Thursday 4 June 2020

ហេតុផល​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ នគរបាល​ចាប់​យក​កង់​របស់​ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ


ដោយ សុជីវី
2020-06-03
rfa
ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ សម្រេច​ចិត្ត​ដើរ​ពី​ស្រុក​កោះកុង​ទៅ​រាជធានី​ភ្នំពេញ​វិញ ក្រោយ​ពី​អាជ្ញាធរ​ចាប់​កង់​ពួក​គេ នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២០។
ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ សម្រេច​ចិត្ត​ដើរ​ពី​ស្រុក​កោះកុង​ទៅ​រាជធានី​ភ្នំពេញ​វិញ ក្រោយ​ពី​អាជ្ញាធរ​ចាប់​កង់​ពួក​គេ នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២០។
រូប៖ យុវជន




ក្រុម​យុវជន​ឱ្យ​ដឹង​ថា យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ​របស់​ពួក​គេ ត្រូវ​អាក់​ខាន ដោយសារ​អាជ្ញាធរ​ខេត្ត​កោះកុង ឃាត់​ចាប់​យក​កង់​របស់​ពួក​គេ​ចំនួន ១០គ្រឿង​ដាក់​លើ​រថយន្ត​ ក្រោម​ហេតុផល​ថា ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ។ ក្រោយ​ពី​អាជ្ញាធរ​ដក​ហូត​កង់​ទាំង​អស់ ពួក​គេ​បាន​បង្ខំ​ចិត្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចាប់​ពី​ទី​រួម​ស្រុក​កោះកុង ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​មាន​ប្រវែង​ជាង ២០០គីឡូ​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​ឧសភា។

ក្រុម​យុវជន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​នេះ​ថា ប្រើ​អំណាច​ជ្រុល​ហួសហេតុ បិទ​សិទ្ធិ​សេរីភាព តាម​ឃ្លាំមើល និង​បង្អាក់​ដំណើរ​យុទ្ធនាការ​ជិះ​កង់​របស់​ពួក​គេ ក្នុង​ទិសដៅ​យក​ញ្ញត្តិ​ដាក់​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ឱ្យ​មេ​ដឹក​នាំ​រូប​នេះ ចេញ​បញ្ជា​សង្គ្រោះ​កោះកុង​ក្រៅ ឬ​ដាក់​ជា​តំបន់​អភិរក្ស​សមុទ្រ ឱ្យ​ឋិត​ក្នុង​កិច្ច​គាំពារ​ធនធាន​ធម្មជាតិ​ច្បាស់លាស់។


អ្នក​ចូលរួម​ធ្វើ​យុទ្ធនាការ អ្នក​នាង ឈឿន ដារ៉ាវី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ ឧសភា​ថា អាជ្ញាធរ​ខេត្ត​នេះ បង្កើត​ភាព​ស្មុគស្មាញ​ច្រើន បំណង​រាំង​ខ្ទប់​យុទ្ធនាការ​របស់​ពួក​គេ។ អ្នក​នាង​បន្ត​ថា អាជ្ញាធរ​តម្រូវ​ឱ្យ​ពួក​គេ ពិនិត្យ​សុខភាព​រក​ជំងឺ​កូវីដ១៩ ពិនិត្យ​អត្តសញ្ញាណប័ណ្ណ បង្គាប់​ឱ្យ​ពួក​គេ​ផ្ដិត​មេដៃ និង​កោះហៅ យុវជន​ម្ដង​ម្នាក់​មក​សួរ​នាំ ក៏​ប៉ុន្តែ​ពួក​គេ​បដិសេធ៖ «យើង​មាន​សិទ្ធិ​ក្នុង​ការ​តស៊ូ​មតិ ហើយ​នេះ​ជា​ការ​ចូលរួម ដើម្បី​ប្រយោជន៍​ជាតិ ប្រយោជន៍​សង្គម អត់​មាន​ធ្វើ​អី​ល្មើស​ច្បាប់​ផង មាន​តែ​ជំរុញ​ឱ្យ​យុវជន​ចូល​យ៉ាង​សកម្ម តែ​អ្វី​អនុវត្ត​ផ្ទុយ​ស្រឡះ ទាំង​បិទ​សិទ្ធិ​គំរាម​កំហែង រំលោភ​សិទ្ធិ​យុវជន​យើង​ទៀត។ ពួក​ខ្ញុំ​កំពុង​បារម្ភ​ថា នឹង​មិន​មាន​កន្លែង​ស្នាក់​នៅ​ទេ»។

