ដោយ មាន ឫទ្ធិ
2020-06-19

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែងក្នុងពិធីជួបជុំដោះស្រាយ ក្រោយពលរដ្ឋឃុំព្រែកអញ្ចាញជាច្រើនរយនាក់ នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៦អា ជាង៣ម៉ោង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
រូបពីហ្វេសប៊ុកលោក គង់ សោភ័ណ្ឌ
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់អាស៊ីសេរីថា ការសម្រេចឱ្យឈ្មួញខ្សាច់រើចេញ ដោយសារអាជ្ញាធររកឃើញឯកសារថា គណៈកម្មការ អាចារ្យវត្ត បានជួលឱ្យឈ្មួញដី តែ៣ឆ្នាំទេ គឺបញ្ចប់ការជួលត្រឹមខែកក្កដា ឆ្នាំ២០១៩ តែឈ្មួញ មិនព្រមរើចេញនិងទាមទារសុំជួលដីវត្តបន្ត ដល់២០២៩ តែអ្នកភូមិ មិនឱ្យជួល ព្រោះការដឹកខ្សាច់ ធ្វើឱ្យហុយពាសពេញវត្ត និងប៉ះពាល់ដល់អ្នកភូមិក្បែរវត្ត៖ «អ៊ីចឹង ខ្ញុំបានសម្រេចហើយ សម្រេចតាមអ្វី ជាផ្លូវច្បាប់ តាមអ្វីជាការជួល ត្រូវឱ្យគរុភណ្ឌវត្តវិញ ឱ្យមកគណៈកម្មការ អាចារ្យវិញ ឱ្យមកព្រះគ្រូចៅអធិការវិញ ហើយឱ្យអាជ្ញាធរយើងធ្វើលិខិតស្នាមគ្រប់បែបយ៉ាង ទទួលស្គាល់ ប្រគល់ឱ្យព្រះគ្រូចៅអធិការ ទុកជាសម្បត្តិគរុភណ្ឌវត្តវិញ។ រឿងមានប៉ិនហ្នឹងបង ហើយអ្វីៗ ឱ្យរុះរើជាបន្ទាន់ ក្នុងរយៈពេល៧ថ្ងៃ។ ធម្មតាទេ ឱ្យគ្នារុះរើឱ្យស្រួល កុំឱ្យមានការបែកបាក់ ក្ដៅក្រហាយ អ៊ីចឹងអ៊ីចុះទៀតណាបង»។
អ្នកភូមិព្រែកអញ្ចាញ និងជាអតីតកម្មករនៅដេប៉ូលក់ខ្សាច់ឈឿន ម៉ានី ជិត១០ឆ្នាំ លោក ឡុញ ភីណា ឱ្យដឹងថា ព្រះសង្ឃ និងពុទ្ធបរិស័ទ នាំគ្នាតវ៉ាខ្លាំង នៅក្នុងវត្តនៅយប់ថ្ងៃទី១៨ មិថុនា ហើយអាជ្ញាធរឃុំ បានស្នើសុំកុំឱ្យតវ៉ា និងសន្យាដោះស្រាយជូន នៅព្រឹកថ្ងៃទី១៩ មិថុនា ប៉ុន្តែ ដល់កំណត់សន្យាពលរដ្ឋមិនឃើញអាជ្ញាធរឃុំចុះមកដោះស្រាយ ទើបនាំគ្នាតវ៉ា និងឈានដល់ការបិទផ្លូវជាតិលេខ៦អា ជាង៣ម៉ោង។
