ជាង​២៣​ម៉ឺន​នាក់ (២៣៦.៤៩៨​នាក់​) ឬ​ស្មើ (៣១.៣%) បាន​ធ្វើ​ការ​ក្នុង​លក្ខខ័ណ្ឌ​គ្រោះថ្នាក់​ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ពី​សារធាតុ ឬ​សម្ភារៈ​គីមី៕

No comments: