Tuesday, 23 June 2020

លោក ហ៊ុន សែន សារភាព ថា លោក​កំពុង​ជួយ​កូនប្រុស​ច្បង​ឱ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី


ដោយ ទីន ហ្សាការីយ៉ា
2020-06-22
rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​ពេល​ចុះពិនិត្យការដ្ឋាន​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​ពេល​ចុះពិនិត្យការដ្ឋាន​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ពីហ្វេសប៊ុក លោក ហ៊ុន សែន




នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា គណបក្ស​របស់​លោកមាន​បេក្ខជន​ជំនាន់​ក្រោយ​ជាច្រើន តែ​លោក​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​មេដឹកនាំ​ទៅ​ថ្ងៃ​អនាគត​។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​សង្គម​យល់ថា និន្នាការ​បែបនេះ​កំពុង​នាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការដឹកនាំ​បែប​ផ្ដាច់ការ​ត​វង្ស​ត្រកូល។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន សារភាព​ថា លោក​កំពុង​ជួយ​ពង្រឹង​សមត្ថភាព​ឱ្យ​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ដើម្បី​ឈោង​ចាប់​យក​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត​។ ទោះជា​យ៉ាងណា លោក​អះអាង​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​រង់ចាំ​យ៉ាងតិច​ពីរ​អាណត្តិ​ទៀត ទើប​អាច​មានឱកាស​ឡើង​ស្នង​តំណែង​ពី​លោក​បាន ព្រោះ​សព្វថ្ងៃ​លោក​កំពុង​បន្ត​កាន់អំណាច​នៅឡើយ​។ ម្យ៉ាងវិញទៀត លោក​ថា ករណី​នេះ​ក៏​អាស្រ័យ​លើ​ការ​គាំទ្រ​ពី​ផ្ទៃក្នុង​បក្ស និង​ប្រជាពលរដ្ឋ​ទូទៅ​ដែរ៖ «មិនមែន​មានតែ​បេក្ខជន ហ៊ុន ម៉ាណែត មួយ​ទេ​នៅ​ក្នុង​គណបក្ស​ប្រជាជន មាន​បេក្ខជន​ច្រើន​ណាស់ ក៏ប៉ុន្តែ​ក្នុង​ឋានៈ​ជា​ឪពុក យ៉ាងណា​ក៏​ខ្ញុំ​គាំទ្រ​កូន​ខ្ញុំ អប់រំ​កូន​ខ្ញុំ​ឱ្យ​វា​មាន​សមត្ថភាព។ បើ​វា​មិនបាន​ប៉ុន​ឪ​វា ក៏បាន​៨០% ឬ​៩០% របស់​ឪ​វា​ទៅ​ចុះ ប៉ុន្តែ​បញ្ហា​វា​ស្ថិត​នៅ​ត្រង់​អ្នកបោះឆ្នោត​ទេ​។ ដំបូង​នៅ​ក្នុង​បក្ស​ខ្លួនឯង ទទួល​យក​បាន ឬ​អត់ ទី​ពីរ​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ពី​ប្រជាជន»។


ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​សរសើរ​ខ្លួនឯង​ថា ជា​មេដឹកនាំ​ពូកែ ដែល​អាច​គ្រប់គ្រង​ប្រទេស​បាន​រហូតដល់​ជាង ៣០​ឆ្នាំ​។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ក្រៅពី​លោក គ្មាន​អ្នកណា​អាច​ដឹកនាំ​ប្រទេស​បានទេ ហើយ​លោក​នឹង​បន្ត​កាន់អំណាច​យ៉ាងតិច​បំផុត​១០ ឆ្នាំ​ទៀត​។ លោក​បញ្ជាក់​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​ទិសដៅ​គ្រប់គ្រង​អំណាច​រយៈពេល​វែង តួយ៉ាង​ការ​កសាង​ទីស្នាក់ការ​កណ្តាល​តម្លៃ​ជិត ៤០​លាន​ដុល្លារ​អាមេរិក​នោះ​ជាដើម គឺជា​ការ​វិនិយោគ​សម្រាប់​រយៈពេល ៥០​ឆ្នាំ ទៅ ១០០​ឆ្នាំ​ខាងមុខ៖ «វា​រត់​ទៅ​ជ្រក​ក្បាល​នៅ​ស្រុក​គេ ហើយ​វា​អផ្សុក វា​គ្មាន​អ្វី​ធ្វើ វា​គិតតែ live (​ផ្សាយ​ផ្ទាល់​) ទៅ និយាយ​ទៅ ផ្ទេរ​អំណាច​ទៅ​។ រហូត​ដល់ពេល​ប្រជុំ​សភា​ថា លោក ហ៊ុន សែន ខកចិត្ត​ខ្លាំង​ណាស់ ព្រោះ​អត់​បាន​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​។ ស្អី​? អញ​នៅ​ធ្វើ​(​នាយករដ្ឋមន្ត្រី​) ហ្អា​! អ្នកណា​មាន​សមត្ថភាព​មក​ជំនួស ហ៊ុន សែន បច្ចុប្បន្ន​នេះ​? ឥលូវ​និយាយ​ឱ្យ​វា​ពិត ចេញ​មុខ​មក​។ ក្នុង​តួអង្គ​នៃ​គណបក្ស​ប្រជាជន អត់​មាន​អ្នកណា​ទេ​។ មានតែ​ពួក​អ្នកឯង​ទេ ដែល​ចង់​ធ្វើ ប៉ុន្តែ​អ្នក​ប្រហែលជា​ចាំជាតិ​ក្រោយ នៅ​ពេល​ដែល ហ៊ុន សែន មាន​វត្តមាន​នៅ​ទីនេះ»។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​តែងតាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​តួនាទី​ដឹកនាំ​សមាជិក​ជំនាន់​ក្រោយ​នៃ​គណបក្ស​នេះ​។ លោក ហ៊ុន ម៉ាណែត មាន​តួនាទី​ធំ​នៅ​ក្នុង​បក្ស​រួច​ទៅ​ហើយ គឺ​លោក​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣៤​នា​ក់ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​កាន់អំណាច។បន្ទាប់ពី​តែងតាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​ប្រធាន​យុវជន​បក្ស​ហើយ គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​តែងតាំង​កូនចៅ​មន្ត្រី​ជាន់ខ្ពស់ និង​ក្រុម​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន ម៉ាណែត ចំនួន ២៣​នាក់​បន្ថែម​ទៀត ឱ្យ​ក្លាយ​ទៅជា​សមាជិក​គណៈអចិន្ត្រៃយ៍​យុវជន​របស់​បក្ស អម​ជាមួយ​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

ងាក​ទៅ​ខាង​ជួង​កងកម្លាំងប្រដាប់អាវុធ​វិញ លោក ហ៊ុន សែន បាន​ត្រួស​ត្រាយផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែល​មាន​សញ្ញាប័ត្រ​ពីសាលា​យោធា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក ឱ្យ​ក្លាយ​ជា​មេទ័ព​កំពូល​ម្នាក់​របស់​កម្ពុជា​។ ក្នុង​វ័យ​ត្រឹម ៤៣​ឆ្នាំ លោក ហ៊ុន ម៉ាណែត មាន​ឋានន្តរសក្ដិ​ផ្កាយ​៣ កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ជឿ​ថា ពេលវេលា​នៃ​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​នេះ មិន​អាច​អូស​បន្លាយ​ដល់ ១០​ឆ្នាំ​ទៀត​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន មាន​វ័យ​កាន់តែ​ចាស់ ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ផង៖ «បើ​យើង​មើល​ស្ថានភាព​ដែល​គាត់​កំពុងតែ​រៀបចំ​សម្រាប់ ហ៊ុន ម៉ាណែត ហ្នឹង គឺ​មិនមែន​សម្រាប់​១០ ឆ្នាំ​ទៀត​ទេ អាច​នៅ​ក្នុង​អាណត្តិ​ក្រោយៗ​ហ្នឹងឯង ព្រោះ​គាត់​ក៏​ដឹងខ្លួន​គាត់​ដែរ គាត់​អាយុ​៦៩ ឆ្នាំ​ទៅ​ហើយ គាត់​មាន​ទៅ​ក្មេង​ឯណា ហើយ​ច្បាស់​ជា​មាន​បញ្ហា​សុខភាព​ផង អាហ្នឹង​បាន​គាត់​ត្រូវតែ​ខំ​ប្រឹងប្រែង​ចូកចែវ ដើម្បី​ឱ្យ ហ៊ុន ម៉ាណែ​ត ឡើង​ឱ្យ​លឿន​ហ្នឹង​ណា»។

