Sunday 7 June 2020

សហគមន៍​ព្រៃឡង់​ថា ការ​ដឹក​ឈើ​ចេញពី​ព្រៃ​ឡង់​តាម​គោយន្ត​កើត​ឡើង​ច្រើន


ដោយ ខែ សុណង
2020-06-07

ឈើ​ហ៊ុប​ធំ​នេះ ក្រុម​សកម្មជន​បរិស្ថាន​រក​ឃើញ​គេ​កាប់​ផ្ដួល​ក្នុង​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២០។
ឈើ​ហ៊ុប​ធំ​នេះ ក្រុម​សកម្មជន​បរិស្ថាន​រក​ឃើញ​គេ​កាប់​ផ្ដួល​ក្នុង​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២០។
រូប៖ សកម្មជន​បរិស្ថាន



សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង និង​សកម្មជន​បរិស្ថាន អះអាង​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ មាន​គោយន្ត​ជាច្រើន​គ្រឿង ដឹកជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក សត្វព្រៃ​ឡង់ មក​លក់​ឱ្យ​ក្រុម​ឈ្មួញ​ដែល​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន​។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លើកឡើង​ថា សមត្ថកិច្ច​ខាង​បរិស្ថាន​បន្ត​ចាត់វិធានការ​ករណី​កាប់​ឈើ​ខុសច្បាប់ ហើយ​ស្នើ​ឱ្យ​ពលរដ្ឋ​បឹ្តង​សមត្ថកិច្ច​ប្រសិនបើ​ឃើញ​មាន​បទល្មើស។

សហគមន៍​ព្រៃ​ឡង់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៦ មិថុនា​ថា ឈើ​មូល​ធំៗ​បន្សល់​ចុងក្រោយ​ដូចជា កកោះ គគីរ ដួងចែម ប៉ាដៀក និង​ឈើ​ពពាល​ជាដើម​ឋិត​ក្នុង​តំបន់​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង កំពង់ធំ ព្រះវិហារ និង​ខេត្ត​ក្រចេះ នៅតែ​ទទួលរង​ការ​កាប់​ផ្ដួល ធ្វើ​អាជីវកម្ម។

ប្រធាន​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង កញ្ញា ឈៀង លី សង្កេត​ឃើញ​ថា ច្រក​អូរឡង់ និង​ច្រក​សៀម​បូក ឋិត​ក្នុងស្រុក​សៀមបូក មាន​គោយន្ត​មិន​ក្រោម ២០​គ្រឿង​ទេ ក្នុង​មួយថ្ងៃៗ ដឹក​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់។ កញ្ញា​ថា នៅ​ព្រឹក​ថ្ងៃ​ទី៦ មិថុនា នេះ មាន​គោយន្ត​ជាង ១០​គ្រឿង ដែល​ក្រុម​ជនល្មើស បរ​ចូល​ព្រៃ​ឡង់ ដើម្បី​ដឹក​ឈើ​ចេញ​ក្រៅ​។ កញ្ញា​បន្ថែម​ថា ការ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ បាន​ផ្អាក​ក្នុង​អំឡុង​ពេល​ដែល​មន្ត្រី​បរិស្ថាន​ចុះ​ល្បាត​ម្ដងម្កាល​ប៉ុណ្ណោះ​៖ «​គិត​គោយន្ត​ដែល​ដឹក គ្រាន់តែ​អង្គុយ​រាប់​លេង​២០ គោយន្ត​ដែល​ក្នុង​មួយថ្ងៃៗ​។ ច្រក​មាន​ច្រើន មាន​ខាង​អូរ​ឡង់ និង​សៀម​បូក​ផង​។ ប្រភេទ​ឈើ​កកោះ តាសេក និយាយ​រួម​ចម្រុះ មាន​ដួង​ចែម​អ៊ីចឹង​ទៅ»។


អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ស្ទឹងត្រែង លោក អេង ភីរុង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរ​សព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា។

