Tuesday 9 June 2020

យុវជន​ខ្មែរ​ក្រោម​ម្នាក់​ចូល​បំភ្លឺ​ករណី​ចែកចាយ​ព័ត៌មាន​លើ​ហ្វេសប៊ុក តាម​ការ​កោះ​ហៅ​របស់​អាជ្ញាធរ​វៀតណាម


ដោយ វ៉ែន សុមេធ
2020-06-09

យុវជន តោ ហ្វាង ចឿង ទៅ​បំភ្លឺ​នៅ​សាលា​ស្រុក​ផ្នោ​ដាច់ នៃ​ខេត្ត​ព្រះ​ត្រពាំង​ថ្ងៃ​ទី៨ ខែ​មិថុនា។
យុវជន តោ ហ្វាង ចឿង ទៅ​បំភ្លឺ​នៅ​សាលា​ស្រុក​ផ្នោ​ដាច់ នៃ​ខេត្ត​ព្រះ​ត្រពាំង​ថ្ងៃ​ទី៨ ខែ​មិថុនា។
រូប៖ ពី​យុវជន តោ ហ្វាង ចឿង


យុវជន​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង​ម្នាក់​ចូល​បំភ្លឺ​ករណី​ចែកចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាម​ការ​កោះ​ហៅ​របស់​អាជ្ញាធរ​វៀតណាម និង​ម្នាក់​ទៀត ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ព្រមាន​ឲ្យ​លុប​រូប​សញ្ញា​កាន់​ទុក្ខ​មាន​ទង់​ជាតិ​កម្ពុជា​ក្រោម នៅ​លើ​ប្រូហ្វាល (Profile) ហ្វេសប៊ុក​របស់​ខ្លួន​ចេញ​វិញ។ សមាគម​ខ្មែរ​ក្រោម​ថា អ្វី​ដែល​អាជ្ញាធរ​វៀតណាម​ធ្វើ​នេះ​ជា​ការ​គំរាម​កំហែង និង​បំបិទ​សិទ្ធិ​សេរី​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។

អាជ្ញាធរ​វៀតណាម​នៅ​ស្រុក​ផ្នោ​ដាច់​ខេត្ត​ព្រះត្រពាំង បាន​ចំណាយ​ពេល​សាកសួរ​យុវជន តោ ហ្វាង ចឿង ជិត ៥ម៉ោង។ ក្រោយ​អាជ្ញាធរ​វៀតណាម​សាក​សួរ​ចប់​នៅ​ល្ងាច​ថ្ងៃ​ទី៨ ខែ​មិថុនា យុវជន តោ ហ្វាង ចឿង ឱ្យ​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ​វៀតណាម ចោទ​ប្រកាន់​លោក​ថា បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ និង​បង្គាប់​ឱ្យ​លោក​ត្រូវ​ទៅ​បង់​ប្រាក់​ពិន័យ​ទៅ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​ត្រពាំង។ លោក តោ ហ្វាង ចឿង បន្ត​ថា លោក​អាច​ប្រឈម​នឹង​ពិន័យ​ជា​ប្រាក់​ពី ១០លាន ទៅ ២០លាន​ដុង ឬ​គិត​ជា​ប្រាក់​ដុល្លារ​ពី ៥០០​ដុល្លារ​ទៅ ១.០០០​ដុល្លារ។ ប៉ុន្តែ  លោក​មិន​យល់​ព្រម​ទទួល​កំហុស​នេះ​ទេ ហើយ​យល់​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​វៀតណាម​នេះ ជា​ការ​គំរាម​កំហែង និង​បំបិទ​សិទ្ធិ​សេរី​លោក៖ «គេ​សរសេរ​ហ្នឹង​គ្រាន់​តែ​ប្រាប់​ថា ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​ខ្មែរ​ពិតៗ ទេ​តើ។ គេ​ថា យើង​បំផុស​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ខ្ញុំ​មិន​ទទួល​យក​ទេ​គេ​ចោទ​ខ្ញុំ​អយុត្តិធម៌​ពេក​ណា»។


