Sunday 7 June 2020

សង្គម​ស៊ីវិល​ស្នើ​បង្ហាញ​ឱ្យ​តម្លាភាព​ករណី​ឈូស​ឆាយ​ព្រៃ​ភ្នំ​បូកគោ​រាប់ពាន់​ហិកតារ


Khmer Circle: Forget everything - Koh Tral, Kampuchea Krom etc. - and just concentrate on "development"? That's exactly what this regime has been doing...

🔺🔺🔺
ដោយ ជាតិ ចំណាន
2020-06-07


ស្ថានភាព​ឈូស​ឆាយ​ព្រៃ នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ខេត្ត​កំពត រូប​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០។
ស្ថានភាព​ឈូស​ឆាយ​ព្រៃ នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ខេត្ត​កំពត រូប​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ សហគមន៍




ការ​ឈូស​ឆាយ​ព្រៃ រាប់ពាន់​ហិកតារ ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ក្នុង​ខេត្ត​កំពត ក្រោម​ស្លាក​អភិវឌ្ឍន៍ នៅ​មិន​ទា​ន់មាន​ការ​បកស្រាយ​ឱ្យ​ច្បាស់លាស់ បង្ហាញ​ឱ្យ​ពលរដ្ឋ​ជ្រាប​នៅឡើយ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​រកឃើញ​ថា រដ្ឋាភិបាល​នៅ​មិនទាន់ បែងចែក​ឱ្យ​ច្បាស់លាស់ តំបន់​ណា​ដែល​ត្រូវ​អភិវឌ្ឍន៍ និង​តំបន់​ណា​ដែល​ត្រូវ​អភិរក្ស​ធនធានធម្មជាតិ​នោះ​ទេ​។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន ឱ្យ​ដឹង​ថា គម្រោង​វិនិយោគ​នៅ​តំបន់​នោះ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រសួង​សាមី និង​អាជ្ញាធរ​ដែនដី។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញ​តម្លាភាព នៃ​គម្រោង​វិនិយោគ​ខ្នាត​ធំ លើ​រមណីយដ្ឋាន​ព្រះមុនីវង្ស​ភ្នំ​បូកគោ និង​បង្ហាញ​ពី​ទីតាំង​វិនិយោគ​ឱ្យ​ច្បាស់លាស់ ជា​ពិសេស​ត្រូវ​បង្ហាញ​ទំហំ​ថវិកាជាតិ ដែល​ក្រុមហ៊ុន​បង់ពន្ធ​ចូល​រដ្ឋ ក្នុង​មួយឆ្នាំៗ​។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ពួកគេ​សង្កេត​ឃើញ​ថា រមណីយដ្ឋាន​ភ្នំ​បូកគោ កំពុង​ទទួល​រង​ការ​ឈូស​ឆាយ​ព្រៃ ជាច្រើន​ពាន់​ហិកតារ ដាច់​ជា​កង់ៗ ធំ​ល្វឹងល្វើយ ដាច់​កន្ទុយភ្នែក ហើយ​សំណល់​ព្រៃឈើ​ដែល​ឈូស​ឆាយ​នោះ ត្រូវ​គេ​គរ​ទុក​លើ​ខ្នងភ្នំ​បូកគោ​។ តំបន់​ខ្លះ​ទៀត ដាក់​ស្លាក​គម្រោង​វិនិយោគ ផ្ទះល្វែង កន្លែង​លម្ហែ​កាយ និង​កន្លែង​បម្រើ​សេវាកម្ម​ទេសចរណ៍​ផ្សេងៗ​ទៀត។


ក្រុម​អ្នកទេសចរ​ដែល​ទៅ​ទស្សនា​ទីនោះ មាន​មន្ទិល​ថា តើ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​រង្គាល និង​មាន​គ្រឿងចក្រ​រាប់​សិប​គ្រឿង មាន​រំសេវ​បំផ្ទុះ​រំលាយ​ថ្ម ក្នុង​តំបន់​ឧទ្យាន​ជាតិ​បូកគោ ធ្វើឡើង​ដោយ​ត្រឹមត្រូវ​តាមច្បាប់​ឬទេ​? ខណៈ​ពួកគេ​មិនទាន់​ដឹង​ថា តំបន់​ណា​ដែល​ត្រូវ​អភិរក្ស និង​តំបន់​ណា​ដែល​ត្រូវ​អភិវឌ្ឍន៍​នៅ​ឡើយ​ទេ។