ចំណែក អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា មាន​ប្រសាសន៍​ថា ប្រសិនបើ​ពលរដ្ឋ​ប្រទះឃើញ បទល្មើស​ព្រៃឈើ សូម​ផ្តល់​ព័ត៌មាន​ភ្លាមៗ ដល់​មន្ត្រី​ឧទ្យានុរក្ស​ដែល​ឈរជើង​ក្បែរ​នោះ ដើម្បី​ចាត់វិធានការ​បង្ក្រាប​។ លោក​ថា មន្ត្រី​ឧទ្យានុរក្ស​នៅតែ​បន្ត​សកម្មភាព បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ព្រៃឡង់។ លោក​បន្ថែម​ថា មន្ត្រី​ជំនាញ ដែល​ឈរជើង​ការពារ​ព្រៃ​ឡង់​ទាំង ៤​ខេត្ត បាន​បង្ក្រាប​បទល្មើស​ចំនួន ៥១១​ករណី និង​បាន​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​រួមមាន ការ​កាប់​ឈើ​ខុសច្បាប់ ទន្ទ្រានព្រៃ​យក​ដី ការ​បរបាញ់​សត្វព្រៃ បាន​ចំនួន ៣៩៩​ករណី នៅ​ក្នុង​រយៈពេល ៤​ខែ ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២០ នេះ។

សហគមន៍​ព្រៃ​ឡង់​បន្ថែម​ថា ព្រៃឡង់​ក្នុង​ខេត្ត​ព្រះវិហារ ក្រចេះ និង​ខេត្ត​កំពង់ធំ ក៏​ទទួលរង​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ច្រើន​ដែរ​។ ពួកគេ​អះអាង​ថា ផ្លូវ​ចូល​ព្រៃ​ឡង់​ក្នុង​ឃុំ​ធ្មា នៃ​ស្រុក​ជ័យ​សែន ខេត្ត​កំពង់ធំ មាន​គោយន្ត​មិន​ក្រោម ២០​គ្រឿង​នោះ​ទេ ធ្វើ​សកម្មភាព​ដឹក​ឈើ​នៅ​ពេល​យប់ ហើយ​ឈើ​ទាំងនោះ ភាគច្រើន​ជា​ឈើ​បន្ទះ​ក្តារ និង​ឈើ​ជ្រុង។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ សង្កេតឃើញ​ថា មាន​ថៅកែ ចាំ​ទទួល​ទិញ​ឈើ​តាម​គោលដៅ​នីមួយៗ និង​មាន​ថៅកែ​ខ្លះ​ទៀត ចាំ​ទទួល​ទិញ​ឈើ​តាម​ផ្លូវ​ជាតិ ដែល​ក្រុម​អ្នក​កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​ឡង់​លក់​ឱ្យ​ខ្លួន​។ លោក​សង្កត់ធ្ងន់​ថា ក្រុម​អ្នក​ដឹក​ឈើ​បាន​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន ប្រចាំការ​តាម​ស្នាក់​ការ​នីមួយៗ ទើប​អាច​ដឹក​ឈើ​ចេញ​ក្រៅ​បាន​៖ «មន្ត្រី​បរិស្ថាន​នៅ​តំបន់​ហ្នឹង ហាក់ដូចជា​បើកដៃ​ឱ្យ​ពួក​ហ្នឹង​ធ្វើ​អ៊ីចឹង​។ បើសិនជា​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ​មាន​ឆន្ទៈ មិន​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​មែន គាត់​ត្រូវតែ​បិទ​នូវ​រូបភាព​តូចៗ ទាំងអស់​ដូចគ្នា​។ បើសិនជា​ចង់​ឱ្យ​បិទ ហ្នឹង​ទៀត រាជរដ្ឋាភិបាល និង​ក្រសួងបរិស្ថាន ត្រូវតែ​ស្វែង​រកមុខ អ្នក​ដែល​ឈរ​ចាំ​ទិញ​ឈើ​នៅ​តំបន់​នោះ»។

សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា ទីស្នាក់ការ​បរិស្ថាន​ដែល​ពង្រាយ​ជុំវិញ​តំបន់​ព្រៃ​ឡង់ ហាក់​មិនមែន​ដើម្បី​ពង្រឹង​ទីតាំង​ឈរជើង បង្ក្រាប​បទល្មើស​ព្រៃឈើ​ឱ្យ​រាំង​មាំ​នោះ​ទេ តែ​ផ្ទុយទៅវិញ ប៉ុស្តិ៍​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងនោះ គឺ​ជា​កន្លែង​ប្រមូល​លុយ​ពី​ក្រុម​អ្នក​កាប់ និង​ដឹក​ឈើ​ខុសច្បាប់ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់​។ លោក​ថា បញ្ហា​នេះ​កើតមាន​ដដែលៗ គ្មាន​យន្តការ​លុបបំបាត់​ទាល់តែសោះ ជាច្រើន​ឆ្នាំ​មក​ហើយ៕

No comments: