Friday 19 June 2020

លោក ហ៊ុន ម៉ាណែត ថា ការ​ទិញ​រថយន្ត​យោធា​ជិត​៣០០​គ្រឿង​ពី​ចិន គឺ​ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន


ដោយ សុជីវី
2020-06-18
លោក ហ៊ុន ម៉ាណែត (ឆ្វេង) ក្នុង​ពិធី​ប្រគល់​រថយន្ត​យោធា​ ដែល​ទើប​ទិញ​ពី​ចិន នា​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០២០។
លោក ហ៊ុន ម៉ាណែត (ឆ្វេង) ក្នុង​ពិធី​ប្រគល់​រថយន្ត​យោធា​ ដែល​ទើប​ទិញ​ពី​ចិន នា​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ភាព​ពី​ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត



កូនប្រុស​លោក​នាយករដ្ឋមន្ត្រី និង​មេបញ្ជាការ​កងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការទិញ​រថយន្ត​យោធា​ធុន ធំ ២៩០​គ្រឿង​នៅ​ពេល​នេះ គឺ​ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន មិន​ដូច​អ្នកវិភាគ​រិះគន់​ថា ជា​ការ​ខ្ជះខ្ជាយ​ថវិកា និង​មិន​គិត​អំពី​ការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ពេល​ជួប​វិបត្តិ​សេដ្ឋកិច្ច​បង្កឡើង​ដោយ ជំងឺ​កូវីដ-១៩​នោះ​ទេ​។ ទោះ​យ៉ាងណា អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង នៅតែ​យល់ថា ការ​បញ្ជា​ទិញ​រថយន្ត​នេះ គឺ​សម្រាប់​ទុក​បង្ក្រាប​ពលរដ្ឋ និង​ការពារ​អំណាច​គ្រួសារ​លោក ហ៊ុន សែន។

លោក ហ៊ុន ម៉ាណែត ប្រកាស​អះអាង​ថា ថវិកា​ដែល​ទិញ​រថយន្ត​យោធា​ធុន​ធំ​ទាំង​២៩០​គ្រឿង​នេះ មិនបាន​ចំណាយ ថវិកាជាតិ​មួយ​រៀល​ឡើយ ហើយក៏​មិនមែន​ជា​ជំនួយ​របស់​ចិន​ដែរ គឺជា​ថវិកា​ដែល​បាន​មក​ពី​ក្រុម​សប្បុរសជន​ក្នុង​ប្រទេស​ដែល​មាន​សមានចិត្ត​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព និង​លទ្ធភាព​របស់ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ការ​បំពេញភារកិច្ច បម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា។ កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រូប​នេះ ថា ការ​បញ្ជាទិញ​រថយន្ត​យោធា​ពី​ប្រទេស​ចិន នេះ គឺ​ធ្វើ​ឡើង​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ មក​ម្ល៉េះ ពោល​គឺ​មុន​ពេល​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ-១៩៖ «តម្រូវការ​កម្ចាត់​កូវីដ វា​ខ្ពស់​ជាង​តម្រូវការ​រថយន្ត ប៉ុន្តែ​រថយន្ត​នេះ​បាន​បញ្ជា​ទិញ​តាំងពី​ជាង​កន្លះ​ឆ្នាំមុន​កូវីដ​ផ្ទុះ អ៊ីចឹង​វា​រួច​ទៅ​ហើយ ដូច​អ្នក​កក់​តុ​ការ​អ៊ីចឹង តែ​កក់​ហើយ​ចាំតែ​យក​មក​វិញ​ទៅ ត្រូវតែ​ការ​មិន​ថា កូវីដ ឬ​មិន​កូវីដ​នោះ​ទេ​។ ឥឡូវ​ឡាន​យើង​បាន​កក់​លុយ​គេ​ហើយ ឱ្យ​គេ​ធ្វើ​ហើយ​បើ​យើង​មិន​យក​ធ្វើ​ម៉េច​។ បើ​យើង​មិន​យក​រថយន្ត​មក​ពេលនេះ តើ​ចាំ​ដល់​ពេលណា»។


លោក ហ៊ុន ម៉ាណែត អះអាង​បន្ថែម​ថា ការទិញ​រថយន្ត​ទាំងនេះ គឺ​ដើម្បី​យក​មក​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា សម្រាប់​ដឹកជញ្ជូន​កងកម្លាំង និង​ពលរដ្ឋ​ពេល​មាន​គ្រោះអាសន្ន​ដូចជា​ពេល​មាន ជម្លោះ​តាម​ព្រំដែន គ្រោះ​ទឹក​ជំនាន់ គ្រោះ​អគ្គីភ័យ និង​ពេល​មាន​ពិធី​បុណ្យទាន​ជាដើម៖ «ពេល​ដែល​មាន​ចោរលួច​ចោរប្លន់ មាន​ភ្លើង​ឆេះ​ផ្ទះ មាន​គ្រោះ​មហន្តរាយ ទឹកជំនន់ បាក់​អគារ ពេល​បុណ្យ​ពេល​ទាន​ត្រូវការ​សន្តិសុខ ពេល​កូ​វីដ ប្រសិនបើ មាន​សភាពការណ៍​កើតឡើង​គឺ​ត្រូវការ​កងកម្លាំង​ប្រដាប់​អាវុធ​ចូលរួម ហើយ​ឱ្យ​គាត់​ជិះ​ម៉ូតូ​ទៅ​ដើរ​ជួយ​គេ​យ៉ាងម៉េច។ នេះ​គឺជា​មធ្យោបាយ​បង្កើត​នូវ​សមត្ថភាព​និង​លទ្ធភាព​របស់​កងកម្លាំង​ប្រដាប់ អាវុធ​ក្នុង​ការបម្រើ​ជាតិ បម្រើ​ប្រជាពលរដ្ឋ»។

ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​ពិធី ប្រគល់​រថយន្ត​ទាំងនោះ​ទៅ​ឱ្យ​អង្គភាព​ពាក់ព័ន្ធ ដូចជា​ប្រគល់​ឱ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៤០​គ្រឿង និង​កង​យោធពល​ខេមរភូមិន្ទ ២៥០​គ្រឿង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា។

ក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ាណែត ក៏​ព្រមាន​ខ្លាំងៗ​ទៅ​អ្នកវិភាគ​កុំ​ឱ្យ​វិភាគ​រឿង​រថយន្ត​យោធា​នេះ ផ្ដេសផ្ដាស និង​ថែម​ព្រមាន​ពលរដ្ឋ កុំ​ឱ្យ​ជេរប្រមាថ​កងកម្លាំងប្រដាប់អាវុធ​បន្ត​ទៀត ព្រោះ​ពេល​មាន អាសន្ន​គឺ​មាន​តែ​កងកម្លាំង​ប្រដាប់​នោះ​ទេ ដែល​អាច​ជួយ​បាន​។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បង្គាប់​បញ្ជា​ឱ្យ​អ្នកសារព័ត៌មាន ត្រូវ​សរសេរ​ព័ត៌មាន​តាម​សម្ដី របស់​លោក និង​បកស្រាយ​ថា ការ​បញ្ជាទិញ​រថយន្ត​យោធា​នៅ​ពេល​នេះ មិនមែន​ជា​ការ​ខ្ជះខ្ជាយ​ថវិកា និង​មិន​គិត​អំពី​សុខទុក្ខ​ពលរដ្ឋ​ដូចជា​ការ​លើកឡើង​របស់​អ្នកវិភាគ​នោះ​ទេ។ ប៉ុន្តែ លោក លោក ហ៊ុន ម៉ាណែត មិន​បាន បញ្ជាក់ ពី​ប្រភព​នៃ​អ្នក​ផ្តល់​លុយ និង​ថវិកា​ចំនួន​ប៉ុន្មាន​សម្រាប់​ទិញ​រថយន្ត​ទាំងអស់​នោះ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង នៅតែ​មើល​ឃើញ​ថា ការ​បញ្ជា​ទិញ​រថយន្ត យោធា​ធុន​ធំ​ជិត ៣០០​គ្រឿង​នេះ គឺជា​ការ​ត្រៀម​ទុក​សម្រាប់​ដឹកជញ្ជូន​កងកម្លាំង​ទៅ វាយ​បង្ក្រាប​ប្រជាពលរដ្ឋ ឬ​ក្រុម​ណា​ដែល​ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​របប​ក្រុងភ្នំពេញ​។ ពួកគេ​ថា ការ​លើកឡើង​របស់ ហ៊ុន ម៉ា ណែត គ្រាន់តែ​ជា​លេស​ការពារ​ទង្វើ​ទុច្ចរិត​របស់​ខ្លួន​ប៉ុណ្ណោះ។

តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ លោក អ៊ំ សំអាន មាន​ប្រសាសន៍ថា ទោះបីជា​រថយន្ត​យោធា​ទាំងនោះ ត្រូវ​បាន​បញ្ជា​ទិញ​តាំង​ពីមុន​ផ្ទុះ​ជំងឺ​កូវីដ​ក្តី ប៉ុន្តែ​រដ្ឋាភិបាល អាច​មាន​សិទ្ធិ​លុបចោល ឬ​ពន្យារ​ពេល​ការទិញ​រថយន្ត​ទាំងនេះ ដើម្បី​បង្វិល​ថវិកា​ទាំងនោះ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ទុក្ខ​វេទនា​បាត់បង់​ការងារ​ធ្វើ និង​គ្មាន​អាហារ​ហូបចុក ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​នេះ​ជា​មុន​សិន៖ «ទិញ​រថយន្ត​នេះ​ដើម្បី​មក​បង្ក្រាប​ខ្មែរ មិនមែន​ដើម្បី​ទប់ស្កាត់​ដើម្បី​កុំ​ឱ្យ​យួន​ឈ្លានពាន​ដូច​យួន​បោះតង់​អ៊ីចឹង អត់​ហ៊ាន​ជាមួយ​យួន​ផង​នឹង។ លោក ហ៊ុន ម៉ាណែត ជា​មេបញ្ជាការ​កងទ័ពជើងគោក អត់​ឃើញ​យក​ទាហាន​ទៅ​ទប់​ជាមួយ​យួន​កុំ​ឱ្យ​បោះតង់​ផង​នឹង។ គាត់​នៅតែ​ការពារ​អំណាច​ឪ​គាត់​នៅ​រាជធានី​ភ្នំពេញ​។ គាត់​ទប់​ខ្លាច​មាន​បាតុកម្ម​។ មួយទៀត ការដែល​ផ្ដល់​រថយន្ត​ទៅ​ឱ្យ​ខាង​ប៉ូលិស​នោះ វា​អត់​សមរម្យ ព្រោះ​ប៉ូលិស អត់​ត្រូវការ​ឡាន​ធំ​បែបនេះ​ទេ ប៉ូលិស ត្រូវ​ប្រើ​ឡាន​តូចៗ ស្រុក​គេ​ប្រើ​តែ​ឡាន​តូចៗ​ទេ ប៉ុន្តែ​ប្រើ​អាឡាន​ធំ​នេះ គឺ ដើម្បី​ដឹក​ប៉ូលិស ដើម្បី​ទៅ​បង្ក្រាប​បាតុកម្ម ក្រែង​កើត​មាន​ដោយសារ​វិបត្តិ​កូវីដ​នេះ»។

រីឯ​អ្នក​វិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ លើកឡើង​ថា ប្រសិនបើ​ការ​បញ្ជា​ទិញ​រថយន្ត​យោធា​ទាំងនេះ គឺជា​ថវិកា​របស់​សប្បុរស​ជន​មែន គឺ​មិន​អាច​ធ្វើឡើង​ដោយ​លួចលាក់​ស្ងាត់ៗ បែបនេះ​នោះ​ទេ​។ ម្យ៉ាងវិញទៀត លោក​មើល​ឃើញ​ថា ការ​បញ្ជាទិញ​រថយន្ត​ទាំងនេះ គ្មាន​ហេតុផល​អ្វី​ផ្សេង​ក្រៅពី​ទុក​ដឹកជញ្ជូន​កងកម្លាំង​សម្រាប់​វាយ​បង្ក្រាប​ពលរដ្ឋ​នោះ​ទេ៖ «បើជា​រឿង​សប្បុរសធម៌ គេ​មិនដែល​លាក់បាំង​ទេ ប៉ុន្តែ ស្រាប់តែ​ស្ងាត់ៗ​លាក់បាំង​ចេញ​លុយ​សប្បុរសជន​មក​ទិញ​ឡាន​យោធា​យ៉ាង​នេះ គឺជា​សប្បុរសជន​នៅ ក្នុង​បក្ខ​ពួកគាត់​តែ​ប៉ុន្មាន​នាក់​ដើម្បី​ជួយ​ជ្រោមជ្រែង​អំណាច​ដល់​ត្រកូល​ហ៊ុន របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នេះ​គឺ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​។ ឡាន​នេះ​ទិញ​មក​សម្រាប់​ដឹក​កម្លាំង ទៅ​បង្ក្រាប​ចលនា​មហាជន​បែប​ណា​មួយ​ដែល​ទ្រាំ​មិន​បាន​ត្រូវតែ​តវ៉ា​ប្រឆាំង​ទៅ​នឹង​អំណាច​ផ្ដាច់ការ​របស់ លោក ហ៊ុន សែន ទៅ​ថ្ងៃក្រោយ ព្រោះ​បើ​កម្លាំង​នោះ​ងើប​កាន់តែ​ខ្លាំង​ពី​មហាជន គ្រប់ទិសទី បុក​ចូល​ទីក្រុង​ភ្នំពេញ គឺ​ឡាន​យោធា​ក្នុង​បរិមាណ​បច្ចុប្បន្ន មិន​អាច​ទ្រទ្រង់​សម្រាប់​ដឹក​កម្លាំង​ដើម្បី​ទប់ស្កាត់​សភាពការណ៍​បាន»។