លោក អេង ឆៃអ៊ាង យល់​ថា លោក ហ៊ុន សែន ដែល​ពូកែ​ខាង​ល្បិចកល​ទុច្ចរិត ក្រាញ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ គឺជា​តឹង​តាង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ប្រកួតប្រជែង តាម​បែប​សុចរិត​នោះ​ឡើយ​៖ «អំណាច​ដែល​គាត់​បាន​មក តាម​ភាព​ទុច្ចរិត​ទេ​។ បើ​មនុស្ស​ដែល​គេ​មាន​ភាព​សុចរិត ទៀងត្រង់​ហ្នឹង គេ​មិន​ទៅ​ធ្វើ​អ៊ីចឹង​ទេ​។ គេ​មិន​ទៅកាន់​អំណាច​យូរ​ឆ្នាំ​អ៊ីចឹង​ទេ​។ អ្នក​ដែល​គេ​សុចរិត​ហ្នឹង គេ​ធ្វើ​អ្វី​ឱ្យ​ជា​មាន​កិត្តិយស​សម្រាប់​ខ្លួន​គេ​ទៅ គេ​ប្រគល់​ឱ្យ​ទៅ​អ្នក​ជំនាន់​ក្រោយ​ទៀត ដើម្បី​រៀបចំ​ប្រទេស​ឱ្យ​បាន​ត្រឹមត្រូវ ឱ្យ​បាន​ល្អ ឱ្យ​បាន​ជឿនលឿន​ដូច​ប្រទេស​នានា​លើ​ពិភពលោក​ហ្នឹង»។

លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​១៩៨៥ រហូត​ដល់​ឆ្នាំ​១៩៩១​។ លោក​បាន​ចាញ់​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) ក៏ប៉ុន្តែ​លោក​មិន​សុខចិត្ត ហើយ​គំរាម​បង្កើត​តំបន់​អបគមន៍​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​។ ក្រោយ​ការ​សម្របសម្រួល លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​១ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​តំណែង​នាយករដ្ឋមន្ត្រី​ទី​១។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ក៏បាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គណបក្ស​នេះ​បាន​បន្ត​ឈ្នះ​ឆ្នោត​រៀងរាល់​អាណត្តិ តែ​រង​ការ​រិះគន់​ថា ជា​ការ​បោះឆ្នោត​ដោយ​មិន​សេរី មិន​យុត្តិធម៌ និង​មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត។

