Monday 15 June 2020

HRWស្នើ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរ​ក្រោម និង​បញ្ឈប់​ធ្វើទុក្ខបុកម្នេញ


ដោយ យន់ សាមៀន
2020-06-15
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។
រូប៖ Screenshot AFP



អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ដែល​កំពុង​ជាប់ឃុំ និង​ឈប់​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដទៃ​ទៀត ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​បញ្ចេញមតិ​។ សំណើ​នេះ​ធ្វើឡើង​ស្រប​ពេល ដែល​ក្រសួង​ការបរទេស​អាមេរិក ក៏​រក​ឃើញ​ដែរ​ថា អាជ្ញាធរ​វៀតណាម កំពុង​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក អ៊ីនធឺណិត របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ផង​ដែរ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៣ មិថុនា ថា អាជ្ញាធរ​វៀតណាម កំពុង​ប្រើប្រាស់​លេស​គ្រប់យ៉ាង​ដើម្បី​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​ក្រោម​ណា ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល វៀតណាម តាមរយៈ បណ្ដាញ​សង្គម​។ ការ​លើកឡើង​នេះ ដោយសារ តែ​រដ្ឋាភិបាល​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ ទើបតែ​បាន​ផាក​ពិន័យ​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​យុវជន​ខ្មែរ​ក្រោម​ពីរ​នាក់ ដោយសារតែ​ម្នាក់​ហ៊ាន​រិះគន់ ករណី​វៀតណាម​ចែក​អង្ករ​អត់​គុណភាព​ដល់​ខ្មែរ​ក្រោម និង​ម្នាក់ទៀត​រឿង​ចែកចាយ​ព័ត៌មាន​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជុំវិញ​ខួប​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​លើក​ទី ៧១​ឆ្នាំ កាល​ពី​ថ្ងៃ​ទី៤ មិថុនា កន្លង​ទៅ៖ «ទាំងនេះ បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា វៀតណាម​តាមដាន​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់ ចំពោះ​ការប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ពលរដ្ឋ​ទូទៅ ហើយ​វៀតណាម​ប្រើប្រាស់​ច្បាប់​ដ៏​តឹងរ៉ឹង​របស់​គេ ដើម្បី​ផ្ដន្ទាទោស​នរណា ដែល​ហ៊ាន រិះគន់​រដ្ឋាភិបាល​។ បច្ចុប្បន្ន​នេះ​បណ្ដាញ​សង្គម (facebook) បាន​ក្លាយ​ជា​ជម្រើស​ដ៏​សំខាន់​មួយ​ដែល​គេ​ប្រើប្រាស់​ដើម្បី​ទាក់ទង​គ្នា និង​ចែកចាយ​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​កើតឡើង​នៅ​ប្រទេស វៀតណាម​។ ខ្ញុំ​គ្មាន​អ្វី​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​អាជ្ញាធរ​វៀតណាម ផ្ដន្ទាទោស​ខ្មែរ​ក្រោម ដោយសារតែ​ការ​បញ្ចេញមតិ​។ ការ​ផ្តន្ទាទោស​នេះ ជា​កា​រំលោភ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។ ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងនោះ មិន​ត្រូវ​រង​ការចោទប្រកាន់​ទាំង​នោះ​ទេ​។ តាមពិត​អាជ្ញាធរ​វៀតណាម​វិញ​ទេ ដែល​ត្រូវ​បកស្រាយ​ពី​បញ្ហា​អ្វី​ដែល​កើតមាន​។ ដូចជា​ករណី មានការ​ចោទ​ប្រកាន់​ថា អង្ករ​ដែល​វៀតណាម​ចែក​ឱ្យ​ខ្មែរ​ក្រោម នោះ​