អ្នកវិភាគ​រូប​នេះ បន្ត​ថា ប្រសិនបើ​ការទិញ​រថយន្ត​ទាំងនេះ សម្រាប់​ជួយសង្គ្រោះ​ពលរដ្ឋ​ក្នុង​គ្រា​មាន អាសន្ន​ដូចជា​ទឹក​ជំនន់ ឬ​បាក់​អគារ​ជាដើម​នោះ គួរតែ​ទិញ​ឡាន​ស៊ីវិល និង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ស្ថាប័ន​ស៊ីវិល មាន​ដូចជា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួង​សុខាភិបាល​ជាដើម មិនមែន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា និង​ប៉ូលិស​នោះ​ទេ៖ «មិន​ទុក​លុយ​ដើម្បី​ជួយ​ពលរដ្ឋ បែរជា​យក​លុយ​នោះ​ទៅ​ទិញ​ឡាន នោះ គឺជា​នយោបាយ​សេដ្ឋកិច្ច​នៃ​អ្នក​នាំ​ដែល​មាន​ខួរ​ក្បាល​មិន​ត្រឹមត្រូវ ហើយ​ខ្វល់​ត្រឹម​តែ​អំណាច​គ្រួសារ​របស់​ខ្លួន»។

រថយន្ត​ទាំង​២៩០​គ្រឿង​នេះ មាន​២​ប្រភេទ គឺ​កង់ ៦ និង​កង់​១០​។ ប្រភេទ​រថយន្ត​កង់​៦ អាច​ផ្ទុក​ទម្ងន់​ប្រមាណ ១០​តោន ហើយ​បើ​ដាក់​កងកម្លាំង​បាន​ប្រហែល ២០​នាក់ ចំណែក​ប្រភេទ​កង់ ១០ អាច​ផ្ទុក​ទម្ងន់​បាន​ប្រមាណ ២០​តោន ហើយ​បើ​ដាក់​កងកម្លាំង​អាច​បាន ៣០នាក់។

រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ទទួល​ជំនួយ​រថយន្ត​យោធា​ពី​ប្រទេស​ចិន និង​តែង​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​បញ្ជា​ទិញ​រថយន្ត​យោធា អាវុធ និង​ទិញ​ឧទ្ធម្ភាគចក្រ ពី​ប្រទេស​ចិន ជា​បន្តបន្ទាប់ ស្រប​ពេល ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​ធ្លាក់​ចុះ ព្រមទាំង​មានការ​រិះគន់​ថា ប្រជាធិបតេយ្យ និង ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ៕

1 comment:

Anonymous said...

Yuon installed a puppet named Hun Sen to implement the Vietnamization of Cambodia for Vietnam.

The plan has been at least 1/2 complete under Hun Sen. Hun Sen needs Hun Manet (his son ?) to finish the job.

Notice that Vietnam had used over one hundred year to swallow Champa completely.

It looks like Cambodia has gone under similar pattern.

It is time for Khmer people to stop sleeping and do something to prevent Cambodia from having the same fate as Champa.