លោកបន្តថា ក្នុងពេលតវ៉ាបិទផ្លូវជាតិលេខ៦អា សមត្ថកិច្ចបង្គាប់ឱ្យពលរដ្ឋបំបែកគ្នា កុំបិទផ្លូវនិងព្រមានហៅឡានទឹក មកបាញ់ទឹក បំបែកបើមិនស្ដាប់ តែអ្នកភូមិមិនខ្លាច និងបន្តបិទផ្លូវ លុះត្រា ប្រកាសថា អភិបាលស្រុកមុខកំពូល និងអភិបាលខេត្តកណ្ដាល ចុះមកដោះស្រាយជូន ទើបយល់ព្រមបញ្ឈប់ការតវ៉ាបិទផ្លូវ និងនាំគ្នា មកតវ៉ានៅក្នុងវត្តវិញ៖ «ព្រឹកមិញ គាត់(ប៉ូលិស) បោះពាក្យមួយមាត់ដែរ បើនៅតែមិនស្ដាប់គាត់ទៀត គាត់ទាក់ទងទៅខាងឡានទឹក ឱ្យទៅបាញ់បំបែកហ្វូងបាតុករហ្នឹងហើយ។ តែលឺបាតុករហ្នឹង និយាយដែរ។ ហៅបាតុករហ្មងទៅ ថា អត់ខ្លាច បើបានអ៊ីចឹងមែនគឺល្អ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីភាគីខាងឈ្មួញខ្សាច់ ម្ចាស់ដេប៉ូ ឈ្មោះ ឈឿន ម៉ានី បានទេ នៅថ្ងៃទី១៩ មិថុនា។
ព្រះគ្រូសូត្រស្ដាំ វត្តរតនបុប្ផារាម ព្រះអង្គ ឈឿន ម៉េងឈន់ ប្រាប់ថា ខាងវត្ត បានជួលដីវត្ត ឱ្យឈ្មួញ ស្ដុកខ្សាច់ ដើម្បីលក់បន្ត ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ក្នុងទំហំទទឹង៥០ម៉ែត្រ បណ្ដោយ១០០ម៉ែត្រ ក្នុងតម្លៃឈ្នួលដី ១ឆ្នាំ៨០០ដុល្លារ។ ឯដីវត្ត មានទំហំសរុបប្រហែលជិត ៤ហិកតារ លាតសន្ធឹងតាមបណ្ដោយផ្លូវជាតិលេខ៦អា ដល់មាត់ទន្លេ។
ព្រះអង្គបន្តថា ជាងមួយឆ្នាំផុតកុងត្រាមកនេះ ឈ្មួញខ្សាច់ មិនបានឱ្យថ្លៃឈ្នួលមកវត្តទេ ហើយបើទោះជាឱ្យ ក៏ខាងវត្តមិនទទួលដែរ ព្រោះវត្តចង់យកដីមកថែរក្សាទុកវិញ។ តែយ៉ាងណា ព្រះអង្គសព្វព្រះទ័យចំពោះដំណោះស្រាយក្នុងការសម្រេច ដកដី មកប្រគេនវត្តវិញ៖ «ក្នុងការដោះស្រាយរបស់អាជ្ញាធរខេត្តកណ្ដាល ដោយតំណាងនៃអភិបាលខេត្ត ញោម គង់ សោភណ្ឌ គឺល្អ។ គាត់បានដោះស្រាយសាច់រឿងហ្នឹងល្អ។ ព្រះចៅអធិការ គណៈកម្មការ អាចារ្យ ព្រមទាំងពុទ្ធបរិស័ទទាំង៦ភូមិហ្នឹង គឺគេទទួលយក និងគាំទ្រ និងត្រេកអរ នឹងការកាត់សេចក្ដី របស់ញោម អភិបាលខេត្ត ដែលបានកាត់សេចក្ដី ឱ្យដីគរុភណ្ឌហ្នឹង មកឱ្យវត្តយើងវិញ»។
ព្រះគ្រូ ឈឿន ម៉េងឈន់ ប្រាប់ថា ខាងវត្ត នឹងយកទីតាំងដាក់ខ្សាច់នោះ មកធ្វើជាកន្លែងធ្វើបុណ្យ ឱ្យពុទ្ធបរិស័ទជួបជុំគ្នា លេងកម្សាន្តពេលបុណ្យទាន និងអភិវឌ្ឍន៍ ជាបូជនីយដ្ឋានសាសនានៅពេលឈ្មួញរើចេញរួចរាល់៕
No comments:
Post a Comment