​គ្មាន​គុណភាព​ជាដើម។ ការចោទប្រកាន់​ទាំងនោះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើពុករលួយ ឬក៏​អាច​ជា​បញ្ហា​របស់​មន្ត្រី​ថា្នក់​ក្រោម ដែល​ត្រូវតែ​ត្រួតពិនិត្យ​។ ករណី​ផ្សេងទៀត ខ្មែរ​ក្រោម​ខ្លះ បាន​លើក​យក​ព័ត៌មាន​ស្ដីពី​សហព័ន្ធ​ខ្មែរ​ក្រោម​មក​និយាយ អាជ្ញាធរ​វៀតណាម​មិន​ត្រូវ​ធ្វើ​ទុក​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយសារតែ​ពួកគេ​ស្រង់​សំដី របស់​អង្គការ​នៅ​ក្រៅ​ប្រទេស មក​និយាយ​នោះ​ទេ»។

លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បន្តទៀត​ថា ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ពី សំណាក់​អាជ្ញាធរ​វៀតណាម​នេះ ដោយសារតែ វៀតណាម​រើសអើង​ពូជសាសន៍​ខ្មែរ និង​ខ្លាច​ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​បំបែក​រដ្ឋ​ទៅ​ថ្ងៃ​អនាគត៖ «អាជ្ញាធរ​វៀតណាម បាន​គាបសង្កត់​ពលរដ្ឋ​ខ្មែរ​ក្រោម អស់​ជាច្រើន​ទសវត្ស​ហើយ​។ វៀតណាម​ចាត់​ទុក​ខ្មែរ​ក្រោម​ថា ជា​ក្រុម​មនុស្ស​មិន​ស្មោះត្រង់​នឹង​វៀតណាម​។ វៀតណាម​រើសអើង​នឹង​ខ្មែរ​ក្រោម ដោយសារតែ​ពូជសាសន៍ ភាសា និង​សាសនា ខុសប្លែក​នឹង​ជនជាតិ​វៀតណាម។ ពលរដ្ឋ​ទាំងនោះ មិន​គួរ​ត្រូវ​គេ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ឬ​ផាក​ពិន័យ ដោយសារតែ​ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​នោះ​ទេ​។ នេះ​ជា​ឧទាហរណ៍​មួយ ដែល​វៀតណាម​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដើម្បី​បំបិទ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​។ ជា​រៀង​រាល់ពេល ខ្មែរ​ក្រោម​តែង​ទទួលរង​ការ​រំលោភបំពាន​ទាំងនេះ ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដោយសារតែ​ខ្មែរ​ត្រូវ​គេ​រើសអើង ហើយ​អាជ្ញាធរ​សង្ស័យ​ពួកគេ​ចង់ បំបែក​រដ្ឋ ចេញពី​ប្រទេស​វៀតណាម​។ អាជ្ញាធរ​វៀតណាម​តែងតែ​ស្វែងរក​លេស​គ្រប់យ៉ាង ដើម្បី​ចាប់​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ពន្ធនាគារ»។

ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក ទើប​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម​លើក​ទី ៧១ ឆ្នាំ ដែល​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​ក្រោម​ទាំង​ខុសច្បាប់​ទៅ​ឱ្យ​វៀតណាម កាលពី​ឆ្នាំ១៩៤៩។ ក្នុង​ទិវា​បាត់បង់​ទឹកដី​នោះ សហគមន៍​ខ្មែរ​ក្រោម ប្រកាស​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​តុលាការអន្តរជាតិ​ទាមទារ​ដី​ខ្មែរ​ពី​វៀតណាម​មកវិញ និង​ទាមទារ​សិទ្ធិ​ជា​ម្ចាស់​ដើមកំណើត ដើម្បី​អាច​មាន​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត។