យុវជន​ម្នាក់ទៀត លោក មួង សុភ័ក្រ្ត ឱ្យ​ដឹង​ថា ដំណើរ​យុទ្ធនាការ​ជិះ​កង់ រយៈ​ពេល ២ថ្ងៃ​កន្លង​ទៅ​នេះ សមត្ថកិច្ច​ខេត្ត​កោះកុង បាន​រាយ​បណ្ដាក់​គ្នា​ដូច​ខ្យង និង​បង្ខំ​ឱ្យ​ពួក​គេ​ផ្ដិត​មេដៃ លើ​ឯកសារ​របស់​នគរបាល នៅ​គ្រា​ដែល​សមត្ថកិច្ច​បាន​ឃាត់​ចាប់​កង់​របស់​ក្រុម​យុវជន ដាក់​លើ​រថយន្ត។ លោក​ថា យុទ្ធនាការ​នេះ បំណង​សង្គ្រោះ​ធនធានធម្មជាតិ ចៀស​ផុត​ពី​ការ​ច្បាម​យក ពី​បុគ្គល​មាន​អំណាច និង​ក្រុមហ៊ុន​ឯកជន ដែល​កន្លង​ទៅ មាន​កោះ​ជា​ច្រើន ទទួល​រង​ការ​បំផ្លិចបំផ្លាញ ក្រោម​ស្លាក​អភិវឌ្ឍន៍៖ «គាត់​តែង​តែ​រក​លេស រឿង​ហ្នឹង ដើម្បី​ហាម​ឃាត់​ពួក​យើង មិន​ឱ្យ​តស៊ូ​មតិ ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ។ ចំណុច​ហ្នឹង​សោក​ស្ដាយ​ដែល​រដ្ឋាភិបាល បន្ត​ព្យាយាម​បិទ​សិទ្ធិ​សេរីភាព​យុវជន​យើង មាន​ទឹក​ចិត្ត​ការពារ​ធនធាន​ធម្មជាតិ។ នៅ​ពេល​យើង​មិន​ផ្ដិត​មេដៃ​តាម​គាត់ គាត់​ថា យើង​មិន​សុំ​ច្បាប់​ស្នើសុំ​គេ តែ​យើង​ធ្វើ​ក្នុង​នាម​ពលរដ្ឋ វា​អត់​មាន​ត្រូវ​សុំ​ច្បាប់»។

ទាក់ទង​នឹង​ការ​ចាប់​យក​កង់​នេះ អធិការ​រង​ស្រុក​កោះកុង លោក សែ វ៉ាន់ធូន បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​បង្វែរ​ឱ្យ​សួរ​ទៅ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ខេត្ត​វិញ៖ «»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កោះកុង លោក សុខ សុទ្ធី និង​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី៣ ឧសភា។ ក្រោយ​ពី​អាជ្ញាធរ​ដក​ហូត​កង់  ក្រុម​យុវជន​ទាំង​នោះ បាន​សរសេរ​បដា បង្ហោះ​តាម​ហ្វេសបុក បង្ហាញ​ទស្សន​ថា សូម​ដោះ​លែង​កង់​របស់​ពួក​គេ ព្រោះ​កង់​គ្មាន​កំហុស​នោះ​ទេ។ កង់​នីមួយៗ មាន​ដោត​ទង់​ជាតិ​ខ្មែរ ហើយ​ក្រុម​យុវជន​ទាំង​នោះ ពាក់​អាវ​យឺត​ស ដោយ​សរសេរ ពាក្យ​ស្លោក​ថា សង្គ្រោះ​កោះកុង​ក្រៅ។

ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ ពេល​ដែល​អាជ្ញាធរ​ស្រុក​កោះកុង​រារាំង​ដំណើរ នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ យុវជន
ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ ពេល​ដែល​អាជ្ញាធរ​ស្រុក​កោះកុង​រារាំង​ដំណើរ នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ យុវជន


មន្ត្រីសម្របសម្រួល​សមាគម​អាដហុក ខេត្ត​កោះកុង លោក   ប៉ែន វុទ្ធា យល់ថា  អាជ្ញាធរ​បង្អាក់​ដំណើរ​យុទ្ធនាការ​របស់​ក្រុម​យុវជន ឆ្លុះ​បញ្ចាំង​ថា អាជ្ញាធរ​ខេត្ត​នេះ មិន​ផ្តល់​តម្លៃ និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​យុវជន ចូល​រួម​ការពារ​សម្បត្តិធម្មជាតិ​នោះ​ទេ៖ «គោល​នយោបាយ​ជាតិ​ក៏​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ដែរ អ៊ីចឹង​ហើយ អាជ្ញាធរ​គួរ​តែ​ពិនិត្យ​រឿង​ហ្នឹង ជួយ​លើក​ទឹក​ចិត្ត​ជំរុញ ការ​គាំទ្រ​សកម្មភាព​នានា ដែល​ក្រុម​យុវជន ចូលរួម​ការពារ​តំបន់​ធម្មជាតិ ឬ​ការ​ខ្វាយខ្វល់​ធនធាន​ធម្មជាតិ ក៏ដូចជា ព្រៃឈើ សត្វព្រៃ និង​អ្វី​ដែល​សម្បត្តិ​រួម​របស់​ជាតិ​ទាំង​អស់​គ្នា»។

កោះកុង​ក្រៅ មាន​ទំហំ ១០៣គីឡូ​ម៉ែត្រ​ក្រឡា ឈរ​កណ្ដាល​សមុទ្រ មាន​ចម្ងាយ ៣០គីឡូ​ម៉ែត្រ​ពី​ក្រុង​ខេមរភូមិន្ទ។ ក្រុម​យុវជន​ថា កោះ​នេះ​មាន​សក្ដានុពល​ធនធាន​ធម្មជាតិ​សំបូរ​បែប ដូច​ជា  ព្រៃឈើ ទឹកជ្រោះ ជ្រលង​ភ្នំ ឆ្នេរ​ខ្សាច់​ស្រស់​ស្អាត និង​គ្រប​ដណ្ដប់​លើ​រុក្ខជាតិ​ចម្រុះ​ពណ៌ ថែម​ទាំង​មាន​សត្វ​ព្រៃ​កម្រ​រស់​នៅ​ផង​ដែរ។ បច្ចុប្បន្ន​កោះ​នេះ មាន​ពលរដ្ឋ​រាប់​សិប​គ្រួសារ រស់នៅ​តាម​បណ្ដោយ​ឆ្នេរ ហើយ​ពលរដ្ឋ​ទាំង​នោះ ភាគ​ច្រើន​ប្រកប​មុខ​របរ​នេសាទ​សមុទ្រ៕

ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ សម្រេច​ចិត្ត​ដើរ​ពី​ស្រុក​កោះកុង​ទៅ​រាជធានី​ភ្នំពេញ​វិញ ក្រោយ​ពី​អាជ្ញាធរ​ចាប់​យក​កង់​ពួក​គាត់ នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ យុវជន
ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ សម្រេច​ចិត្ត​ដើរ​ពី​ស្រុក​កោះកុង​ទៅ​រាជធានី​ភ្នំពេញ​វិញ ក្រោយ​ពី​អាជ្ញាធរ​ចាប់​យក​កង់​ពួក​គាត់ នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ យុវជន


ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ ពេល​ដែល​អាជ្ញាធរ​ស្រុក​កោះកុង​រារាំង​ដំណើរ នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ យុវជន
ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ ពេល​ដែល​អាជ្ញាធរ​ស្រុក​កោះកុង​រារាំង​ដំណើរ នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ យុវជន

No comments: