ដោយ ហេង រស្មី
2020-06-19

រូប៖ ហ្វេសបុក ទោះស្លាប់ ក៏ជាខ្មែរ
លោក អ៊ុក ចេត្តនី ឱ្យអាស៊ីសេរីដឹងក្រោយចេញពីពន្ធនាគារថា លោកនៅតែប្រកាន់ជំហរគំាទ្រគណបក្សសង្គ្រោះជាតិដដែល ទោះជាធ្លាប់ជាប់ពន្ធនាគារដោយអយុត្តិធម៌ក៏ដោយ។ លោកអំពាវនាវដល់រដ្ឋាភិបាលឲ្យឈប់ធ្វើទុក្ខបុកម្នេញក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិតទៅទៀត៖ «រយៈពេលដែលខ្ញុំនៅក្នុងពន្ធនាគាររហូតដល់ថ្ងៃចេញថ្ងៃនេះ គឺខ្ញុំបានទទួលបទពិសោធន៍មួយ ដែលធ្វើឲ្យខ្ញុំកាន់តែរឹងមាំ ហើយធ្វើឲ្យខ្ញុំកាន់តែមានគោលជំហរកាន់តែច្បាស់លាស់បន្ថែមទៀត។ គោលជំហររបស់ខ្ញុំ គឺមិនផ្លាស់ប្ដូរឧត្ដមគតិរបស់ខ្លួនឯង គឺនៅតែ អឺគេហៅថាភាពស្មោះត្រង់ មិនក្បត់ពីប្រជាពលរដ្ឋនៅអ្វីដែលគោលការណ៍ពីមុនមកគឺនៅដដែល។ បើសិនណានៅតែធ្វើបាបពួកខ្ញុំ គឺប្រទេសមួយមិនអាចឈានទៅរកប្រជាធិបតេយ្យពេញលេញបានទេបាទ»។
លោកស្រី សំ ស្រីភ័ក្រ្ត ភរិយាលោក អ៊ុក ចេត្តនី បាននិយាយថា ប្ដីរបស់គាត់ ត្រូវបានកម្លាំងយោធាប្រចាំការ នៅតំបន់ក្បាលឆាយចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០១៨ ពេលកំពុងកាប់ឆ្ការព្រៃ ដើម្បីដាំដំណាំនៅលើដីរបស់គាត់មួយកន្លែង ដែលគ្រួសារគាត់បានទិញពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីឆ្នាំ២០០៧។ លោកស្រីប្រាប់ថា ក្នុងរយៈពេល ២ឆ្នាំនេះ លោកស្រីជួបការលំបាក ព្រោះត្រូវរកថវិកាផ្គត់ផ្គង់គ្រួសារក្នុងការចំណាយប្រចាំថ្ងៃ និងសងបំណុលធនាគារ។ លោកស្រីក៏ត្រូវទទួលខុសត្រូវថែទាំ ម្ដាយក្មេក និងឪពុកម្ដាយបង្កើតដែលមានវ័យចំណាស់ និងកូនតូចរបស់លោកស្រី ២នាក់ទៀត។ លោកស្រីបញ្ជាក់ថាប្ដីលោកស្រីមិនមានកំហុសដូចការចោទប្រកាន់ ទើបធ្វើឲ្យលោកស្រី មានកម្លាំងចិត្តអត់ធ្មត់ តស៊ូ រហូតដល់ថ្ងៃប្ដីលោកស្រីត្រូវបានដោះលែងវិញ៖ «គាត់មានអ្នកគេស្រឡាញ់ច្រើន ហើយគេតែងជួយលើកទឹកចិត្តថា ព្រោះយើងមិនមែនជាមនុស្សខុសអ៊ីចឹងអ្ហា ហើយគាត់គឺជាមនុស្សល្អ ហើយគាត់មិនដែលចង់បានផលប្រយោជន៍ពីនរណាគេ ហើយខ្ញុំក៏ត្រូវលើកទឹកចិត្តប្តីដែរ ព្រោះខ្ញុំដឹងថាប្តី ខ្ញុំគាត់ឥតបានខុស ដោយសារខ្ញុំទិញដីគេ មិនមែនខ្ញុំទៅចាប់ទេ។ និយាយទៅគឺប្តីប្រពន្ធខ្ញុំ តែងតែគាត់លើកទឹកចិត្តខ្ញុំធ្វើឲ្យខ្ញុំឆ្ពោះទៅមុខ ហើយណាមួយកូនតូចៗ គឺមានតែកូនហ្នឹងធ្វើឲ្យខ្ញុំដើរទៅមុខបាន»។
មន្ត្រីសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បារម្ភថា លោក អ៊ុក ចេត្តនី អាចនឹងរងការចោទប្រកាន់ជាថ្មីទៀត ប្រសិនបើគាត់ហ៊ានធ្វើសកម្មភាពនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិ៖ «នៅពេលដែលគាត់មានសេរីភាពឡើងវិញ គាត់អាច ពេលលេងហ្វេកបុកលេងអីហ្នឹង យើងត្រូវតែធ្វើម៉េចធ្វើការរៀបចំខ្លួន ឥរិយាបថនៃការប្រព្រឹត្តទៅ និងការប្រើប្រាស់សេរីភាពរបស់ខ្លួនធ្វើម៉េចកុំឲ្យមានបទល្មើសថ្មីកើតឡើងព្រោះអីយើងស្ថិតនៅក្នុងការព្យួរទោស រយៈពេល ៣ឆ្នាំទៀត អ៊ីច៊ឹងរយៈពេល ៣ឆ្នាំទៀត គឺបទល្មើសហ្នឹងវាច្រើនវាធ្ងន់ធ្ងរដែរ»។
គណបក្សសង្គ្រោះជាតិអះអាងថា មន្ត្រីនិងសកម្មជនមូលដ្ឋានរបស់ខ្លួនចំនួន ៨៨នាក់ ត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួនក្នុងឆ្នាំ២០១៩ ហើយត្រូវបានដោះលែងវិញចំនួន ៨០នាក់។ ដោយឡែក អំឡុងការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ នេះ មន្ត្រី និងសកម្មជនបក្សប្រឆាំងជិត ២០នាក់ទៀត ត្រូវអាជ្ញាធរចាប់ និងឃុំខ្លួនជាបន្តបន្ទាប់។ ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិអំពាវនាវដល់អាជ្ញាធរបញ្ឈប់ទង្វើយាយីលើសកម្មជនបក្សប្រឆាំងតទៅទៀត ព្រោះនេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
No comments:
Post a Comment