ស្រប​ពេល​មាន​សំណើ​ពី​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នេះដែរ ក្រសួងការបរទេស សហរដ្ឋអាមេរិក ក៏បាន​បញ្ចេញ​របាយការណ៍​ស្ដីពី​សេរីភាព​សាសនា កាលពី​សប្ដាហ៍​មុន ដោយ​រក​ឃើញ​ថា ពេញ​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ ២០១៩ វៀតណាម បាន​ប្រើប្រាស់​ច្បាប់​សន្តិសុខ ផ្នែក​អ៊ីនធឺណិត ជា​លេស​ក្នុង​ពេល​ចាប់ខ្លួន និង​សួរចម្លើយ ពលរដ្ឋ​ខ្មែរ​ក្រោម​។ របាយការណ៍​បន្ត​ថា ខ្មែរ​ក្រោម​បាន​រងគ្រោះ ដោយសារ​ពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម ចែកចាយ​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថា សហព័ន្ធ​ខ្មែរ​ក្រោម​អះអាង​ថា វៀតណាម​ចោទប្រកាន់​សហព័ន្ធ​ថា ជា​ក្រុម​បំបែក​រដ្ឋ ប៉ុន្តែ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គ​ការ​ធ្វើ​ការងារ​ដើម្បី​សេរីភាព​ផ្នែក សាសនា និង​សិទ្ធិមនុស្ស​។ ក្រសួងការបរទេស​អាមេរិក​ក៏​រក​ឃើញ​ថា ព្រះសង្ឃ​ខ្មែរ​ក្រោម ក៏​ត្រូវ​បាន​វៀតណាម បង្ខំ​ឱ្យ​ចូល​ធ្វើ​ទាហាន ដោយ​មិន​អាច​ប្រកែក​បាន ទោះបី​ប្រទេស​វៀតណាម មិន​មាន​សង្គ្រាម​ក៏ដោយ។

ដោយឡែក ករណី​បញ្ហា​ដីធ្លី​នៅ​ខ្មែរ​ក្រោម​វិញ កាលពី​ដើមខែ មិថុនា​នេះ មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​វៀតណា​ម ប្រើប្រាស់​ហិង្សា វាយ​និង​ចាប់ខ្លួន ហើយ​កំពុង​ជាប់ឃុំ​ឃាំង​មិន​ឱ្យ​ជួប​សាច់ញាតិ និង​គ្មាន​មេធាវី​ការពារ​ក្ដី​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។ ពលរដ្ឋ​ខ្មែរ​ក្រោម​រូប​នោះ ជា​អ្នកស៊ីឈ្នួល​ធ្វើ​ដី ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្សេងទៀត​ធ្វើស្រែ​ចម្ការ មុន​ពេល​អាជ្ញាធរ​វៀតណាម​រឹបអូស​យក កាលពី​ចុងខែ ឧសភា បណ្ដាល​ឱ្យ​ផ្ទុះ​អំពើ​ហិង្សា​។

