Sunday, 2 August 2020

អ្នកជំនាញ​ព្រំដែន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងើប​ឡើង​ទម្លាក់​របប​ភ្នំពេញ​ក្រោយ​ចាប់ខ្លួន​លោក រ៉ុង ឈុន


ដោយ ហេង រស្មី
2020-08-01
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
រូបថត​ពី​បណ្តាញ​សង្គម



អ្នកជំនាញ​កិច្ចការ​ព្រំដែន​របស់​គណបក្សប្រឆាំង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​នាំគ្នា​ក្រោកឈរ​ប្រឆាំងនឹង​មេដឹកនាំ​ផ្តាច់កា​រលោក ហ៊ុន សែន ក្រោយ​ពី​ចាប់ខ្លួន​លោក រ៉ុង ឈុន កាលពី​យប់​ថ្ងៃទី​៣១ កក្កដា​។ សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​និយាយថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ចំនួន​ជិត ៣០​នាក់ ប្រដាប់​ដោយ​អាវុធ និង​ឯកសណ្ឋាន​ស៊ីវិល បាន​ចុះ​ចាប់​លោក រ៉ុង ឈុន ដោយ​គ្មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន។ លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញពីផ្ទះ​ដោយមាន​ដៃ​ជាប់​ខ្នោះ ដាក់​ទៅ​ក្នុង​រថយន្ត យក​ទៅ​ឃុំ​នៅ​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន គឺជា​ការ​បំបិទមាត់​អ្នក​ដែល​ហ៊ាន​ចេញមុខ​ការពារ​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​ថា លោក​សូម​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​បំបាត់​សំឡេង​ប្រជាពលរដ្ឋ​ដែល​ចេញ​មុខ​ប្រឆាំង ពី​ការឈ្លានពាន​ពី​ប្រទេសជិតខាង ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ឃុបឃិត​គ្នា​កាត់​ដី​ខ្មែរ​ឲ្យ​ទៅ​ប្រទេស​វៀតណាម ដើម្បី​សងគុណ​វៀតណាម​ដែល​លើក​បន្តុប​លោក​ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​តាំងពី​ទសវត្ស​ទី​៨០។


លោក​បញ្ជាក់​ថា ដល់​ពេល​វេលា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ក្រោកឈរ​ប្រឆាំង​មេដឹកនាំ​ផ្តាច់កា​រលោក ហ៊ុន សែន ដើម្បី​ការពារ​បូរណភាព​ទឹកដី ពី​ការរំលោភ​យក​ពី​ប្រទេស​វៀតណាម៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងើបឈរ​ទាំងអស់គ្នា​ដើម្បី យើង​ផ្លាស់ប្តូរ​មេដឹកនាំ​ដែល​ជំពាក់​គុណ​យួន។ មេដឹកនាំ​ដែល​ផ្តាច់ការ ដែល​បម្រើ​បរទេស​ដែល​កាត់​ទឹកដី​ទៅ​ឲ្យ​ប្រទេសជិតខាង ជាពិសេស កាត់​ទឹកដី​ទៅ​ឲ្យ​ប្រទេស​យួន»។

ការអំពាវនាវ​របស់​មន្ត្រី​គណបក្សប្រឆាំង​នេះ បាន​កើតមានឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ក្រុម​សមត្ថកិច្ច​មួយ​ក្រុម​បាន​សម្រុក​ចូលចាប់​លោក រ៉ុង ឈុន នៅ​គេហដ្ឋាន​របស់​លោក មាន​ទីតាំងនៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ កាលពី​ថ្ងៃទី​៣១ កក្កដា។

ក្មួយប្រុស​លោក រ៉ុង ឈុន លោក រ៉ុង វិជ្ជា ប្រាប់​អាស៊ីសេរី​នៅ​កន្លែង​កើតហេតុ​ថា ក្រុម​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ទេ។ លោក​ចាត់ទុកថា លោក រ៉ុង ឈុន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជិត​៣០ នាក់​ក្នុង​ឯកសណ្ឋាន​ជា​ស៊ីវិល បាន​ចាប់​លោក​ដាក់​ខ្នោះ​បណ្ដើរ​យក​មក​ដាក់​រថយន្ត។ តាម​ដំណឹង​ចុងក្រោយ​ដែល​លោក​ទទួល​បាន​ថា លោក រ៉ុង ឈុន កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ប៉ូលិស​ខណ្ឌ​ទួលគោក៖ «ខ្ញុំ​យល់ថា នេះ​ជាការ​រំលោភសិទ្ធិ​មែនទែន ដោយសារ​ខាង​អាជ្ញាធរ អត់​មាន​ដីការ​អ្វី​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទេ ហើយ​គាត់​មក​ចាប់ខ្លួន​ទាំង​កម្រោល»។

