ដោយ ទីន ហ្សាការីយ៉ា
2020-07-29
លោក កូយ សំអាត ហៅ ទេព វីសាល(Tep Visal) (ឆ្វេង និងអាវផ្កាកណ្ដាល) ដែលនគរបាលភ្នំពេញចាប់ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីលោកបញ្ចេញមតិយោបល់អំពីជំងឺកូវីដ-១៩ លើហ្វេសប៊ុករបស់លោក។
រូប៖ ហ្វេសប៊ុកនគរបាលរាជធានីភ្នំពេញ និងលោក ទេព វីសាល
ស្ដាប់ ឬទាញយកសំឡេង
ក្រុមអង្គការការពារសិទ្ធិមនុស្ស ចំនួន៣ នៅកម្ពុជា រកឃើញថា សិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ពលរដ្ឋ ចាប់ពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនាឆ្នាំ២០២០ បន្តធ្លាក់ចុះ ដោយសារតែរដ្ឋាភិបាល និងអាជ្ញាធរ បង្កើនការបង្ក្រាបលើសំឡេងរិះគន់ ឥតសំចៃដៃ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលច្រានចោលរបាយការណ៍នេះ ដោយចាត់ទុកថា ជារឿងមិនពិត។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមអាដហុក (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ចេញផ្សាយរបាយការណ៍ឃ្លាំមើលសិទ្ធិមនុស្ស សម្រាប់ឆ្នាំទី៤ រួមគ្នា ដោយរកឃើញថា រដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតែគាបសង្កត់ រឹតត្បិត បំភិតបំភ័យធ្ងន់ធ្ងរ លើសិទ្ធិសេរីភាពមូលដ្ឋានរបស់ក្រុមអង្គការសង្គមស៊ីវិល សហជីព និងពលរដ្ឋទូទៅ។
របាយការណ៍រួមគ្នាកម្រាស់ ១៣០ទំព័រ របស់អង្គការទាំង៣ ចេញផ្សាយថ្ងៃទី២៩ កក្កដា ឱ្យដឹងថា សិទ្ធិសេរីភាពជួបប្រជុំ និងសិទ្ធិបញ្ចេញមតិ ដែលជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ដែលមានចែងនៅក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិនោះ រងការរឹតត្បិតយ៉ាងខ្លាំង រហូតដល់ថ្នាក់ពលរដ្ឋ លែងហ៊ានបញ្ចេញមតិ រិះគន់គោលនយោបាយដឹកនាំរដ្ឋរបស់របបឯកបក្សសព្វថ្ងៃ។
អ្នកសម្របសម្រួលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន និងជាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់ កត់សម្គាល់ថា អាជ្ញាធរ បានបន្តការបង្ក្រាបលើសំឡេងរិះគន់ឥតឈប់ឈរ បំបិទការបញ្ចេញមតិ បង្ខំឲ្យពលរដ្ឋរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិខ្លួនឯង និងបានប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ លើមាត្រាញុះញង់ និងក្បត់ជាតិ ដើម្បីកាត់បន្ថយសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ។
លោកបន្តថា ការបង្ក្រាប គំរាមកំហែងទាំងឡាយនេះ បណ្ដាលឲ្យកម្រិតយល់ដឹងពីសេរីភាពមូលដ្ឋានរបស់ពលរដ្ឋធ្លាក់ចុះ។ ចំណែកអង្គការ សិទ្ធិមនុស្ស ក្រុមមេដឹកនាំសហជីព ក៏បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញរបស់ខ្លួនឯង ខ្លាំងជាងឆ្នាំមុនៗ នៅពេលនិយាយ ជាសាធារណៈម្ដងៗ៖ «រដ្ឋាភិបាល គួរតែពិចារណា និងទទួលយក នូវអ្វីដែលជារបកគំហើញពិតប្រាកដ។ វាមិនមែនជាការ ដែលយើងធ្វើការបំប៉ោងទិន្នន័យនោះទេ។ នេះគឺជារបកគំហើញ ដែលចេញពីពលរដ្ឋរបស់ខ្លួនឯង។ អ៊ីចឹង ខ្ញុំគិតថា រដ្ឋាភិបាលគួរតែពិចារណា និងពិនិត្យទៅលើរបាយការណ៍ហ្នឹង ហើយស្វែងរកលទ្ធភាពដោះស្រាយការងារហ្នឹងរួមគ្នា ជាការល្អប្រសើរមែនទែន»។
លោក ហ៊ុន ស៊ាងហាក់ បន្ថែមថា របាយការណ៍នេះបានចេញផ្សាយជាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណិត (Online) រួចរាល់ហើយ និងត្រៀមផ្ញើជូនភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋាភិបាល និងអង្គការអន្តរជាតិ។ ទោះជាយ៉ាងណា របាយការណ៍បង្ហាញពីការធ្លាក់ចុះសិទ្ធិមនុស្សនេះ មិនទទួលបានការស្វាគមន៍ពីរដ្ឋាភិបាលឡើយ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន យល់ថា របាយការណ៍របស់អង្គការទាំង៣ មិនឆ្លុះបង្ហាញការពិត។ មន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងថា ការគោរពសិទ្ធិ ជាមូលដ្ឋាន នៅកម្ពុជា មិនមានការធ្លាក់ចុះទេ ប៉ុន្តែ ការប្រើប្រាស់ច្បាប់ លើអ្នកប្រព្រឹត្តិបទល្មើស ជាការអនុវត្តទូទៅ នៅគ្រប់ប្រទេសទាំងអស់ លើពិភពលោក៖ «របាយការណ៍ហ្នឹង ខ្ញុំយល់ថា មានចំណុចខ្លះ នៅក្នុងរបាយការណ៍ គឺពុំមានមូលដ្ឋាននៃការវាយតម្លៃ ពុំមានមូលដ្ឋានក្នុងការស៊ើបអង្កេត។ ដូច្នេះ ការដែលយើងស្រង់មតិពីអ្នកនោះ ពីអ្នកនេះ មកសន្និដ្ឋាន ដោយខ្វះការស៊ើបសង្កេតត្រឹមត្រូវ នោះជាការសន្និដ្ឋានមួយខុសឆ្គងហើយ នៅក្នុងកិច្ចការដែលយើងវាយតម្លៃ»។
ទោះជាយ៉ាងណាក្ដី ក្រុមអង្គការសង្គមស៊ីវិលអះអាងថា របាយការណ៍នេះបានមកពីការស្ទង់មតិពលរដ្ឋ និងក្រុមមេដឹកនាំអង្គការ សមាគម សហជីព សរុប ជិតមួយពាន់ (ពលរដ្ឋ ៧៧៩ អង្គការសហជីព ១៤២) នាក់ និងវិភាគលើហេតុការណ៍ ៥៣៧ករណី របាយការណ៍ជាង ១រយ និង (១១៩ករណី) អត្ថបទសារព័ត៌មាន ១.១៩៤ សរុបជាងមួយពាន់អត្ថបទ។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ អះអាងថា ថ្នាក់ដឹកនាំអង្គការ សហជីព និងកម្មករ ពិតជាបានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិខ្លួនឯងមែន ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជា។ លោកចង់ឲ្យរដ្ឋាភិបាលទទួលយករបាយការណ៍អង្គការទាំងបី យកទៅពិចារណា ដើម្បីបើកលំហសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ និងកម្មករឡើងវិញ៖ «សិទ្ធិទាំងអស់ហ្នឹង ត្រូវបានរឹតត្បិតនៅក្នុងរយៈពេល ៦ខែ ចុងក្រោយហ្នឹង។ ខ្ញុំគិតថា របាយការណ៍ហ្នឹង វាឆ្លុះបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែង ទោះជាមានការសម្ភាសន៍ មិនបានទៅដល់ជនរងគ្រោះ ឬក៏ថ្នាក់ដឹកនាំសហជីព ដែលគាត់ទទួលរងនូវការរំលោភបំពានសិទ្ធិជាមូលដ្ឋានរបស់គាត់ហ្នឹង ក៏ដោយ ប៉ុន្តែករណីជាក់ស្ដែងយើងឃើញទាំងអស់គ្នាហើយ»។
ក្រុមសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋឡើងវិញ បើកឲ្យពលរដ្ឋរិះគន់គោលនយោបាយ និងបានចូលរួមសកម្មភាពសង្គមពេញលេញ ព្រមទាំងបើកលំហសេរីភាពសង្គមស៊ីវិលឲ្យបានពេញលេញ ដោយគ្មានការបារម្ភ៕
No comments:
Post a Comment