យុវជន តោ ហ្វាង ចឿង ដែល​ប្រើ​ហ្វេសប៊ុក​ឈ្មោះ (To Hoang Chuong) បាន​បង្ហោះ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ដែល​បាន​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ឯកសារ​ទាក់ទង​នឹង​លិខិត​របស់​មេ​ដឹក​នាំ​វៀតណាម លោក ហូ ជីមិញ កាល​ពី​ឆ្នាំ១៩៨៤ ដែល​មាន​ខ្លឹមសារ​ថា ដែន​ដី​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ក្រោម។ ចំណែក ជន​ជាតិ​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​ដី​នេះ គ្រាន់​ជា​អ្នក​ស្នាក់​អាស្រ័យ និង​គ្មាន​សិទ្ធិ​សម្រេច​អ្វី​នោះ​ទេ។

យុវជន តោ ហ្វាង ចឿង ឱ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម ប្រាប់​លោក​ថា បើ​មិន​យល់​ព្រម​ទទួល​កំហុស​អាច​រក​មេធាវី​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​នេះ។ យុវជន​រូប​នេះ នឹង​ជជែក​ជាមួយ​សាច់​ញាតិ ឬ​សមាគម​ខ្មែរ​ក្រោម​ក្រោម ដើម្បី​គួរ​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត។

រីឯ​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត គឺ​យុវជន ថាច់ ថុង រស់​នៅ​ខេត្ត​ព្រះ​ត្រពាំង​ដែរ​នោះ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជា​ឱ្យ​លុប​រូប​សញ្ញា​កាន់​ទុក្ខ​មាន​ទង់​ជាតិ​កម្ពុជា​ក្រោម នៅ​លើ​ប្រូហ្វាល (Profile) ហ្វេសប៊ុក​របស់​ខ្លួន​ចេញ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ចាប់​ខ្លួន។ អាជ្ញាធរ​វៀតណាម ចោទ​ថា ការ​ដាក់​សញ្ញា​កាន់​ទុក្ខ​នេះ ជា​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឱ្យ​ដឹង​ថា នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​អាជ្ញាធរ​វៀតណាម បាន​តាម​ដាន និង​មាន​វិធានការ​ជា​បន្ត​បន្ទាប់ លើ​ការ​បង្ហោះ​ព័ត៌មាន​របស់​ពលរដ្ឋ​កម្ពុជា​ក្រោម។ លោក​ថា ការ​រឹត​បន្តឹង​បែប​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្សេង​ទៀត លែង​ហ៊ាន​បញ្ចេញ​មតិ ឬ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម៖ «ប្រហែល​ជា​មាន​ទាមទារ​ការ​តវ៉ា​ខ្លាំង​ឡើង​កាល​ណា​វៀតណាម​នៅ​តែ​មាន​ការ​រឹត​បន្តឹង​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​បែប​នេះ​អ៊ីចឹង​មាន​ន័យ អង្គការ​សមាគម​ខ្មែរ​ក្រោម​ទាំង​សហព័ន្ធ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​ក្ដី​គេ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ»។

លោក សឺន ជុំជួន ថា ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម គឺ​ស្រប​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។ នៅ​រយៈ​ពេល​ចុង​ក្រោម​នេះ យុវជន​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង ចំនួន​បី​នាក់ រង​ការ​គំរាម​កំហែង និង​​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​អាជ្ញាធរ​វៀតណាម ទាក់ទង​ករណី​បង្ហោះ​ព័ត៌មាន និង​ប្រើប្រាស់​ហ្វេសប៊ុក។ កាល​ពី​ថ្ងៃ​ទី២ ខែ​មិថុនា អាជ្ញាធរ​ខេត្ត ព្រះ​ត្រពាំង ពិន័យ​លុយ​យុវជន ថាច់ កឿង ជា​ទឹក​ប្រាក់​ជាង ៧លាន​ដុង ឬ​ប្រមាណ ៣រយ​ដុល្លារ ករណី​បង្ហោះ​វីដេអូ រឿង​អាជ្ញាធរ​វៀតណាម​ចែក​អង្ករ​ក្លែង​ក្លាយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម។

លោក សឺន ជុំជួន ថា សមាគម​លោក​នឹង​ធ្វើ​របាយការណ៍​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង អង្គការ​សហប្រជាជាតិ​ទទួល​ផ្នែក សិទ្ធិមនុស្ស​ឱ្យ​ដឹង​ពី​រឿង​នេះ ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម៕

1 comment:

Anonymous said...

Khmer Krom people should launch some peaceful demonstration demanding the evil Vietnam to give autonomous state to at least one of former Khmer provinces.

Stop allowing those evil Yuon to attack you at will. Make some sacrifice to revive some of Khmer land.

No sacrifice of life, no glory, no Country.