តំណាង​ក្រុម​ឃ្លាំមើល​កម្ពុជា​លោក រ៉ុង ឈុន មុនពេល​សមត្ថកិច្ច​ចាប់ខ្លួន​លោក​បានផ្តល់​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី ទាក់ទិន​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល ដែល​បាន​ចោទ​ប្រកាន់​ថា របាយការណ៍​របស់លោក រ៉ុង ឈុន ខុស​ពី​ការ​ពិត​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន។

លោក រ៉ុង ឈុន បញ្ជាក់​ថា អ្វីដែល​ជាការ​លើកឡើង​របស់លោក​នៅក្នុង​របា​យ​ការណ៍​គឺជា​ការពិត​ដោយសារតែ​លោក​ធ្វើការ​នៅ​លើ​ផែនដី មិន​មែន​ធ្វើការ​នៅលើ​ផែនទី​ទេ។ លោក​និយាយថា លោក​បាន​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែលមាន​អាយុ​ជាង​៧០​ឆ្នាំ និង ជិត​៥០ ដែល​មាន​អះអាង​ថា ចាប់ពី​បង្គោល​ព្រំដែន​លេខ​១១៤ ដល់​លេខ​១១៩ វៀតណាម​បាន​បោះបង្គោល​រំលោភ​យក​ដី​ខ្មែរ​ប្រមាណ ៥០០​ម៉ែត្រ៖ «គណៈកម្មាធិការ​ព្រំដែន​ត្រូវតែ​មាន​សេចក្តីក្លាហាន​ត្រូវ​ទទួលស្គាល់​ការពិត។ យើង​ចូលរួម​ការពារ​នូវ​អធិបតេយ្យ​ដែនដី​យើង​ទាំងអស់​គ្នា​ទេ។ ពីព្រោះ​យើង​អ្នកឃ្លាំមើល​បើ​ឃើញ​មាន​ចំណុច​ខ្វះខាត យើង​ត្រូវតែ​ចង្អុលបង្ហាញ​ជម្រាប​ជូន​ទៅ​អ្នក​មាន​សមត្ថកិច្ច​។​ហើយ​ដល់​ចេញ​សេចក្តីថ្លែងការណ៍​មក​ចោទប្រកាន់ថា ព័ត៌មាន​ក្លែងក្លាយ​ផ្ទុយ​ពី​ការពិត នេះ​មិន​ឆ្លុះបញ្ចាំង​ទៅនឹង​ស្ថានភាព ដែល​ប្រជាពលរដ្ឋ​កំពុង​ទទួល​រង ទុក្ខវេទនា​ដោយសារតែ​មិនបាន ចូល​អាស្រ័យ​ផល​នៅ​លើដី​របស់​ពួកគាត់»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​លោក វ៉ា គឹមហុង លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លើក​ហេតុផល​ថា យប់​ជ្រៅ​ហើយ​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា។

ចំណែក​ឯក​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផែ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​ទេ។

លោក ជិន ម៉ាលីន មាន​លើកយក​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​របប​ក្រុងភ្នំពេញ​មក​និយាយថា ខ្លឹមសារ​នៃ​ការចាប់ខ្លួន​នេះ​មាននៅ​ក្នុង​ព័ត៌មាន​នោះ​អស់​ហើយ។

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​របប​ក្រុងភ្នំពេញ​បាន​ផ្សាយ​ថា លោក រ៉ុង ឈុន ត្រូវ​សមត្ថកិច្ច​ចោទ​ប្រកាន់​ពីបទ​«​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ ដល់​សន្តិសុខ​សង្គម លើ​បញ្ហា​ព្រំដែន​កម្ពុជា»។

