Friday 19 June 2020

តុលាការ​ប្រទេស​បារាំង​សម្រេច​ចោទ​ប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​ពីបទ​បរិហារកេរ្តិ៍​លោក​ ឌី វិជ្ជា ជា​សាធារណៈ


ដោយ ហេង រស្មី
2020-06-18
rfa
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
រូបថត៖ ហ្វេសប៊ុក Sam Rainy



លោក​ សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ ​ បាន​ស្វាគមន៍​​តុលាការ​ប្រទេស​បារាំង​ដែល​បាន​លើក​យក​សំណុំ​រឿង​ចោទ​ប្រកាន់​លោក ករណី​បរិហារកេរ្តិ៍ មក​ជំនុំ​ជម្រះ។

លោក​ សម រង្ស៊ី បញ្ជាក់​ថា នេះ​ជា​ឱកាស​ដែល​លោក​បាន​បង្ហាញ​ការ​ពិត​អំពី​អ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​សម្លាប់​លោក ហុក ឡងឌី អតីត​មេ​ប៉ូលិស​ខ្មែរ កាល​ពី ១២ឆ្នាំ​មុន៖ «នេះ​ជា​ដំណឹង​ល្អ ពី​ព្រោះ​នេះ​ជា​ឧកាស​ដ៏​កម្រ ខ្ញុំ​នឹង​លាត​ត្រដាង​ឃាតកម្ម​របស់​លោក​ ហ៊ុន សែន​ និង​​ក្រុម​គ្រួសារ​គាត់ មាន​រឿង​ច្រើន​ណាស់ ដែល​ខ្ញុំ​រង់ចាំ​ឧកាស​បែប​នេះ ដើម្បី​ឲ្យ​តុលាការ​បារាំង​ពនិត្យ​លើ​​ ការ​ពិត​ដើម្បី​ជួយ​បញ្ចប់​នៅ​និទ្ទណ្ឌភាព​នៅ​ប្រទេស​កម្ពុជា ពី​ព្រោះ​នៅ​ប្រទេស​កម្ពុជា​អ្នក​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​នយោបាយ​មិន​ដែល​រក​មុខ​ឃើញ​ទេ ពី​ព្រោះ​តុលាការ​ស្រុក​ខ្មែរ​មិន​មែន​ជា​តុលាការ​ឯករាជ្យ។ តែ​នៅ​ចំពោះ​មុខ​តុលាការ​ឯក​រាជ្យ ដូច​ជា​តុលាការ​ប្រទេស​បារាំង ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ឲ្យ​លោក ហ៊ុន សែន មក​ប្ដឹង​ខ្ញុំ​ទៅ។ ហ្នឹង​ជា​ឧកាស​ល្អ ដើម្បី​ឱ្យ​ខ្ញុំ​លាត​ត្រដាង​ការ​ពិត ហើយ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ចំពោះ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​គាត់»។

ការ​​លើក​ឡើង​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ប្រទេស​បារាំង​បាន​សម្រេច​ចោទ​ប្រកាន់​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ ពី​បទ «បរិហារកេរ្តិ៍​ ជា​សាធារណៈ​លើ​បុគ្គល» តាម​បណ្ដឹង​របស់​អគ្គស្នងការ​រង​នគរ​បាល​ជាតិ​លោក​ ឌី វិជ្ជា​ ជា​កូន​ប្រុស​របស់​លោក ហុក ឡងឌី កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ២០១៩។


លោក​ ឌី វិជ្ជា តាម​រយៈ​មេធាវី​រដ្ឋាភិបាល​ និង​ មេធាវី​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​ជំទាស់​នឹង​លោក​ សម រង្ស៊ី​ ថា បាន​ចោទ​ប្រកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ថា បាន​រៀប​ចំ​ផែនការ​សម្លាប់​ឪពុក​បង្កើត​របស់​លោក។

កាល​ពី​ទី២ ខែ​មិថុនា ឆ្នាំ២០១៩ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​លោក​ថា​ លោក​ ហ៊ុន សែន​ ជា​អ្នក​បញ្ជា​ឲ្យ​សម្លាប់​លោក ហុក ឡងឌី​ តាម​រយៈ​ធ្វើ​ឲ្យ​ផ្ទុះ​ឧទ្ធម្ភាគចក្រ​ដែល​លោក​ហុក ឡងឌី​ បាន​ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០០៨។

លោក សម រង្ស៊ី បាន​បញ្ជាក់​ទៀត​ថា កូន​ប្រុស​របស់​លោក ហុក ឡងឌី ដែល​ជា​កូន​ប្រសា​របស់​លោក​ ហ៊ុន សែន​ កំពុង​រៀប​ចំ​ផែន​ការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ដើម្បី​រក​វិធី​សងសឹក​លោក ហ៊ុន សែន វិញ​ក្រោយ​ពី​ឪពុក​បង្កើត​របស់​ខ្លួន​បាន​ស្លាប់។

អគ្គស្នងការ​រង​នគរបាល​ជាតិ​លោក​ ឌី វិជ្ជា​ ប្រាប់​អាស៊ី​សេរី​ថា លោកគ្រាន់​តែ​ចង់​បាន​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ប៉ុណ្ណោះ៕

1 comment:

Anonymous said...

French court was suspected to be bribed with the dirty money from the corrupted Hun Sen's cronies and inner circles in order to charge Mr. Sam Rainsy for defamation. It is true that Hun Sen involved the killing of innocent top and intelligent Cambodian/Khmer people who were doing nothing wrong.