ក្រោយមក គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​សំឡេង​គាំទ្រ​យ៉ាង​គំហុក​ក្នុង​ការ​បោះឆ្នោត​សភា ឆ្នាំ​២០១៣ និង​ជាពិសេស ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបា​ន​ការ​គាំទ្រ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពី​ពលរដ្ឋ​ជិត​ពាក់​កណ្តាល​ប្រទេស​។ នៅ​ចុង​ឆ្នាំ​២០១៧ តុលាការ​កំពូល​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យក​អាសនៈ​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​របស់​បក្ស​នេះ​ទៅ​ចែក​គ្នា​កាន់កាប់ ព្រមទាំង​បំបិទ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចំនួន​១១៨ នាក់​ទៀត​ផង។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់​ថា ការដែល​លោក ហ៊ុន សែន អាច​កាន់​តំណែង​មកដល់ពេលនេះ គឺ​ដោយសារតែ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ និង​ការ​បំបែកបំបាក់​សំឡេង​ប្រឆាំង​។ លោក​បន្ត​ថា នៅ​កម្ពុជា​មិនមែន​មាន​តែ​លោក ហ៊ុន សែន ម្នាក់​ទេ ដែល​អាច​ធ្វើ​នាយករដ្ឋមន្ត្រី​បាន ប៉ុន្តែ​ដោយសារ​លោក​នៅតែ​ក្រាញ​អំណាច មិន​ព្រម​ផ្តល់​ឱកាស​ឱ្យ​អ្នកដទៃ សូម្បីតែ​សមាជិក​គណបក្ស​របស់​ខ្លួន៖ «បើ​យើង​មើល​លើ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ការ​ឡើង​កាន់អំណាច គឺ​តាមរយៈ​ការបោះឆ្នោត ដោយ​តម្លាភាព ដោយ​ស្មើភាព​គ្នា​។ មិនមែន​មានតែ​គាត់​ទេ ដែល​អាច​កាន់អំណាច​បាន​នោះ​។ មិន​ខ្វះ​ទេ អ្នក​ដែល​មាន​សមត្ថភាព ក៏ប៉ុន្តែ​សួរ​ថា តើ​គាត់​ផ្តល់​ឱកាស​ឱ្យ​អ្នក​ដែល​មាន​សមត្ថភាព​ហ្នឹង​ចូលរួម​ការបោះឆ្នោត​ទេ​? ហើយ​យើង​មើល​ផ្ទៃក្នុង​បក្ស​ប្រជាជន មិន​ខ្វះ​ទេ​មនុស្ស​ដែល​មាន​សមត្ថភាព តែ​អ្វី​ដែល​សំខាន់ គឺ​គាត់​មិន​មានឱកាស​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី»។

ស្រប​ពេល​លោក ហ៊ុន សែន កំពុង​ត្រួស​ត្រាយផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែ​ត ឡើង​ស្នង​តំណែង​នេះ របប​របស់​លោក​បាន​បង្កើន​ការ​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកសង្កេតការណ៍​យល់ថា លោក ហ៊ុន សែន មិន​ហ៊ាន​ប្រកួត​ការបោះឆ្នោត​តាម​វិធី​ត្រឹមត្រូវ​ជាមួយ​បក្ស​ប្រឆាំង​ទេ​។ ឧទាហរណ៍ លោក​មិន​ហ៊ាន​ឱ្យ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី ចូល​ស្រុក នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ហើយ​ថែមទាំង​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​រាប់​រយ​នាក់ ពី​បទ​រួមគំនិត​ក្បត់ជាតិ និង​ញុះញង់​ទៀត​ផង​។ ចំណែក នៅ​ឆ្នាំ​២០២០ នេះ វិញ មន្ត្រី​បក្ស​ប្រឆាំង​ជិត​២០ នាក់ ត្រូវ​បាន​ចាប់ខ្លួន​បន្ថែម​ទៀត ក្រោម​បទ​ចោទ​ដូចគ្នា​នេះ ស្រប​ពេល​សកម្មជន​ស​ង្គ្រោះជាតិ ១៦​នាក់​ផ្សេងទៀត​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​​ លួច​វាយ​ឱ្យ​រងរបួស ហើយ​សមត្ថកិច្ច​មិន​បាន​ជួយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឡើយ។

ក្រៅពី​ករណី​នយោបាយ​ទាំងនេះ របប​លោក ហ៊ុន សែន ក៏បាន​គាបសង្កត់​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ផង​ដែរ​។ ការ​បញ្ចេញ​មតិ ការ​ផ្សព្វផ្សាយ ការ​ប្រមូល​ផ្តុំ និង​ការប្រជុំ​ដោយ​សន្តិវិធី​ដែល​របប​លោក ហ៊ុន សែន មិន​ពេញចិត្ត តែងតែ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​អំពើ​ទុច្ចរិត ឬ​ការ​ញុះញង់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​នាក់​ជាប់ពន្ធនាគារ៕

1 comment:

Anonymous said...

This ignorant bastard Hun Sen is able to hold the power for so long because he did give in to whatever his master Yuon has demanded from him such as ceding Khmer land, killing prominent Khmers, etc...

Keep going Ah Roleuy Hun Sen !! you are such a faithful dog for Youn.