Saturday, 29 August 2020

អង្គការ​ផ្នែកសិទ្ធិស្រ្តី​ស្នើរដ្ឋាភិបាល​ទម្លាក់ចោល​សេចក្ដីព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ


ដោយ សុជីវី
2020-08-27
រូបថតស្រ្តីស្លៀកខ្លី​ក្នុងយុទ្ធនាការបញ្ឈប់សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនៅលើគេហទំព័រChange.org ចាប់ផ្ដើមកាលពីខែកក្កដា ឆ្នាំ២០២០។
រូបថតស្រ្តីស្លៀកខ្លី​ក្នុងយុទ្ធនាការបញ្ឈប់សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនៅលើគេហទំព័រChange.org ចាប់ផ្ដើមកាលពីខែកក្កដា ឆ្នាំ២០២០។
រូបថតពីគេហទំព័រChange.org



ក្រុមអង្គការ​សង្គម​ស៊ីវិលផ្នែកសិទ្ធិស្រ្តី​ស្នើរដ្ឋាភិបាល​ទម្លាក់ចោល​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​សម្អាងថា​សេចក្ដីព្រាងច្បាប់​នេះ​បំពាន​សិទ្ធិសេរីភាពស្រ្តី។ ចំណែក​អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​ជាអតីត​រដ្ឋមន្រ្តី​ក្រសួងកិច្ចការនារី​មើលឃើញថា រដ្ឋាភិបាល​មិនគួរអោយ​មាន​សេចក្ដីព្រាងច្បាប់នេះ​តាំងពីដំបូង ប្រសិន​បើរដ្ឋាភិបាល​គិតគូរ​ពីសិទ្ធិស្រ្តី និងចាត់ទុក​សិទ្ធិស្រ្តី​ជាសិទ្ធិមនុស្ស។ មន្រ្តីរដ្ឋាភិបាលអះអាង​ថា​សេចក្ដីព្រាងច្បាប់នេះទើបតែចាប់ផ្តើម​មិនទាន់បើក​អោយ​មានការផ្ដល់យោបល់​ណាមួយ​នៅឡើយ។

ក្រុមអង្គការសង្គមស៊ីវិល​ថាសេចក្ដីព្រាងច្បាប់ថ្មីនេះ​គួរតែត្រូវបានទម្លាក់ចោល​ព្រោះមានមាត្រាជាច្រើន​នៅក្នុង​ច្បាប់នេះ​ប៉ះពាល់ដល់សិទ្ធិសេរីភាព​របស់ស្រ្តី ទាំង​ជម្រើស​នៃការស្លៀកពាក់ និង​ការប្រកបរបរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​របស់​ស្រ្តី។

សេចក្ដីថ្លែងការណ៍រួម​របស់​ក្រុមអង្គការ​សង្គមស៊ីវិល​ជិត​៤០​ស្ថាប័ន​ចេញ​កាលពី​ថ្ងៃទី២៧ ខែសីហា អោយដឹងថា​សេចក្ដីព្រាងច្បាប់​ថ្មីនេះ​បាន​ចែងពីការរឹតត្បិត​សិទ្ធិសេរីភាព​របស់ស្រ្តី​នៅក្នុង​ការជ្រើសរើស​សម្លៀកបំពាក់​របស់​ពួកគេ ដែល​ចំណុចនេះផ្ទុយពី​អ្វីដែលមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញាស្ដីពី​ការលុបបំបាត់​រាល់ទម្រង់​នៃការរើសអើង​លើស្រ្តី​ហៅកាត់ថា​ស៊ីដរ(CEDAW)។


នាយិកា​អង្គការ​ក្លាហាន កញ្ញា បុណ្យ រចនា អោយអាស៊ីសេរីដឹង​ថា កញ្ញា គាំទ្រ​ចំពោះ​ការលើកឡើង​ពីគោលបំណង​របស់​ច្បាប់នេះ​ពី​ការរក្សា​សីលធម៌ វប្បធម៌ល្អ​ក្នុងសង្គម ប៉ុន្តែ​សង្គម​មាន​ការផ្លាស់ប្ដូរ ដែល​មិនគួរ​យកបញ្ហានេះ​មក​ជាការដាក់ទោសទណ្ឌ​ពលរដ្ឋ​ឡើយ។ កញ្ញាថា រដ្ឋាភិបាល​គួរតែផ្តោត​អាទិភាព​ដោះស្រាយ​បញ្ហា​រើសអើង​យេនឌ័រ​រួមមាន​អំពើហិង្សា​ផ្អែក​លើយេនឌ័រ ការរើសអើង​ក្នុងប្រព័ន្ធអប់រំ ការចូលរួម​ផ្នែកសេដ្ឋកិច្ច សង្គម និង​នយោបាយ​ជាដើម៖ «សង្គម​របស់​យើង​មាន​គុណតម្លៃ​ច្រើន មាន​វប្បធម៌​ល្អៗ ដែល​យើង​គួរតែថែរក្សាទុក។ ប៉ុន្តែ​មាន​កន្លែងខ្លះ​ដែល​យើង​គិតថា​វាដើរអត់ទាន់​បរិបទសង្គម​សម័យ​នេះទេ។ អីញ្ចឹង​គុណតម្លៃ​មួយដែល​មិនស្មើគ្នា​យើងមិន​គួរថែរក្សាទេ​ព្រោះ​ប្រទេស​របស់​យើង​បានផ្ដល់​សច្ចាប័ន​ទៅលើ​លិខិតបទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​ច្រើន​ទៀត ហើយ​នៅក្នុងនោះ​ទៀតគណៈកម្មការស៊ីដរ(CEDAW)​ហ្នុង​បាន​កំណត់​ថា​រដ្ឋភាគី​ទាំងអស់​ដែល​ផ្ដល់​សច្ចាប័ន​ហ្នឹង​ត្រូវតែ​ធានាថា ខ្លួន​នឹង​ចាត់វិធានការ ដើម្បី​កែតម្រូវ លុប​បំបាត់ នូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ណា​ដែល​មិនលើកស្ទួយ​វប្បធម៌សមភាព​រវាង​ពលរដ្ឋ​នៅ​ក្នុង​សង្គម ទោះបីជា​ទំនៀមទម្លាប់​នោះបាន​អនុវត្ត​ម៉ោរាប់រយពាន់ឆ្នាំ​ហើយក៏ដោយ។»

ក្នុងមាត្រា៣៦​នៃសេចក្ដីព្រាងច្បាប់នេះចែង​ហាមឃាត់​បុរសមិនអោយដោះអាវ​ក្នុង​ទីសាធារណៈ និងស្រ្តី​មិនអោយស្លៀកពាក់​ខើចលើខើចក្រោម ឬស្ដើង​អាចមើលឃើញ ឬបង្ហាញ​ផ្នែកខ្លះនៃ​កេរ្តិ៍ភេទ។

ក្រុមអង្គការ​សង្គមស៊ីវិល​បារម្ភថា​ការចែងបែបនេះ​ធ្វើអោយមាន​ការរើសអើង​ប្រឆាំង​ស្រ្តី​បន្ថែមទៀត​នៅពេល​ដែល​សង្គម​ទាំងមូលតែងតែបន្ទោសស្រ្តី ដែល​រងគ្រោះ​ដោយ​ការរំលោភបំពាន ការបៀតបៀន​ផ្លូវភេទ​ថាបានទាក់ទាញ​អោយ​កើតមានអំពើទាំងនោះ​ដោយ​ការស្លៀកពាក់ ឬទង្វើ​របស់​ស្រ្តី​ជាដើម។ ម្យ៉ាងវិញទៀតរដ្ឋ​មិនគួរ​បកស្រាយអំពីសាសនា វប្បធម៌ ឬប្រពៃណី​ក្នុងការបង្កើត​អោយមាន​វិធានការ​ច្បាប់​នោះឡើយ។

ជាមួយគ្នានេះ​ក្រុមអង្គការសង្គមស៊ីវិល​មើលឃើញថា​ច្បាប់នេះ​បង្ហាញពីការរើសអើង​លើក្រុម ដែល​មាន​ភាពងាយរងគ្រោះ​ក្នុង​សង្គម​ពិសេស​គឺស្រ្តី នៅពេល​ដែលស្រ្តី​ជាច្រើន​កំពុង​ប្រកបរបរ​ក្នុង​វិស័យ​ក្រៅប្រព័ន្ធ ដែលរួមមាន​អ្នកប្រកបរបរផ្លូវភេទ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ដែលច្បាប់ ហាមឃាត់ និងដាក់ពិន័យ។ ក្នុងមាត្រា៩​និង​មាត្រា១១ បានផ្ដល់សិទ្ធិអំណាចដល់អាជ្ញាធរ​អោយរឹបអូស​នូវសម្ភារៈ និងភស្ដុតាង​ដែល​ចាត់ទុកថា​ធ្វើអោយ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ រួមទាំង​ការផាកពិន័យ​ផង។

កញ្ញា បុណ្យ រចនា ពន្យល់ថា​ស្រ្តីជាច្រើន​កំពុង​រស់នៅ​ពឹងអាស្រ័យ​ការលក់ដូរ​តាម​ចិញ្ចើមផ្លូវ៖ «ក្នុងបរិបទ​សង្គម​របស់​យើង​គឺ​យើង​ឃើញថា អ្នកប្រកបរបរ​រកស៊ី​តាមដងផ្លូវ លក់ដូរតូប​តូចៗ ឌុបតាមកង់​អីហ្នឹង​គឺភាគច្រើន​ជាស្រ្តី ហើយ​កិច្ចការងារ​ដូចជា​រឿងបោក​ខោអាវ ហាល​ខោអាវ​អីហ្នឹង​ក៏ជារឿង​ដែល​ស្រ្តី​ធ្វើដែរ​ក្នុងបិរបទ​សង្គម​របស់​យើង អ៊ីញ្ចឹង​វាមិនមែន​គិតតែរឿងស្លៀកពាក់ទេ គឺ​សកម្មភាព ជីវភាព​ប្រចាំ​ថ្ងៃតែម្ដង ជា​ពិសេស​គឺ​ស្រ្តី ដែល​ប្រកបរបរ​ក្រៅប្រព័ន្ធ​តូចតាច​តាម​ដងផ្លូវ​ហ្នឹង​គឺអាច​នឹងបាត់បង់​មុខរបរ​តែម្ដង។»

ឆ្លើយតបនឹង​សំណើ​ទម្លាក់ចោល​សេចក្ដីព្រាងច្បាប់​ស្នើដោយ​ក្រុមអង្គការ​សង្គម​ស៊ីវិលនេះ​អនុប្រធាន​ក្រុមប្រឹក្សានីតិកម្ម​នៃ​ក្រសួងមហាផ្ទៃ លោក មុនី វីរៈ ថ្លែង​ប្រាប់​អាស៊ីសេរីថា​សេចក្ដីព្រាង​ច្បាប់នេះ​មានគោលដៅ​រក្សា​សណ្ដាប់ធ្នាប់ និង​ការពារ​សេចក្ដីថ្លៃថ្នូរ​របស់ពលរដ្ឋ​ទៅវិញទេ។ ម្យ៉ាងវិញទៀត​លោក​ថា​សេចក្ដីព្រាងច្បាប់នេះ​ទើបច្បាប់ផ្ដើមជំហ៊ានដំបូង ដែល​មិន​ទាន់​បើកអោយ​មានការផ្ដល់យោបល់​ពីភាគីផ្សេង​នៅឡើយទេ៖ «លោកស្រី​យល់យ៉ាងម៉េចដែរ បើសិនថា​មាន​ស្រ្តីម្នាក់​ដែល​ស្លៀកពាក់​លេចលើ​លេចក្រោម​នៅ​ទីសាធារណៈ នៅទីប្រជុំជន​តាមដងផ្លូវ​ហ្នឹង​វាយ៉ាងម៉េចដែរ? ឬមួយយ៉ាងម៉េច? ចង់អោយ​ទម្លាក់ចោល​ទាំងអស់ចឹង ឬ​ក៏បញ្ញត្តិ​ណាមួយ ដែល​ត្រូវឈប់​ត្រូវកសាង ឬមួយ​ត្រូវ​កែលម្អ ដាក់​ធាតុចូល​បន្ថែម​អោយកាន់តែសុក្រិត​ ឬមួយក៏យ៉ាងម៉េច?  ត្រង់ចំណុច​ហ្នឹង​គេសរសេរថា​មិនអោយ​ស្លៀកខ្លី​លេចលើ​លេចក្រោម ឬមួយ​ស្លៀកលេច​កេរ្តិ៍ភេទ​នៅទីសាធារណៈ ឬមួយ​នៅទីប្រជុំជន។ តើអាហ្នឹង​វាប៉ះពាល់​ដល់សិទ្ធិ ឬការពារ​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ? ទាល់តែយល់​ពីរឿងហ្នឹង​ទើបបាន​យល់ថា​វាត្រឹមត្រូវ ឬមិនត្រឹមត្រូវ​ត្រង់បញ្ញតិ​ដែល​ចែងត្រង់នេះ។»

កញ្ញា បុណ្យ រចនា ឆ្លើយតបថា​ការកម្រិត​ការបង្ហាញកេរ្ដិ៍ខ្មាស់​នៅ​ទីសារធារណៈ​គឺមានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា២៤៩ គ្រប់គ្រាន់​រួចហើយ ដែល​មិនចាំបាច់​លើកមកនិយាយ​ទៀតទេ តែអ្វីដែល​ជាក្ដីបារម្ភនោះ​គឺ​មាត្រា៣៦​នៃច្បាប់ថ្មីនេះ​ចែងពីការហាម​ស្លៀកខ្លី​ខើចលើ​ខើចក្រោម ដែល​នាំទៅដល់ការដាក់កំហុសស្រ្តី​ព្រោះតែ​ការស្លៀកពាក់​របស់​ពួកគេ។ កញ្ញា​បន្តទៀតថា​បើទោះជា​ច្បាប់នេះ​ទើបព្រាង​ដំណាក់កាល​ដំបូង​ក៏គួរតែ​ទទួល​យក​យោបល់​របស់​អង្គការ​សង្គមស៊ីវិល​ដែរ ប្រសិនបើ​រដ្ឋាភិបាល​ពិតជាចង់បាន​មតិយោបល់​ពិតប្រាកដមែន។

ចំណែក​អនុប្រធាន​គណបក្សសង្រ្គោះជាតិអ្នកស្រី មូរ សុខហួរ លើកឡើង​ថា ប្រសិនបើរដ្ឋាភិបាល​គិតថា​សិទ្ធិស្រ្តី​​ជាសិទ្ធិមនុស្ស គឺ​រដ្ឋាភិបាល​ត្រូវតែទម្លាក់ចោល​សេចក្ដីព្រាងច្បាប់ថ្មីនេះ​ជាបន្ទាន់៖ «ពាក់ព័ន្ធ​ជាមួយ​ព្រាងច្បាប់​នេះ គឺពាក់ព័ន្ធ​នឹងខ្លួនប្រាណ​របស់ស្រ្តី ជីវិត​របស់ស្រ្តី សេចក្ដីសម្រេច​នៃស្រ្តី​ដូចជា ស្រ្តី​សម្រេចថា​ស្លៀកពាក់​របៀបណា? ជា​សេចក្ដីសម្រេច​ដើម្បី​បង្ហាញថា​ខ្លួនជាមនុស្ស​អាច​សម្រេចថា​ស្លៀកពាក់របៀបនេះ​របៀបនោះបាន ឬមិនបាន? បើសង្គម​ចង់មកដាក់​ពិន័យ​ថា​ស្លៀកនេះ​មិនត្រឹមត្រូវទេ ​ត្រូវតែរបៀប​ខ្មែរជាដើម ហេតុអីប៉ះពាល់​តែ​ទៅ​លើ​ស្រ្តី?»

សេចក្ដីព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈនេះ​មាន៨ជំពូក និង៤៨មាត្រា​ផ្ដួចផ្ដើម​ដោយ​ក្រសួង​មហាផ្ទៃ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិចំនួន៦៥ ​ កាលពីថ្ងៃទី១៣​ សីហា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្តីព្រាង​ច្បាប់​នេះ ក្នុងនោះ​ក៏មាន អង្គការ​លើកលែង​ទោស​អន្តរជាតិ អង្គការ​សមាជិក​អាស៊ាន​សម្រាប់​សិទ្ធិមនុស្សផងដែរ។ អង្គការទាំងនោះ​មើលឃើញថា​ច្បាប់​នេះ ប្រសិន​បើ​អនុម័ត​នឹង​ក្លាយ​ជា​ច្បាប់​ដែល​មាន​លក្ខណៈ​គាបសង្កត់​បន្ថែម​ទៀត​ បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​មនុស្ស និង​រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​ក្រីក្រ​ ​បង្ក​ឲ្យ​មាន​វិសមភាព​សេដ្ឋកិច្ច​កាន់​តែ​កើន​ឡើង​ថែមទៀត ដោយសារ​តែ​សេចក្តីព្រាង​ច្បាប់​នេះ រើសអើង​ពលរដ្ឋ​ក្រីក្រ ពលរដ្ឋ​ងាយ​រង​គ្រោះ និង​ស្ត្រីភេទ​ជាដើម៕

1 comment:

Anonymous said...

Cambodia is using the Law of Kdor Ah Hun Sen. This law always initiated by Yuon and Ah Kwack Hun Sen must follow.