លោក ហ្វ៊ីល រ៉ូប៊ើតសុន លើកឡើង​ថា ករណី​នេះ​បង្ហាញ​ថា អាជ្ញាធរ​វៀតណាម គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​ដីធ្លី ហើយ​ពេលខ្លះ​មន្ត្រី​ពុករលួយ រឹបអូស​ដីធ្លី​ពលរដ្ឋ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន៖ «បញ្ហា​សិទ្ធិ​ដីធ្លី និង​កម្មសិទ្ធិ​ដីធ្លី កំពុង​កើត​ឡើងជា​បន្តបន្ទាប់​នៅ​វៀតណាម ដោយសារតែ​អាជ្ញាធរ​គ្មាន​សមត្ថភាព​ដោះស្រាយ​។ ដូច​លោក​ដឹង​ហើយ​ថា នៅ​វៀតណាម ដី​ទាំងអស់ ជា​កម្មសិទ្ធិ​របស់​រដ្ឋ​។ យើង​ឃើញ​ជា​ញឹកញយ​ថា មន្ត្រី​ពុករលួយ​ប្រើប្រាស់​អំណាច​នេះ ដើម្បី រឹបអូស​យក​ដីធ្លី​ពលរដ្ឋ តាមតែ​ចិត្ត​គេ​ចង់បាន​។ ក្នុង​ករណី​ដែល​ខ្មែរ​ក្រោម​តវ៉ា​ប្រឆាំង​ការ​រឹបអូស​យក​ដីធ្លី​របស់​ពួកគេ វៀតណាម​ត្រូវតែ​ស្ដាប់​ការ​តវ៉ា​របស់​គេ​។ អាជ្ញាធរ​វៀតណាម មិន​ត្រូវ​ធ្វើទុក្ខបុកម្នេញ ឬក៏​ចាប់ខ្លួន​ពួកគេ​នោះ​ទេ។ អាជ្ញាធរ​ក៏​មិន​ត្រូវ​ឃុំខ្លួន​ខ្មែរ​ក្រោម មិន​ឱ្យ​ជួប​មុខ​មនុស្ស និង​មេធាវី​ដែរ។ បញ្ហា​ដែល​កើត​មាន​ឡើង​នោះ គឺថា ច្បាប់​ព្រហ្មទណ្ឌ​វៀតណាម អនុញ្ញាត​ឱ្យ​ប៉ូលិស រារាំង​មិន​ឱ្យ​មេធាវី អាច​ជួប​កូន​ក្តី​របស់​ពួកគេ​បាន​រហូត​ដល់​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​បញ្ចប់។ ជា​រឿយៗ យើង​ឃើញ​ថា ពេល​ជនសង្ស័យ​ឋិត​ក្នុង​ការ​ឃុំខ្លួន​របស់​ប៉ូលិស សមត្ថកិច្ច​តែង​ធ្វើ​ទារុណកម្ម​ពួកគេ​។ ខ្ញុំ​បារម្ភ​ថា ខ្មែរ​ក្រោម​រូប​នេះ ដែល​កំពុង​រង​ការ​ឃុំខ្លួន អាច​នឹង​រង​ការ​ធ្វើ​ទារុណកម្ម​។ សមត្ថកិច្ច​ត្រូវតែ​ដោះលែង​គាត់​ជា​បន្ទាន់​។ ប្រសិន គាត់​ប្រព្រឹត្ត​បទល្មើស​ហិង្សា ធ្ងន់ធ្ងរ​នោះ ជា​ករណី​ផ្សេង ប៉ុន្តែ​បើ​គាត់​គ្រាន់តែ​តវ៉ា​រឿង​ដីធ្លី​នោះ អាជ្ញាធរ​វៀតណាម​មិន​ត្រូវ​ចាប់ខ្លួន​គាត់​នោះ​ទេ»៕

លោក ហ្វ៊ីល រ៉ូប៊ើតសុន លើក​ឡើង​ថា ខ្មែរ​ក្រោម​នឹង​ពិបាក​ស្វែង រក​យុត្តិធម៌ និង​ដំណោះស្រាយ ពី​អាជ្ញាធរ​វៀតណាម​ណាស់ ដោយសារតែ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម មាន​ចរិត​ពី​ធម្មជាតិ​មក គឺ​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង និង​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​លោក​ថា ខ្មែរ​ក្រោម កំពុង​រស់នៅ​លើទឹក​ដី​កំណើត​របស់​ពួកគេ អាច​ងើបឡើង​ទាមទារ​សិទ្ធិ​សេរីភាព និង​តស៊ូ​មតិ តាមរយៈ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​ផ្សេងទៀត​ដើម្បី​បន្លឺ​សំឡេង​ទាមទារ​រក​យុត្តិធម៌ ប្រឆាំង​ការ​ចាប់ខ្លួន​ដោយ​ខុសច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​ការរើសអើង​ជាដើម​។ លោក​ថា ខ្មែរ​ក្រោម​ត្រូវតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ករណី​រំលោភបំពាន​ទាំងនោះ ឱ្យ​គេឯង​ដឹង​លឺ រហូតដល់​វៀតណាម​ដឹង​ថា សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​ទង្វើ​របស់​ខ្លួន​ទៅលើ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​បញ្ឈប់​ការ​រំលោភបំពាន​ទាំងនោះ៕

No comments: