Monday 15 June 2020

ចលនា​និស្សិត​គ្រោង​ស្នើ​ប្រទេស​ហត្ថលេខី​២៣តុលា ជំរុញ​ទៅ​វៀតណាម​ដក​តង់​ចេញ​ពី​ព្រំដែន​ខ្មែរ


ដោយ អាស៊ីសេរី
2020-06-14
ចំណុច​បង្គោល​បណ្ដោះអាសន្ន​លេខ ៩៤ ក្នុង​តំបន់​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា នៅ​ខេត្តកណ្ដាល ដែល​ទាហាន​វៀតណាម​បោះ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង កាល​ពី​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២០។
ចំណុច​បង្គោល​បណ្ដោះអាសន្ន​លេខ ៩៤ ក្នុង​តំបន់​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា នៅ​ខេត្តកណ្ដាល ដែល​ទាហាន​វៀតណាម​បោះ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង កាល​ពី​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២០។
រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល



ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា SMD ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​គ្រោង​ដាក់​ញត្តិ​ទៅ​ស្ថានទូត​វៀតណាម​នៅ​ក្រៅ​ប្រទេស និង​ដាក់​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជំរុញ​ឱ្យ​វៀតណាម​ដក​តង់​ចេញ​ពី​ទឹកដី​កម្ពុជា​។ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​ព្រំដែន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ទាក់ទង​នឹង​សកម្មភាព​របស់​ចលនា​នេះ​ទេ និង​អះអាង​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ការងារ​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន ឱ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ដាក់​ទៅ​ស្ថានទូត​វៀតណាម​នៅ​ក្រៅ​ប្រទេស និង​ដាក់​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ដើម្បី​ទប់ស្កាត់​ចេតនា​អាក្រក់​របស់​ប្រទេស​វៀតណាម ដែល​ចង់​លេប​យក​ដី​ខ្មែរ នៅ​កន្លែង​ដែល​ពួកគេ​បោះតង់​នោះ​។ លោក អ៊ុំ សំអាន ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ​បន្ត​ថា ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក៏​ជំរុញ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​ហ៊ាន​ប្ដឹង​វៀតណាម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​ប្ដឹង​ទៅ​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បើ​វៀតណាម​នៅតែ​មិន​ព្រម​ដក​តង់​ចេញ​ពី​ទឹកដី​កម្ពុជា៖ «ដាក់​ញត្តិ​ហ្នឹង​ដើម្បី​ឱ្យ​វៀតណាម​បញ្ឈប់​ការឈ្លានពាន​បោះតង់​នៅ​តាម​ព្រំដែន​ហើយ​រើ​តង់​ទាំង​អស់ហ្នឹង​ទៅ​ស្រុក​យួន​វិញ រឿង​នេះ​ត្រូវ​ដោះស្រាយ​ជា​យន្តការ​អន្តរជាតិ​គឺ​ត្រូវ​ទៅ​តុលាការ​អន្តរជាតិ និង​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កន្លងមក​ដោះស្រាយ​ទ្វេភាគី​ចាញ់​ប្រៀប​យួន​ច្រើន​ណាស់»។


ទាក់ទង​ការ​លើកឡើង​នេះ ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ថា លោក​មិន​ឆ្លើយតប​នឹង​សកម្មភាព​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ទេ​។ លោក​ថា ការ​ធ្វើ​សកម្ម ភាព​អ្វីមួយ​របស់​ចលនា​នេះ​គឺ​សិទ្ធិ​របស់​ពួកគេ​។ មន្ត្រី​ជំនាញ កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​រូប​នេះ​ប្រាប់​អាស៊ីសេរី ថា លោក​កំពុង​រង់ចាំ​ការ​ផ្ដល់​ឯកសារ​បន្ថែម​ពី​ក្រសួង​មហាផ្ទៃ​សិន ដើម្បី​ក្រុម​លោក​អាច​ចុះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ដែល​យោធា​វៀតណាម​បោះតង់​នោះ៖ «ទៅ​ខ្ញុំ​គ្មាន​មតិ​ទេ ជា​សិទ្ធិ​ចលនា​ប្រជាធិបតេយ្យ​នោះ​ទេ គឺ​ចង់​ដាក់​ដាក់​ទៅ​គេ​ទំនេរ​អត់​ការងារ​អី​ធ្វើ​គេ​ដាក់​ទៅ»។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១០​មិថុនា ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ករណី​ជំងឺ​កូ​វីដ​-១៩ (Covid-19) មក​អាជ្ញាធរ​វៀតណាម​បាន​បោះតង់​ដោយ​ឯកតោភាគី​ចំនួន​២៥៦​កន្លែង នៅ​តាម​ប្រទល់​វៀតណាម​។ ប៉ុន្តែ​ក្រោយ​មាន​ការ​តវ៉ា​ពី​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​អាជ្ញាធរ​វៀតណាម​បាន​រើ​តង់​ចេញ​និង​ដកថយ​ច្រើន​កន្លែង។

រីឯ​ក្រសួងការបរទេស​កម្ពុជា​ក៏បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​អំពី​ការ​បោះតង់​នៅ​តំបន់​មិនទាន់​ឯកភាព​ព្រំដែន​ដែល​រួមមាន​៖ នៅ​ស្រុក​លើកដែក និង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ទៅ​វៀតណាម​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​យោធា​ទាំងអស់​ចេញ​និង​បញ្ឈប់​សកម្មភាព​នានា​ដើម្បី​រក្សា​ស្ថានភាព​ដើម​នៅ​ក្នុង​តំបន់​នោះ។

អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ​បន្ថែម​ករណី​នេះ​ពី អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

កងទ័ព​វៀតណាម ធ្លាប់​បាន​លើក​ហេតុផល​ថា ការ​បោះ​តង់​តាម​ព្រំដែន​ជា​បន្តបន្ទាប់​លើ​តំបន់​មិនទាន់​ឯកភាព​គ្នា​នោះ គឺជា​វិធាន​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​អំឡុង​នៃ​ការ​រីក​រាលដាល​ជំងឺ​នេះ។

ក្រសួង​ការបរទេស​វៀតណាម​ថែមទាំង​បាន​បាន​ឆ្លើយ​តាមរយៈ​កំណត់​ទួត​របស់​ខ្លួន​កាលពី​ចុងខែ​ឧសភា​ថា ការ​បោះ​តង់​ទាំងនោះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ​។​

ទោះជា​យ៉ាងណា លោក អ៊ុំ សំអាន ចោទ​ប្រកាន់​ថា វៀតណាម​យក​ការ​បង្ការ​ជំងឺ​កូ​វីដ​១៩​ដើម្បី​ជា​លេស លេប​ទឹកដី​ខ្មែរ​។ លោក​បន្ត​ថា ជា​បទពិសោធន៍​កន្លង​មក​ពេល​វៀតណាម​ចង់​យក​ទឹកដី​ខ្មែរ​មុនដំបូង​គេ​ដាក់​កងទ័ព​នៅ​តំបន់​ដែល​មិនទាន់​មាន​ឯកភាព​​គ្នា​ជា​មុន​សិន​រួចហើយ​ទើប​មាន​ការចរចា​តាម​ក្រោយ ហើយ​ជា​ទម្លាប់​បើ​កងទ័ព​វៀតណាម​ឈរជើង​ត្រឹមណា​គឺ​វៀតណាម​ទាមទារ​កំណត់​ថា ទីនោះ​ជា​ដែនដី​របស់​ខ្លួន៖ «ទៅ គេ​(​វៀតណាម​) ដណ្ដើម​កាន់កាប់​ទឹកដី​ខ្មែរ​ហើយ​បាន​គេ​ចរចា​ជា​ក្រោយ គេ​ចរចា​ជា​ក្រោម​ហ្នឹង​ដី​ដែល​យក​បាន​ប៉ុន្មាន​គេ​កំណត់​ព្រំដែន​ត្រឹម​ហ្នឹងឯង យើង​ឃើញជាក់ស្ដែង​កន្លងមក​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ហ្នឹង គេ​បោះ​បង្គោល​តាម​ការ​កាន់​ជាក់ស្ដែង​អ៊ីចឹង​យួន​នៅ​ត្រឹមណា គេ​យក​ត្រឹម​ហ្នឹងឯង»។

លោក អ៊ុំ សំអាន ក៏​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​មាន​ចិត្ត​ក្លាហាន​តតាំង​ជាមួយ​វៀតណាម​ឱ្យ​បាន​ខ្លាំងក្លា​ដូចដែល​ធ្លាប់​បាន​ឆ្លើយតប​ទៅ​នឹង​ការ​រំលោភបំពាន​របស់​កងទ័ព​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ​នា​ពេល​កន្លង ដែល​កាលនោះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បញ្ចេញ​កងទ័ព​និង​អាវុធ​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​។ យុវជន​និង​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុងការ​ដោះស្រាយ​ជាមួយ​យោធា​វៀតណាម​និង​បើកទូលាយ​ឱ្យ​ពួកគេ​អាច​ទៅ​សង្កេត​ដល់​កន្លែង​បោះតង់​នោះ​ដោយ​គ្មាន​ការរារាំង​ពី​អាជ្ញាធរ៕

1 comment:

Anonymous said...

That is the character of an asshole strong man Hun Sen.
Ah crazy animal Hun Sen is so cheap beyond normal people imagination.