ការ​ចោទ​ប្រកាន់​នេះ ធ្វើឡើង​ក្រោយពី​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដោយ​ចោទ​ប្រកាន់​ក្នុង​របាយការណ៍​របស់​ក្រុម​ឃ្លាំមើល​កម្ពុជា​ថា ជា​រឿង​មិន​ពិត។

ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា អ្នកស្រី អ៊ុក ឆាយ៉ាវី មិន​ទទួល​យក​ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច​ទេ។ អ្នកស្រី​និយាយថា សមាគម​គ្រូបង្រៀន​នឹង​ធ្វើ​ញត្តិ ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន៖ «ពីព្រោះ​អី​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ខំ​លះបង់​ជីវិត ដើម្បី​ប្រទេសជាតិ​អស់​មួយជីវិត​គាត់ ហើយ​យើង​សូម​ថ្កោលទោស​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​ចាប់​លោក រ៉ុង ឈុន ដែល​គាត់​ជា​វីរភាព​ដ៏​អង់អាច​ដែល​កាត់​ថ្លៃ​មិន​បាន​នោះ»។

ចំណែក​អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក​លោក ស៊ឹង សែនករុណា ចាត់ទុក​ការចាប់ខ្លួន​ទាំង​កណ្តាលយប់​របស់​កម្លាំង​សមត្ថកិច្ច​ចំពោះ​លោក រ៉ុង ឈុន ជា​ការ​រំលោភច្បាប់។ លោក​បញ្ជាក់​ថា ការចាប់ខ្លួន​នេះ​ជា​រឿង​ចម្លែក ប្រសិនបើ​មាន​បទល្មើស​ជាក់ស្តែង​គឺ​មាន​នីតិវិធី​ច្បាប់​មិន​មែន​ចាប់ខ្លួន​បែប​នេះ​ទេ៖ «យើង​ឃើញថា​ករណីនេះ​យើង​អត់​យល់​ថា ការ​ចោទ​នៅ​បទល្មើស​នេះ​មិនដឹង​ជា​សមត្ថកិច្ច​មាន​មូលដ្ឋាន​អ្វីខ្លះ​។ អ៊ីចឹង​យើង​គិតថា ក្នុង​រឿងនេះ​វា​ទាល់តែ​ពេល​ដំណើរការ​នីតិវីធី​ ក្រោយ​ច្បាប់​យើង​ដាក់​មេធាវី​ការពារ។ យើង​អាច​នឹង​យល់​ហើយ​ថា តើ​ការអនុវត្ត​ច្បា់​រឿង​ហ្នឹង​គេ​មាន​ភស្តុតាង​គេ​មាន​មូលដ្ឋាន​អ្វីខ្លះ ក្នុងពេលដែល​ចោទ​បទល្មើស​ជាក់ស្តែង​ហ្នឹង»។

អ្នកនាំពាក្យ និង​ជា​ព្រះរាជអាជ្ញារង​តុលាការ​ក្រុង​ភ្នំពេញ​លោក គុជ គឹមឡុង មិន​អាច​ទាក់ទង​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទាក់ទិន​នឹង​ការចាប់ខ្លួន​លោក រ៉ុង ឈុន។

ទាក់ទិន​ទៅ​នឹង​ការចាប់ខ្លួន​លោក រ៉ុង ឈុន នេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃទី​៣១ កក្កដា បាន​ហោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ខ្មែរ​ថា មិន​អាច​ទទួល​យក​បាន​ជាដាច់ខាត​ចំពោះ​ការចោទប្រកាន់​លោក រ៉ុង ឈុន ពីបទ​ញុះញុង​បង្ក​ភាពវឹកវរ​ដល់​សង្គម។ ផ្ទុយទៅវិញ​សកម្មភាព​លោក រ៉ុង ឈុន នឹង​សហការី​របស់​លោក គឺ​ធ្វើ​ក្នុង​គោលបំណង​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​មិន​ឲ្យ​មានការ​ឈ្លានពាន​ពី​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​តុលាការ​ក្រុងភ្នំពេញ​ពិនិត្យមើល និង​ត្រូវ​ដោះលែង​លោក រ៉ុង ឈុន ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ​នៅ​កម្ពុជា ជាពិសេស​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស ស្របតាម​សហគមន៍​អន្តរជាតិ​កំពុង​ដាក់​សម្ពាធ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ មក​លើ​ប្រទេស​កម្ពុជា៕

No comments: