Monday 8 June 2020

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា


ដោយ ទីន ហ្សាការីយ៉ា
2020-06-08

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA



គណបក្ស​កាន់អំណាច​ស្វាគមន៍ ការ​បង្កើត​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា ការ​បង្កើត​វិទ្យាស្ថាន​នេះ និង​ការ​បង្កើត​គណបក្ស​នយោបាយ​ផ្សេងៗ​នៅ​កម្ពុជា ជា​ការ​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​វិទ្យាស្ថាន​នេះ អាច​បំពេញ​ការងារ​វិជ្ជាជីវៈ​របស់​ខ្លួន​បាន​ដោយ​សេរី ស្របតាម​ច្បាប់​កម្ពុជា។ តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កម្ពុជា អះអាង​ថា ក្រុម​បញ្ញវន្ត​មួយ​ក្រុម​បង្កើត​វិទ្យាស្ថាន​នេះ​ឡើង ដោយសារតែ​កម្ពុជា​មិន​មាន​ប្រជាធិបតេយ្យ​ពេញលេញ ហើយ​ការ​បង្កើត​វិទ្យាស្ថាន​នេះ​ឡើង ដើម្បី​បណ្ដុះបណ្ដាល​យុវជន និង​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ច្បាស់​អំពី​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិតប្រាកដ។

ក្រុម​បញ្ញវន្ត​ដែល​ជា​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា រំពឹង​ថា វិទ្យាស្ថាន​ដែល​ទើប​បង្កើត​នេះ​អាច​នឹង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​ប្រសើរ​ឡើងវិញ តាមរយៈ​ការ​អប់រំ បណ្ដុះបណ្ដាល​យុវជន​ឱ្យ​បន្តវេន​ពី​អ្នកនយោបាយ​ជើងចាស់​នៅ​ពេល​អនាគត ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទៀត​ផង។


តំណាង​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រកាស​ឱ្យ​ដំណើរការ​វិទ្យាស្ថាន​នេះ​ថា គោលបំណង​ធំ​របស់​វិទ្យាស្ថាន​នេះ “ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​” ។ លោក​បណ្ឌិត មាស នី បាន​លើក​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ថា បាន​ទទួល​យក​របប​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​បី​ដំណាក់កាល​កន្លងទៅ តែ​នៅ​ដំណាក់កាល​នីមួយៗ មេដឹកនាំ​មិនបាន​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ច្បាស់លាស់​នៅ​ឡើយ។ មេដឹកនាំ​កម្ពុជា​កន្លង​ទៅ​បាន​ឡើង​កាន់​អំណាច​មិនមែន​បាន​មកពី​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើយ ការ​ឡើង​កាន់អំណាច​តាមរយៈ​ការ​ដណ្ដើម​អំណាច​គ្នា​ប្រើ​កម្លាំង​ប្រដាប់​អាវុធ៖ «រចនាសម្ព័ន្ធ​នយោបាយ​នៅ​កម្ពុជា ពិសេស​រដ្ឋាភិបាល​ក្នុង​ជំនាន់​នីមួយៗ ហាក់​ដូចជា​មើល​មិន​ឃើញ​ច្បាស់​ថា តើ​ទស្សនៈ​សំខាន់​នៃ​ប្រជាធិបតេយ្យ​ចង់​ដឹកនាំ​ប្រទេស​ទៅ​កន្លែង​ណា​? ដូច្នេះ​ហាក់​ដូចជា​ដំណើរការ​នេះ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​កុម្មុយនិស្ត​បន្តិច​ទៅ ខ្មែរក្រហម​បន្តិច​ទៅ ហើយ​ក៏​អាច​លាយឡំ​របប​យោធានិយម​ខ្លះ​ទៀត យក​មក​ប្រើ​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ ដូច្នេះ​រចនាសម្ព័ន្ធ​នយោបាយ​បែបនេះ ពន្លក​នៃ​ប្រជាធិបតេយ្យ​ហាក់​មានការ​លំបាក​ក្នុង​ការ​លូតលាស់»។

វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (CID) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​រក​ប្រាក់​ចំណេញ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ ដែល​ធ្វើការ​ដើម្បី​គាំទ្រ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជា​គោលការណ៍​គ្រឹះ​ចាំបាច់​សម្រាប់​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​និង​នយោបាយ​នៅ​ប្រទេស​កម្ពុជា​។ វិទ្យាស្ថាន​នេះ បាន​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៤ មិថុនា ក្រោយពី​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍ថា ការ​បង្កើត​វិទ្យាសា្ថន​នេះ​ឡើង ជា​ការ​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​កាន់តែ​រស់​រវើក​ថែមទៀត​៖ «ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​ល្អ បើសិនជា​ពួកគាត់​ធ្វើ​តាម​ច្បាប់​ត្រឹមត្រូវ និង​គោរព​វិជ្ជាជីវៈ»។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក បណ្ឌិត ប៉ា ច័ន្ទរឿន បាន​លើក​ពី​ចក្ខុវិស័យ​បី​សំខាន់​សម្រាប់​រយៈពេល​បី​ឆ្នាំ​ទៅមុខ ដែល​វិទ្យាស្ថាន​នេះ​ត្រូវ​ធ្វើ​គឺ ទី​១ ការសិក្សា​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់ រួមមាន ការសិក្សា​និង​អប់រំ​អំពី វប្បធម៌​នយោបាយ​ថ្មី ការសិក្សា​ពី​ប្រវត្តិ​គណបក្ស​នយោបាយ​នីមួយៗ និង​ការសិក្សា​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ចុងក្រោយ​នៅ​កម្ពុជា​។ ទី​២ ការអប់រំ​នយោបាយ គឺ​ការ​បណ្ដុះបណ្ដាល​យុវជន​ពី​ជំនាញ​នយោបាយ ជំនាញ​នៃ​ការ​គិត និង​ភាពជា​អ្នកដឹកនាំ​វ័យក្មេង និង​ទី​៣ ការ​ផ្សព្វផ្សាយ ដូចជា​ការ​បោះពុម្ព​ផ្សាយ​អំពី​ប្រជាធិបតេយ្យ ការ​បើក​វេទិកា​សាធារណៈ ក្រោយពី​ជំងឺ​កូវីដ-១៩ បាន​បញ្ចប់ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ជាដើម​៖ «កំណត់​បញ្ហា​អាទិភាព​គឺ​ការសិក្សា​ពី​វប្បធម៌​នយោបាយ​ថ្មី ថា​តើ​របៀបរបប​នៃ​ការ​ធ្វើ​នយោបាយ​មាន​ផ្នត់គំនិត​បែប​ណា មាន​ទស្សនៈ​បែប​ណា​? ហើយ​ហេតុអ្វី​បានជា​ធ្វើ​ឱ្យ​សង្គម​យើង​អន់ថយ»។

នាយក​គ្រប់គ្រង​កម្មវិធី​នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក បណ្ឌិត សេង សារី បន្ថែម​ថា អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​ធំ​កន្លង​ទៅ មិន​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​អំពី​ជំនាញ​វិជ្ជាជីវៈ​នយោបាយ​ពិតប្រាកដ​ទេ ពួកគាត់​មួយ​ចំនួន​បាន​តួនាទី​ដោយសារ​កត្តា​ចៃដន្យ និង​បាន​មក​ពី​បក្ខពួក​៖ «កន្លងមក​អ្នកនយោបាយ​ចូល​វិស័យ​នយោបាយ​មិនសូវ​បាន​ចូល​វគ្គ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​ទេ ដោយសារតែ​គាត់​ចូល​តាម​សែស្រឡាយ គាត់​ចូល​តាម​ការ​តស៊ូ​នយោបាយ​បង្ហាញ​ពី​ការ​តស៊ូ​របស់​គាត់ ហើយ​គាត់​ចូល​គណបក្ស​ទៅ​រៀន​ធ្វើ​នយោបាយ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក មិន​បាន​ជ្រើសរើស​មនុស្ស​ឱ្យ​បម្រើ​ការ​ក្នុង​គណបក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល​តាមរយៈ​បក្ខពួក​ឡើយ តែ​អ្នកធ្វើនយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច​ដោយសារ​តែ​មាន​ទស្សនៈ​វិស័យ​នយោបាយ​ដូចគ្នា៖ «យើង​មិន​អាច​តាម​បក្ខពួក​ទេ យើង​អាច​និយាយ​ថា ចូល​តាម​ទស្សនៈ​នយោបាយ​ដូចគ្នា ឬ​ស្របគ្នា ទើប​អាច​ចូល​ទៅ​គណបក្ស​នយោបាយ​បាន»។

ទោះបីជា​លោក សុខ ឥសាន អះអាង​បែបនេះ​ក្ដី ក៏​ភាព​ជាក់ស្ដែង គណបក្ស​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បញ្ចូល​កូនចៅ​របស់​ខ្លួន​ទៅ​ក្នុង​តំណែង ស្ថាប័ន​កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល យុវជន​ដែល​គ្មាន​សែស្រឡាយ​អ្នកធំ​កម្រ​ឃើញ​ឡើង​កាន់​តំណែង​ថ្នាក់ដឹកនាំ​ណាស់។ ហ៊ុន សែន ក៏​ធ្លាប់​ទទួលស្គាល់​ដែរ​ថា លោក​ដាក់​កូនលោក​ឱ្យ​កាន់​តំណែង​ធំៗ ដោយ​បញ្ជាក់​ថា បើ​សិន​មិន​យក​កូនចៅ​របស់​លោក​ឱ្យ​ធ្វើការ​ទេ តើ​ទៅ​យក​អ្នកណា​មក​ធ្វើ ព្រោះថា កូន​របស់​គាត់​សុទ្ធតែ​ចប់​ថ្នាក់បណ្ឌិត​ឯណោះ។

សម្រាប់​លោក បណ្ឌិត សេង សារី ថា វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា គឺជា​ស្ថាប័ន​មួយ​ដែល​បណ្ដុះបណ្ដាល​យុវជន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​បើកឱកាស​ឱ្យ​យុវជន​ដែល​ចាប់អារម្មណ៍​រឿង​នយោបាយ ដោយ​ស្មើភាព​គ្នា​។ លោក​បញ្ជាក់​ថា ចក្ខុវិស័យ​បី​ឆ្នាំ​ទៅមុខ គឺ​បើក ក្រៅពី​ការស្រាវជ្រាវ ចងក្រង​ក្រង​ឯកសារ និង​ផ្សព្វផ្សាយ​នោះ គឺ​វិទ្យាស្ថាន​នេះ​នឹង​បណ្ដុះ​ជំនាញ​នយោបាយ ដោយ​អញ្ជើញ​អ្នកនយោបាយ​ជើងចាស់​មកពី​គ្រប់​គណបក្ស​នយោបាយ​ជា​គ្រូ​មក​ចែករំលែក​រំលែក​ដល់​យុវជន ដែល​ចុះឈ្មោះ​ចូលរៀន​។ លោក​បញ្ជាក់​ថា វិទ្យាស្ថាន​នេះ​នឹង​មាន​មុខវិជ្ជា​ចំនួន​២០​មុខ និង​មាន​២០​វគ្គ ដូចជា​វិទ្យាសាស្ត្រ​នយោបាយ អភិបាលកិច្ច​ល្អ ភូមិសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ​ជាដើម ហើយ​វគ្គ​សិក្សា​នីមួយៗ​មាន ៤៥​ម៉ោង។ លោក​ពន្យល់​ថា វគ្គ​សិក្សា​នីមួយៗ សិស្ស​ត្រូវ​បង់​វិភាគទាន​ខ្លះ​ចូល​វិទ្យាស្ថាន​សម្រាប់​ចំណាយ​លើ​ថ្លៃ​រដ្ឋបាល។

វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​បង្កើត​ឡើង​ដោយ​ក្រុម​បញ្ញវន្ត​មួយ​ក្រុម នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៩ បាន​ចុះបញ្ជី​ស្របច្បាប់​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្រសួងមហាផ្ទៃ និង​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ខែ​មករា ឆ្នាំ​២០២០។ វិទ្យាស្ថាន​នេះ មាន​លោក បណ្ឌិត ប៉ា ច័ន្ទរឿន ជា​ប្រធាន លោក​បណ្ឌិត សេង សារី ជា​ប្រធាន​គ្រប់គ្រង​គម្រោង និង​សហ​ស្ថាបនិក លោក បណ្ឌិត ឡៅ ម៉ុងហៃ ជា​ប្រធាន​ប្រធាន​ក្រុមប្រឹក្សាភិបាល លោក​បណ្ឌិត តេង ឌឺឡុច ជា​សមាជិក​ក្រុមប្រឹក្សាភិបាល លោក បណ្ឌិត មាស នី ជា​ទីប្រឹក្សា លោក ព្រាប កុល ជា​សហ​ស្ថាបនិក និង​ជា​ទីប្រឹក្សា​បច្ចេកទេស និង​លោក​បណ្ឌិត រ៉ូ វណ្ណៈ ជា​សហ​ស្ថាបនិក​ជាដើម។

ចំពោះ​អ្នកគាំទ្រ​វិញ មាន​ស្ថានទូត ស៊ុយអែត តំណាង USAID តំណាង​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស តំណាង​ស្ថានទូត​ជប៉ុន និង​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត៕

3 comments:

Anonymous said...

This monkey face is full evil. If he barks like a dog, talks like a dog, and behaves like a dog then he's a dog.

Anonymous said...

I don't know why I want to punch Ah Min Sok Ey San's face, especially that picture. 3 punches count as one.

Anonymous said...

He's the second most hated man (dog) in Cambodia after Hun Sen.