Tuesday 9 June 2020

តុលាការ​សម្រេច​​​ដាក់​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ឱ្យ​​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​​​​ចំនួន២​បទល្មើស


ដោយ ហេង រស្មី
2020-06-09
rfa
លោក ម៉ៅ វិបុល ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។
លោក ម៉ៅ វិបុល ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។
រូប៖ ហ្វេសប៊ុក



ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​សម្រេច​​​​ដាក់​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​នេះ គឺ លោក ម៉ៅ វិបុល​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចំនួន​២​បទ​ល្មើស​​បន្ថែម​ទៀត​។​​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ចាត់ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​​ការ​ធ្វើ​ទុក​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ដោយ​​អយុត្តិធម៌។

នេះ​ជា​សេចក្ដី​សម្រេច​ថ្មី​មួយ​ទៀតក្នុង​ចំណោម​ដីកា​ជា​ច្រើន​ផ្សេង​ទៀត ដែល​តុលាការ​​ខេត្ត​ស្វាយរៀង​បាន​​​ចោទ​ប្រកាន់​​មក​លើ​លោក ម៉ៅ វិបុល។ អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​បក្ស​ប្រឆាំង​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ លោក​​ត្រូវ​បាន​​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​​​​ហៅ​ទៅ​សាកសួរ​​ផង​​​និង​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​​កោះ​ហៅ​ផង​ដោយ​ចោទ​ប្រកាន់​ពី​បទ​​រួម​គំនិត​ក្បត់ជាតិ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ៅ វិបុល ថ្លែង​នៅ​ថ្ងៃ​ទី៩ មិថុនា​ថា លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។ លោក​បន្ត​ថា ដោយសារ​លោក​បាន​សម្ដែង​មតិ​តាម​ហ្វេសប៊ុក​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ទើប​មន្ត្រី​តុលាការ​បាន​កោះ​ហៅ​លោក​ទៅ​សាកសួរ​ជា​បន្តបន្ទាប់​ក៏​ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ខ្លួន​តាម​ការ​កោះ​ហៅ​នោះ​ឡើយ ។​លោក​ចាត់​ទុក​ដីកា​ចុង​ក្រោយ​របស់​តុលាការ​​​ខេត្ត​ស្វាយរៀង​នេះ​ថា ជា​ការ​ធ្វើ​ឡើង​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន ដើម្បី​បាន​រក្សា​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ៖ «សង្គម​លោក​ហ៊ុន​សែន​គឺ​ចោទ​ប្រជាពលរដ្ឋ​ដែល​គ្មាន​កំហុស​​ទៅ​ឱ្យ​មាន​កំហុស​ចំពោះ​អ្នក​ធ្វើ​ខុស​គាត់​មិន​ដែល​ចោទ​ប្រកាន់​​នោះ​ទេ ដូច​អ្នក​បំផ្លាញ​ព្រៃឈើ បណ្ដោយ​ឱ្យ​អន្តោប្រវេសន៍​ចូល​មក​កម្ពុជា និង​​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ច្រើន​អាជ្ញាធរ​មិន​ដែល​ចោទ​ប្រកាន់​ទេ។ គេ​ចោទ​តែ​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ពិត​​ជួយ​សង្គម​ជួយ​ពលរដ្ឋ​បញ្ហា​នេះ​ដែល​លោក​ហ៊ុន សែន ព្រួយបារម្ភ​ដែល​ដឹង​រឿង​ពិត។ អ៊ីចឹង​គាត់​ប្រឌិត​រឿង​យក​មក​ចោទ​​មន្ត្រី​បក្ស​ប្រឆាំង​និង​ពលរដ្ឋ​ដែល​ស្នេហាជាតិ​ដែល​ចង់​និយាយ​ចេញ​​ពី​បេះ​ដូង​ហ្នឹង​គាត់​ថា​គេ​ធ្វើ​ខុស»។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ស្វាយរៀង​លោក លាង រិទ្ធី បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី២៩ ឧសភា​ថា លោក មៅ វិបុល មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយរៀង ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​​តាម​ផ្លូវ​តុលាការ​ដោយ​ចោទ​​ប្រកាន់​ពី​ចំនួន​២​បទល្មើស​គឺ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យ​រើសអើង ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​ស្វាយរៀង។ លោក​ចៅក្រម​រូប​នេះ គ្រោង​បញ្ជូន​​សំណុំ​រឿង​នេះ​ទៅ​តំណាង​អយ្យកា ដើម្បី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ស្ថាពរ មុន​នឹង​សម្រេច​ថា ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ ឬក៏​អត់។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​សំណុំ​រឿង​នេះ​យ៉ាង​ណា​នោះ​ទេ ក៏​ប៉ុន្តែ​លោក​ថា​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​​ការ​សម្ដែង​មតិ​​គឺ​ជា​សិទ្ធិ​សេរ​ភាព​របស់​ប្រជាពលរដ្ឋ​​​ស្របច្បាប់​ដែល​​​​ពុំ​មាន​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​នោះ​ឡើយ៖‍ «ប៉ុន្តែ​ខ្ញុំ​គត់​សំគាល់​រឿង​មួយ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​​ថា​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​​មាន​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ឡើង​វិញ​​ដែរ​ទាក់​ទង​នឹង​បទ​ល្មើស​ចាសៗ​ឡើង​វិញ​​ជា​បន្តបន្ទាប់​ផង​ដែរ​។​រឿង​នេះ​មាន​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់​ផង​ដែរ​ថា ការ​ចាប់​ខ្លួន​ឬ​ការ​ចោទ​ប្រកាន់​ហ្នឹង​វា​អាច​ជា​រឿង​នយោបាយ​ច្រើន​ជាង​ផ្លូវ​ច្បាប់»។

ថ្មីៗនេះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​​​​ឱ្យ​អាជ្ញាធរ​តាម​ចាប់​ខ្លួន​​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​ឡាយ​ណា ដែល​ធ្វើ​សកម្មភាព​នយោបាយ​តាម​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​នៅ​ក្រៅ​ប្រទេស។

ភ្លាមៗ ក្រោយ​ពី​ការ​ប្រកាស​នេះ​​​​យ៉ាង​ហោច​ណាស់​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ៣នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្នុង​ចំណោម​​សកម្មជន​ជិត ២០នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ក្នុង​ឆ្នាំ២០២០ នេះ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៦នាក់​ទៀត រង​ការ​វាយ​របួស​ក្បាល និង​ដៃ ពី​ជន​មិន​ស្គាល់​មុខ ហើយ​​​សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ល្មើស​ណា​ម្នាក់​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ៕

No comments: