ដោយ ខែ សុណង
2020-08-01
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្រោយបិទបញ្ចប់កិច្ចប្រជុំស្ដីពីស្ថានភាពពន្ធនាគារ នាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ មករា ឆ្នាំ២០១៦។
Photo: RFA
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់ចេញនូវវិធានការមួយចំនួនដោយណែនាំឲ្យសមត្ថកិច្ចតាមច្រកព្រំដែន ពង្រឹងការត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងអ្នកដំណើរ ដែលឆ្លងកាត់តាមព្រំដែន កម្ពុជា-វៀតណាម អនុវត្តវិធានការចត្តាឡឺស័កដែលកំណត់ដោយក្រសួងសុខាភិបាល និងរឹតបន្តឹងការលួចឆ្លងដែនខុសច្បាប់ តាមច្រករបៀង។
ក្នុងលិខិតចុះថ្ងៃទី១ ខែសីហា លោក ស ខេង បន្តជំរុញការអប់រំ ណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបង្ការឆ្លងចូលសហគមន៍។
ក្រោយដាក់ចេញវិធានការនេះ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា សមត្ថកិច្ចខេត្តព្រៃវែង បានឃាត់ខ្លួនជនជាតិវៀតណាម ៣៨នាក់ នៅថ្ងៃទី១ ខែសីហា ក្នុងពេលដែលជនជាតិវៀតណាមទាំងនោះ ព្យាយាមឆ្លងដែនទៅប្រទេសខ្លួនវិញ តាមច្រកទ្វារព្រំដែនកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្ននេះ ជនជាតិវៀតណាមទាំងនោះ ត្រូវបានរដ្ឋាភិបាលដាក់ឲ្យធ្វើចត្តាឡឺស័ករយៈពេល១៤ថ្ងៃ នៅអនុវិទ្យាល័យកោះរកា។
អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តព្រៃវែង លោក ព្រំ សន្ធរ និងប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង លោក សេង បញ្ញាឬទ្ធិ ដើម្បីសាកសួរអំពីការឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះបានទេ នៅថ្ងៃទី១ សីហា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទាក់ទងនឹងរឿងនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង បានមានប្រសាសន៍ថា លោកសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការបានទាន់ពេលវេលា ដើម្បីរឹតបន្តឹងការចេញចូលនៅតាមច្រកព្រំដែន។ ប៉ុន្តែទោះជាយ៉ាងណា លោកសង្ឃឹមថា អាជ្ញាធរនៅមូលដ្ឋានអាចអនុវត្តបានតាមបញ្ជារបស់រដ្ឋាភិបាល៖ «ការដែលរកឃើញមានអ្នកឆ្លងជាហូរហែនេះ គឺជាសញ្ញាដាស់តឿនដល់រដ្ឋាភិបាលយើងដែរ ឲ្យមានការកាន់តែប្រុងប្រយ័ត្នខ្ពស់ ហើយនឹងធ្វើយ៉ាងណា គឺអាចនឹងចាត់វិធានការបន្ថែមទៀត បង្កើនការអប់រំហ្នឹងឲ្យបានទូលំទូលាយ ត្រូវតែមានកម្មវិធីអប់រំទៅដល់សហគមន៍ឲ្យបានយល់ដឹងថា ហានិភ័យវាអត់ទាន់ចប់ទេ នៅតែបន្ត ហើយវានឹងអាចកើតឡើងដល់សហគមន៍គ្រប់ពេលវេលា បើសិនជាសហគមន៍មានការធ្វេសប្រហែស។ ចាត់វិធានការផងដែរ ទៅលើទីកន្លែងលក់ដូរ ឬកន្លែងការងារផ្សេងៗ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ហើយនឹងមានអនាម័យខ្ពស់ដែរ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសង្គមស៊ីវិលរូបនេះ ថ្លែងថា លោកនៅតែបារម្ភពីហានិភ័យនៃការឆ្លងចូលសហគមន៍ និងសាលារៀន ប្រសិនបើប្រជាពលរដ្ឋមិនយកចិត្តទុកដាក់នឹងការពារខ្លួន និងបញ្ហាខ្វះព័ត៌មានទៅកាន់ប្រជាពលរដ្ឋ និងការនាំចូលជំងឺកូវីដ-១៩ ពីខាងក្រៅ។ លោក យង់ គិមអេង ក៏ស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការតឹងរ៉ឹងបន្ថែមទៀតនៅតាមច្រកអាកាស។
នៅថ្ងៃដដែលនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥ករណីបន្ថែមទៀត ក្នុងនោះ ពលរដ្ឋខ្មែរ៤នាក់ ទើបមកពីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី៣១ កក្កដា និងជនជាតិឥណ្ឌូណេស៊ីម្នាក់ ទើបមកពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣០ កក្កដា។ ពួកគេសុទ្ធតែបន្តជើងហោះហើរតាមប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្ន ពួកគេកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ចំណែកអ្នករួមដំណើរប្រមាណជាង២រយនាក់ កំពុងដាក់ឲ្យនៅដាច់ដោយឡែក តាមមណ្ឌលចត្តាឡឺស័កក្នុងរាជធានីភ្នំពេញ ដើម្បីបន្តតាមដានសុខភាព។
គិតត្រឹមថ្ងៃទី១ ខែសីហា កម្ពុជា មានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ២៣៩នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ១៦៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៧៤នាក់៕
No comments:
Post a Comment