ប្រធាន​កម្មវិធី នៃ​បណ្ដាញ​យុវជន​កម្ពុជា និងជា​អ្នក​សិក្សា​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ លោក ស ម៉ូរី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៦ ឧសភា​ថា សកម្មភាព​ឈូស​ឆាយ​ព្រៃ​ទាំងនោះ ចៀស​មិន​ផុត នឹង​ប៉ះពាល់​បរិស្ថាន ជីវចម្រុះ និង​ធនធានធម្មជាតិ ក្នុង​តំបន់​អភិរក្ស​នេះ។ លោក​ថា រដ្ឋាភិបាល​គួរតែ​បើក​ជំហរ​ឱ្យ​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ ចូលរួម ផ្តល់​មតិយោបល់​ជុំវិញ ក្នុង​កិច្ច​អភិវឌ្ឍន៍ និង​កិច្ចសន្យា​វិនិយោគ​នានា ជាមួយ​ក្រុមហ៊ុន​ឯកជន​។ លើស​ពី​នេះ រដ្ឋាភិបាល ត្រូវ​បែងចែក​ឱ្យ​ដាច់​ស្រឡះ តំបន់​ណា​សម្រាប់​ក្រុមហ៊ុន​វិនិយោគ និង​តំបន់​ណាខ្លះ សម្រាប់​អភិរក្ស៖ «បច្ចុប្បន្ន​មានការ​ឈូស​ឆាយ​ដី រាប់​រយ​រាប់ពាន់​ហិកតារ លើ​ភ្នំ​ហ្នឹង ហើយ​យើង​អត់​ទាន់​ច្បាស់​ទេ​ថា តើ​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ វា​ជាទី​តាំង​កន្លែង​ណាមួយ ឱ្យ​ពិតប្រាកដ​? អ៊ីចឹង​ហើយ វា​បង្កើត​ភាព​ស្រពេចស្រពិល។ ភាព​មិន​ច្បាស់លាស់ ហើយ​យើង​មើល​ឃើញ​ថា ការអភិវឌ្ឍន៍​បែបនេះ វា​អត់​មាន​តម្លាភាព​។ សម្រាប់​យើង យើង​មិន​ចង់​ប្រឆាំង​ការ អភិវឌ្ឍ​ទេ តែ​យើង​ចង់​ឃើញ ការ​អភិវឌ្ឍ​មាន​តម្លាភាព និង​ការ​អភិវឌ្ឍ​បែប​អភិរក្ស មិនមែន​ជា​ការ​អភិវឌ្ឍ​បែប​បំផ្លាញ ធនធានធម្មជាតិ ហើយ​បម្រើ​ប្រយោជន៍​តែ​អ្នកមាន​លុយ មានអំណាច​ទេ»។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ មាន​ផ្ទៃដី​ទំហំ​ជាង ១៥​ម៉ឺន​ហិកតារ (១៥៤.៤៥៨​ហិកតារ​) ស្ថិត​ក្នុង​ភូមិសាស្ត្រ ស្រុក​ទឹកឈូ ខេត្ត​កំពត ជាប់​ខេត្ត​ព្រះសីហនុ​។ ក្រុម​ពលរដ្ឋ​ឱ្យដឹង​ថា បើ​ទោះ​បី​ជា មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ និង​ការ​ឈូស​ឆាយ​ទន្ទ្រានព្រៃ​រាប់ពាន់​ហិកតារ ធ្វើឡើង​ពី​សំណាក់​អ្នក​មាន​អំណាច​ក្តី ទំនងជា​គ្មាន​នរណា​ម្នាក់​បាន​ដឹង​ពី​បទ​ល្មើស​ឧក្រិដ្ឋ​នានា ដែល​កើតឡើង​នៅ​តំបន់​នោះ​ទេ​។ ពួកគេ​អះអាង​ថា ការ​ឈូស​ឆាយ​ព្រៃ​ក្លាយ​ជា​វាល​ធំ​ល្វឹងល្វើយ លាតសន្ធឹង​លើ​ផ្ទៃដី​ជាច្រើន​ពាន់​ហិកតារ គេ​ឃើញ មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង មាន​កម្មករ​ជាច្រើន​ក្រុម និង​មាន​តំបន់​ខ្លះ​លើក​ស្លាក​សាងសង់​លំនៅឋាន និង​ផ្ទះល្វែង​ជាដើម​។

ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ឧទ្យាន​ជាតិ​នេះ មាន​នៅ​សល់​ព្រៃ​តិច​តូច​ប៉ុណ្ណោះ ដុះ​តាម​ជម្រាល​ភ្នំ អម​សងខាង​ផ្លូវ​ឡើងលើ​ខ្នងភ្នំ​។ លោក​ថា រយៈពេល​ជាង ១០ឆ្នាំ​ចុង​ក្រោយនេះ ឈើ​ហ៊ុប​ធំៗ ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម អស់ទាំង​ស្រុង នៅសល់​ដើមឈើ​តូចៗ គ្មាន​តម្លៃ​លើ​ទីផ្សារ​អាច​ប្រើប្រាស់​បាន។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាល​ខេត្ត​កំពត លោក ជាវ តា​យ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​​មិន​បានទេ ដោយសារតែ​ទូរ​សព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល នៅ​ថ្ងៃទី៦ មិថុនា។

ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ក្រសួងបរិស្ថាន​កំពុង​កំណត់​តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​អភិវឌ្ឍន៍​ចិរភាព និង​តំបន់​សហគមន៍ ក្នុង​ឧទ្យាន​ជាតិ​នេះ​។ លោក​ថា បច្ចុប្បន្ន​នេះ មន្ត្រី​ឧទ្យានុរក្ស​ចំនួន ៤០​នាក់ កំពុង​ឈរជើង​ការពារ​ឧទ្យាន​ជាតិ​នេះ និង​បាន​បោះ​បង្គោល​ទាំង​តូច ទាំង​ធំ​ចំនួន ៦៦​ដើម ដើម្បី​កំណត់​ព្រំ​សម្គាល់។ លោក​បញ្ជាក់​ថា ការ​អនុវត្ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឋិត​ក្នុង​រង្វង់​កំណត់ មុននឹង​ធ្វើការ អភិវឌ្ឍ ការ​ឈូស​ឆាយ គឺ​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ដែនដី ដើម្បី​ពិនិត្យ​សិក្សា​លើ​ផល​ប៉ះពាល់​នានា។

កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ដាក់​ឱ្យ​ប្រើប្រាស់​ប្លង់​គោល​នៃ​​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ​។ ខ្លឹមសារ​អនុក្រឹត្យ​នេះ បាន​កំណត់​ផ្នែក​ខ្លះ នៃ​​​រមណីយដ្ឋាន​​​ភ្នំ​បូកគោ ជាទី​ក្រុង​ឆ្លាត​វៃ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​តំបន់​ពាណិជ្ជកម្ម ធុរកិច្ច និង​លំនៅឋាន​ជាដើម​។ រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ មាន​ផ្ទៃដី​សរុប​ជាង ១​សែន ៥​ម៉ឺន​ហិកតារ ១៥៤.៤៥៤ ហិកតា​) ក្នុង​នោះ ទំហំ​ដី​អាច​អភិវឌ្ឍន៍​បាន​មាន​ចំនួន​ជាង ២​ម៉ឺន ៧​ពាន់​ហិកតារ (២៧.៩៤៣) និង​ប្រភេទ​ដី​ក្នុង​កម្រិត​ការសាងសង់​មាន​ចំនួន​ជាង ១​សែន ២​ម៉ឺន​ហិកតារ (១២៦.៥១៥ ហិកតារ) ។ រីឯទំហំ​ដី​ជិត ២​ម៉ឺន​ហិកតារ ទៀត ​(១៨.៩៨៧) គ្រប់គ្រង​ដោយ​ក្រុមហ៊ុន សុខា អូតែល របស់ឧកញ៉ា សុខ គង់។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ឌ្រូ ហ្កាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅ​កាត់​អាឡិច កត់សម្គាល់​ថា រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយនេះ រមណីដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​នេះ បាន​ថយ​ចុះ​ព្រៃឈើ សត្វព្រៃ និង​ប្រព័ន្ធ​ជីវចម្រុះ​ធំធេង​។ លោក​ថា ការបាត់បង់​ព្រៃឈើ​នៅ​តំបន់​នោះ ដោយសារ​គ្មាន​យន្តការ​អភិរក្ស​ច្បាស់លាស់ និង​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​។ លោក​បន្ថែម​ថា ភ្នំ​បូកគោ​បច្ចុប្បន្ន​នៅ​សល់​តែ​ទេសភាព​លើ​ខ្នងភ្នំ​ប៉ុណ្ណោះ​៖ «និយាយ​ឱ្យ​ចំ​ទៅ ស្រណោះ​តែម្ដង កន្លែង​ដែល​ល្បី​ពេញ​អាស៊ីអាគ្នេយ៍ មាន​ជនជាតិ​ខ្មែរ និង​បរទេស​ទៅលេង ស្រណោះ​ណាស់​នៅ​ពេល​ដែល​ឃើញ​ថា កន្លែង​នោះ​វា​អត់​ថែរក្សា​។ ជីវចម្រុះ​អត់​ថែរក្សា និង​ប្រវត្តិសាស្ត្រ​ក៏​មិន​ថែរក្សា​។ កន្លែង​ហ្នឹង​ប្រវត្តិសាស្ត្រ​សម្បើម​ណាស់​។ ប៉ុន្តែ​បែរជា​នៅ​ខ្មែរ បំផ្លាញ​ជីវចម្រុះ​ខ្លួនឯង ដើម្បី​លេងល្បែង ដើម្បី​លាង​លុយ​កង្វក់ វា​ក្លាយ​ជា​ទម្លាប់ ខ្ញុំ​ដូច​ស្រណោះ»។

លោក អាឡិច បន្ថែម​ថា ឧទ្យានជាតិ​បាន​បាត់បង់​ធនធានធម្មជាតិ​ដ៏​ធំ​សម្បើម​នេះ បាន​ជំនួស​មកវិញ​ដោយ​កន្លែង​លេងល្បែង កន្លែង​លាង​លុយ​កង្វក់ កន្លែង​ពេស្យាចារ និងទីតាំង​លម្ហែ​កាយ​របស់​ក្រុម​អ្នកមាន​លុយ​។ ចំណែក​ពលរដ្ឋ​ខ្មែរ​ក្រីក្រ ស្ទើរតែ​មិនបាន​ទទួល​ផល​ទាល់តែសោះ ពី​គម្រោង​វិនិយោគ​ទាំងនេះ៕

1 comment:

Anonymous said...

It is so painful to see Cambodia destroyed by Ah Roleuy Hun Sen and his cronies.

Thngay Na Ah Kanduoy Meh Vear Hun Sen Ngorp ?